ក្រសួង​កសិកម្ម​រង​ការ​ចោទ​ថា ទាំង​អសមត្ថភាព​ការពារ​ព្រៃ ថែម​ទាំង​ចូល​ដៃ​ជាមួយ​ឈ្មួញ​ទៀត

ដោយ មួង​ ណារ៉េត
2019.07.07
វេង សាខុន ២០១៦ ៨៥៥ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថ្លែង​ក្នុង​ពិធី​ចែក​ពូជ​ស្រូវ​ផ្កា​រំដួល​ជូន​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo courtesy of MAFF.gov.kh
Photo courtesy of MAFF.gov.kh

សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​ចោទ​ក្រសួងកសិកម្ម​ថា មិន​ត្រឹមតែ​អសមត្ថភាព​ការពារ​ព្រៃឈើ​នោះ​ទេ ក្រសួង​នេះ គឺជា​អ្នក​ចូល​ដៃជើង​ជាមួយ​ឈ្មួញ​អនុញ្ញាត​ឱ្យ​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ នៅ​ជាប់​ព្រៃ​ការពារ​ធម្មជាតិ​គ្រប់​តំបន់​នៅ​ខេត្ត​ភាគ​ឦសាន។ ការ​លើក​ឡើង​នេះ​ដោយសារតែ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថ្មីៗ​នេះ បាន​ទទួល​ស្គាល់​ថា មាន​បទល្មើស​ព្រៃឈើ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នៅ​ខេត្ត​មណ្ឌលគិរី និង​ស្នើ​ឱ្យ​លោក សៅ សុខា មេ​កងរាជអាវុធហត្ថ​ទទួលបន្ទុក​កំណាត់​ការ​រត់ពន្ធ​ឈើ​ចាត់វិធានការ​ច្បាប់។

សកម្មជន​បរិស្ថាន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល សង្កេតឃើញ​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដែល​ជា​សេនាធិការ​របស់​ក្រសួង​កសិកម្ម គឺជា​ចោរ​ស្របច្បាប់ មាន​ជំនាញ​ខាង​ស៊ីញេ​ឈើ​ខុសច្បាប់ ឱ្យ​ទៅជា​ឈើ​ស្របច្បាប់ បម្រើ​មហិច្ឆតា​ឈ្មួញ​មានអំណាច និង​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ពួកគេ​ទាមទារ​ឱ្យ​ក្រសួង​សាមី​មួយ​នេះ ជាពិសេស រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់ និង​ប្រវត្តិសាស្ត្រ។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ មិថុនា ថា ក្រសួងកសិកម្ម​ជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់ អនុញ្ញាត​ឱ្យ​មាន​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ជាប់​តំបន់​ព្រៃ​ការពារ​ធម្មជាតិ និង​បណ្ដោយ​ឱ្យ​ឈ្មួញ​ទុច្ចរិត​កាប់​ឈើ​ពី​ព្រៃ​អភិរក្ស​ដឹក​ចូល​ក្នុង​ក្រុមហ៊ុន បន្លំ​ជា​ឈើ​ស្របច្បាប់ ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឃុបឃិត។ លោក​ថា មាន​ក្រុមហ៊ុន សំអឿន សុវណ្ណ នៅ​ខេត្ត​ព្រះវិហារ បាន​ខ្ចី​ដី​ក្រុមហ៊ុន​ចិន ហេង ហ្វូ ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ ដឹក​ចេញពី​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា និង​ព្រៃ​សហគមន៍​មួយ​ចំនួន​ទៀត​ចូល​ការដ្ឋាន រួច​បន្លំ​ជា​ឈើ​ស្របច្បាប់ ដឹក​ចេញ​ក្រៅ​។ លើស​ពី​នេះ​នៅ​ខេត្ត​មណ្ឌលគិរី មាន​ក្រុមហ៊ុន​យ៉ាង​ហោចណាស់ ចំនួន ៦ ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ ជាប់​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច ក្នុងស្រុក​កោះ​ញែក និង​ស្រុក​ស្នូល ខេត្ត​ក្រចេះ​៖ «ខ្លួន​គាត់​ទេ (​ក្រសួងកសិកម្ម​) ជា​អ្នក​អនុញ្ញាត​ឱ្យ​មាន​ដី​សម្បទាន​សេដ្ឋកិច្ច និង​អ្នក​ស៊ីញេ​ឱ្យ​ឈើ​ខុសច្បាប់​ឱ្យ​ទៅជា​ឈើ​ស្របច្បាប់​ទៅ​វិញ​។ នេះ​ហើយ​គាត់​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ទទួលខុសត្រូវ​ចំពោះ​ពលរដ្ឋ ទទួលខុស​ត្រូវ​ការ​បាត់​បង់​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ទាំងមូល​ដោយសារ មាន​ការ​អនុញ្ញាត មាន​ការ​ស៊ីញេ​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ភូមិភាគ​ឦសាន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម»

សកម្មជន​បរិស្ថាន​រូប​នេះ​រក​ឃើញ​ថា នៅ​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត មាន​រូបភាព​ស្រដៀងគ្នា​នេះ​ដែរ ដូចជា​ក្រុមហ៊ុន​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង បាន​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​យក្ស​ជាច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​បាន​ផ្អាក​ទៅវិញ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ លើស​ពី​នេះ មាន​ក្រុមហ៊ុន ស៊ីបាយអូថេក នៅ​ខេត្ត​ក្រចេះ លួច​កាប់​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជា​អ្នក​ចុះ​ហត្ថលេខា​ឱ្យ​មាន​ការដ្ឋាន​អារ​ឈើ​នៅ​តំបន់​នោះ​ទៀត​ផង៖ «ត្រូវតែ​លុបបំបាត់​អំពើពុករលួយ​ចោល ត្រូវតែ​ត្រួត​ពិនិត្យ​មន្ត្រី​របស់​គាត់ ក្រោម​ឱវាទ កន្លងមក​យើង​ទទួល​ព័ត៌មាន​ថា មន្ត្រី​របស់​គាត់​ក្រោម​ឱវាទ គឺ​អ្នក​ទទួល​បាន​សំណូក សុទ្ធតែ​ជា​អ្នកទទួល លាភសក្ការៈ​ពី​គេ ក្នុង​ការ​បើក​ជំហរ​ឱ្យ​មានការ​ដឹកជញ្ជូន​ឈើ តំបន់​ខ្លះ​ដាក់​ប៉ុស្តិ៍​ដើម្បី​យក​លុយ»

កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៩ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​សរសេរ​លិខិត​ស្នើ​សុំ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី ខណៈ​ដែល​មន្ត្រី​ជំនាញ​រក​ឃើញ​ថា មាន​រថយន្ត​សាំយ៉ុង រាប់​រាប់​រយ​គ្រឿង​ដឹកជញ្ជូន​ឈើ​ឆ្លងដែន ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​របស់​សកម្មជន​បរិស្ថាន តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី៦ មិថុនា។

ប៉ុន្តែ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ពុំ​មែន​ធ្វើ​ទៅ​តាម​សំណើ​របស់​ក្រសួង​ណាមួយ​នោះ​ទេ គឺ​គណៈកម្មការ​ជាតិ​អនុវត្ត​ទៅតាម​តួនាទី និង​ភារកិច្ច​ដែល​រដ្ឋាភិបាល​ចេញ​សេចក្ដី​សម្រេច។ លើស​ពី​នេះ គណៈកម្មការ​ជាតិ​បាន​ចាត់តាំង​មន្ត្រី​ជាន់ខ្ពស់​កងរាជអាវុធហត្ថ​ម្នាក់ ដឹកនាំ​កម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​តំបន់។ លោក​រក​ឃើញ​ថា មួយ​រយៈ​ពេលនេះ មន្ត្រី​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌលគិរី បាន​ចេញ​លិខិតអនុញ្ញាត ឱ្យ​មានការ​ដឹកជញ្ជូន​ឈើ​យ៉ាង​ច្រើន ហេតុនេះ​គណៈកម្មការ​ជាតិ នឹង​ចុះទៅ​ស្រាវជ្រាវ ថា​តើ​ការ​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ កាប់​ចេញពី​ដី​សម្បទាន ឬ​ពី​ខាងក្រៅ​។ លោក​បន្ថែម​ថា ប្រសិនបើ​រក​ឃើញ​ថា មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ណា និង​បុគ្គល​ណាមួយ មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ គណៈកម្មការ​ជំនាញ​នឹង​អនុវត្ត​ច្បាប់​ដោយ​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ៖ «ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ បទល្មើស​ព្រៃឈើ​បាន​រៀបចំ​ផែនការ រៀបចំ​ការងារ​ច្បាស់លាស់ ដូច្នេះ​លោក​ឧត្ដមសេនីយ៍​ឯក ហុង វិណុល គាត់​នឹង​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ធ្វើ​ការងារ ទាក់ទិន​អ្វី​ដែល​ថា ល្មើស​ច្បាប់​ព្រៃឈើ។ មន្ត្រី​ណា​ក៏​ដោយ គណៈកម្មការ​ជាតិ ឱ្យ​តែ​រក​ឃើញ​ថា គាត់​ល្មើសច្បាប់ គឺ​យើង​អនុវត្ត​តាមច្បាប់»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ប្រសិន​បើ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​ចាត់វិធានការ​មន្ត្រី​ខិលខូច​ណា ដែល​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទេ លោក​មិន​សង្ឃឹមថា បេសកកម្ម​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​គណៈកម្មការ​នេះ​នឹង​មាន​ប្រសិទ្ធភាព​ឡើយ។ លោក​ថា កន្លងទៅ​លោក​មិន​ឃើញ គណៈកម្មការ​មួយ​នេះ ចាត់វិធានការ​មន្ត្រី​ជំនាញ​ណា ដែល​ឃុបឃិត​ប្រព្រឹត្ត​បទ​អំពើពុករលួយ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មន្ត្រី​គ្រាក់ៗ​ផ្សេងៗ​ទៀត​មិន​គោរព​ច្បាប់ ផ្ទុយទៅវិញ​នឹង​បន្ថែម​ល្បឿន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដដែលៗ៖ «ការ​ព្រមាន​ទាំងអស់​ហ្នឹង​គ្រប់​វិធី​ទាំងអស់ មាន​ហើយ វិធី​មួយ​ចុងក្រោយ គឺ​ការ​ផ្ដន្ទាទោស​មន្ត្រី និង​ឧក្រិដ្ឋជន ព្រោះ​កន្លង​គ្រាន់តែ​ធ្វើ​ឱ្យ​ល្អមើល ពិសេស​បំផុត​គឺ ការ​នាំ​មន្ត្រី​ដែល​ពាក់ព័ន្ធ និង​អំពើពុករលួយ ក្នុង​វិស័យ​ព្រៃឈើ មក​ផ្ដន្ទាទោស។ អ៊ីចឹង ចំនួន​ព្រៃឈើ ដែល​បាត់បង់ បើ​មិន​មាន​វិធានការ​បន្ទាន់​ទេ ព្រៃឈើ​នឹង​បាត់បង់​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ព្រោះ​ចំនួន​មន្ត្រី​ពាក់ព័ន្ធ និង​ឧក្រិដ្ឋជន​កាន់តែ​កើន»

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ក្រសួងកសិកម្ម គឺជា​អ្នក​បង្ករឿង ចូល​ដៃជើង​ជាមួយ​ឈ្មួញ​ចុះ​ហត្ថលេខា បន្លំ​ឈើ​ខុសច្បាប់​ឱ្យ​ទៅជា​ឈើ​ស្របច្បាប់ ហើយ​ថែមទាំង​រុញ​ឱ្យ​ស្ថាប័ន​ផ្សេង​ជួយ​ទប់ស្កាត់​ទៅវិញ​។ ពួកគេ​ស្នើ​ឱ្យ​ក្រសួង​សាមី​មួយ​នេះ ត្រូវ​បកស្រាយ និង​ទទួលខុសត្រូវ​យ៉ាង​សំខាន់ ចំពោះ​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា នៅ​គ្រា​ដែល​ពួកគេ​រក​ឃើញ​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​រួម​ចំណែក​បំផ្លាញ​ធនធានធម្មជាតិ​ជា​ប្រព័ន្ធ​តាមរយៈ ប្រព្រឹត្ត​អំពើពុករលួយ កេងប្រវ័ញ្ច​សម្បត្តិ​ជាតិ និង​ចេញ​លិខិតអនុញ្ញាត​មិន​ប្រក្រតី​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។