សកម្មជន​បរិស្ថាន​ថា បទល្មើស​ព្រៃឈើ​នៅ​ឱរ៉ាល់ និង​ភ្នំ​ក្រវាញ​កណ្ដាល​នៅ​តែ​បន្ត​កើតមាន

ដោយ សេក បណ្ឌិត
2019-08-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន បាន​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ឧទ្យានជាតិ​ភ្នំក្រវ៉ាញ កាល​ពី​ដើម​ខែ មេសា ២០១៩។
ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន បាន​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ឧទ្យានជាតិ​ភ្នំក្រវ៉ាញ កាល​ពី​ដើម​ខែ មេសា ២០១៩។
Photo Provided

បើ​ទោះ​បី​ជា​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ ប្រកាស​ចាត់​វិធានការ​ក្ដៅ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំង​ប្រទេស​ក្តី ក៏​សកម្មជន​បរិស្ថាន​អះអាង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​មូល​ធំៗ តាម​គោយន្ត​ចេញពី​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ នៅតែ​កើតមាន​ច្រើន គ្មាន​ការអនុវត្ត​ច្បាប់។

រីឯ​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ពោធិ៍សាត់​វិញ អ្នកឃ្លាំមើល​បរិស្ថាន​ឱ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​ទី៤ ខែ​សីហា​ថា រូបភាព​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត ចេញពី​នៅ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល ឆ្លងកាត់​ទីស្នាក់ការ​បរិស្ថាន និង​ប៉ុស្តិ៍​សមត្ថកិច្ច​ចម្រុះ នៅតែ​កើតមាន​ទាំង​យប់ និង​ថ្ងៃ គ្មាន​ការ​បង្ក្រាប។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន ដែល​អង្កេត​រឿងនេះ​ឱ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​យ៉ាងហោចណាស់ មាន​គោយន្ត ២០​គ្រឿង​ដឹកជញ្ជូន​ឈើ​មូល​ប្រភេទ​សុក្រំ ផ្ចឹក ឈើទាល និង​ម្រេញ ចេញពី​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល។ លោក​ថា ក្រុម​កម្មករ​ដែល​ពួកគេ​មិន​ស្គាល់​អត្តសញ្ញាណ​ទាំងនោះ បាន​ដឹក​ឈើ​តាម​គោយន្ត​ម្ដង​មួយៗ តាម​ផ្លូវ​លេខ​៤៤ ឆ្លងកាត់​ភូមិ​ជាំ ឆ្ពោះ​ទៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ៖ «លក្ខណៈ​រថយន្ត​ប៉ាកុង​អត់​មាន​ទេ បច្ចុប្បន្ន​ដឹក​តាមរយៈ​គោយន្ត មួយ​ផ្នែក​ទៀត នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​ក៏​មាន​ការ​ដឹក​ដែរ​ចេញ​តាម​ផ្លូវ​៤៤ ចាប់​ពី​ជាំ រហូតដល់​ក្រុង​ច្បារមន។ មិន​ចេញ​ម្ដង​ទាំង​ខ្សែ​ទេ គឺ​ចេញ​ម្ដង​មួយ បើ​យើង​សរុបទៅ យ៉ាង​តិច​ជាង ២០​គោយន្ត​ដែរ​ក្នុង​មួយថ្ងៃ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ឈើ​មូល​ដែល​ក្រុម​កម្មករ​ដឹកជញ្ជូន មានមុខ​កាត់​ចាប់ពី ៥​តឹក​ឡើង​ទៅ ប្រវែង ៣​ម៉ែត្រ​កន្លះ ដល់ ៤​ម៉ែត្រ​កន្លះ គឺ​គេ​កាប់​នៅ​តាម​ជម្រាល​ភ្នំ និង​ជ្រលង​ជ្រោះ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់។ លោក​បញ្ជាក់​ថា ដើមឈើ​មានតម្លៃ​ធំៗ​ដែល​ដុះ​នៅ​តំបន់​ទំនាប ត្រូវ​គេ​កាប់​បំផ្លាញ​អស់ទាំង​ស្រុង​ជា​យូរ​មក​ហើយ ហើយ​បច្ចុប្បន្ន​នៅ​សល់​តែ​ឈើ​ដុះ​តាម​ជ្រលង​ភ្នំ និង​តំបន់​ជ្រោះ​ប៉ុណ្ណោះ​៖ «នៅ​តំបន់​ជ្រោះ​តំបន់​វាល​រាប់​អស់​មាន​ឈើ​ដែរ​ត្រូវ​កាប់​ហើយ មានតែ​តំបន់​ជ្រោះ​ជ្រលង​ភ្នំ​មាន​ទឹកជ្រោះ​នៅ​មួយៗ។ តាម​ជំនាញ​បើ​ជំនាញ​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​គេ​យក​ច្រើន​។ រីឯ​ប៉ូលិស ប៉េអិម និង​ទាហាន​គេ​យក​តិចៗ​ទេ។ តែ​បើ​យើង​មិន​អនុវត្ត​ច្បាប់​ទេ អនុវត្ត​តែ​ប្រព្រឹត្ត​បទល្មើស កាប់ និង​ដឹកជញ្ជូន​ឈើ ដល់​អ្នក​ប្រព្រឹត្ត​ពុករលួយ​អត់​អនុវត្ត​បទល្មើស​អត់​ថយ​ទេ​នៅតែ​ដដែល»

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ជំរុញ​ឱ្យ​សកម្មជន​បរិស្ថាន ផ្តល់​ដំណឹង ពី​បទ​ល្មើស​ព្រៃឈើ​ទាំងនេះ ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​តំបន់​នោះ​ផ្ទាល់​។ លោក​អះអាង​ថា ក្រោយពី​គណៈកម្មការ​ជាតិ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ សកម្មភាព​ដឹកជញ្ជូន​ឈើ​ស្ងប់ស្ងាត់​គ្រប់​តំបន់៖ «ការ​លើក​ឡើងជា​សិទ្ធិ​របស់​គាត់ មតិ​របស់​គាត់ ក៏ប៉ុន្តែ​គណៈកម្មការ​ឱ្យ​តែ​មាន​គឺ​បង្ក្រាប​ហើយ សព្វថ្ងៃ​នេះ​ក៏បាន​រាយការណ៍​មក​ថា បាន​ស្ងប់ស្ងាត់​។ សូម​ឱ្យ​គាត់​ប្តឹង​ទៅ​កន្លែង​មូលដ្ឋាន ពេល​ឃើញ​ប្ដឹង​ភ្លាម​ទៅ»

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន ធ្លាប់​អះអាង​ថា ក្រសួង​កំពុង​ខំ​ពង្រឹង​យន្តការ​ទប់ទល់​បទល្មើស​ព្រៃឈើ​ឱ្យ​បាន​ល្អ ដោយ​ត្រូវ​បន្ថែម​កម្លាំង​ឈរជើង និង​ការ​ដើរ​ល្បាត ព្រមទាំង​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ចូលរួម​គាំពារ​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​តំបន់​ឧទ្យាន​ជាតិ និង​ព្រៃ​ការពារ​ធម្មជាតិ។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយ​ត្រូវ​ផ្តល់​ព័ត៌មាន​មក​សមត្ថ​កិច្ច និង​មន្ត្រី​ជំនាញ ដើម្បី​ចាត់វិធានការ។

សកម្មជន​បរិស្ថាន​បន្ថែម​ថា ក្រុម​អ្នក​កាប់​ឈើ និង​ឈ្មួញ​បាន​ប្រើ​អំណាច​ទឹក​លុយ​ជាច្រើន សូកប៉ាន់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដែល​ឈរជើង​ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ ជា​ថ្នូរ​ដឹកជញ្ជូន​ឈើ​គ្មាន​ការ​រារាំង។ ពួកគេ​បារម្ភ​ថា ប្រសិនបើ​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ មិន​លុប​បំបាត់​បទល្មើស​ព្រៃឈើ និង​អំពើពុករលួយ​នោះ​ទេ ដើមឈើ​ធំៗ​បន្សល់​ចុងក្រោយ ដែល​ដុះ​តាម​ជម្រាល​ភ្នំ និង​តំបន់​ជ្រោះ ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ នឹង​បាត់បង់​ទាំងស្រុង​នៅ​រយៈពេល​យ៉ាង​យូរ ៣​ឆ្នាំ​ទៀត។

តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល និង​ជួរ​ភ្នំ​ក្រវាញ​ខាងត្បូង លាតសន្ធឹង​ជាប់​ទឹកដី​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្ត​កោះកុង ជា​តំបន់​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ និង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល មាន​ផ្ទៃដី​ជាង ៨​សែន​ហិកតារ។ តំបន់​អភិរក្ស​នេះ មាន​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​ជាង ៧០​នាក់ ដែល​ឈរជើង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ជីវចម្រុះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល