ពលរដ្ឋនៃសហគមន៍ព្រៃឈើ មកពីខេត្តចំនួន ៩ ដែលមានគម្រោងគ្រប់គ្រងព្រៃឈើក្រោមជំនួយរបស់សហភាពអឺរ៉ុប កំពុងព្រួយបារម្ភថា គម្រោងរបស់ពួកគេនឹងជួបការលំបាក ប្រសិនបើជាម្ចាស់ជំនួយធំជាងគេក្នុងវិស័យព្រៃឈើ មិនផ្ដល់ជំនួយបន្តទៀត។ ពួកគេយល់ថា សហភាពអឺរ៉ុប មានសារសំខាន់ក្នុងការធានានិរន្តរភាពព្រៃឈើនៅកម្ពុជា។
ពលរដ្ឋសហគមន៍ព្រៃឈើបារម្ភថា ការគំរាមកំហែងពីការទន្ទ្រានកាន់កាប់ដី និងកាប់ឈើលក់អាចកើតមាននៅក្រោយពេលដែលសហភាពអឺរ៉ុប បញ្ចប់គម្រោងដែលផ្ដល់ជំនួយដល់សហគមន៍។ ពលរដ្ឋសហគមន៍ព្រៃឈើទាំងនោះ ចង់ឲ្យសហភាពអឺរ៉ុប ពិសេសរដ្ឋាភិបាល គាំទ្រទាំងថវិកា និងបច្ចេកទេសដល់ដំណើរការគ្រប់គ្រងសហគមន៍បន្តទៀត បើទោះជាគម្រោងគ្រប់គ្រងព្រៃឈើរបស់សហភាពអឺរ៉ុប បានបញ្ចប់ក៏ដោយ។
ការលើកឡើងរបស់ពលរដ្ឋសហគមន៍ព្រៃឈើ ចំនួន ៩ខេត្ត នៅពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តគម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការលើកកម្ពស់របរចិញ្ចឹមជីវិតតាមរយៈសហគមន៍ព្រៃឈើក្រោមជំនួយរបស់សហភាពអឺរ៉ុប នៅថ្ងៃទី១៨ ខែកញ្ញា។
តំណាងសហគមន៍ព្រៃឈើជនជាតិដើមភាគតិចម្នាក់ មកពីខេត្តស្ទឹងត្រែង លោក ជួង ផល បានឲ្យដឹងថា តាមរយៈគម្រោងសហគមន៍ព្រៃឈើ បានធ្វើឲ្យលោក និងពលរដ្ឋក្នុងសហគមន៍ទាំងអស់ ទទួលបានចំណេះដឹងច្រើន មានស្មារតីរួមគ្នាស្រលាញ់ធនធានព្រៃឈើ ហើយអាចទាញយកអនុផលព្រៃឈើ ដែលមានក្នុងសហគមន៍ព្រៃឈើ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃកាន់តែប្រសើរ។
ជាងនេះទៀត លោកថា ទោះជាពលរដ្ឋសហគមន៍មានលទ្ធភាពការពារព្រៃសហគមន៍ក៏ដោយ ក៏លោកនិងពលរដ្ឋក្នុងសហគមន៍ចង់ឲ្យសហភាពអឺរ៉ុប នៅតែបន្តគាំទ្រ៖ «សំណូមពរឲ្យគាត់ជួយទាំងថវិកា ទាំងបច្ចេកទេសការគ្រប់សហគមន៍ដើម្បីឲ្យបានគង់វង្ស»។
ទន្ទឹមគ្នានេះ អ្នកសម្របសម្រួលកម្មវិធីនៃអង្គការរីខូហ្វ (RECOFT) ក្រោមជំនួយសហភាពអឺរ៉ុប អ្នកស្រី ហ៊ូ កល្យាណ មានប្រសាសន៍ថា ជំនួយសហភាពអឺរ៉ុបកន្លងមក បានរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ និងធានានិរន្តរភាពស្បៀង។ អ្នកស្រីបារម្ភថា ពលរដ្ឋក្នុងសហគមន៍ព្រៃឈើ អាចពិបាកគ្រប់គ្រង បើសិនជាគ្មានការបន្តគាំទ្រពីសហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធ៖ «ចង់ឲ្យសហភាពអឺរ៉ុប បន្តនៅការគាំទ្រ និងអនុវត្តដែលយើងគិតថា វានឹងរួមចំណែកដល់ការគ្រប់គ្រងដើម្បីឲ្យមាននិរន្តរភាព និងសម្រេចតាមគោលដៅអភិវឌ្ឍន៍សហស្សវត្ស ២ របស់រដ្ឋាភិបាល»។
ចំណែកឯទីប្រឹក្សា និងជាប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា អ្នកស្រី ហ្វីអូណា រ៉ាមស៊ី (Fiona Ramsey) មានប្រសាសន៍ថា សហភាពអឺរ៉ុប មើលឃើញថា អសុវត្ថិភាពសិទ្ធិកាន់កាប់ ការប្រែប្រួលអាកាសធាតុ និងការអនុវត្តច្បាប់ចំពោះព្រៃឈើនៅទន់ខ្សោយនៅឡើយ។
អ្នកស្រីបន្តថា សហភាពអឺរ៉ុបនឹងបន្តពិនិត្យមើលលើជំនួយបន្តទៀត ហើយសហភាពអឺរ៉ុបលើកទឹកចិត្តឲ្យពលរដ្ឋ និងរដ្ឋាភិបាលមានផែនការច្បាស់លាស់ ដើម្បីការពារព្រៃឈើឲ្យមាននិរន្តរភាព។
គម្រោងគ្រប់គ្រងសហគមន៍ព្រៃឈើ ក្រោមជំនួយរបស់សហភាពអឺរ៉ុប ក្នុងទឹកប្រាក់ ១,៦លានអឺរ៉ូ មានរយៈពេល ៥៧ខែ ផ្ដើមអនុវត្តចាប់ពីចុងខែធ្នូ ឆ្នាំ២០១០ ដល់ខែកញ្ញា ឆ្នាំ២០១៥។ គម្រោងនេះត្រូវបានអនុវត្តក្នុងខេត្តចំនួន៩ រួមមានខេត្តកំពត កែប តាកែវ ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងខេត្តរតនគីរី ហើយព្រៃឈើដែលជំនួយនេះគ្របដណ្ដប់មានទំហំជាង ១៣ម៉ឺន ៦ពាន់ (១៣៦.៦៦៦) ហិកតារ មានសមាជិកសរុបជាង ៤ម៉ឺន ២ពាន់ (៤២.៥៦៦) គ្រួសារ។
ពលរដ្ឋនៃសហគមន៍ព្រៃឈើ ក្រៅពីចង់ឲ្យសហភាពអឺរ៉ុបបន្តជំនួយ ពួកគេក៏ស្នើឲ្យរដ្ឋាភិបាលពង្រឹងការកសាងសមត្ថភាពរបស់សហគមន៍ព្រៃឈើ ដើម្បីឆ្ពោះទៅរកនិរន្តរភាពសេដ្ឋកិច្ចបៃតងនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។