លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រឆាំង​ការ​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ ក្រោយ​សារាចរ​ដែល​រដ្ឋាភិបាល​បាន​ចេញ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ និង​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច តែ​មិន​អនុវត្ត​តាម​គោលការណ៍ ត្រូវ​អន្តរាគមន៍​បញ្ឈប់​ជា​បន្ទាន់។

យ៉ាង​ណា សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ព្រៃ​ឈើ ចាត់​ទុក​ការ​អំពាវនាវ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា នឹង​មិន​មាន​ឥទ្ធិពល​ណា​មួយ​ទៀត​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នៅ​បទ​បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ម៉ត់ចត់ រាល់​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ ដើម្បី​រាន​ដី​យក​ធ្វើ​ជា​កម្មសិទ្ធិ និង​ក្រុមហ៊ុន​នានា​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​ដែល​រដ្ឋាភិបាល​បាន​ជួល​ក្នុង​រយៈពេល ៩៩​ឆ្នាំ ហើយ​ខកខាន​ពុំ​បាន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ទេ ត្រូវ​ចាត់​វិធាន​ការ ដោយ​ដាក់​វិន័យ ឬ​លុប​ចោល​កិច្ច​សន្យា​សម្បទាន​ក្នុង​ករណី​ធ្ងន់ធ្ងរ។

ការ​ថ្លែង​ដូច​នេះ​របស់ លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា។

លោក​នាយក​រដ្ឋមន្ត្រី បន្ត​ថា ជាពិសេស​ត្រូវ​អនុវត្ត​នូវ​បទ​បញ្ជា​ដែល​បាន​ដាក់​ចេញ​រួច​ហើយ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ ប្រឆាំង​រាល់​បទ​ល្មើស​ព្រៃ​ឈើ៖ «ត្រូវ​បញ្ចប់​ដាច់​ខាត​ការ​កាប់​រាន​ហ៊ុមព័ទ្ធ​ដុត​រំលោភ​យក​ដី​ព្រៃ​ឈើ​ធ្វើ​ជា​កម្មសិទ្ធិ ដែល​បាន​កើត​ឡើង​ក្រោយ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២២០១២។ បើ​មិន​ដូច្នោះ​ទេ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ស្ដីពី​ព្រៃ​ឈើ។ ទន្ទឹម​នឹង​នេះ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​បទ​បញ្ជា​ដែល​ខ្ញុំ​បាន​ដាក់​នានា​ពេល​ថ្មីៗ​នេះ អំពី​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​គ្រប់​ប្រភេទ»

លោក ឈឹម សាវុធ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ហៅ​សារ​នយោបាយ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា ជា​សារ​ដែល​ហួស​ពេល​ទៅ​ហើយ។ លោក​បន្ត​ថា ព្រោះ​សព្វថ្ងៃ​នេះ​សកម្មភាព​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម ដូច​ហែ​កឋិន​ទាំង​យប់​ទាំង​ថ្ងៃ។ សកម្មជន​ព្រៃ​ឈើ​រូប​នេះ អះអាង​ថា ក្នុង​រយៈពេល​មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ នឹង​ត្រូវ​រលាយ និង​បាត់​បង់។

លោក ឈឹម សាវុធ៖ «សម្ដី​របស់​គាត់​ហ្នឹង​គ្រាន់​តែ​ជា​សម្ដី​មួយ។ ខ្ញុំ​គិត​ថា គាត់​ដឹង ឬ​គាត់​មិន​ដឹង​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ស្ថានភាព​នៅ​បច្ចុប្បន្ន​នេះ គឺ​ហិនហោច​អស់​ហើយ គ្មាន​សល់​កន្លែង​ណា​ទេ ទាំង​មណ្ឌលគិរី ទាំង​រតនគិរី ទាំង​ស្ទឹងត្រែង ទាំង​ព្រះវិហារ កំពុង​កាប់​សម្រុក​យ៉ាង​រង្គាល ហើយ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម ដូច​ដែល​ព្យុះ​សង្ឃរា​អ៊ីចឹង។ ហើយ​ច្រក​ពីរ​បី​នៅ​ព្រំ​ដែន​វៀតណាម មាន​ច្រក​ដាក់ដាំ ច្រក​អូរយ៉ាដាវ ច្រក​ដូង​៧​ដើម គឺ​ពំនូក​ឈើ​គរ​កម្ពស់ៗ​ណា​ណី ក្នុង​ដី​វៀតណាម។ អ៊ីចឹង​ខ្ញុំ​ថា​ប្រសាសន៍​របស់​សម្ដេច​ហ្នឹង​វា​ជា​ប្រសាសន៍​គ្រាន់​តែ​ឲ្យ​ល្អ​មើល​ទេ»

ពាក់ព័ន្ធ​នឹង​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា នេះ អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​កម្រាស់ ៩៦​ទំព័រ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៧ ដែល​ដាក់​ចំណង​ជើង​ថា ជា​ប្រទេស​សម្រាប់​ដាក់​លក់។ របាយការណ៍​កម្រាស់ ៩៦​ទំព័រ របស់ អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក បាន​សរសេរ​ថា សកម្មភាព​នៃ​ការ​កាប់​ព្រៃ​ឈើ​នេះ​បាន​កើត​ឡើង​ជា​ប្រព័ន្ធ ចាប់​ពី​ថ្នាក់​កំពូល គឺ​ពី​នាយក​រដ្ឋមន្ត្រី រហូត​ដល់​ជំនាញ​ពាក់ព័ន្ធ មាន​រដ្ឋបាល​ព្រៃ​ឈើ និង​មន្ត្រី​បរិស្ថាន ជាដើម។

យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រតិកម្ម​ចំពោះ​របាយការណ៍​នេះ និង​ច្រាន​ចោល​ថា ជា​សេចក្ដី​មិន​ពិត​រួច​មក​ហើយ។ ទន្ទឹម​នឹង​ការ​មិន​ទទួល​ស្គាល់​ការ​ពិត​នេះ មាន​សកម្មជន​ព្រៃ​ឈើ​មួយ​ចំនួន​នៅ​តាម​មូលដ្ឋាន ត្រូវ​អាជ្ញាធរ​គំរាម​អាយុ​ជីវិត ហើយ​ក្នុង​ពេល​កន្លង​ទៅ​នេះ លោក ឈុត វុទ្ធី ត្រូវ​ទាហាន​យាម​ដី​របស់​ក្រុមហ៊ុន​បាញ់​សម្លាប់។ ហើយ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ធ្វើ​ឡើង​លំៗ ហើយ​បិទ​ការ​ស៊ើប​អង្កេត​ដែល​មិន​អាច​ទទួល​យក​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។