ប្រជាពលរដ្ឋយ៉ាងតិច ៧ភូមិក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី ត្រូវទឹកទន្លេសេសាន ជន់លិចជាថ្មីកាលពីវេលាម៉ោងបីភ្លឺថ្ងៃទី១៦ ខែតុលា។
ប្រជាពលរដ្ឋរស់នៅភូមិអូរកប ឃុំម៉ាលិច លោក រម៉ាម ទីញ មានប្រសាសន៍បញ្ជាក់ថា ទឹកបានជន់លិចភ្លាមៗទៅលើភូមិប្រជាពលរដ្ឋរស់នៅជាប់ដងទន្លេកម្ពស់ត្រឹមក្បាលជង្គង់ និងលិចស្រូវកំពុងទុំរបស់អ្នកភូមិទាំងអស់។ លោកបន្តថា អ្នកភូមិខ្លះបង្ខំចិត្តជម្លៀសក្រុមគ្រួសារទៅទីទួលសុវត្ថិភាព ខ្លាចក្រែងមានគ្រោះថ្នាក់ដោយទឹកជំនន់ថ្មីនេះ៖ «អ្នកនៅតាមដងទន្លេណា ភូមិណាកន្លែងទាបៗលិចអស់។ ហើយធំជាងថ្ងៃមុនទៀត ហើយនេះកំពុងឡើងលិចភូមិ ផ្លូវលិចអស់ហើយ ឥឡូវជម្លៀសទៅទួលសុវត្ថិភាព។ គោក្របីអ្នកខ្លះដឹកយកទៅទួលសុវត្ថិភាព ហើយអ្នកខ្លះនៅចាំមើលទឹក»។
មិនមែនមានតែអ្នកភូមិនៅស្រុកអណ្ដូងមាស នោះទេ ដែលរងគ្រោះទឹកជំនន់ទន្លេសេសាន ថ្មីនេះ។ នៅឯស្រុកអូរយ៉ាដាវ តាវែង និងស្រុកវ៉ឺនសៃ អ្នកភូមិរស់នៅជាប់ដងទន្លេ រាយការណ៍ថា ទឹកបានលិចភូមិ និងផលដំណាំពួកគាត់មួយចំនួនដូចគ្នា។ អ្នកភូមិអះអាងថា ទឹកជំនន់ថ្មីនេះ មួយផ្នែកធំគឺបណ្ដាលមកពីការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីពីប្រទេសវៀតណាម។
មេឃុំសេសាន ស្រុកអូរយ៉ាដាវ លោក សេវ ស្វែន មានប្រសាសន៍បញ្ជាក់ថា ស្រូវអ្នកភូមិប៉ាដល បានជន់លិចជាថ្មីទៀត នៅថ្ងៃទី១៦ ខែតុលា នេះ។ លោកបន្តថា ប្រជាពលរដ្ឋឃុំសេសាន អ្នករស់នៅតាមដងទន្លេជាប់នឹងទំនប់វារីអគ្គិសនីពីប្រទេសវៀតណាម ហេតុនេះអ្នកភូមិរងគ្រោះញឹកញាប់ ដោយសារការបើកទឹកទំនប់ កាលណាមានភ្លៀងធ្លាក់ច្រើននៅតំបន់ខ្សែទឹកខាងលើពីប្រទេសវៀតណាម៖ «ជំនន់វាព្យុះវាមកពីធម្មជាតិខ្លះទៅ ហើយនិងទំនប់ខ្លះទៅ។ ជិតៗទន្លេអាហ្នឹងវាលិចអស់ហើយ។ ឆ្នាំនេះពីរដងបីដង ទាំងលើកនេះ ស្រូវទុំខូចអស់ ស្រូវក្នុងជង្រុកក៏ខូចអស់ដែរ ព្រោះវាត្រាំទឹក ហើយវាដុះហើយ»។
ក្រសួងធនធានទឹក ឧតុនិយម និងជលសាស្ត្រ បានប្រកាសជូនដំណឹងស្ដីពីសម្ពាធទាបនៅសមុទ្រវៀតណាម បណ្ដាលឲ្យមានព្យុះឈ្មោះ ណារី និងមានភ្លៀងធ្លាក់ច្រើននៅភាគកណ្ដាលប្រទេស។ ព្យុះនេះ ជះឥទ្ធិពលធ្វើឲ្យមានខ្យល់ និងភ្លៀងធ្លាក់នៅខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តមួយចំនួនទៀត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី លោក យ៊ូ ឡាង មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនអគ្គិសនីវៀតណាម បានជូនដំណឹងស្ដីពីការបើកបង្ហូរទឹកទំនប់នៅទន្លេសេសាន កាលពីរសៀលថ្ងៃអង្គារ ទី១៥ ប៉ុន្តែមិនបានបញ្ជាក់ពីបរិមាណទឹកត្រូវបើកបង្ហូរនោះទេ។ លោកបន្តថា ព័ត៌មានមិនផ្លូវការដែលលោកទទួលបាននៅថ្ងៃពុធ ទី១៦ ខែតុលា ទឹកទំនប់ត្រូវបានបិទវិញហើយ ដូច្នេះទឹកជំនន់នេះនឹងស្រកចុះវិញឆាប់រហ័ស៖ «គេជូនដំណឹងមក គេបើកម្សិលមិញម៉ោង ៤ អ៊ីចឹងណា! គេអត់ប្រាប់ចំនួនថ្ងៃទេ។ មិនប្រាកដគេជូនដំណឹងថ្ងៃណាទេ ប៉ុន្តែមានព័ត៌មានមួយមិនច្បាស់ការ គេថាគេបិទវិញហើយ។ អ៊ីចឹង ការលិចលង់វាមានតិចតួចប៉ុណ្ណឹងហើយ រយៈខ្លីប៉ុណ្ណឹងវាចុះទៅវិញ»។
ទោះជាយ៉ាងនេះក្តី មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន កត់សម្គាល់ថា ការបើកបង្ហូរទឹកទំនប់ពីប្រទេសវៀតណាម គឺជាមូលហេតុចម្បងនាំឲ្យមានគ្រោះទឹកជំនន់ ខូចខាតផលដំណាំ និងប៉ះពាល់ញឹកញាប់ទៅលើជីវភាពប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន និងទន្លេស្រែពក ក្នុងខេត្តរតនគិរី។ លោកបន្តថា ប្រសិនរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មការជាតិទន្លេមេគង្គ មិនមានយន្តការពិភាក្សាដោះស្រាយជាមួយភាគីវៀតណាម ស្ដីពីការបើកបង្ហូរទឹកទំនប់នេះឲ្យបានត្រឹមត្រូវជាក់លាក់ទេ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេក្នុងខេត្តរតនគិរី នឹងរងគ្រោះដោយទឹកជំនន់រៀងរាល់ឆ្នាំ និងច្រើនដងក្នុងមួយឆ្នាំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។