មន្ត្រីអង្គការប្រឆាំងអំពើពុករលួយ ការពារធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ បានស្នើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឲ្យចុះត្រួតពិនិត្យចំពោះការកាប់បំផ្លាញព្រៃឈើរៀងរាល់ថ្ងៃក្នុងតំបន់ការពារដោយព្រះរាជក្រឹត្យ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន បានឲ្យដឹងនៅថ្ងៃទី៨ តុលា ថា លោកបានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃទី៧ ខែតុលា ឲ្យចាត់ក្រុមអធិការកិច្ចរបស់ក្រសួង ចុះត្រួតពិនិត្យការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ និងកំណត់ឲ្យបានច្បាស់អំពីព្រំប្រទល់តំបន់ការពារដោយព្រះរាជក្រឹត្យ ពីព្រោះមានការកាប់បំផ្លាញព្រៃឈើក្នុងតំបន់នោះរាល់ថ្ងៃគ្មានការបង្ក្រាប។
លោកបញ្ជាក់ថា តាមរយៈបណ្ដឹងរបស់ពលរដ្ឋបានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតលើឈ្មោះ ឈុន ឈៀហេង នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឈ្មោះ ខន សុខុន ប្រធានក្រុមល្បាត រួមទាំងមន្ត្រីឧទ្យានុរក្សបរិស្ថាន ឈ្មោះ នួន ចក ហ៊ី ចាន់ ឡាន រុំ លឹម ថុល ប៊ុត ធន ថណ ចាន់ និង សារិន្ទ ចាន់ថា ដែលសង្ស័យប្រព្រឹត្តអំពើពុករលួយ ដោយបើកដៃឲ្យជនល្មើសកាប់បំផ្លាញឈើ និងដឹកឈើចេញពីឃុំតាសាល ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។
លោក ជា ហ៊ាន៖ «ខ្ញុំឲ្យអធិការកិច្ចរបស់ក្រសួងបរិស្ថានហ្នឹង ចុះត្រួតពិនិត្យអំពីឈ្មោះ ឈុន ឆៀហេង រួមទាំងមន្ត្រីរបស់គាត់ដែលមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋឲ្យចុះអធិការកិច្ចមើល ថាតើមន្ត្រីអស់ហ្នឹងមានការពាក់ព័ន្ធនឹងអំពីពុករលួយឬអត់? ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ ទាំងពីការកាប់ទន្ទ្រានយកដៃរដ្ឋលក់ ទាំងពីការដឹកអនុផលព្រៃឈើខុសច្បាប់ ១ នៅចំណុចខ្នងភ្នំឱរ៉ាល់ ទី២ នៅចំណុចខ្នងភ្នំក្រពើ ដែលនៅចំណុចជាំ ភូមិត្រសាល ហើយនៅខ្នងភ្នំឱរ៉ាល់ គឺនៅចំណុចឃុំត្រពាំងជោ ទាំងកាប់បំផ្លាញព្រៃឈើដឹកយកទៅលក់នៅវៀតណាមផង ទាំងការកាប់រានយកដីរដ្ឋផង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីអនុរក្សបរិស្ថានដែលរងការចោទប្រកាន់បានទេ ដោយអ្នកខ្លះបដិសេធថាមិនមែន និងខ្លះទៀតទូរស័ព្ទមិនចូល។ ចំណែករដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃទី៨ តុលា។
ទាក់ទងបញ្ហានេះ ពលរដ្ឋរស់នៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ លោក ម៉ម ម៉ុល បានថ្លែងថា ស្ថានភាពកាប់បំផ្លាញព្រៃឈើនៅរយៈពេលចុងក្រោយនេះ មានសភាពខ្លាំងក្លា គ្មានការបង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីគ្រប់គ្រងព្រៃឈើឡើយ។
លោកថា ពលរដ្ឋ ៤៨គ្រួសារបានស្នើឲ្យអង្គការនេះជួយជំរុញករណីនេះឲ្យឆាប់បានទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ៖ «ខ្ញុំឃើញហ្នឹងក្នុងរយៈពេលយូរដែរហើយ ប្រហែលជាបួនប្រាំឆ្នាំហើយ តែចុងក្រោយនេះ មុនបោះឆ្នោត និងក្រោយបោះឆ្នោតហ្នឹងម៉្ងៃៗ តាមផ្លូវមុខផ្ទះខ្ញុំប្រហែល ១០០ ទៅ ១៥០គោយន្ត គគ្រឹកគគ្រេងហ្មង អត់មានអាជ្ញាធរ ឬខាងណាគេមកទប់ស្កាត់អីទេ ខ្ញុំបានតែត្រឹមមើល ហើយថតរូបភាពទុក»។
នៅក្នុងលិខិតដែលពលរដ្ឋស្នើសុំឲ្យអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ ខេត្តកំពង់ស្ពឺ ជួយអន្តរាគមន៍បានសរសេរថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើយកដីរដ្ឋលក់ អារឈើ ដឹកឈើយ៉ាងអនាធិបតេយ្យដោយគ្មានការទប់ស្កាត់ពីមន្ត្រីឧទ្យានុរក្សបរិស្ថាន តែបើអ្នកអារឈើ ឬកាត់អុសដុតធ្យូងបន្តិចបន្តួចមិនបង់ប្រាក់ឲ្យមន្ត្រីឧទ្យានុរក្សបរិស្ថានទេនោះ គេចាប់មនុស្ស ហើយប្ដឹងទៅតុលាការ និងមានការជំរិតទារលុយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។