សកម្មជន​ការពារ​ព្រៃឈើ​អះអាង​ថា ក្រុម​ឈ្មួញ​ចូល​កាប់​ឈើ​យ៉ាង​រង្គាល​នៅ​ក្នុង​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង

ដោយ ហ៊ុំ ចំរើន
2025.01.08
សកម្មជន​ការពារ​ព្រៃឈើ​អះអាង​ថា ក្រុម​ឈ្មួញ​ចូល​កាប់​ឈើ​យ៉ាង​រង្គាល​នៅ​ក្នុង​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង រូបភាពីខាងលើបង្ហាញ​ពីក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក ( Macle Logistics) ដែលលួចកាប់ឈើចេញពីតំបន់ព្រៃឡង់ ស្ថិតនៅឃុំរុសរាន ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា មួយ​រយៈ​នា​ចុង​ឆ្នាំ​២០២៤ និង​ដើម​ឆ្នាំ​២០២៥​នេះ ក្រុម​ឈ្មួញ​សម្រុក​ចូល​​កាប់​ផ្ដួល​ដើម​ឈើ​ធំ​ៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ ដើម្បី​ធ្វើ​អាជីវកម្ម។ សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​សហការ​ជាមួយ​សហគមន៍ ដើម្បី​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព។

សកម្មជន​ការពារ​ព្រៃឈើ អះអាង​ថា ដើម​ឈើ​មូល​ធំ​ៗ​គ្រប់​ប្រភេទ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ត្រង់​ចំណុច​អូរ​ខ្លាំង ស្ថិត​នៅ​ភូមិ​សាស្ត្រ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រាប់​រយ​ដើម​ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​យ៉ាង​រង្គាល។ សកម្មជន​ការពារ​ព្រៃ​ឈើ​បន្ថែម​ថា មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ គឺ​ជា​អ្នក​បើក​ភ្លើង​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​នោះ ចូល​ទៅ​កាប់ និង​ដឹង​ជញ្ជូន​យក​ទៅ​លក់​នៅ​ខាង​ក្រៅ ដោយ​បង់​ប្រាក់​ជា​ប្រចាំ​ខែ ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​កាង​ការពារ​សុវត្ថិភាព​ដល់​ក្រុម​ឈ្មួញ។

សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ ដែល​បាន​ចុះ​ស៊ើបអង្កេត​រឿង​នេះ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ ខែ​មករា ថា ដើម​ឈើ​រាប់​រយ​ដើម​ក្នុង​តំបន់​ព្រៃឡង់​ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​ផ្ដួល​យ៉ាង​រង្គាល និង​មាន​ម៉ាស៊ីន​ច្រៀក​ឈើ​ពាសពេញ​ព្រៃ។ លោក​ថា ក្រុម​ឈ្មួញ​បែក​ចែក​គ្នា​ជា​ពីរ​ក្រុម មាន​ក្រុម​អ្នក​ច្រៀក និង​ក្រុម​ដឹក​ជញ្ជូន យក​ចេញ​ទៅ​ក្រៅ។ លោក​បន្ថែម​ថា ក្រុម​ឈ្មួញ​ប្រាប់​ថា ពួកគេ​មិន​ខ្លាច​ញញើត​ជាមួយ​សហគមន៍​នោះ​ទេ ពីព្រោះ​ពួកគេ​បាន​បង់​ប្រាក់​ឲ្យ​ទៅ​មន្ត្រី​បរិស្ថាន​រួច​ហើយ ក្នុង​១​ខែ​ចំនួន ២​លាន​រៀល ដើម្បី​ជួយ​កាង​ការពារ​សុវត្ថិភាព​ដល់​ពួកគេ។

លោក អ៊ុក ម៉ៅ៖ «មន្ត្រី​បរិស្ថាន​គាត់​មិន​មែន​ការពារ​ព្រៃ​ឈើ​ទេ គាត់​គប់គិត​តែ​គ្នា​នឹង»

សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ុក ម៉ៅ លើក​ឡើង​ថា ប្រសិនបើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅ​តែ​បន្ត​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ប្រព្រឹត្ត​អំពើ​ពុករលួយ ហើយ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ចូល​កាប់​យ៉ាង​អនាធិបតេយ្យ​បែប​នេះ ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ នឹង​វិនាស​ហិន​ហោច​នៅ​ថ្ងៃ​ខាង​មុខ​ជាក់​ជា​មិន​ខាន។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក ស្រេង ជាហេង និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី៧ ខែ​មករា។

កាលពីថ្ងៃទី៣ ខែ​មករា នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​កងទ័ព​ជើង​គោក នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​រក​ឃើញ​ថា គល់​ឈើ​ដែល​ជនល្មើស​កាប់​ចំនួន​៣៥​គល់ ឈើ​សន្លឹក​ចំនួន ៩​ម៉ែត្រ​គូប គោយន្ត​ចំនួន​៣​គ្រឿង និង​រណារ​យន្ត​១​គ្រឿង នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ក្នុង​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង បន្ទាប់​ពី​កងទ័ព​ជើង​គោក ចុះ​ល្បាត​រយៈ​ពេល ៣​យប់ ៤​ថ្ងៃ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង លោក​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង នៃ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ និង​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ដទៃ​ទៀត ហើយ​ប្រសិនបើ​បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន​បែប​នេះ យន្តការ​ការពារ​ព្រៃ និង​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ​របស់​រដ្ឋាភិបាល​ដែល​ដាក់​ចេញ​កន្លង​មក​នឹង​រង​បរាជ័យ។

លោក ហេង គឹមហុង៖ «ដើម្បី​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការការពារ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ជា​រឿង​សំខាន់​ក្នុង​ការ​ចូលរួម ហើយ​អាជ្ញាធរ​ក៏​ត្រូវ​តែ​វិនិយោគ​បន្ថែម​ទៀត នៅ​ក្នុង​ការ​ផ្ដល់​ធនធាន​ទៅ​ឲ្យ​សហគមន៍​មូលដ្ឋាន ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​របស់​ខ្លួន ទើប​ការពារ​ធនធាន​ធម្មជាតិ ជាពិសេស គឺ​ការ​អនុវត្ត​គោលនយោបាយ​មាន​ប្រសិទ្ធភាព​នេះ​ទៅ​បាន»។ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​មាន​ផ្ទៃ​ដី​ជិត ៥​សែន (៤៨៩.៦៦៣) ហិកតារ ជាប់​ខេត្ត​ចំនួន​៤ រួម​មាន ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​ក្នុង​ឆ្នាំ​២០១៦ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០២៣​កន្លង​ទៅ រដ្ឋាភិបាល​បាន​ប្រកាស​ពង្រីក​ទំហំ​ផ្ទៃ​ដី​ព្រៃ ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​ពី ៤៣​ម៉ឺន (៤៣១.៦៨៣) ទៅ​៤៨​ម៉ឺន​(៤៨៩.៦៦៣)​ហិកតារ។ បើ​ទោះ​បី រដ្ឋាភិបាល​ពង្រីក​ផ្ទៃ​ដី​ធំ​ជាង​មុន​យ៉ាង​ណា​ក្ដី ក៏​តំបន់​ការពារ​មួយ​នេះ​នៅ​តែ​រង​ការ​កាប់​យក​ឈើ​ធំ​ៗ និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ឯកជន​យ៉ាង​អនាធិបតេយ្យ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។