ស្ថាប័ន​អន្តរជាតិ​រក​ឃើញ​កម្ពុជា​បាត់បង់​ព្រៃ​ការពារ​ជាង ៥​សែន​ហិកតារ

ដោយ ម៉ៅ សុធានី
2021-04-01
Share
ស្ថាប័ន​អន្តរជាតិ​រក​ឃើញ​កម្ពុជា​បាត់បង់​ព្រៃ​ការពារ​ជាង ៥​សែន​ហិកតារ ទិដ្ឋភាព​រោងអារឈើ​របស់​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ (Angkor Plywood) និង​ក្រុមហ៊ុន​ស៊ីងបាយអូថេក (Think Biotech (Cambodia) Co., Ltd) នៅ​តំបន់​ព្រៃឡង់។
Photo courtesy of Global Initiative

អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ ថ្មី​មួយ​រកឃើញ​ថា កម្ពុជា​បាត់បង់​គម្រប​ដើមឈើ​ក្នុង​តំបន់ការពារធម្មជាតិ​ជាង ៥​សែន​ហិកតារ (៥៥៧.០០០) ឬ​ស្មើនឹង​ជិត ១២% (១១,%) ក្នុង​ចន្លោះ​ឆ្នាំ២០០១ ដល់​ឆ្នាំ២០១៨​។ អង្គការ​នេះ​ថា ការ​ថយចុះ​ទំហំ​ព្រៃឈើ​នេះ បង្ក​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ជនជាតិ​ដើម​ភាគតិច​ដែល​ពឹង​ផ្អែកលើ​ការ​ប្រមូល​អនុផល​ព្រៃឈើ។

អង្គការ​គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) រកឃើញ​ថា ដើមឈើ​រាប់ពាន់​ដើម​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ដោយ​ខុសច្បាប់ ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ និង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ក្នុង​ខេត្តព្រះវិហារ ដើម្បី​កែច្នៃ​សម្រាប់​នាំចេញ​លក់​នៅ​ក្រៅ​ប្រទេស។

របាយការណ៍​កម្រាស់ ៤៣ទំព័រ ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន (២៦ មីនា) បង្ហាញថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា មាន​អត្រា​ខ្ពស់​បំផុត ក្នុង​រយៈពេល​ជិត ១ទសវត្ស​ចុងក្រោយ​នេះ​។ អង្គការ​នេះ រកឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ដោយសារ​រដ្ឋាភិបាល វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​គម្រោង​ស្ដារ​ព្រៃឈើ​ឡើងវិញ​។ លើស​ពី​នេះ​ទៀត សកម្មភាព​កាប់​ឈើ​ខុសច្បាប់ ត្រូវ​បាន​ដឹកជញ្ជូន​ដោយ​សម្ងាត់ ចូល​រោង​អារឈើ​ក្នុង​ដី​សម្បទាន ដែល​ជា​កន្លែង​កែច្នៃ​ឈើ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្រៅ​ស្រុក​។ ទន្ទឹម​នឹង​នេះ ការ​ប្រមូល​ទិញ​ឈើ​ប្រណីតៗ ដោយ​ប្រើ​លិខិត​មិន​ប្រក្រតី ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម គឺជា​ក្តី​បារម្ភ​ទាក់ទិន​ការ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់។

សកម្មជន​ការពារ​ព្រៃឈើ លោក សាន់ ម៉ាឡា យល់​ថា របាយការណ៍​នេះ​ឆ្លុះបញ្ចាំង​ពី​ការពិត ដែល​រដ្ឋាភិបាល​គួរ​ទទួលយក នឹង​កែតម្រូវ​ចំណុច​ខ្វះចន្លោះ ឡើងវិញ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ការពារ​ព្រៃឈើ​បន្សល់​ចុងក្រោយ​ឱ្យ​គង់វង្ស​។ លោក​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាប់​ព្រៃ​អភិរក្ស គឺជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃឈើ ព្រោះ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ខុសច្បាប់​ចេញពី​ព្រៃ​ឡង់៖ «រដ្ឋាភិបាល​គួរតែ​ទទួល​យក ដើម្បី​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ឡើងវិញ អំពី​គម្រោង ឬក៏​អភិវឌ្ឍន៍​ខ្លួនឯង​កន្លងមក​ថា តើ​មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​កន្លែង​ណាខ្លះ​? ដែល​គួរតែ​កែ​លម្អ​ពង្រឹង​បន្ថែម ឬ​ត្រូវ​អនុវត្ត​បន្ថែម​ទៀត»

របាយការណ៍​បន្ថែម​ថា ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២០ ក្រសួង​បរិស្ថាន បាន​ហាម​ប្រាម​ប្រជា​សហគមន៍​មិន​ឱ្យ​ល្បាត​ព្រៃ ក៏ប៉ុន្តែ​អ្នក​កាប់​ឈើ​ខុសច្បាប់ នៅតែ​អាច​ចូល​ព្រៃ​បាន បើ​ទោះ​បី​ជា​ច្បាប់​ព្រហ្មទណ្ឌ ចែង​ពី​ការ​ផ្តន្ទាទោស ចំពោះ​អ្នក​កាប់​ឈើ​ខុសច្បាប់​ក្តី​។ ក្រុមហ៊ុន​អង្គរ​ប្លាយវូដ (Angkor Plywood) និង​ក្រុមហ៊ុន​ស៊ីងបាយអូថេក (Think Biotech (Cambodia) Co., Ltd) បាន​នាំ​ឈើ​ចេញទៅ​ប្រទេស​ចិន តាម​កំពង់ផែ​ភ្នំពេញ​។ រីឯ​ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​កាប់​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ដើម្បី​កែច្នៃ​លក់​ចេញ​​មានតម្លៃ ៣៩លាន​ដុល្លារ​។ ក្រុមហ៊ុន​នេះ មាន​រោងចក្រ​អារឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី និង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក នៅ​ថ្ងៃទី​៣១ ខែ​មីនា។

ចំណែក អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ីសេរី​តាម​បណ្តេញ​សង្គម​សិកណល​ថា (Signal) ក្រសួង​បរិស្ថាន​គ្មាន​ភាព​ចាំបាច់​ត្រូវ​អធិប្បាយ​ឆ្លើយតប​នឹង​របាយការណ៍​នេះ​ទេ។ លោក​ថា ក្រសួងបរិស្ថាន​នៅតែ​បន្ត​ពង្រឹង​អនុវត្ត​ច្បាប់ និង​អនុវត្ត​ផែនការ​សកម្មភាព​នានា សហការ​ជាមួយ​អង្គការ​ដៃគូ សហគមន៍​តំបន់​ការពារ​ធម្មជាតិ ក្នុង​បំណង​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​នៅ​កម្ពុជា។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ធីង៉ា (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) និង​ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ ១​ម៉ឺន ៦​ពាន់​ហិកតារ បាន​ប្រមូល​ឈើ​ក្នុង​ផ្ទៃដី​សម្បទាន ហើយ​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​ហោចណាស់ ៨០០រយ​លាន​ដុល្លារ។ ក្រុមហ៊ុន​ទាំងនេះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ការ​ប្រមូល​ឈើ​ខុសច្បាប់ ចេញ​ពី​ដែន​ជម្រក​សត្វព្រៃ​ឡង់​ដែរ។

អង្គការ​អន្តរជាតិ​មួយ​នេះ​ផ្តល់​អនុសាសន៍​ថា ការអនុវត្ត​ច្បាប់​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ដោះស្រាយ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​មាន​ភាព​ស្មុគស្មាញ ដែល​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​សហគមន៍​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ពលរដ្ឋ​មូលដ្ឋាន។ អង្គការ គ្លូបល អ៊ីននីហ្សីអេធីវ ជា​បណ្ដាញ​របស់​ក្រុម​អ្នកឯកទេស​លើស​ពី ៥​០០​នាក់ នៅ​ជុំវិញ​ពិភពលោក បាន​រួម​គ្នា​ស៊ើប​អង្ក​ត និង​ស្រាវជ្រាវ​ករណីនេះ ក្នុង​ចន្លោះ​ឆ្នាំ២០១៨ រហូត​ដល់​ឆ្នាំ២០២០​។ ពួកគេ​បាន​ចុះ​មូលដ្ឋាន​ស្នាក់នៅ​ក្នុង​ព្រៃ​ជាច្រើន​សប្តាហ៍​។ ក្រុម​អ្នក​ស្រាវជ្រាវ​ទាំងនេះ មាន​ភាព​ឈ្លាសវៃ ក្នុង​ការ​ពិភាក្សា​ជាមួយ​អ្នកស្រុក និង​អ្នក​កាប់​ឈើ ដើម្បី​ស្វែងរក​ទីតាំង​កាប់​ឈើ​ខុស​ច្បាប់​។ ពួកគេ​បាន​ប្រើ​ឧបករណ៍​តាមដាន ប្រព័ន្ធ​កំណត់​ទីតាំង​សកល ឬ​ GPS ម៉ាស៊ីន​ថត និង​ស្វាត​ហ្វូន ដើម្បី​កត់ត្រា ពី​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​។ លើស​ពី​នេះ​ទៀត ពួកគេ​មាន​យន្តហោះ​ដ្រូន (Drone) សម្រាប់​ថត​ពីលើ​អាកាស ដើម្បី​ចងក្រង​ឯកសារ បង្ហាញ​ពី​ការ​កាប់​ឈើ​ធំៗ ក្នុង​ព្រៃ​អភិរក្ស។

របាយការណ៍​បន្ថែម​ថា ធនាគារ​ពិភពលោក (Word Bank) ប៉ាន់​ប្រមាណ​ថា ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខាតបង់​ថវិកាជាតិ ចន្លោះ​ពី ៦ពាន់ ទៅ ៩ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​មួយឆ្នាំ​។ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រង​ការ​រិះគន់​ថា គ្មាន​តម្លាភាព​នោះ​ទេ ដោយសារ អំពើ​ពុករលួយ ហើយ​ផ្ទៃដី​សម្បទាន ដែល​រដ្ឋាភិបាល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន ប៉ះចំ​ព្រៃឈើ និង​ព្រៃស្រោង​បាន​ក្លាយជា​ឧបករណ៍​សម្រាប់​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខ្នាត​ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល