អ្នកស្រឡាញ់បរិស្ថានធនធានព្រៃឈើសាទរចំពោះការផ្ដល់សញ្ជាតិខ្មែរឱ្យគ្រួសារជនជាតិអាមេរិកសកម្មការពារព្រៃខ្មែរ។
ការលើកឡើងនេះបន្ទាប់ពីព្រះមហាក្សត្របានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដល់គ្រួសារសកម្មជនការពារព្រៃឈើ ដាវិស បេន យ៉ូសែប (Davis Benjamin Joseph) ដែលចំណាយពេលវេលាជិត៣០ឆ្នាំមកហើយ ប្រឹងប្រែងការពារតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។
បុរសជនជាតិអាមេរិកាំង លោក ដាវិស បេន យ៉ូសែប ឬលោក បេន (Ben) និងសមាជិកគ្រួសាររបស់លោកសមនឹងទទួលបានសញ្ជាតិខ្មែរ និងការសរសើរពីពលរដ្ឋខ្មែរ ព្រោះលោកបានចំណាយពេលវេលា និងកម្លាំងកាយ កម្លាំងចិត្តការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិនៅក្នុងតំបន់ព្រៃអភិរក្ស ក្នុងខេត្តព្រះវិហារ។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក អូត ឡាទីន ដែលធ្លាប់ចុះល្បាតព្រៃ ចូលព្រៃជាមួយលោក បេន ដែរនោះប្រាប់វិទ្យុអាស៊ីសេរីថា លោក បេន ជាបុគ្គលគំរូសម្រាប់ខ្មែរគ្រប់រូប ពិសេសអ្នកស្រឡាញ់ព្រៃឈើធនធានធម្មជាតិ បរិស្ថាន។ លោកចូលរួមរីករាយជាមួយគ្រួសាររបស់លោក បេន ដែលបានទទួលសញ្ជាតិកម្ពុជា៖ « គាត់គឺអាចចាត់ទុកថា គឺជាបុគ្គល ដែលផ្ដល់គំរូភាពដល់យុវជនកម្ពុជា ដល់ពលរដ្ឋកម្ពុជា ឱ្យចេះឈឺឆ្អាល ឱ្យចេះចាប់អារម្មណ៍ រឿងធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ របស់យើងទាំងអស់គ្នាហ្នឹង ហើយឆ្លុះបញ្ចាំងឱ្យឃើញថា គាត់ជាជនជាតិបរទេស គាត់មកចូលរួមការពារព្រៃឈើរបស់ខ្មែរ ដើម្បីប្រជាជនខ្មែរ ហើយចុះហេតុអីបានជាប្រជាជនខ្មែរ មិនចូលរួម ? តើយើងគួរតែខ្មាសគាត់ដែរឬទេ ? ឬក៏យើងចង់ឱ្យគេមកការពារឱ្យយើងអ៊ីចឹង » ។
ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី២៦ ខែមករា ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដល់ លោក ដាវិស បេន និងសមាជិកគ្រួសារបីនាក់ទៀត គឺប្រពន្ធ និងកូនស្រីទាំង២របស់លោក ក្រោយមានការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែព័ត៌មាននេះត្រូវផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី៣១ ខែមករាម្សិលម៉ិញ។
ភ្លាមៗនោះ អ្នកស្រឡាញ់ព្រៃឈើធនធានធម្មជាតិជាច្រើននាក់ ជាពិសេសក្រុមយុវជនបានបង្ហោះសារចូលរួមត្រេកអរនឹងព័ត៌មាននេះដែរ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានសរសេរសារនៅលើហ្វេសប៊ុក របស់លោកថា ការផ្ដល់សញ្ជាតិខ្មែរដល់គ្រួសារ លោក បេន គឺជាការទទួលស្គាល់វីរភាពនៃអ្នកស្រឡាញ់ និងការពារបរិស្ថានពិតប្រាកដ មិនមែនអ្នកស្រឡាញ់បរិស្ថានតែនៅលើរបាយការណ៍ទេ។
លោក ឡាទីន បន្តថា ចំណុច ដែលគួរឱ្យកោតសរសើរបុរសអាមេរិកកាំង និងគ្រួសាររបស់គាត់ គឺការតស៊ូការពារព្រៃខ្មែរទាំងមិនហ៊ានទៅណាឆ្ងាយពីព្រៃទេអស់រយៈពេលជិត ១០ឆ្នាំមកហើយ ព្រោះបារម្ភថានឹងកើតមានការកាប់បំផ្លាញព្រៃ និងសម្លាប់សត្វព្រៃនៅក្នុងតំបន់ ដែលលោកកំពុងការពារ។
មិនខុសពីការលើកឡើងនេះទេ លោក បេន តែងតែប្រាប់អ្នក ដែលចូលទៅជួបគាត់ក្នុងព្រៃឡង់ថា លោកបារម្ភ ខ្លាចព្រៃ ដែលលោក រក្សា និងសត្វព្រៃ ដែលលោក បានជួយសង្គ្រោះបានពីអ្នកដាក់អន្ទាក់សត្វនោះនឹងជួបគ្រោះថ្នាក់នៅពេលលោកមិននៅផ្ទះ៖ « នៅពេលយើងអត់នៅផ្ទះគេទៅក្បែរៗ ហ្នុងសម្លាប់សត្វព្រៃ ដែលយើងខំដោះលែងនៅកន្លែងហ្នឹង ហើយដូច្នេះយើងមិនដឹងធ្វើយ៉ាងម៉េចទេ។ ដើមឈើប្រណិតដូចជានាងនួន ធ្នង់អី វាមានតែនៅចម្ងាយពីផ្ទះខ្ញុំត្រឹមតែមួយគីឡូ ទៅ ២គីឡូ ( ម៉ែត្រ ) ទេអាធំៗ។ បើយើងអត់នៅគេឆ្លៀត ដូច្នេះសម្រាប់ពេលបច្ចុប្បន្ននេះខ្ញុំព្យាយាមនៅសិន » ។
លោក បេន បានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩២ ដើម្បីការពារធនធានធម្មជាតិ និងសត្វព្រៃ ជាពិសេសនៅក្នុងតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។
មន្ត្រីបរិស្ថានធ្លាប់អះអាងកាលពីឆ្នាំ២០២១ ថា ក្រសួងផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដល់លោក បេន និងគ្រួសារ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារ និងអភិរក្សធនធានព្រៃឈើនេះ។
តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុបជាង ៤ម៉ឺនហិកតារ (៤២.០៩៧) ក្នុងនោះលោក បេន បានការអនុញ្ញាតពីក្រសួងបរិស្ថានគ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។