លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកាត់ដីគម្របព្រៃឈើ២០០២ ជិត ២ ម៉ឺនហិកតារនៅខេត្តមណ្ឌលគិរី ដើម្បីឱ្យគណៈកម្មាធិការគ្រប់គ្រងពីរដ្ឋ នៃខេត្តនេះគ្រប់គ្រងនិងចាត់ចែងប្រគល់ឱ្យប្រជាពលរដ្ឋនិងសហគមន៍ជនជាតិដើមភាគតិច។
ទោះជាយ៉ាងណា ជនជាតិដើមភាគតិច បារម្ភថា ដីនោះមិនបានទៅពួកគាត់ ប៉ុន្តែគ្រាន់តែប្រើឈ្មោះពួកគាត់ បម្រុងផ្ដល់ទៅឱ្យអ្នកមានឥទ្ធិពលទៅវិញ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលទើបឡើងកាន់តំណែងនាយករដ្ឋមន្ត្រីកាលពីខែសីហា ឆ្នាំ២០២៣ បាន សម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ទំហំជិត ២ ម៉ឺនហិកតារ (១៩ ៨១៤ )ស្ថិតនៅស្រុកកែវសីមា ស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សម្រាប់ផ្តល់សិទ្ធិជាកម្មសិទ្ធិជូនប្រជាពលរដ្ឋនិងសហគមន៍ជនជាតិដើមភាគតិច។
អនុក្រឹត្យដដែលថា នៅស្រុកកែវសីមា ផ្ទៃដីសរុប ៩.៤៩៦ ហិកតារ ក្នុងនោះ ឃុំចុងផ្លាស់ដីទំហំ ១៩៦ ហិកតារ ហើយឃុំស្រែឈូក ដីទំហំ ៣.៣៣២ ហិកតារ និងឃុំស្រែខ្ទុម ទំហំសរុប ៤៥៤ ហិកតារ រួមទាំងឃុំស្រែព្រះ ដីទំហំ ១.៥១២ ហិកតារ។
រីឯនៅស្រុកកោះញែកវិញ ផ្ទៃដីសរុប ១៤.៣១៧ ហិកតារ ក្នុងនោះ ឃុំអរបួន លើទំហំ ២ហិកតារ ហើយឃុំរយ៉ ទំហំ ១៤.៣១២ ហិកតារ និងឃុំស្រែហ៊ុយទំហំ ៣ ហិកតារ ខណៈស្រុកពេជ្រាដា ឃុំពូជ្រៃ ភូមិពូជ្រៃ ចុងទាំងចំនួន ២ក្បាលដី ទំហំសរុប ៩អា ៦៤ សង់ទីអា។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និងអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ រួមទាំងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេ នៅថ្ងៃទី២ កុម្ភៈ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងនៅឃុំអបួនលើ លោក ញាស់ ព្វើង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ កុម្ភៈ ថា អាជ្ញាធរមិនបានផ្ដល់ព័ត៌មានដល់ពួកគាត់ទេ ទាក់ទងនឹងរឿងរដ្ឋាភិបាលកាត់ឆ្វៀលដី ដើម្បីផ្ដល់ជូនពួកគាត់។
លោក ញាស់ ព្វើង៖ «ខ្លាចតែឮកាត់ដីឱ្យប្រជាពលរដ្ឋទីបំផុតខ្លាចតែពួកគាត់ទៅកាត់ដីឱ្យក្រុមហ៊ុនវិនិយោគនោះផ្សេងៗ ហើយយកមុខថា កាត់ឱ្យប្រជាពលរដ្ឋអ៊ីចឹង ខ្ញុំបារម្ភដោយសារ គេមិនជម្រាបដល់យើង ប្រាប់យើង ពិភាក្សាយើង ហ្នឹងយើងបារម្ភ។ បើយើងពិភាក្សាថ្នាក់ដឹកនាំពីឃុំមិនថា ឃុំស្រុកខេត្តអី បើទំនាក់ទំនងជាមួយយើងថា ដីនេះប៉ះពាល់អ៊ីចេះដីនេះប៉ះពាល់អ៊ីចុះវាស្រួល»។
ប្រធានបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នង លោកស្រី ភ្លឹក ភីរុំ បារម្ភថា ដីកាត់ឆ្វៀលក្នុងអនុក្រឹត្យនោះ មិនបានទៅលើជនជាតិដើមភាគតិច ហើយប្រើលេសកាត់ឱ្យពលរដ្ឋ ប៉ុន្តែថ្ងៃក្រោយអាចនឹងប្រគល់ឱ្យក្រុមហ៊ុន នៃអ្នកមានឥទ្ធិពល។
លោកស្រីថា កន្លងមក មានភស្តុតាងជាច្រើនទៅហើយ ដែលអាជ្ញាធរនិងរដ្ឋាភិបាលមិនបានដោះស្រាយទំនាស់ដីធ្លី រកយុត្តិធម៌ឱ្យជនជាតិភាគតិចឡើយ ហើយនៅពេលមានការចុះបញ្ជីដីធ្លី ជនជាតិភាគតិចបែរជាបានដីធ្លីកាន់តែតូច ជាងទំហំដែលពួកគាត់ធ្លាប់កាន់កាប់។
លោកស្រី ភ្លឹក ភីរុំ៖ «ឥឡូវយើងឃើញមើលប្រជាពលរដ្ឋរាប់រយគ្រួសារ បែរជាបានដីតូច ៥រយ ទៅ៦រយ ហិកតា ឬ ១ពាន់ហិកតារ។ ចំណែកក្រុមហ៊ុនវិញ ក្រុមហ៊ុនតែមួយ ធ្វើឱ្យមានដីច្រើនរាប់ម៉ឺនហិកតារ។ អ៊ីចឹង យើងគិតថា ទាំងអស់ហ្នឹងអាចបន្លំយកប្រជាពលរដ្ឋធ្វើជាខ្នងបង្អែកសិនតាមពិតចុងក្រោយគឺឱ្យទៅក្រុមហ៊ុន ឬក៏អ្នកចំណូលថ្មី ឬអ្នកមានអំណាចអ៊ីចឹង»។
នេះជាលើកទី១ហើយ ដែលលោក ហ៊ុន ម៉ាណែត ក្នុងតំណែងជានាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យកាត់ឆ្វៀលគម្របព្រៃឈើ ឆ្នាំ២០០២ ដែលស្ថិតក្រោមការគ្រប់គ្រងក្រសួងកសិកម្មប្រគល់ឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តមណ្ឌលគិរី ដើម្បីគ្រប់គ្រងនិងចាត់ចែងស្របតាមនីតិវិធី។
កាលនៅជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចេញអនុក្រឹត្យជាច្រើនកាត់ដីរដ្ឋ និងដីឧទ្យានជាតិសរុបរាប់ម៉ឺនហិកតារ នៅទូទាំងប្រទេសប្រគល់ឱ្យកូនៗរបស់លោក សាច់ញាតិ អ្នកជំនួញ និងក្រុមមន្ត្រីស្និទ្ធនឹងលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
