
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធនឹងបណ្ដាញសហគមន៍ការពារព្រៃឈើ ឲ្យដឹងថា បច្ចុប្បន្នសកម្មភាពកាប់បំផ្លាញព្រៃឈើដើម្បីជួញដូរខុសច្បាប់ កំពុងកើតមានយ៉ាងខ្លាំងនៅតាមបណ្ដាស្រុកមួយចំនួនរបស់ខេត្តព្រះវិហារ ហើយគេមិនសូវឃើញសមត្ថកិច្ចខាងណាចេញមុខបង្ក្រាបទេ។
ដោយសារតែបទល្មើសព្រៃឈើកើនឡើង និងមិនសូវមានការបង្ក្រាបនេះ សិប្បកម្មកែច្នៃឈើក៏កំពុងកើតឡើងជាច្រើនកន្លែងនៅស្រុកជ័យសែន ចម្ងាយជាង ៧០គីឡូម៉ែត្រភាគខាងជើងឆៀងខាងកើតពីរួមខេត្តព្រះវិហារ។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅស្រុកជ័យសែន ខេត្តព្រះវិហារ បានរិះគន់ថា បច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈើប្រណីតខុសច្បាប់ កំពុងកើតមានស្ទើរតែរៀងរាល់ថ្ងៃ នៅក្នុងតំបន់ដែលពួកគេរស់នៅ។ បើទោះបីជាឈើប្រណីតប្រភេទធ្នង់ និងដួងចែម ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្ត និងគោយន្តដោយចំហ មិនបាច់បិទបាំង ហើយយកទៅដាក់តាមរោងសិប្បកម្មជាប្រចាំថ្ងៃក៏ដោយ ក៏មិនមានសមត្ថកិច្ចរបស់រដ្ឋាភិបាលណា យកចិត្តទុកដាក់បង្ក្រាបទេ។
សមាជិកក្រុមប្រឹក្សាស្រុកជ័យសែន ម្នាក់ក្នុងចំណោមជាច្រើនទៀត គឺអ្នកស្រី ប្រែង អាត់។ អ្នកស្រីមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ថា បច្ចុប្បន្នស្ទើរតែរៀងរាល់ថ្ងៃ គឺបទល្មើសព្រៃឈើកើតមានយ៉ាងខ្លាំងនៅតំបន់ព្រៃឡង់ និងមួយចំនួនទៀតចេញពីឃុំធ្មា និងឃុំច្រាច់។ ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនទៅដាក់នៅតាមរោងសិប្បកម្មជាច្រើនកន្លែងក្នុងស្រុកជ័យសែន ដោយមិនដែលឃើញអាជ្ញាធរណាសួរនាំទេ៖ «និយាយទៅឈ្មួញកណ្ដាល គាត់ដឹកអនាធិបតេយ្យមែន មានដឹកតាមគោយន្ត អត់គ្របអត់អីទេ គឺចំហតែម្ដង។ ប្រជាពលរដ្ឋគាត់មានការព្រួយបារម្ភ»។
ប្រជាពលរដ្ឋបានរិះគន់មន្ត្រីប៉ូលិសខ្លះនៅស្រុកជ័យសែន ថាមិនយកចិត្តទុកដាក់បង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះទេ ប៉ុន្តែបែរជានាំគ្នាដាក់កុងត្រូលនៅតាមដងផ្លូវ ដើម្បីទារលុយទៅវិញ។
ទោះយ៉ាងណា មន្ត្រីរដ្ឋបាលព្រៃឈើ បានបដិសេធការអះអាងរបស់ប្រជាពលរដ្ឋ ដែលថាមានការដឹកជញ្ជូនឈើខុសច្បាប់ជាច្រើន កំពុងកើតឡើងនោះ គឺជារឿងមិនពិត។
នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន លោក ស៊ី សុវត្ថា បានច្រានចោលថាមិនមានការដឹកជញ្ជូនឈើខុសច្បាប់ ដូចការចោទប្រកាន់នោះទេ។ លោក ស៊ី សុវត្ថា អះអាងទៀតថា កន្លែងរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ទៀតសោត ក៏សុទ្ធតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ៖ «សិប្បកម្មនៅស្រុកនេះមានច្បាប់។ ខែនេះខែវស្សាវាអត់មានសកម្មភាពកាប់ឈើទេ ដោយសារប្រជាពលរដ្ឋគាត់ជាប់រវល់ធ្វើស្រែធ្វើចម្ការ»។
ចំណែកមន្ត្រីតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ នៅតែអះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់ដោយក្រុមឈ្មួញ គឺពិតជាកំពុងកើតមាននៅតាមតំបន់មួយចំនួន នៃស្រុកជ័យសែន មែន។ លោក ប៉ិក សោភ័ណ អះអាងថា បច្ចុប្បន្ននៅស្រុកជ័យសែន គឺមានសិប្បកម្មកែច្នៃឈើជាច្រើនកន្លែងកំពុងកើតឡើង។ ភាគច្រើននៃសិប្បកម្មទាំងនោះ មិនមានច្បាប់ទេ ពីព្រោះតែម្ចាស់សិប្បកម្មទាំងនោះ តែងសូកលុយកាក់ដោយស្ងាត់ៗទៅឲ្យសមត្ថកិច្ចខាងព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន។
មន្ត្រីអង្គការពន្លកខ្មែរ ឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើ ដើម្បីលក់ដូរនៅស្រុកជ័យសែន និងស្រុកមួយចំនួនទៀតរបស់ខេត្តព្រះវិហារ គឺកើតមានជាច្រើនឆ្នាំមកហើយ ប៉ុន្តែសកម្មភាពនេះហាក់ថយចុះបន្តិច ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ហើយវាទើបតែកម្រើកឡើងវិញរយៈពេលជាង ៤-៥ខែកន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។