ក្រសួងកសិកម្ម បានចេញផ្សាយរបាយការណ៍ថ្មីមួយ ស្ដីពីការប្រមូលពន្ធ អនុផលព្រៃឈើ ទទួលបានថវិកាជាង ២លានដុល្លារ ក្នុងរយៈពេល ៣ខែចុងក្រោយ នៅដើមឆ្នាំ២០១៩នេះ។ របាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា មានក្រុមហ៊ុនចំនួន៥ បាននាំគ្រឿងសង្ហារឹម ឈើកែច្នៃ ទៅលក់នៅក្រៅប្រទេស ក្នុងនោះមាន ២ក្រុមហ៊ុន នាំអនុផលព្រៃឈើ។ លើសពីនេះ ក្រសួងកំពុងពិនិត្យលក្ខណៈបច្ចេកទេសក្រុមហ៊ុន សិប្បកម្មអារ កែច្នៃឈើ ចំនួន ១៥ទីតាំងផ្សេងទៀត។
សកម្មជនបរិស្ថាន ដែលចុះឃ្លាំមើលពីបទល្មើសព្រៃឈើ ចាត់ទុករបាយការណ៍របស់ក្រសួង មានភាពមិនប្រក្រតី និងមិនមានសមាមាត្រ ពីទំហំព្រៃឈើដែលបាត់បង់ធំធេង។
ពួកគេប្រទះឃើញផ្ទាល់ភ្នែក មានក្រុមហ៊ុនជិត ១០ កំពុងកាប់បំផ្លាញព្រៃឈើ ចេញពីដែនជម្រកសត្វព្រៃខុសច្បាប់ ដឹកចូលការដ្ឋានក្រុមហ៊ុន រួចបន្លំជាឈើស្របច្បាប់ ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ ជាសេនាធិការរបស់ក្រសួងកសិកម្ម ចុះហត្ថលេខា បម្លែងឈើទាំងនោះ ឱ្យក្លាយជាឈើស្របច្បាប់ដើម្បីនាំទៅក្រៅប្រទេស។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ អះអាងនៅថ្ងៃទី៥ ឧសភាថា សកម្មភាពកាប់ឈើខុសច្បាប់ ក្នុងព្រៃការពារធម្មជាតិ របស់ក្រុមហ៊ុនទាំងនោះ មិនបានបង់ពន្ធចូលរដ្ឋនោះទេ។ លោកទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យករណីនេះឡើងវិញ កុំជឿតែរបាយការណ៍មន្ត្រីគ្រាក់ៗ របស់ខ្លួន។ លោកបញ្ជាក់ថា ពួកគេមានភស្តុតាង និងរបាយការណ៍ជាក់លាក់ ដែលបញ្ជាក់ថា ក្រុមហ៊ុនស្ទើរទាំងអស់ ដែលក្រសួងផ្ដល់អាជ្ញាប័ណ្ណ មានពាក់ព័ន្ធការកាប់ព្រៃការពារធម្មជាតិខុសច្បាប់គ្រប់តំបន់៖ «តាមការយើងសង្កេតកន្លងមក ក្រុមហ៊ុនទាំងអស់ហ្នឹង សុទ្ធតែល្មើសច្បាប់ទាំងអស់ សុទ្ធតែមិនធ្វើតាមគោលការណ៍ដែលក្រសួងបានចែងឲ្យ និងធ្វើតាមគោលការណ៍ដែលរាជរដ្ឋាភិបាលចែងឲ្យ ល្មើសកាប់ពីដែនជម្រកព្រៃការពារ ចូលដីសម្បទានសេដ្ឋកិច្ច ហើយធ្វើជាឈើស្របច្បាប់ ហើយលក់នៅក្រៅប្រទេស។ អាហ្នឹងហើយក្រសួងកសិកម្មគាត់មិនបានពិនិត្យឲ្យល្អិតល្អន់ថា តើឈើទាំងអស់ហ្នឹង ចេញពីប្រភពណា ហើយឈើទាំងអស់ហ្នឹង ដែលក្នុងដែនដីក្រសួងអនុញ្ញាត ឬយ៉ាងម៉េច ? នេះហើយចំណូលជាង ២លានដុល្លារមិនសមាមាត្រ និងទំហំព្រៃឈើបាត់បង់។ ខ្ញុំអត់ទទួលស្គាល់របាយការណ៍របស់ក្រសួងទេ » ។
កាលពីឆ្នាំ២០១៨ ក្រសួងសាមី បានប្រមូលថវិកាសរុប ៤លាន ៥សែនដុល្លារ (៤,៥លានដុល្លារ) ពីរការបង់ពន្ធ សួយសារផល និងអនុផលព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
