នៅក្នុងសន្និសីទស្ដីពីសមិទ្ធផលក្រសួងកសិកម្មរយៈពេល៥ឆ្នាំ ប្រធានរដ្ឋបាលព្រៃឈើលោក កែវ អូម៉ាលីស្ស ថ្លែងថា បទល្មើសព្រៃឈើនៅកែវសីមា ស្រែពក បន្តកើតមានព្រោះខ្វះកម្លាំងមន្ត្រីល្បាតព្រៃ។ មន្ត្រីសង្គមស៊ីវិលមិនយល់ស្របចំពោះការលើកឡើងនេះទេ និងថា ការកាប់ព្រៃឈើខុសច្បាប់មិនអាចបញ្ឈប់បាន គឺដោយសារតែអំពើពុករលួយជាប្រព័ន្ធទៅវិញទេ។
ប្រធានរដ្ឋបាលព្រៃឈើលោក កែវ អូម៉ាលីស្ស ថ្លែងថា បទល្មើសព្រៃឈើនៅតំបន់កែវសីមា និងស្រែពក បន្តកើតមានព្រោះខ្វះកម្លាំងមន្ត្រីល្បាតព្រៃ។ លោកបានថ្លែងបែបនេះក្នុងសន្និសិទស្ដីពី សមិទ្ធផលក្រសួងកសិកម្មរយៈពេល៥ឆ្នាំ ដែលធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៩ កក្កដា៖ «ចំនួនមន្ត្រីអនុវត្តច្បាប់នៅទីនោះ គឺមានចំនួនតិច អានេះជាបញ្ហាប្រឈមកន្លងមក មួយទៀតគឺបញ្ហាជាប់ព្រំដែននេះ តំបន់កែវសីមា និងតំបន់ស្រែពកនេះ ព្រំប្រទល់ជាប់នឹងវៀតណាមហ្នឹង រាប់រយ គីឡូម៉ែត្រ ជាប់ផ្ទាល់តែម្ដង អ៊ីចឹងនៅរដូវខែប្រាំងនេះគឺថា ការធ្វើដំណើរឆ្លងតែបន្តិចដល់ហើយ អញ្ចឹងបទល្មើសមានភាពលំបាកក្នុងការទប់ស្កាត់មែនទែននៅក្នុងរដូវប្រាំង រដូវភ្លៀងយើងដើរអត់ដល់ ក៏ជាការលំបាកមួយទៀតដែលធ្វើឱ្យមានបញ្ហានេះ»។
ជុំវិញការលើកឡើងរបស់មន្ត្រីរដ្ឋបាលព្រៃឈើនេះ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គីមហុង យល់ឃើញថា ការលើកឡើងនេះ មិនឆ្លុះបញ្ចាំងពីបញ្ហាពិតប្រាកដដែលបណ្ដាលឱ្យមានការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នោះទេ។ លោកប្រាប់អាស៊ីសេរីឱ្យដឹងថា បញ្ហាចម្បងដែលបណ្ដាលឱ្យបទល្មើសនៅតែកើតមាន គឺបណ្ដាលមកពីអំពើពុករលួយជាប្រព័ន្ធទៅវិញទេ។ លោកបន្ថែមថា ការបង្កើនចំនួនមន្ត្រីអនុវត្តច្បាប់ ឬចុះល្បាតព្រៃ នឹងនៅតែមិនអាចកាត់បន្ថយបទល្មើសកាប់បំផ្លាញព្រៃឈើបានឡើយ ប្រសិនបើក្រសួងពាក់ព័ន្ធមិនអាចធ្វើឱ្យមន្ត្រីទាំងនោះធ្វើការដោយភាពស្មោះត្រង់ និងមានទំនួលខុសត្រូវពិតប្រាកដ៖ «យើងធ្លាប់បានរកឃើញ ហើយយើងធ្លាប់បានជួបប្រជាពលរដ្ឋប្រមាណជា២០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋជិត៥០ភាគរយ បានលើកឡើងថា ខ្លួនបានឃើញមានការប្រព្រឹត្តិអំពើពុករលួយនៅក្នុងតំបន់ការពារធម្មជាតិ។ ទន្ទឹមជាមួយគ្នាហ្នឹងដែរ យើងឃើញថាអង្គការអន្តរជាតិមួយចំនួនដូចជា អង្គការលើកលែងអន្តរជាតិ (Amnesty International) ឬក៏ USAID ក៏ធ្លាប់លើកឡើងអំពីកត្តាបារម្ភ អើអំពីការប្រព្រឹត្តិអំពើពុករលួយនៅក្នុងតំបន់ការពារធម្មជាតិ ដែលជាកត្តាជំរុញឱ្យមានការបាត់បង់ព្រៃឈើនេះដែរបាទ»។
របាយការណ៍របស់អ្នកឃ្លាំមើលព្រៃឈើរកឃើញថា ក្រុមឧកញ៉ាមួយចំនួន ជាឈ្មួញរកស៊ីឈើធំៗ និងជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល នៅតែបន្តរកស៊ីកាប់ឈើយ៉ាងសស្រាក់សស្រាំដដែល ព្រមទាំងគ្មានចំណាត់ការច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ។ ពួកអ្នកឃ្លាំមើលថា គឺរដ្ឋាភិបាលផ្ទាល់តែម្ដង ដែលតែងចេញមុខការពារអ្នកជួញឈើខុសច្បាប់ របស់ក្រុមឧកញ៉ា និងក្រុមហ៊ុនឯកជនទាំងនោះ។
ទាក់ទងជាមួយការលើកឡើងនេះ សកម្មជនការពារព្រៃឡង់ លោក ថោង កុយ ប្រាប់អាស៊ីសេរីឱ្យដឹងថា ក្រសួងពាក់ព័ន្ធគួរលើកទឹកចិត្តដល់ប្រជាសហគមន៍ចូលរួមជួយល្បាតព្រៃដើម្បីទប់ស្ដាឲត់បទល្មើសកាប់ព្រៃឈើ ជាជាងបន្ថែមមន្ត្រីអនុវត្តច្បាប់ ព្រោះកន្លងមក ការដឹកឈើខុសច្បាប់ចេញពីព្រៃតែងមានការឃុបឃិតពីអាជ្ញាធរពាក់ព័ន្ធ៖ «មន្ត្រីនៅហ្នឹងគាត់ក៏ជាឈ្មួញ គាត់ក៏អ្នកទិញ ប្រមូលទិញឈើពីឈ្មួញខុសច្បាប់ដែរ ដឹកមកអ៊ីចឹងហើយក៏មានឈ្មួញពីក្រៅទៅដឹកចេញមកដើម្បីចែកចាយទៅកាន់ដេប៉ូផ្សេងៗ ហើយក៏មានការ ដូចបងធ្លាប់ដឹងហើយ មានការកាងការអីអញ្ចឹងដូចអ្នកកាសែតទៅអ៊ីចឹង មានមន្ត្រីណាមួយកាងរត់ផ្លូវ រត់អីអញ្ចឹង អាហ្នឹងរឿងហ្នឹងគឺមាន ដូចអត់មានថាស្រាកស្រាន្តណា នៅតែមានជាហូរហែ»។
របាយការណ៍អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ) រកឃើញថា ការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារធម្មជាតិ បង្កើតឱ្យមានជាការរំលោភសិទ្ធិមនុស្ស និងលុបបំបាត់ទំនៀមទម្លាប់ជនជាតិដើមភាគតិចនៅកម្ពុជា។ របាយការណ៍ដដែលបញ្ជាក់ថា នៅកម្ពុជាមានការកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេនៅលើពិភពលោក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយបានបាត់បង់ព្រៃឈើប្រមាណ ៦៤%នៃគម្របព្រៃឈើចាប់តាំងពីឆ្នាំ២០១១ រហូតបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។