លោក ហ៊ុន ម៉ាណែត កាត់​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​មណ្ឌលគិរី​ជិត ២ម៉ឺន​ហិកតារ​ថា ឱ្យ​ពលរដ្ឋ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កាត់​ដី​គម្រប​ព្រៃឈើ​២០០២ ជិត ២ ម៉ឺន​ហិកតារ​នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​ឱ្យ​គណៈកម្មាធិការ​គ្រប់គ្រង​ពី​រដ្ឋ នៃ​ខេត្ត​នេះ​គ្រប់គ្រង​និង​ចាត់ចែង​ប្រគល់​ឱ្យ​ប្រជា​ពលរដ្ឋ​និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។

ទោះជា​យ៉ាងណា ជនជាតិ​ដើម​ភាគតិច បារម្ភ​ថា ដី​នោះ​មិន​បាន​ទៅ​ពួកគាត់ ប៉ុន្តែ​គ្រាន់​តែ​ប្រើ​ឈ្មោះ​ពួកគាត់ បម្រុង​ផ្ដល់​ទៅ​ឱ្យ​អ្នកមាន​ឥទ្ធិពល​ទៅវិញ។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ​២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ទើប​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​កាល​ពី​ខែសីហា ឆ្នាំ​២០២៣ បាន សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ទំហំ​ជិត ២ ម៉ឺន​ហិកតារ (១៩ ៨១៤ )​ស្ថិតនៅ​ស្រុក​កែវសីមា ស្រុក​កោះញែក និង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី សម្រាប់​ផ្តល់​សិទ្ធិ​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

អនុក្រឹត្យ​ដដែល​ថា នៅ​ស្រុក​កែវសីមា ផ្ទៃដី​សរុប ៩.៤៩៦ ហិកតារ ក្នុង​នោះ ឃុំ​ចុង​ផ្លាស់​ដី​ទំហំ ១៩៦ ហិកតារ ហើយ​ឃុំ​ស្រែ​ឈូក ដី​ទំហំ ៣.៣៣២ ហិកតារ និង​ឃុំ​ស្រែខ្ទុម ទំហំ​សរុប ៤៥៤ ហិកតារ រួម​ទាំង​ឃុំ​ស្រែព្រះ ដី​ទំហំ ១.៥១២ ហិកតារ។

រីឯ​នៅ​ស្រុក​កោះញែក​វិញ ផ្ទៃដី​សរុប ១៤.៣១៧ ហិកតារ ក្នុង​នោះ ឃុំ​អរបួន លើ​ទំហំ ២​ហិកតារ ហើយ​ឃុំ​រយ៉ ទំហំ ១៤.៣១២ ហិកតារ និង​ឃុំ​ស្រែហ៊ុយ​ទំហំ ៣ ហិកតារ ខណៈ​ស្រុក​ពេជ្រាដា ឃុំ​ពូជ្រៃ ភូមិ​ពូជ្រៃ ចុង​ទាំង​ចំនួន ២​ក្បាល​ដី ទំហំ​សរុប ៩អា ៦៤ សង់ទីអា។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន និង​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក នាង វណ្ណៈ រួម​ទាំង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បានទេ នៅ​ថ្ងៃទី​២ កុម្ភៈ ដោយ​ទូរ​សព្ទ​ចូល​គ្មាន​អ្នកទទួល។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ឃុំ​អបួនលើ លោក ញាស់ ព្វើង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២ កុម្ភៈ ថា អាជ្ញាធរ​មិនបាន​ផ្ដល់​ព័ត៌មាន​ដល់​ពួកគាត់​ទេ ទាក់ទង​នឹង​រឿង​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី ដើម្បី​ផ្ដល់​ជូន​ពួកគាត់។

លោក ញាស់ ព្វើង៖ «ខ្លាច​តែ​ឮ​កាត់​ដី​ឱ្យ​ប្រជាពលរដ្ឋ​ទីបំផុត​ខ្លាច​តែ​ពួកគាត់​ទៅ​កាត់​ដី​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​នោះ​ផ្សេងៗ ហើយ​យកមុខ​ថា កាត់​ឱ្យ​ប្រជាពលរដ្ឋ​អ៊ីចឹង ខ្ញុំ​បារម្ភ​ដោយសារ គេ​មិន​ជម្រាប​ដល់​យើង ប្រាប់​យើង ពិភាក្សា​យើង ហ្នឹង​យើង​បារម្ភ។ បើ​យើង​ពិភាក្សា​ថ្នាក់ដឹកនាំ​ពី​ឃុំ​មិន​ថា ឃុំ​ស្រុក​ខេត្ត​អី បើ​ទំនាក់ទំនង​ជាមួយ​យើង​ថា ដី​នេះ​ប៉ះពាល់​អ៊ីចេះ​ដី​នេះ​ប៉ះពាល់​អ៊ីចុះ​វា​ស្រួល»។

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង លោកស្រី ភ្លឹក ភីរុំ បារម្ភ​ថា ដី​កាត់​ឆ្វៀល​ក្នុង​អនុក្រឹត្យ​នោះ មិន​បាន​ទៅលើ​ជនជាតិ​ដើម​ភាគតិច ហើយ​ប្រើ​លេស​កាត់​ឱ្យ​ពលរដ្ឋ ប៉ុន្តែ​ថ្ងៃក្រោយ​អាច​នឹង​ប្រគល់​ឱ្យ​ក្រុមហ៊ុន នៃ​អ្នក​មាន​ឥទ្ធិពល។

លោកស្រី​ថា កន្លង​មក មាន​ភស្តុតាង​ជាច្រើន​ទៅ​ហើយ ដែល​អាជ្ញាធរ​និង​រដ្ឋាភិបាល​មិនបាន​ដោះស្រាយ​ទំនាស់​ដីធ្លី រក​យុត្តិធម៌​ឱ្យ​ជនជាតិ​ភាគតិច​ឡើយ ហើយ​នៅ​ពេល​មាន​ការ​ចុះ​បញ្ជី​ដីធ្លី ជនជាតិ​ភាគតិច​បែរ​ជា​បាន​ដីធ្លី​កាន់តែ​តូច ជាង​ទំហំ​ដែល​ពួកគាត់​ធ្លាប់​កាន់កាប់។

លោកស្រី ភ្លឹក ភីរុំ៖ «ឥឡូវ​យើង​ឃើញ​មើល​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ បែរជា​បាន​ដី​តូច ៥​រយ ទៅ​៦​រយ ហិកតា ឬ ១​ពាន់​ហិកតារ។ ចំណែក​ក្រុមហ៊ុន​វិញ ក្រុមហ៊ុន​តែមួយ ធ្វើ​ឱ្យ​មាន​ដី​ច្រើន​រាប់​ម៉ឺន​ហិកតារ។ អ៊ីចឹង យើង​គិត​ថា ទាំងអស់​ហ្នឹង​អាច​បន្លំ​យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​ខ្នងបង្អែក​សិន​តាម​ពិត​ចុងក្រោយ​គឺ​ឱ្យទៅ​ក្រុមហ៊ុន ឬក៏​អ្នក​ចំណូល​ថ្មី ឬ​អ្នក​មាន​អំណាច​អ៊ីចឹង»។

នេះ​ជា​លើក​ទី១​ហើយ ដែល​លោក ហ៊ុន ម៉ាណែត ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​គម្រប​ព្រៃឈើ ឆ្នាំ​២០០២ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ក្រសួង​កសិកម្ម​ប្រគល់​ឱ្យ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​មណ្ឌលគិរី ដើម្បី​គ្រប់គ្រង​និង​ចាត់ចែង​ស្រប​តាម​នីតិវិធី។

កាល​នៅ​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ជាច្រើន​កាត់​ដី​រដ្ឋ និង​ដី​ឧទ្យានជាតិ​សរុប​រាប់​ម៉ឺន​ហិកតារ នៅ​ទូទាំង​ប្រទេស​ប្រគល់​ឱ្យ​កូនៗ​របស់​លោក សាច់ញាតិ អ្នកជំនួញ និង​ក្រុម​មន្ត្រី​ស្និទ្ធ​នឹង​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។