អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញ​របាយការណ៍​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2022.09.25
អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញ​របាយការណ៍​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា សកម្មភាពបទល្មើសព្រៃឈើដែលរកឃើញនៅតំបន់ព្រៃឡង់នាពេលកន្លងមក។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកលប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) នៅ​ក្នុង​ខែកញ្ញា កាល​ពី​ពេល​ថ្មីៗ​នេះ បា​នចេញ​លទ្ធផល​ស្រាវ​ជ្រាវ​ថ្មី​អំពីមែកធាង​អំពើ​ខុសច្បាប់នៃ​រចនាសម្ព័ន្ធ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា របាយការណ៍​នេះ​បាន​បង្ហាញ​ការ​ពិត អំពី​អ្នក​ដែល​មាន​តួនាទី​ធំៗ​ប្រព្រឹត្តិបទ​ល្មើស​ព្រៃឈើ​នៅ​កម្ពុជា ហើយ​ស្នើឱ្យ​រដ្ឋាភិបាល​ទទួល​យក​អនុសាសន៍​របាយការណ៍ និង​កែ​តម្រូវ​ចំណុច​ខុសឆ្គង​របស់​ខ្លួន ជាជាង​ច្រានចោល​មិន​ទទួល​យក​ការ​ពិត​ដោយ​គ្មាន​ហេតុផល។

របាយការណ៍មែក​ធាង​អំពើ​ខុស​ច្បាប់ នៃ​រចនាសម្ព័ន្ធ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា (Branches Of Illegality Cambodia's illegality structures) បង្ហាញ​ថា ប្រព័ន្ធ​ការពារ​គ្នា​ទៅវិញ​ទៅមក​ដែល​បង្កើត​ឡើង​ដោយ​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មួយ​ក្រុម​ឧកញ៉ា និង​កង​កម្លាំង​ប្រដាប់​អាវុធ គឺជា​កត្តា​ចម្បង​ធ្វើ​ឱ្យ​មាន​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើត​មាន។

របាយការណ៍​បាន​សង្កត់​ធ្ងន់​ថា ដើម្បី​បាន​ចូលរួម​ក្នុង​ប្រព័ន្ធ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក គេ​ត្រូវ​បរិច្ចាគ​លុយ ៥០ម៉ឺន​ដុល្លារ​អាមេរិក​ដល់​គណបក្ស​ប្រជាជន ដើម្បី​បាន​ងារ​ជា​ឧកញ៉ា ហើយ​ការ​ទទួល​បាន​ឋានៈ​នេះ ប្រៀប​ដូចជា​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ គណបក្ស​ប្រជាជន​អស់​មួយ​ជីវិត ដើម្បី​ភ្ជាប់​មក​ជា​មួយ​អភ័យ​ឯកសិទ្ធិ ការ​ទំនុក​បម្រុង និង​ទំនួល​ខុស​ត្រូវ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។

បន្ថែម​ពី​លើ​នេះ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា របៀប​បង់​ប្រាក់​ក្រៅ​ផ្លូវការ​នៅ​ក្នុង​រចនាសម្ព័ន្ធ​របប​លោក ហ៊ុន សែន និង​កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​បាន​ធ្វើ​ឡើង​ដូច​ទៅ​នឹង ក្រុម​ជន​អន្ធពាល ដែល​មាន​រាង​ដូច​ពីរ៉ាមីត ដោយ​ក្នុង​នោះ​អ្នក​ដែល​មាន​ឋានៈ​តូច​ទាប ត្រូវ​បង់​ប្រាក់​ខែ​របស់​ពួកគេ​រហូត​ដល់៥០% ទៅ​ដល់​អ្នក​ដែល​មាន​តួនាទី​ធំ​ជាង​ខ្លួន។ ដោយ​ប្រាក់ខែ​មិន​អាច​ផ្គត់​ផ្គង់​ជីវភាព​បាន មន្ត្រី​ទាំង​នោះ ត្រូវ​តែ​រក​ចំណូល​បន្ថែម​តាម​រយៈ​ការ​ទទួល​សំណូក។ ដោយ​ឡែក ចំពោះ​មន្ត្រី​ណា​ដែល​មិន​បង់​ប្រាក់​ដល់​ថ្នាក់​លើ នោះ​ពួកគេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​លាលែង​ពី​ដំណែង​របស់​ខ្លួន។

របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​កម្រាស់​៥៣ទំព័រ​នេះ ក៏​បាន​បង្ហាញ​ដែរ​ថា ការ​បង់​ពន្ធ​ក្រៅ​ផ្លូវការ (Unofficial Taxation) ទៅ​កាន់​កង​កម្លាំង​ខេមរភូមិន្ទ កង​រាជ​អាវុធហត្ថ និង​អាជ្ញាធរ​ដែនដី គឺ​ជា​ខែល​ការពារ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ដល់​ស្ថិរភាព​អាជីវកម្ម និង​សុវត្ថិភាព​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់ ព្រោះ​ការ​បង់ពន្ធ​ក្រៅ​ផ្លូវការ​នេះ ធ្វើ​ឱ្យ​អ្នក​រកស៊ី​ទាំង​នោះ​មាន​វិន័យ​ត្រឹមត្រូវ​ក្នុង​ការ​ប្រព្រឹត្តិ​បទ​ល្មើស ហើយ​ក៏​កាត់​បន្ថយ​ជម្លោះ​ហិង្សា​វាង​អ្នក​ជំនួញ​ឈើ​ខុស​ច្បាប់​ដែរ។

ជាមួយគ្នា​នេះ នៅ​ផ្នែក​មួយ​ដែល​សរសេរ​អំពី​ការ​ជំរុញ និង​គ្រប់គ្រង​ក្រុម​បទ​ល្មើស​ព្រៃ​ឈើ ការ​ស្រាវជ្រាវ​បាន​រំលេច​ឡើង​វិញ​អំពី​ដំណើរ​គ្រួសារ លោក ហ៊ុន សែន គ្រប់​គ្រង​លើ​ក្រុម​ឧកញ៉ា​ជា​ឈ្មួញ​ព្រៃ​ឈើ ដោយ​ក្នុង​នោះ អ្នកស្រី ប៊ុន រ៉ានី ភរិយា​លោក ហ៊ុន សែន ធ្លាប់​បាន​ជំរុញ​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​លើ ឧកញ៉ា លឹម ប៊ុណ្ណា ដើម្បី​សម្រួល​ផ្លូវ​រក​ស៊ី​ឈើ​របស់ ឧកញ៉ា សឹង សំអុល ហើយ​ក្រោយ​មក​ទើប​ដឹង​ថា ឧកញ៉ា លឹម ប៊ុណ្ណា គឺជា​មនុស្ស​ដែល​លោក ហ៊ុន ម៉ាណែត ការពារ។ ក្រោយមក លោក ហ៊ុន សែន បាន​បង្កើត​រចនាសម្ព័ន្ធ​ថ្មី​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​កង​កម្លាំង​ប្រដាប់​អាវុធ តាម​រយៈ​ការ​ផ្ដល់​តួនាទី មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ជា ប្រធាន​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ។ ការ​ផ្ដល់​តួនាទី​ដល់​លោក សៅ សុខា នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្រាន់​តែ​ដើម្បី​គ្រប់គ្រង​បទ​ល្មើស​ព្រៃ​ឈើ​ឱ្យ​មាន​របៀប​រៀបរយ និង​ប្រមូល​ពន្ធ​ក្រៅ​ផ្លូវការ​ឱ្យ​បាន​កាន់​តែ​ច្រើន​តែ​ប៉ុណ្ណោះ។ លើស​ពី​នេះ ផ្នែក​មួយ​នៃ​របាយការណ៍​បាន​បង្ហាញ​ថា មន្ត្រី​ធំ​ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​ចាត់​ឱ្យ​ការពារ និង​ចូលរួម​ប្រព្រឹត្តិ​បទ​ល្មើស​ព្រៃ​ឈើ​ដែរ មន្ត្រី​ទាំង​នោះ​រួម​មាន អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ និង​អតីត​អភិបាលខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ជា​អភិបាលខេត្ត​កំពត លោក ម៉ៅ ធនិន ដែល​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន ជាដើម។

ដោយ​ឡែក ក្មួយ​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន តូ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​មុខ​របរ​រក​ស៊ី​ជា​មួយ​លោក ទ្រី ភាព តាម​រយៈ​ក្រុមហ៊ុន អឹម.ឌី.អេស ហេង ហ៊ី អ៊ីនវេសមិន ខូ.អិល.ធី.ឌី (Heng He Investment Co.ltd) ក្នុង​ការ​នាំ​ឈើ​ហុប​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ។ ជា​មួយ​គ្នា​នេះ លោក ហ៊ុន តូ ក៏​រក​ស៊ី​ជា​មួយ លោក គិត ម៉េង សហការ​ជា​មួយ​ក្រុមហ៊ុន អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ យីជា (Yee Jia Tourism Development Company) ដែល​មាន​ថៅកែ​ជនជាតិ​ចិន​ឈ្មោះ ហ្វូ សៀន តាំង (Fu Xian Tang) ទទួល​បាន​សិទ្ធិ​វិនិយោគ​ផ្ដាច់មុខ​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​រាម ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​បាន​ដណ្ដើម​យក​ដី​ប្រជាពលរដ្ឋ និង​កាប់​ឈើ​ខុស​ច្បាប់​ដែរ។

ការ​សិក្សា​ស្រាវជ្រាវ​នេះ បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​៤ខែ គឺ​ពី​ខែ​ឧសភាដល់​ខែ​សីហា ឆ្នាំ២០២១ ដោយ​បាន​ចុះ​ស្រាវជ្រាវ​បន្ថែម​ពី​បទ​ល្មើស​ព្រៃ​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ដោយ​ផ្ទាល់​ពី​តំបន់​អភិរក្ស​សត្វ​ព្រៃ​ភ្នំ​សំកុស តំបន់​អភិរក្ស​សត្វ​ព្រៃ​ស្នួល និង​ចំណុច​បញ្ចប់​នៃ​ផ្លូវ​ដឹក​ជញ្ជូន​ឈើ​ពី តំបន់​អភិរក្ស​សត្វ​ព្រៃ​ភ្នំ​ព្រេច តំបន់​អភិរក្ស​សត្វ​ព្រៃ​ភ្នំ​នំ​លារ និង​តំបន់​អភិរក្ស​សត្វ​ព្រៃ​កែវ​សីមា។ ការ​ស្រាវ​ជ្រាវ​នេះ​ក៏​មាន​ករណី​សិក្សា​លំអិត​ពីរ​ផ្សេង​គ្នា​ទៀត​ដែរ ក្នុង​នោះ ករណី​សិក្សា​ទី១ បាន​បង្ហាញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ ។ លោក លី យ៉ុងផាត់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ថៅកែ​ ក្រុមហ៊ុន​ស្ករ​ឈាម ហើយ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​លោក ហ៊ុន សែន​នោះ បាន​រក​ស៊ី​ជា​មួយ​ក្រុមហ៊ុន​ចិន យូ ឌី ជី (UDG) ដោយ​ទទួល​បាន ៥៦% (៥៦ភាគរយនៃ​ដី​សម្បទាន​ឧទ្យាន​ជាតិ​បុទុមសាគរ ១៧ម៉ឺន​ហិកតា (១៧០,០០០ហិកតា)។ ដោយ​ឡែក ចំពោះ​លោក ទ្រី ភាព របាយការណ៍​បង្ហាញ​ថា លោក​បាន​បង្កើត​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​យ៉ាង​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​មន្ត្រី​ខិល​ខូច ដោយ​ក្នុង​នោះ​លោក ទ្រី ភាព ថែម​ទាំង​បាន​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ការពារ​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ។

ចំណែក​ករណី​សិក្សា​ទី២ បាន​បង្ហាញ​ពី​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ក្នុង​ការ​បង់​ប្រាក់​ដើម្បី​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចេញ​ពី​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ទៅ​ប្រទេស​វៀតណាម។ ករណី​សិក្សា​នេះ​បង្ហាញ​ថា ដើម្បី​នាំ​ឈើ​ខុស​ច្បាប់​ចេញ​ពី​ខេត្ត​ទាំង​ពីរ​នេះ ឈ្មួញ​ត្រូវ​បង់​លុយ​នៅ​កន្លែង​ត្រួត​ពិនិត្យ​ជាង​២០កន្លែង ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ក្រុម​កម្លាំង​ប្រដាប់​អាវុធ។

វិទ្យុ​អាស៊ី​សេរី​នៅ​ពុំទាន់​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្រា ដើម្បី​សុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ជុំវិញ​របាយការណ៍​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។ ដោយ​ឡែក អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ស្ថាប័ន​របស់​លោក និង​រដ្ឋាភិបាល​មិន​ខ្វល់​ខ្វាយ​ចំពោះ​ការ​លើក​ឡើង​របស់​របាយការណ៍​អន្តរជាតិ​ណា​មួយ​នោះ​ទេ។ ជាមួយ​គ្នា​នេះ លោក អេង ហ៊ី បាន​បដិសេធ​ថា លោក​មិន​ដែល​ជួយ​លាក់​បាំង​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​អ្វី​ឡើយ ព្រោះ​តួនាទី​របស់​លោក​ត្រឹម​តែ​ជា​អ្នក​នាំ​ពាក្យ​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​ដូចជា​អត់​ដែល​មាន​លាក់​បាំង​ឧក្រិដ្ឋកម្ម​អី​ទេ ព្រោះ​ខ្ញុំ​គឺ​ជា​អ្នក​នាំ​ពាក្យ​ពាក់​ព័ន្ធ​អ្វី​ឃើញ​ថា​អញ្ចឹង។ ខ្ញុំ​មិន​ខ្វល់​ពី​បញ្ហា​របាយការណ៍​របស់​ខាង​ក្រៅ​ទេ សំខាន់​នៅ​ក្នុង​អង្គភាព​របស់​ខ្ញុំ ពាក់​ព័ន្ធ​ជាមួយ​នឹង​តួនាទី​ភារកិច្ច ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ ទាក់​ទង​ជា​មួយ​ហ្នឹង​ខាង​កង​រាជ​អាវុធ​ហត្ថ ប្រមុខ​រាជ​រដ្ឋាភិបាល​តែ​ប៉ុណ្ណឹង»

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ជុំវិញ​លទ្ធផល​ការ​ស្រាវ​ជ្រាវ​នេះ ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ហៅ​កាត់​ថា CYN លោក ហេង គឹមហុង យល់​ឃើញ​ថា របាយការណ៍​នេះ​គឺ​ជា​សក្ខីភាព​បញ្ជាក់​បន្ថែម​អំពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​មាន។ លោក ហេង គឹមហុង បន្ថែម​ថា ដើម្បី​លុប​បំបាត់​បទ​ល្មើស​ព្រៃ​ឈើ រដ្ឋាភិបាល​គួរ​ទទួល​យក​អនុសាសន៍​ពី​លទ្ធផល​ពី​របាយការណ៍ ជា​ជាង​ច្រាន​ចោល​ទាំង​ស្រុង​ដោយ​គ្មាន​ហេតុ​ផល លើ​ការ​ស្រាវ​ជ្រាវ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ និង​ហេតុ​ផល​ត្រឹម​ត្រូវ​នេះ៖ «ជាពិសេស​គឺ​ការ​ស៊ើប​អង្កេត ពាក់ព័ន្ធ​ជាមួយ​បញ្ហា​អំពើ​ពុក​រលួយ ថា​តើ​អំពើ​ពុក​រលួយ​ហ្នឹង ពិត​ជា​កត្តា​សំខាន់​ដែល​នាំ​ឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ ព្រៃឈើ​នៅ​កម្ពុជា ឬ​យ៉ាង​ណា ហើយ​ត្រូវ​តែ​ចាត់​វិធានការណ៍​ជា​បន្ទាន់ នៅ​ក្នុង​ការ​ទប់​ស្កាត់ ឬ​ក៏​វិធានការណ៍​ក្នុង​ការ​ស្វែង​រក​អ្នក​ដែល​ពាក់ព័ន្ធ​ជា​មួយ​អំពើ​ពុក​រលួយ ដែល​ធ្វើ​ឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​នេះ»

របាយការណ៍​ស្រាវ​ជ្រាវ មែក​ធាង​អំពើ​ខុស​ច្បាប់ នៃ​រចនា​សម្ព័ន្ធ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា (Branches Of Illegality Cambodia's illegal logging structures)នេះ គឺ​ជា​លទ្ធផល​ស្រាវ​ជ្រាវ​ទី​២​ហើយ របស់​អង្គការ គំនិត​ផ្ដួច​ផ្ដើម​សកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) ដោយ​របាយការណ៍​ស្រាវ​ជ្រាវ​ទី១ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ឆ្នាំ២០២១ ក្រោម​ប្រធាន​បទ ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​បី​ជា​មាន​របាយការណ៍​ពី​អង្គការ​អន្តរជាតិ​ជា​ច្រើន​បង្ហាញ​ថា អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ គឺ​ជា​ហេតុផល​ធ្វើ​ឱ្យ​មាន​បទ​ល្មើស​ព្រៃ​ឈើ​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​តែង​តែ​ច្រាន​ចោល​លទ្ធផល​របាយការណ៍​ទាំង​នេះ។ ដោយ​ឡែក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ថ្លែង​ជា​សាធារណៈ​ថា អង្គការ​អន្តរជាតិ​ទាំង​នោះ ធ្វើ​របាយការណ៍​បន្លំ​បំភ្លៃ ដោយ​មាន​ចេតនា​បំផ្លាញ​កិត្តិយស​គ្រួសារ​របស់​លោក​ជាដើម។ ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក្ដី លោក ហ៊ុន សែន ធ្លាប់​បាន​ប្ដេជ្ញា​ចិត្ត​ថា បើ​លោក​ការពារ​ព្រៃ​ឈើ​នៅ​កម្ពុជា​មិន​បាន​ទេ លោក​នឹង​កាត់​ក​លោក​ចោល ប៉ុន្តែ​មក​ដល់​ពេល​នេះ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។