សហគមន៍អភិរក្សផ្សោតព្រែកកាំពីសាទរអាជ្ញាធរអនុវត្តច្បាប់លើជនសង្ស័យនេសាទខុសច្បាប់ ២នាក់

សហគមន៍អភិរក្សផ្សោតព្រែកកាំពី ខេត្តក្រចេះ បានហៅចំណាត់ការ អនុវត្តន៍ច្បាប់នេសាទ របស់មន្ត្រីជំនាញ ទៅលើជនសង្ស័យ ២នាក់ កាលពីពេលថ្មីៗ នេះថា ជាសញ្ញាវិជ្ជមានមួយ ដែលជួយការពារជីវិតសត្វផ្សោត និងត្រីមេពូជធំៗ ដែលកំពុងរស់នៅក្នុងអន្លង់អភិរក្សចំនួន៥ នៃទន្លេមេគង្គខេត្តក្រចេះ។ ពួកគេអះអាងថា នៅមានជនសង្ស័យមួយចំនួនទៀត ជាមុខសញ្ញាសកម្មលួចឆក់ត្រីនៅពេលយប់ ប៉ះពាល់សត្វផ្សោត និងត្រីកម្រក្នុងតំបន់។
សហគមន៍អភិរក្សផ្សោតព្រែកកាំពី ខេត្តក្រចេះ ចង់ឱ្យអាជ្ញាធរចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ និងខ្លាំងជាងនេះទៀត ដោយការលុបបំបាត់អំពើពុករលួយ ដើម្បីសង្គ្រោះសត្វផ្សោត និងមច្ឆាជាតិក្នុងអាងទន្លេមេគង្គ។
សហគមន៍អភិរក្សផ្សោតព្រែកកាំពី រស់នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ឱ្យដឹងនៅថ្ងៃអាទិត្យ ទី១ ខែធ្នូ ថា អាជ្ញាធរបានចាប់ខ្លួន ជនសង្ស័យ ២នាក់ ករណីលួចឆក់ត្រី នៅអន្លង់អភិរក្សផ្សោតព្រែកកាំពី និងបានបញ្ជូនជនសង្ស័យទាំងនោះ ទៅតុលាការអនុវត្តច្បាប់ កាលពីដើមសប្ដាហ៍មុន។
កាលពីឆ្នាំ២០១៧ តុលាការបានកោះហៅជនសង្ស័យថា១៨នាក់ ដែលអាជ្ញាធរមូលដ្ឋានបញ្ជូនឈ្មោះពួកគេទៅសាលាដំបូងខេត្តក្រចេះ ក្នុងសំណុំរឿង ឆក់ត្រីខុសច្បាប់ នៅអន្លង់អភិរក្សផ្សោត។ មកទល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ២នាក់ រួចបញ្ជូនខ្លួនទៅតុលាការ។ មន្ត្រីជំនាញឱ្យដឹងថា ជនសង្ស័យនៅមូលដ្ឋានជិត ២០នាក់នោះ មួយចំនួនធំ បានសន្យាចំពោះមុខសមត្ថកិច្ចថា នឹងបោះបង់មុខរបបនេសាទខុសច្បាប់ និងមួយចំនួនតូចបានរត់គេចខ្លួន។
សហគមន៍អភិរក្សផ្សោតព្រែកកាំពី ថ្លែងសុំមិនបញ្ចេញឈ្មោះ ប្រាប់អាស៊ីសេរីថា ក្រុមពលរដ្ឋបង្ហាញអារម្មណ៍រីករាយ នៅគ្រាដែលឃើញអាជ្ញាធរអនុវត្តច្បាប់ លើជនសង្ស័យ ២នាក់ នៅមូលដ្ឋាន រួចបញ្ជូនខ្លួនពួកគេទៅតុលាការ។ លោកថា សត្វផ្សោតងាប់កន្លងទៅ ដោយសារសកម្មភាពឆក់ត្រី នៅកន្លែងផ្សោតរស់នៅ និងឆ្លងកាត់ ជាពិសេសពលរដ្ឋខ្លះបានលួចពង្រាយមង ក្នុងអន្លង់អភិរក្សទៀតផង។ លោកចាត់ទុក ចំណាត់ការរបស់អាជ្ញាធរបែបនេះ ជាចំណុចល្អ ដើម្បីលងបន្លាច និងជាការព្រមានជនខិលខូចមួយចំនួនទៀត ឱ្យឈប់នេសាទខុសច្បាប់៖ «ដោយសារឆក់តែម្ដង សារមុនដោយសារតែជាប់មងទេ ប៉ុន្តែវាផ្អើលពីឆក់ហ្នឹងទៅ ស្ទុះទៅជាប់មង។ បើគេអនុវត្តច្បាប់ឱ្យបានខ្លាំងជាងហ្នឹងទៀត កាន់តែល្អមែនទែន។ ខ្ញុំថា កុំប្រព្រឹត្តអំពើពុករលួយ ឱ្យបានច្រើន ខំអនុវត្ត ខំការពារផ្សោត បំបាត់អំពើពុករលួយឱ្យអស់ អាហ្នឹងល្អការពារបានមាំទាំហ្មង»។
ឆ្លើយតបរឿងនេះ អនុប្រធានរដ្ឋបាលជលផលខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេ លោក ម៉ុក ពន្លក មានប្រសាសន៍ថា ជនសង្ស័យ ២នាក់ ដែលសមត្ថកិច្ចបញ្ជូនខ្លួនទៅ តុលាការ មិនដឹងថា តុលាការបានឃុំខ្លួនពួកគេ ឬយ៉ាងណាទេ? លោកថា ឆ្មាំអភិរក្ស ប្រជាការពារភូមិ និងសមត្ថកិច្ចបានសហការគ្នាយ៉ាងល្អ ចុះល្បាតទាំងយប់/ថ្ងៃ ដើម្បីពង្រឹងការអនុវត្តច្បាប់នេសាទ។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញ នឹងមិនយោគយល់ជាដាច់ខាត ចំពោះជនណាដែលប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។ លោកបញ្ជាក់ ជនសង្ស័យជិត ២០នាក់ ដែលអាជ្ញាធរបញ្ជូនឈ្មោះទៅតុលាការ មកទល់ពេលនេះ មានមនុស្សប្រមាណ ៣នាក់ទេ នៅតែបន្តលួចឆក់ត្រី ហើយសមត្ថកិច្ចកំពុងស៊ើបអង្កេតរឿងនេះ៖ «នៅមានអ្នកមិនយល់ពីសារសំខាន់ ទាក់ទិនតម្លៃសារប្រយោជន៍របស់ផ្សោតហ្នឹង គាត់នៅតែលួចលាក់ធ្វើនេសាទ ដាក់មង តាមអន្លង់។ បើទោះបីជាបច្ចុប្បន្នយើងចុះទៅដាក់យុថ្កា បោះកាវ ដើម្បីរាវរកមង ក្រែងលោគាត់បង្កប់ យ៉ាងណាបើយើងប្រហែសបន្តិច ក៏យើងនឹងជួបការលួចលាក់ហ្នឹងបន្តទៀតដែរ។ ដូច្នេះមិនអាចអនុគ្រោះ និងមិនអាចយោគយល់បានទេ ប្រសិនឃើញពួកគាត់ប្រព្រឹត្តក្នុងអន្លង់»។
កាលពីដើមខែវិច្ឆិកាកន្លងទៅ សត្វផ្សោតញីមួយក្បាលបានស្លាប់នៅអន្លង់ព្រះសង្ឃ ក្នុងទន្លេមេគង្គខេត្តក្រចេះ ដោយសារ ជាប់មងអ្នកនេសាទ ហើយ កាលពីចុងខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ សត្វផ្សោតឈ្មោលមួយក្បាល ទម្ងន់ប្រមាណ ៩២គីឡូក្រាម ក៏បានងាប់នៅតំបន់អន្លង់កាំពីក្នុងខេត្តក្រចេះ ដោយសារជាប់មងអ្នកនេសាទដូចគ្នានេះដែរ។
នាយប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ សង្កេតឃើញថា ឧបករណ៍ឆក់ត្រី ទាំងក្រៅ និងត្រជាក់ មានឥទ្ធិពលចាប់ត្រីក្នុងទឹកបានដោយងាយ បង្កប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតសត្វផ្សោត និងត្រីមេពូជក្នុងទន្លេមេគង្គ។ ហេតុនេះ លោកស្នើឱ្យអាជ្ញាធរត្រូវសហការគ្នា អនុវត្តច្បាប់ដូចភ្លៀងរលឹម។ លោកបារម្ភថា នៅរដូវប្រាំងឆ្នាំនេះ ត្រី និងផ្សោតកំពុងសម្ងំលាក់ខ្លួននៅអន្លង់អភិរក្ស ទន្លេមេគង្គ ក៏ប៉ុន្តែបើអន្លង់អភិរក្ស ត្រូវបានរំខានដោយសកម្មភាពនេសាទខុសច្បាប់ នឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ត្រីមេពូជ និងផ្សោត៖ «ផ្អែកលើច្បាប់ជលផល ដែលយើងចាប់បានជនល្មើស ជាពិសេសនៅកាំពី ដែលយើងចាប់បានពីរនាក់ហ្នឹងណា។ នេះឯងជាចេតនាល្អបំផុត អំពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសហគមន៍នេសាទ ក្នុងតំបន់ហ្នឹង ហើយអំពើនេះគួរជាគំរូដល់គ្រប់ទីកន្លែងដែរ ដែលបទល្មើសនេសាទ ដែលប្រព្រឹត្តឡើងជាច្រើននៅតាមដងទន្លេបី ការឆក់ ការបើឧបករណ៍ខុសច្បាប់ផ្សេងទៀតៗ មានច្រើន ក៏ប៉ុន្តែអ្នកប្រព្រឹត្តបទល្មើសហ្នឹងតែងតែរួចខ្លួន»។
មកទល់ពេលនេះ ទន្លេមេគង្គខេត្តក្រចេះ មានសត្វផ្សោតរស់នៅ ចន្លោះពី ៥៥ ទៅ ៦០ក្បាល។ សត្វផ្សោតទាំងអស់នោះ កំពុងតែរស់នៅក្នុងអន្លង់អភិរក្ស ៥ទីតាំងផ្សេងគ្នា រួមមាន អន្លង់ខ្សាច់ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្ដៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី ក្នុងអាងទន្លេមេគង្គ៕