សង្គម​ស៊ីវិល​អះអាង​ថា​មន្ត្រី​រដ្ឋាភិបាល​ហាក់​មិន​សូវ​ហ៊ាន​បង្ក្រាប​អ្នក​នេសាទ​វៀតណាម

ដោយ ហង្ស សាវយុត
2015-02-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣០-មករា-២០១៥៖ ប្រជា​នេសាទ​នៅ​ភូមិ​ត្នោតកំបុត ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ជួសជុល​មង​របស់​គេ​ដើម្បី​ចុះ​ទៅ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​បឹង​ទន្លេសាប ដើម្បី​បាន​កម្រៃ​ចិញ្ចឹម​ជីវិត។
៣០-មករា-២០១៥៖ ប្រជា​នេសាទ​នៅ​ភូមិ​ត្នោតកំបុត ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ជួសជុល​មង​របស់​គេ​ដើម្បី​ចុះ​ទៅ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​បឹង​ទន្លេសាប ដើម្បី​បាន​កម្រៃ​ចិញ្ចឹម​ជីវិត។
RFA/Hang Savyouth

មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​តែង​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប ជា​ញឹកញាប់ ក៏ប៉ុន្តែ​បច្ចុប្បន្ន​អំពើ​នេសាទ​ត្រី​ខុសច្បាប់​នៅ​តែ​កើត​មាន​ជា​ច្រើន​កន្លែង​ដដែល។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ធនធាន​ជលផល ឱ្យ​ដឹង​ថា ការ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នៅ​ក្នុង​បឹង​ទន្លេសាប នៅ​តែ​កើត​មាន​ក្នុង​ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​សៀមរាប ជាដើម។

ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ប្រកប​មុខ​របរ​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត​អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ទៅ​លើ​ការ​នេសាទ​ត្រី​ខុស​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​អះអាង​ថា ក្រុម​ជនជាតិ​វៀតណាម​ខ្លះ និង​ខ្មែរ​ខ្លះ​ដែល​នេសាទ​ត្រី​សម្រាប់​ធ្វើ​ជំនួញ​ទ្រង់ទ្រាយ​ធំ​កំពុង​ប្រើ​ឧបករណ៍​អូស​ដោយ​កាណូត​ដើម្បី​ចាប់​យក​ត្រី​ខុសច្បាប់ មិន​ខ្លាច​ការ​បង្ក្រាប​ណា​មួយ​ទេ។

បុរស​អ្នក​នេសាទ​ម្នាក់ នៅ​ឃុំ​កំពង់ឃ្លាំង នៃ​ស្រុក​សូទ្រនិគម ក្នុង​ចំណោម​អ្នក​នេសាទ​ជា​ច្រើន​ទៀត។ គាត់​មាន​ប្រសាសន៍​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា បច្ចុប្បន្ន​អំពើ​នេសាទ​ត្រី​ខុស​ច្បាប់​កំពុង​កើត​មាន​នៅ​ក្នុង​ទន្លេសាប​នៃ​តំបន់​ពួកគាត់​រស់​នៅ។ បុរស​ដដែល​បញ្ជាក់​ថា ជនជាតិ​វៀតណាម តែង​ប្រើ​ឧបករណ៍​យ៉ាំងកាវ ទំហំ​ធំ ហើយ​អូស​ដោយ​កាណូត ដើម្បី​ចាប់​យក​ត្រី ក៏​ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច ឬ​ក៏​មន្ត្រី​ជលផល​ណា​បង្ក្រាប​ទេ៖ «យ៉ាំងកាវ​នោះ​ក៏​ដល់ក​ដែរ បើ​ថា សំខាន់​បំផុត​ឆក់​មិន​ដឹង​ចេញ​មក​ពី​ណា​ទេ ខ្លាំង​ជាង​អ្នក​នៅ​ខាង​លើ។ ខ្មែរ​រក​ស៊ី​មិន​កើត​ទេ តែ​យួន​រក​កើត ហើយ​ដូច​ព្រៃ​លិច​ទឹក ដូចដើម​រាំង​អី​កាប់​ចាល់...»

ចំណែក​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​បឹង​ទន្លេសាប នៃ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ក៏​អះអាង​ប្រហាក់ប្រហែល​គ្នា​ដែរ។

ស្ត្រី​ឈ្មោះ ប៉េង ណាក់ គឺ​ជា​អ្នកភូមិ​ត្នោត​កំបុត នៃ​ឃុំ​កំពង់ភ្លុក មាន​ប្រសាសន៍​ថា សកម្មភាព​នេសាទ​ត្រី​ខុស​ច្បាប់​ដោយ​ប្រើ​ឧបករណ៍ និង​កាណូត​ធំ គឺ​ឧស្សាហ៍​កើត​មាន​ជា​ញឹកញាប់​នៅ​តំបន់​កណ្ដាល​ទន្លេសាប។ ស្ត្រី​ដដែល​បញ្ជាក់​ថា ការ​នេសាទ​ត្រី​ខុស​ច្បាប់​ទាំង​នោះ មិន​ត្រឹមតែ​បំផ្លាញ​ធនធាន​មច្ឆាជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បំផ្លាញ​ដល់​មង និង​លប​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​យក​ត្រី​ជា​លក្ខណៈ​គ្រួសារ​ទៀត​ផង៖ «យ៉ាំងកាវ មង​វិល មង​សាច់​ស​អី នៅ​មួយ​ជួរ​កណ្ដាល​ទន្លេសាប។អូស​យប់ ទាំង​ពេល​ល្ងាច ពេល​ខ្លះ​ថ្ងៃ​តែម្ដង យួន​ផង ខ្មែរ​ផង អ្នក​ខ្លះ​មក​ពី​កំពង់ហ្លួង ខេត្ត​ពោធិ៍សាត់ ក៏​មាន»

ទាំង​អ្នក​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម និង​អ្នក​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង បាន​និយាយ​ដូចគ្នា​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ គឺ​នាំគ្នា​ខំ​គោរព​ច្បាប់​មិន​ហ៊ាន​នេសាទ​ត្រី​ខុស​ច្បាប់​ទេ រហូត​ដល់​ពេល​ខ្លះ​រក​ត្រី​មិន​បាន គឺ​គ្មាន​លុយ​ទិញ​អង្ករ​ដាំ​បាយ​ហូប​ផង ក៏ប៉ុន្តែ​ចំពោះ​ជនជាតិ​វៀតណាម​វិញ នៅតែ​នេសាទ​ត្រី​ខុសច្បាប់ ហើយ​ហាក់​មិន​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​សោះ។

មន្ត្រី​ជលផល​នៃ​អធិការដ្ឋាន​ខាង​ជើង​បឹង​ទន្លេសាប បដិសេធ​ថា បច្ចុប្បន្ន​នេះ​មិន​មាន​បទល្មើស​នេសាទ​ដែល​ប្រើ​ឧបករណ៍​ធំៗ​ខុស​ច្បាប់ ដូច​ប្រជាពលរដ្ឋ​អះអាង​នោះ​ទេ ក៏​ប៉ុន្តែ​ការ​នេសាទ​ត្រី​ខុស​ច្បាប់​ដោយ​ប្រើ​ឧបករណ៍​តូចតាច​ខ្លះ​នៅ​តែ​កើត​មាន​នៅ​ឡើយ។

នាយ​សង្កាត់​រដ្ឋបាល​ជលផល​កំពង់ឃ្លាំង លោក ហោ ឡា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​មិន​មាន​បទល្មើស​នេសាទ​ធំដុំ​នៅ​តំបន់​បឹង​ទន្លេសាប ដែល​លោក​គ្រប់គ្រង​ទេ ក៏ប៉ុន្តែ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​លប​ខុស​ពី​ទំហំ​ដែល​ច្បាប់​កំណត់​ខ្លះ គឺ​មាន។ ទោះ​យ៉ាង​ណា​លោក ហោឡា ទទួល​ស្គាល់​ថា ពិត​ជា​មាន​ជនជាតិ​វៀតណាម​ខ្លះ ដែល​ឆ្លង​មក​ពី​ខេត្ត​ពោធិ៍សាត់ បាន​លប​លួច​ចូល​មក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ធំៗ ដូចជា​អូស​យ៉ាំងកាវ​មែន ក៏ប៉ុន្តែ​បញ្ហា​នេះ​ជំនាញ​ជលផល​ពិបាក​បង្ក្រាប ពីព្រោះ​វា​តែង​កើត​មាននៅ​កណ្ដាល​ទន្លេ ជា​តំបន់​ជាប់​ដែន​ទឹក​គ្នា​រវាង​ខេត្ត​សៀមរាប និង​ខេត្ត​ពោធិ៍សាត់៖ «ថ្ងៃ​ខ្លះ​យើង​ចេញ​ទៅ​តាម​អត់​ទាន់​ទៀត គ្រាន់តែ​យើង​ចេញ​ទៅ គេ​ដឹង​ហើយ​គេ​ឆ្លង​ទៅ​ព្រំដែន​ទឹក​ខេត្ត​ផ្សេង​បាត់។ បទល្មើស​ទាំង​នោះ ច្រើន​ឆ្លង​មក​ពី​ខេត្ត​ពោធិ៍សាត់ ហើយ​ក៏​មាន​មក​ពី​កំពង់ភ្លុក និង​មក​ពី​ចុងឃ្នាស​ខ្លះ»

មន្ត្រី​សម្របសម្រួល​កម្មវិធី​បឹង​ទន្លេសាប របស់​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក មិញ ប៊ុនលី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៅ​តែ​កើត​មាន​តាម​បណ្ដា​ខេត្ត​ជា​ច្រើន ដូចជា​មាន​ការ​ជីក​អាង​ទឹក និង​កាប់​ព្រៃ​លិច​ទឹក​ខុស​ច្បាប់​ក្នុង​តំបន់​ត្រី​ពង​កូន​នៅ​ខេត្ត​បាត់ដំបង ហើយ​នៅ​ខេត្ត​សៀមរាប ការ​នេសាទ​ត្រី​ខុស​ច្បាប់​កំពុង​កើត​មាន​ជាច្រើន​កន្លែង។

មន្ត្រី​ដដែល​បញ្ជាក់​ថា មាន​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​បទល្មើស​នេសាទ​នៅ​តែ​បន្ត​នេះ៖ «ទី​១​ទាក់ទង​និង​ការ​ផ្ទេរ​អំណាច​ឱ្យ​សិទ្ធិ​ថ្នាក់​ក្រោម​ជាតិ​គ្រប់គ្រង ដោយ​យន្តការ​របស់​រដ្ឋាភិបាល​គ្រាន់​តែ​មាន​លើ​ក្រដាស ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​អត់​ទាន់​មាន​នៅ​ឡើយ។ ទី​២ មាន​ការ​ឃុបឃិត ត្រូវរ៉ូវ​គ្នា​រវាង​មន្ត្រី​ខិលខូច​ជាមួយ​ក្រុម​អ្នក​ល្មើសច្បាប់។ តាម​ពិត​អ្នក​ប្រព្រឹត្ត​បទល្មើស​ក៏​ខ្លាច​ច្បាប់​ដែរ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ច្បាប់​មួយ​ចំនួន​តូច​មាន​ការ​ពាក់ព័ន្ធ​ក្នុង​រឿង​បើកដៃ​ឱ្យ​នេសាទ​ខុស​ច្បាប់»

អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា បច្ចុប្បន្ន​ក្រុម​អ្នក​ជំនាញ​កំពុង​ភ័យ​ខ្លាច​រឿង​ធនធាន​ជលផល​ក្នុង​បឹង​ទន្លេសាប ថយ​ចុះ ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​បទ​ល្មើស​នេសាទ​ដូចជា​អូស​អួន ដាក់​លប​បិទ​ផ្លូវ​ត្រី​មិន​ឱ្យ​ឡើង​ទៅ​ពង​កូន​កើត ព្រមទាំង​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍ អូស​កាណូត​ធំៗ វា​កាន់តែ​គំរាមកំហែង​ដល់​ការ​ថយ​ចុះ​នៃ​មច្ឆាជាតិ​នៅ​ពេល​ខាង​មុខ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

សូមសង្គមស៊ីវិល ឈប់ប្រើពាក្យមេប៊ីៗៗៗទៅ សូមអ្នកនិយាយអ្វី​អោយវា អាស៊ឺទីវទៅ ដូចជាពាក្យថាហាក់ដូចជានេះគឺជាសំដីរបស់​មនុស្ស​មិនស្គាល់ខ្លួនឯង បើអ្នកស្គាល់គេនិយាយថា មិនហ៊ានអើពើ​និង​សូម្បីតែគិតក៏មិនហ៊ានផងជាមួយលោកយួនដែលជាម្ចាស់​អាយ៉ងនោះ នេះជាពាក្យមនុស្សពិតបាទ។

Feb 15, 2015 09:03 PM

អ្នក​អាន​អនាមិក

មិនធើត្ម័ង់ បានតែបង្រ្កាបខ្មែរគ្នាឯងធើឲ្យអ្លាយខ្លួនអ្លាយជាតិ

Feb 15, 2015 11:56 AM

អ្នក​អាន​អនាមិក

Because Hun Sen want to feed Yuon and want to destroy Khmer.

Feb 15, 2015 10:50 AM

គេហទំព័រ​ទាំងមូល