លោក ហ៊ុន សែន ជំរុញ​ឱ្យ​ពលរដ្ឋ​ការពារ​បរិស្ថាន ក្រោយ​របប​លោក​ចាប់​សកម្មជន​បរិស្ថាន

0:00 / 0:00

ក្រុម​អ្នក​ការពារ​បរិស្ថាន​រិះគន់​ថា សារ​អំពាវនាវ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឱ្យ​ពលរដ្ឋ​​រួម​គ្នា​ការពារ​ព្រៃឈើ និង​បរិស្ថាន​នោះ ខ្វះ​ភាព​ប្រាកដ​និយម។ ពួក​គេ​មើល​ឃើញ​បែប​នេះ ពីព្រោះ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ និង​បាន​​បង្កើន​ការ​គាប​សង្កត់​គ្រប់​រូបភាព​លើ​អ្នក​ការពារ​បរិស្ថាន​ដូចជា ហាម​ចូល​ល្បាត​ព្រៃ​ជាដើម។ ​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ នៅ​តែ​បកស្រាយ​ថា វិធានការ​លើ​អ្នក​ទាំងនោះ​ជា​ការ​អនុវត្ត​តាម​ច្បាប់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សកម្មជន​បរិស្ថាន និង​សហគមន៍​មូលដ្ឋាន យល់​ថា សារ​របស់​លោក ហ៊ុន សែន ឱ្យ​ពលរដ្ឋ​ចូល​រួម​ការពារ​បរិស្ថាន​នោះ គ្រាន់​តែ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ ពីព្រោះ​អាជ្ញាធរ​នៅ​តែ​បន្ត​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​សកម្មជន​ព្រៃឈើ និង​អ្នក​ការពារ​បរិស្ថាន។ ម្យ៉ាង​វិញ​ទៀត ពួកគាត់​មើល​ឃើញ​ថា រដ្ឋាភិបាល​ឯកបក្ស​មួយ​នេះ ​បាន​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ និង​បទល្មើស​ធនធាន​ធម្មជាតិ ដែល​ជា​វិបត្តិ​រ៉ាំរ៉ៃ​នៅ​កម្ពុជា។

មន្ត្រី​តស៊ូ​មតិ​នៃ​គម្រោង​អ្នក​ការពារ​ព្រៃឈើ​របស់​សមាគម​​បណ្តាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ាឡា កត់សម្គាល់​​ថា សកម្មជន​បរិស្ថាន​បាន​រង​ការ​គំរាម​កំហែង ការ​ចាប់​​ដាក់​ពន្ធនាគារ និង​ការ​ហាម​ឃាត់​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ ជាដើម​ ដែល​នេះ​សុទ្ធ​សឹង​ជា​រូបភាព​នៃ​ការ​បំបាក់​ស្មារតី​ពួក​គាត់។ លោក​ យល់ថា សារ​របស់​លោក ហ៊ុន សែន នឹង​គ្មាន​ន័យ​អ្វី​ឡើយ ​ប្រសិន​បើ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំងនេះ​មិន​ត្រូវ​បាន​បញ្ឈប់​ទេ​នោះ « កន្លង​មក យើង​ក៏​ធ្លាប់​បាន​ឮ​ជា​រឿយៗពី​ការ​សន្យា ឬ​ក៏​ការ​ប្រកាស​របស់​គាត់ ប៉ុន្តែ​យើង​ឃើញថា បញ្ហា​កាប់​បំផ្លា​ញ​ព្រៃឈើ ការ​លុប​បឹង ការ​បំផ្លាញ​ព្រៃ​កោងកាង​នៅ​តែ​កើត​មាន​ជា​ហូរ​ហែ។ ជំនួស​ឱ្យ​ការ​និយាយ ខ្ញុំ​គិត​ថា មាន​តែ​ធ្វើ​ជាក់ស្តែង​ទេ ការ​លើក​ទឹក​ចិត្ត​ជាក់​ស្តែង​ដល់​ក្រុម​អ្នក​ការពារ នោះ​ជា​អ្វី​ដែល​មហាជន​ចង់​ឃើញ​ជាងគេ »

ស្រដៀង​គ្នា​នេះ តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ លោក ហឿន សុភាព ថ្លែង​ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ការ​ប្តឹង​ផ្តល់​អ្នក​ការពារ​ព្រៃឈើ និង​ការ​បំបិទ​សហគមន៍​មូលដ្ឋាន​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ជាដើម​នោះ សុទ្ធ​សឹង​តែ​ជា​ទង្វើ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ​ឡើយ។ លោក​ថា អាជ្ញាធរ​គួរ​តែ​ងាក​ទៅ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លើ​ក្រុម​ជន​ល្មើស​បំផ្លាញ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​វិញ ហើយ​បញ្ឈប់​ការ​យាយី​លើ​ក្រុម​សកម្មជន និង​ប្រជា​សហគមន៍​ ដែល​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​បរិស្ថាន។ ​លោក​បន្ថែម​ថា សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេល​នេះ ផ្ទុយ​ពី​អ្វី​ដែល​កំពុង​តែ​កើត​មាន « នាយករដ្ឋមន្ត្រី​កំពុង​តែ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ចូល​រួម​ក្នុង​សកម្មភាព​នៃ​ការ​ការ​ពារ​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ​ ប៉ុន្តែ​នៅពេល​ដែល​ប្រជាជន​ ឬក៏​អង្គការ​ ឬក៏​បុគ្គល​មួយចំនួន សកម្មជន​មួយ​ចំនួន​ដែល​ធ្វើ​សកម្មភាព​ទាំងអស់​នោះ​ដើម្បី​បរិស្ថាន​ ដើម្បី​ប្រទេស​ជាតិ ដើម្បី​សង្គម​ទាំងមូល​ហើយ មិន​មាន​ផល​អ្វី​ដែល​ឆ្លើយ​តប ឬក៏​តប​​ស្នង​លើក​ទឹក​ចិត្ត​ពួក​គាត់​វិញ​ទេ វា​មាន​តែ​ការ​ចាប់​ខ្លួន វា​មាន​តែ​ការ​គំរាម​បំភិត​បំភ័យ​ទៅ​វិញ​ទេ។ ​អ៊ីចឹង​ខ្ញុំ​គិតថា ជា​រឿង​មួយ​ដែល​ធ្វើ​ទៅ​មិន​ត្រូវ​ទៅលើ​​គោលការណ៍​ច្បាប់​ទេ។ វា​ផ្ទុយ​ខុស​លើ​គោលការណ៍​ច្បាប់​ទាំងមូល »

MN-activist1.jpg

ការ​រិះគន់​របស់​ក្រុម​អ្នក​ការពារ​បរិស្ថាន​នេះ កើត​មាន​ឡើង​ក្រោយ​​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​ក្នុង​ថ្ងៃ​បុណ្យ​រុក្ខទិវា ៩ កក្កដា​ ដោយ​អំពាវនាវ​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស ឱ្យ​ចូល​រួម​ស្រឡាញ់ ថែរក្សា​ការពារ​ព្រៃឈើ និង​ដាំ​ដុះកូន​ឈើ​ឡើងវិញ។ ក្រៅ​ពី​នេះ លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ចូល​រួម​ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​រស់​នៅ​របស់​មនុស្ស និង​សត្វ ព្រម​ទាំង​ទុក​ជា​សម្បត្តិ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង។

ទន្ទឹម​នឹង​នេះ លោក​​បាន​បង្ហោះ​រូបភាព​ដាំ​កូន​ឈើ​ជាមួយ​ភរិយា ព្រម​ទាំង​វីដេអូ​ចម្រៀង​ពីរ​បទ​ទៀត​អំពី​ព្រៃឈើ។ ថ្វី​ដ្បិត​តែ​វីដេអូ​ចម្រៀង​ទាំង​នោះ​និយាយ​ពី​ស្នា​ព្រះហស្ថ​របស់​អតីត​ព្រះមហាក្សត្រ​ចំពោះ​ការ​បង្កើត​ថ្ងៃបុណ្យ​រុក្ខទិវា និង​ការ​បន្ត​ព្រះរាជកិច្ច​នេះ​ពី​សំណាក់​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ក៏​ដោយ បទចម្រៀង​ទាំងនោះ​មាន​បង្កប់​ដោយ​អត្ថន័យ​​លើ​ក​សរសើរ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន « ក្រោម​កិច្ច​ដឹកនាំ​សម្តេច​តេជោ សន្តិភាព​ពេញ​ពោរ យុទ្ធសាស្ត្រ​ផ្សំ​ផ្សាំ ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម ព័ត៌មាន​ផ្សាយ​នាំ ដាំ​ដុះ​រួម​ដៃ »

​ការ​លើក​សរសើរ​លោក ហ៊ុន សែន និង​សារ​អំពាវនាវ​របស់​លោក​នេះ មិន​ស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​នោះ​ទេ។ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ជាង ៣០ឆ្នាំ​មក​នេះ កម្ពុជា​បាន​បាត់​បង់​ទំហំ​ព្រៃឈើ​យ៉ាងច្រើន​សម្បើម ហើយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ការពារ​បរិស្ថាន​កើត​មាន​ឥត​លុះ​ពេល។

លោក ហ៊ុន សែន ធ្លាប់​បាន​សន្យា​កាត់​ក​ខ្លួន​ឯង បើ​មិន​អាច​​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​បាន។ ​ក្រោយ​មក​ទៀត លោក​​ថ្លែង​ថា លោក​ស្អប់​អ្នក​បំផ្លាញ​ព្រៃឈើ និង​ចាត់​ទុក​ការ​កាប់​ឈើ ដូចជា «ការ​កាប់​ក្បាល» របស់​លោក ប៉ុន្តែ​សារ​បែបនេះ​មិន​អាច​ជួយ​ទប់ស្កាត់​វិនាស​កម្ម​ព្រៃឈើ​នៅ​កម្ពុជា​បាន​ឡើយ។ ផ្ទុយ​ទៅវិញ កម្ពុជា​បែរ​ជាប់​ឈ្មោះ​ថា ជា​ប្រទេស​បាត់​បង់ព្រៃ​ឈើ​ខ្ពស់​​ជាងគេ​បំផុត​លើ​ពិភពលោក​។ ទិន្នន័យ​ផ្កាយរណប​ផ្តល់ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម (Joint Research Center, JRC) របស់​គណៈកម្មាការ​អឺរ៉ុបនិង​ ទិន្នន័យ​បម្រែបម្រួល​ព្រៃឈើ​សាកល (Global Forest Change) របស់​សាកលវិទ្យាល័យម៉ារីលែន (University of Maryland) នៃ​សហរដ្ឋអាមេរិករកឃើញថាមានការកើនឡើង​មិនធ្លាប់មាន​ពីមុនមកនូវ​ការបាត់បង់​ព្រៃឈើ​ប្រចាំឆ្នាំ​នៅកម្ពុជា។គិតចាប់ពី​ឆ្នាំ២០០០ រហូតដល់​ដំណាច់ឆ្នាំ២០១៩កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ដល់ទៅ ២៦%ស្មើនឹង ២លាន៣សែន​ហិកតារ។ដោយឡែកគ្រាន់តែ​ក្នុងឆ្នាំ២០១៩មួយដែនជម្រក​សត្វព្រៃ​ព្រៃឡង់បាន​បាត់បង់​ព្រៃ​រហូតដល់​ទៅ៧ពាន់៥រយ​ហិកតារគឺស្មើនឹង​ការកើនឡើង​ដល់ទៅ៧៣%ពីឆ្នាំ២០១៨ដែល​មានន័យ​ថា ក្នុង១ម៉ោងដែនជម្រក​សត្វព្រៃ​ព្រៃឡង់​នេះបាត់បង់​ព្រៃ​ស្មើនឹង​ទំហំ​ធំជាង​តារាង​បាល់ទាត់​មួយ។តួលេខ​នេះធ្វើឲ្យ​កម្ពុជាក្លាយជា​ប្រទេសទី១០ក្នុង​ពិភពលោកដែលរង​ការបាត់បង់​ព្រៃឈើ​ខ្លាំងជាងគេ​បំផុត​ក្នុងឆ្នាំ២០១៩គឺរហូតដល់ទៅជាង៦ម៉ឺន៣ពាន់​ហិកតារ។ ភាគច្រើន​នៃ​ព្រៃឈើ​ទាំងនោះ​ត្រូវ​បាន​គេ​កាប់បំផ្លាញ​ទាំងយប់​ទាំងថ្ងៃ ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់​​ទៅកាន់​ប្រទេសវៀតណាម។

ក្រៅ​ពី​មិន​អាច​​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំងនេះ​ហើយ រដ្ឋាភិបាល​លោក ហ៊ុន សែន ​បាន​សម្រេច​ចិត្ត​ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​​ធំ​មួយ​ទៀត​ចំពោះ​បញ្ហា​ព្រៃ​ឈើ​នេះ។ នោះ​គឺ​ការ​រំសាយ​ចោល​ដែន​ជម្រក​សត្វព្រៃ​ស្នួល​ក្នុង​ខេត្ត​ក្រចេះ និង​ដែន​ជម្រក​សត្វព្រៃ​រនាម​ដូន​សំ​ក្នុង​ខេត្ត​បាត់ដំបង ដែល​មាន​ផ្ទៃដី​សរុប​ជាង ១ សែន​ហិកតារ ក្រោម​ហេតុផល​ថា តំបន់​ទាំងពីរ​អស់​សក្ដានុពល​ជា​តំបន់​ការពារ​ធម្មជាតិ​។ ក្រុម​សកម្មជន​រកឃើញ​ថា ការ​វិនាស​ហិនហោច​នៃ​តំបន់​ការពារ​ធម្មជាតិ​ទាំងពីរ​នេះ គឺ​បង្ក​ឡើង​ដោយក្រុមហ៊ុន​ឯកជន​ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​ចន្លោះឆ្នាំ២០១១ ដល់២០១២។ អាជ្ញាធរ​មិន​បាន​​នាំខ្លួន​ជន​ណា​ម្នាក់​​មក​ទទួល​ខុស​ត្រូវ​ចំពោះ​វិនាសកម្ម​ព្រៃឈើ​នេះ​ឡើយ ហើយក៏​គ្មាន​ការ​ស្តារ​ព្រៃឈើ​ឡើងវិញ​​នៅ​តំបន់​ទាំងពីរ​នេះ​ដែរ ដែល​ទង្វើ​នេះ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ។

ជាង​នេះ​ទៅ​ទៀត​នោះ អាជ្ញាធរ​បាន​បង្កើន​ការ​បង្ក្រាប​ឥត​ប្រណី​ដៃ​លើ​អ្នក​ការពារ​ព្រៃឈើ និង​បរិស្ថាន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ។ ចាប់​ពី​ឆ្នាំ​២០១៥ រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ២០២១ យ៉ាង​ហោច​ណាស់​មាន​សកម្មជន​បរិស្ថាន​ជាង ១០នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ ដោយ​សារ​តែ​ការងារ​ការពារ​បរិស្ថាន​របស់​ពួកគេ។ ករណី​ចុងក្រោយ​គឺ​ គឺ​ការ​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​បី​នាក់​បន្ថែម​ទៀត រួម​មាន កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និង​យុវជន លី ចាន់ដារ៉ាវុត។

ក្រៅ​ពី​នេះ អាជ្ញាធរ​​បាន​ឃាត់​ខ្លួន​សកម្មជន​ព្រៃឈើ​ជា​ហូរហែ​នៅ​ពេល​អ្នក​ទាំងនោះ​​ចុះ​ស៊ើប​អង្កេត​បទល្មើស​ព្រៃឈើ ខណៈ​សហគមន៍​មូលដ្ឋាន​វិញ អាជ្ញាធរ​បន្ត​រារាំង​ពួក​គាត់​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​បាន​ឡើយ ក្រោម​ហេតុផល​ថា ពួក​គាត់​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​អនុញ្ញាត។

ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ថ្លែង​ដដែលៗ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់ ហើយ​ការ​ហាមឃាត់​ប្រជា​សហគមន៍​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​នោះ លោក​បញ្ជាក់​ថា ដោយ​សារ​ពួក​គាត់​មិន​បាន​សុំ​កិច្ច​សហការ​ពី​អាជ្ញាធរ។

ទាក់ទង​រឿង​បាត់​បង់​ព្រៃឈើ​វិញ លោក សុខ ឥសាន បកស្រាយ​ថា ព្រៃឈើ​ទាំងនោះ​ត្រូវ​បាន​ជំនួស​វិញ​ដោយ​ព្រៃ​កៅស៊ូ ស្វាយ​ចន្ទី និង​ដំណាំ​ហូប​ផ្លែ​ដទៃ​ទៀត « ចង់​ទុក​គម្រប​ព្រៃឈើ​ធ្វើអ្វី ? ពី​មុន​មក ចម្ការ​កៅស៊ូ​សល់​ពី​បារាំង​មក​តែ​ ៥ម៉ឺន​ហិកតារ​ទេ ឥលូវ​គេ​កាប់​ព្រៃឈើ​ណា​ដែល​វា​អត់​មាន​ផល​ប្រយោជន៍​សំខាន់ៗ​ហ្នឹង ហើយ​ធ្វើ​ជា​ចម្ការកៅស៊ូ។ ឥលូវ​ចម្ការ​កៅស៊ូ​វា​មាន​ ៣០ម៉ឺន​ហិកតារ​​។ ចម្ការ​កៅស៊ូ​ហ្នឹង ក្រែង​វា​ព្រៃ​ឈើ​ដែរ​តើ គម្រប​បៃ​តង​ដែរ​តើ។ មួយ​ទៀត​ការ​វិនិយោគ​ប្រទេស គេ​ដាំ​ដើម​ឈើ ដូច​ជា ដើម​ម្រេច ដើម​ស្វាយ​ចន្ទី ដើម​ឈើ​ស៊ី​ផ្លែ​មាន​គូលែន​មាន​អ្វី ។ល។ អាហ្នឹង​ក៏​ជា​គម្រប​ព្រៃឈើ​ដែរ​តើ។ វា​មិន​មែន​អស់​ផ្លុង​ត្បែង​ទៅ ថា​អស់​ព្រៃឈើ​ឯណា »

ទោះជាយ៉ាងណា ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ថា ការ​បកស្រាយ​បែប​នេះ​របស់​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​​ មិន​ឆ្លុះបញ្ចាំង​ការពិត​នោះ​ទេ ហើយ​ក៏​មិន​ស្រប​តាម​គោលការណ៍​ច្បាប់​ដែរ។

មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ការ​បាត់​បង់​ព្រៃ​ធម្មជាតិ ​​ជំនួស​មក​វិញ​​ដោយ​ព្រៃកៅស៊ូ និង​ដំណាំ​ដទៃ​ទៀតនោះ មិន​បាន​ធ្វើឡើង​ស្រប​តាម​ច្បាប់ និង​នីតិវិធី​ត្រឹម​ត្រូវ​នោះ​ឡើយ​។ លោក​ថា ព្រៃ​ធម្មជាតិ​បាត់បង់​ដោយ​ការ​កាប់​បំផ្លាញ និង​ការ​រុករាន​របស់​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​មាន​អំណាច ដោយ​មាន​ការ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​បញ្ជាក់​ថា តំបន់​ដែល​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ភាគច្រើន​ជា​តំបន់​ព្រៃស្រោង ឬ​ពាក់​កណ្តាល​ស្រោង ដែល​ច្បាប់​ហាម​ឃាត់​។ ​ជាង​នេះ​ទៅ​ទៀត ព្រៃ​កៅស៊ូ និង​ដំណាំ​ហូប​ផ្លែ​នោះ មិន​មាន​គុណ​តម្លៃ​ស្មើនឹង​ព្រៃ​ធម្មជាតិ​នោះ​ឡើយ « មាន​គម្រប​ព្រៃឈើ​ដែល​ជំនួស​ដោយ​ចម្ការ​កៅស៊ូ​ហ្នឹង វា​ពិត​ជា​ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្តែ​យើង​សួរ​ថា ​ប្រភព​ដើម​នៃ​ចម្ការ​កៅស៊ូ​ហ្នឹង​ជា​ដី​ព្រៃ ​តើ​ប្រព្រឹត្ត​តាម​ផ្លូវ​ច្បាប់​ទេ ? វា​អត់។ មាន​ន័យថា លក្ខណៈ​ជា​បុគ្គល​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ដោយ​អាង​អំណាច​ អាង​ទឹក​លុយ អាង​អ្វី​ជាដើម​ហ្នឹង ម្នាក់​រាប់​ពាន់​ហិកតារ ខ្លះ​ដល់​ជិត​ម៉ឺន​ហិកតារ​ហើយ​មិន​មែន​ដាំ​តែ​កៅស៊ូ​ ដាំ​អ្វីមួយ​គគោក​ទៀត គឺ​អត់​មាន​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។ អ៊ីចឹង​អ្នក​ដែល​កាប់​រាន ឧក្រិដ្ឋ​ជន​ដែល​បាន​កាប់​រាន​ដីព្រៃ កាប់​ឈើ កាប់​អ្វី​​​ទាំង​អស់​ហ្នឹង ដាច់​ខាត​ត្រូវ​តែ​ទទួល​ទោស »

លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែម​ទៀត​ថា សារ​របស់​លោក ហ៊ុន សែន ដែល​ស្នើ​ឱ្យ​រួម​គ្នា​ការពារ​ព្រៃឈើ និង​បរិស្ថាន​នៅពេល​នេះ ទំនង​ជា​មិន​បាន​ផល​អ្វី​ឡើយ ពីព្រោះ​លោក​ធ្លាប់​បញ្ចេញ​សារ​ព្រមាន​ធ្ងន់ៗ​ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​អាច​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​បាន​នោះ​ឡើយ។

ទោះជាយ៉ាងណា ក្រុម​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍លើក​ឡើង​ថា មាន​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​ធ្វើ​បាន​ ដើម្បី​បង្ហាញ​ពី​សុឆន្ទៈ​ក្នុង​ការ​បើក​ឱ្យ​ពលរដ្ឋ​ចូល​រួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ ចំណុច​ទាំងនោះ មាន​ជាអាទិ៍ ដោះលែង​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ ទម្លាក់​ចោល​បទ​ចោទ​ទាំងឡាយ​​លើ​អ្នក​ការពារ​បរិស្ថាន អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​លើ​បុគ្គល ឬ​ក្រុមហ៊ុន​ដែល​​បំផ្លាញ​ធនធាន​ធម្មជាតិ និង​​អាជ្ញាធរ​ដែល​ឃុបឃិត។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ត្រូវ​​បើក​ឱ្យ​ប្រជា​សហគមន៍ និង​ក្រុម​សកម្មជន​អាច​ចុះ​ល្បាត និង​ស៊ើបអង្កេត​ពី​បទល្មើស​ធនធាន​ធម្មជាតិ​បាន ​ដោយ​គ្មាន​ការ​រារាំង៕