ប្រជាសហគមន៍ការពារព្រៃឡង់ខេត្តព្រះវិហារ ១១នាក់ ប្រកាសប្តូរជីវិតចូលល្បាតព្រៃឡង់ឡើងវិញ ដើម្បីការពារព្រៃឈើ បើទោះបីក្រសួងបរិស្ថានរឹតត្បិត និងរារាំងក្តី។ ការលើកឡើងនេះ ក្រោយពីពួកគាត់រកឃើញបទល្មើសព្រៃឈើជាង ៦០០ករណី ជាថ្មីទៀត នៅរយៈពេលជាង ២សប្តាហ៍ចុងក្រោយនេះ ក្នុងដែនជម្រកសត្វព្រៃឡង់ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។
ប្រជាសហគមន៍ខេត្តព្រះវិហារ ប្រកាសជំហរថា នឹងបន្តចូលល្បាតព្រៃឡង់ឡើងវិញ ដើម្បីការពារធនធានធម្មជាតិ ដែលកំពុងទទួលរងការកាប់បំផ្លិចបំផ្លាញយកឈើមានតម្លៃ ពីសំណាក់ក្រុមហ៊ុនវៀតណាមភីអ៊ិនធី (PNT Co., Ltd.) និងក្រុមហ៊ុន ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS)។
សហគមន៍ចោទថា ក្រសួងបរិស្ថានបន្តអនុញ្ញាតឱ្យក្រុមអ្នកអារឈើ រាប់រយនាក់ ប្រដាប់ដោយរណាយន្តស្ទើរគ្រប់ដៃស៊ីឈ្នួលអារ និងដឹកជញ្ជូនឈើ ក្នុងដែនព្រៃឡង់ ដើម្បីលក់ឱ្យក្រុមហ៊ុនវៀតណាមមួយនេះ។ រីឯប្រជាសហគមន៍ដែលស្ម័គ្រចិត្តការពារព្រៃឡង់ បែរជាគ្មានសិទ្ធិចូលព្រៃកេរដូនតារបស់ខ្លួនទៅវិញ។
អ្នកសម្របសម្រួលសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ប្ដេជ្ញាថា នឹងបន្តធ្វើសកម្មភាពការពារ និងចុះល្បាតព្រៃឡង់ បើទោះបីជា ក្រសួងបរិស្ថានហាមឃាត់ និងរឹតត្បិតក្តី។ លោកថា ប្រជាសហគមន៍ព្រៃឡង់មិនអាចទ្រាំ ចំពោះទង្វើរបស់ក្រសួងបរិស្ថានដែលបណ្តោយ ឱ្យក្រុមហ៊ុនឯកជន បំផ្លាញព្រៃឡង់ដូច្នេះទេ ហើយពួកលោក ១១ នាក់ ស្ម័គ្រចិត្តបំពេញភារកិច្ចការពារសម្បត្តិជាតិដោយមិនខ្លាចជាប់ពន្ធនាគារឡើយ។ លោកបញ្ជាក់ថា ព្រៃឡង់ជាអាយុជីវិតរបស់ពលរដ្ឋ ពុំមែនជាកម្មសិទ្ធិរបស់ក្រសួងបរិស្ថាននោះទេ ហើយព្រៃនេះពួកលោក បានតស៊ូការពារជាង ២៣ ឆ្នាំមកហើយដែរ៖ «ប្រជាសហគមន៍ ១១ នាក់ប្រកាសសុខចិត្តជាប់គុករៀងៗខ្លួន បើសិនជាការពារព្រៃឡង់ប៉ុណ្ណេះជាប់គុក ព្រមជាប់គុកទាំងអស់គ្នាអត់ខ្លាចនឹងច្បាប់រដ្ឋទេ។ គេហាមអ្នកការពារចូលមិនបាន ឯអ្នកកាប់ឈើចូលបាន ឥលូវយើងចូលដូចគ្នាមើល វាយ៉ាងម៉េច ជាប់គុកឱ្យដឹងជាប់គុក ងាប់ដឹងងាប់ រស់ដឹងរស់។ បិទបណ្ដាញព្រៃឡង់មិនឱ្យចូល បទល្មើសចូលបានតាមចិត្ត គោយន្តចូលតាមចិត្តរាប់រយរាប់ពាន់គ្រឿង។
ប្រជាសហគមន៍ព្រៃឡង់រូបនេះ បន្ថែមថា ការបន្តរារាំងពួកលោក មិនឱ្យចុះល្បាតព្រៃ នឹងបង្កគ្រោះថ្នាក់ដល់ព្រៃឈើ និងជម្រកសត្វព្រៃ ព្រោះក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក បានបោះទីតាំងអារឈើខ្នាតធំ ជាប់ដែនជម្រកសត្វព្រៃឡង់ ក្នុងស្រុករវៀង ខេត្តព្រះវិហារជាង ១ឆ្នាំមកហើយ។
ការលើកឡើងនេះ ក្រោយពីប្រជាសហគមន៍ខេត្តព្រះវិហារ ១១នាក់ បានលបចុះល្បាតព្រៃឡង់ជាថ្មីទៀត រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ធ្នូ ដោយរកឃើញបទល្មើសព្រៃឈើ ៣១០ ករណី។ រីឯសប្តាហ៍មុន (១៣ ដល់ ១៦ ធ្នូ) ក្រុមល្បាតសហគមន៍ រកឃើញបទល្មើសព្រៃឈើ ៣០០ ករណីទៀត សរុបជាង ៦១០ ករណី ត្រូវគេកាប់នៅ ៩ទីតាំង ផ្សេងគ្នា ដោយមានរណាយន្តជាង ១០០គ្រឿង គោយន្តដឹកឈើជិត ១០០គ្រឿង និងរថយន្តកែច្នៃ៤គ្រឿង គឺជាមធ្យោបាយកាប់បំផ្លាញព្រៃឡង់ខ្នាតធំ ដើម្បីធ្វើអាជីវកម្មខុសច្បាប់។
សមាជិកសហគមន៍ព្រៃឡង់ម្នាក់ទៀត លោក ស្រី ទីន សង្កេតឃើញថា ការកាប់បំផ្លាញព្រៃឡង់នៅតែកើតមានច្រើនឥតស្រាកស្រាន្ត ប៉ុន្តែមន្ត្រីបរិស្ថាន មិនបានអនុវត្តច្បាប់ លើជនល្មើសទាំងនោះទេ តែបែរជាតាមឃ្លាំមើល និងគំរាមកំហែង ប្រជាសហគមន៍ ការពារព្រៃឈើទៅវិញ។ លោកបន្ថែមថា ប្រសិនបើបណ្តោយឱ្យ ក្រសួងធ្វើបែបនេះទៀត ព្រៃអភិរក្សមួយនេះ នឹងវិនាស ហើយក្រសួងនៅតែរកលេសឆ្លើយដោះសា គេចពីការទទួលខុសត្រូវដដែល៖ «ការកាប់បំផ្លាញព្រៃឈើចេះតែមាន ចុះហេតុអីអ្នកកាប់មិនចាប់ មកចាប់អ្នកការពារ ហើយការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ សឹងតែពាសពេញព្រៃ អត់មានមន្ត្រីឧទ្យានុរក្ស និងមន្ត្រីពាក់ព័ន្ធណា ធ្វើអន្តរាគមន៍ ឬក៏ធ្វើពិធីទប់ស្កាត់។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានដែនជម្រកសត្វព្រៃឡង់ខេត្តព្រះវិហារ លោក មាស ញឹម អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និង អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី បាននៅឡើយទេ នៅថ្ងៃទី២៤ ធ្នូ ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ចំណែក មេការក្រុមហ៊ុន ភីអ៊ិនធី ដែលជាមន្ត្រីអាវុធហត្ថ ឈ្មោះ ចាប សារ៉ន វិញ លោកបកស្រាយថា លោកមិនជាប់ពាក់ព័ន្ធក្រុមហ៊ុននេះទេ។
ឆ្លើយតបនឹងការលើកឡើងរបស់ក្រុមអ្នកការពារព្រៃឈើនេះ អ្នកនាំពាក្យគណៈកម្មការជាតិ បង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ជំរុញឱ្យប្រជាសហគមន៍ ត្រូវរាយការណ៍ទៅអាជ្ញាធរខេត្តសាមី ដើម្បីចាត់វិធានការរឿងនេះ ប៉ុន្តែប្រសិនបើអាជ្ញាធរខេត្តមិនចាត់វិធានការទេ គណៈកម្មការជាតិនឹងចាត់វិធានការបន្ត៖ «ខ្ញុំមិនអាចបង្ហាញបានទេ ព្រោះនៅខាងណាធ្វើ សួរទៅខាងហ្នឹងទៅបាទ ព្រោះអាជ្ញាធរដែនដីធ្វើ បើថា បញ្ជូនដល់តុលាការ ត្រូវសួរដល់តុលាការ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជា លោក អូត ឡាទីន មើលឃើញថា ព្រៃឈើ ពុំមែនជាកម្មសិទ្ធិផ្ដាច់មុខ របស់ក្រសួងបរិស្ថានទេ ហើយទង្វើរបស់ប្រជាសហគមន៍ ជាការអនុវត្តសិទ្ធិការពារសម្បត្តិជាតិ ក្នុងនាមជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា ប្រការដែលក្រសួងហួងហែងព្រៃ មិនឱ្យពលរដ្ឋចូលការពារ នឹងធ្វើឱ្យបទល្មើសព្រៃឈើ កាន់តែកើនឡើងច្រើន ខណៈដែលក្រសួងខ្លួនឯង គ្មានសមត្ថភាពការពារព្រៃឡង់ឱ្យគង់វង្ស «ព្រៃឈើហ្នឹងមិនមែនជា ព្រៃរបស់ក្រសួងបរិស្ថានតែម្នាក់ឯងទេ ជាព្រៃរបស់ប្រជាជនកម្ពុជាថាត្រូវតែឱ្យពួកគាត់ ចូលរួមចំណែកក្នុងកិច្ចការពារ ក្រសួងបរិស្ថាន ត្រូវតែមានកាតព្វកិច្ចអនុវត្តច្បាប់ដោយមិនមានការលើកលែង កុំចោទប្រកាន់លើ បងប្អូនសហគមន៍ ដែលគាត់មានចេតនាការពារព្រៃឈើ។
រីឯនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho)លោក អំ សំអាត វិញ លោកកោតសរសើរប្រជាសហគមន៍ ដែលលះបង់ធំធេង ដើម្បីប្រយោជន៍ជាតិ។ លោកជំរុញឱ្យ រដ្ឋាភិបាល និងក្រសួងបរិស្ថានគួរតែលើកទឹកចិត្ត និងបើកចំហ ឱ្យពួកគាត់ចូលការពារព្រៃឡង់ឡើងវិញ៖ «សហគមន៍គាត់សុខចិត្តលះបង់ថា ជាប់គុកក៏ដោយ ជីវិតគាត់ក៏ដោយ ក៏គាត់មិនស្តាយ ដើម្បីការពារព្រៃឈើ។ ចំណុចទាំងអស់នេះហើយ អាជ្ញាធរពាក់ព័ន្ធគួរតែផ្តល់កិច្ចសហការ និងទី២ គួរតែបង្កើនកិច្ចការពារព្រៃឈើ»។
កាលពីចុងឆ្នាំ ២០២០កន្លងទៅ រដ្ឋបាលព្រៃឈើបានបំភ្លឺនៅក្នុងសេចក្តីប្រកាសព័ត៌មានបំភ្លឺថា ក្រសួងកសិកម្មបានអនុញ្ញាតឱ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក បង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋ ដើម្បីប្រមូលឈើ ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (P.N.T Co., Ltd.)។ ប៉ុន្តែប្រជាសហគមន៍ព្រៃឡង់អះអាងថា ក្នុងបរិវេណដីក្រុមហ៊ុនភីអ៊ិនធី ពុំមានឈើធំៗសម្រាប់ធ្វើអាជីវកម្មទៀតទេ មានតែឈើដែលដឹកចេញពីដែនជម្រកសត្វព្រៃឡង់ តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
