ជនជាតិ​ដើម​ភាគតិច​លែង​មាន​ជំនឿ​លើ​សមត្ថកិច្ច​និង​តុលាការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ

ដោយ អាស៊ីសេរី
2017-10-19
Share
កាប់​ឈើ ស្រុក​ថាឡាបរិវ៉ាត់ ស្ទឹងត្រែង ២០១៦ ៦២២ ដើម​ឈើ​ដែល​គេ​កាប់​រំលំ​ដើម្បី​យក​ដី​ក្នុង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

សង្គម​ស៊ីវិល និង​ជនជាតិ​ដើម​ភាគតិច​នៅ​ខែត្រ​ភាគ​ឦសាន ពុំ​មាន​ជំនឿ លើ​ប្រសិទ្ធភាព​ការងារ​របស់​សមត្ថកិច្ច និង​តុលាការ​ក្នុង​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល ធ្លាប់​ប្ដេជ្ញា​ចិត្ត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ច្រើន​សា​ក្ដី។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​សមត្ថកិច្ច​ខែត្រ​ក្រចេះ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឃាត់​រថយន្ត​សាំងយ៉ុង​ដឹក​ឈើ​ខុសច្បាប់​ច្រើន​គ្រឿង និង​បញ្ជូន​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​សកម្មភាព​ដឹក​ឈើ​ខុសច្បាប់​នៅ​តែ​កើតមាន​តាម​ដង​ផ្លូវ។

ជនជាតិ​ដើម​ភាគតិច​ខែត្រ​ភាគ​ឦសាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រក​ឃើញ​ថា ការ​ចរាចរ​ឈើ​តាម​ដង​ផ្លូវ និង​ការ​ទទួល​ប្រយោជន៍​ពី​អ្នក​ដឹក​ឈើ​តាម​ផ្លូវ បាន​ក្លាយ​ជា​ទម្លាប់ របស់​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ខណៈ​ដែល​ទំហំ​ព្រៃឈើ​នៅ​កម្ពុជា បាន​ថយ​ចុះ​យ៉ាង​គំហុក​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី១៩ តុលា ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​ខែត្រ​ក្រចេះ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឃាត់​រថយន្ត​សាំងយ៉ុង ដឹកឈើ​ច្រើន​គ្រឿង​ក្ដី ក៏ប៉ុន្តែ​លោក​ហាក់​ពុំ​មាន​ជំនឿ​លើ​ការអនុវត្ត​ច្បាប់​របស់​តុលាការ​នោះ​ទេ ស្រប​ពេល​ដែល​សកម្មភាព​ដឹក​ឈើ​តាម​ផ្លូវ​កំពុង​កើតមាន​ពេញបន្ទុក។ លោក​ថា ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំងយ៉ុង​ប្រមាណ​ពី ៥ ទៅ​១០​គ្រឿង ចូល​ទៅ​ទិញ​ឈើ​នៅ​ឃុំ​សំអាង ដែល​គេ​ដឹក​តាម​គោយន្ត​ពី​ព្រៃ​មក​ស្តុក​ទុក​នៅផ្ទះ។ ប្រភេទ​ឈើ​ដែល​ឈ្មួញ​ទិញ ភាគច្រើន​ជា​ប្រភេទ​ឈើ​គ្រឿងផ្ទះ រួមមាន​ឈើទាល ត្រាច និង​ស្រឡៅ ជាដើម រួច​យក​ទៅ​លក់​នៅ​ខែត្រ​ក្រោមៗ និង​លក់​នៅ​ប្រទេស​វៀតណាម៖ «ទោះបី​ចាប់​រាប់រយ​គ្រឿង​ក៏ដោយ តែ​ខ្ញុំ​នៅតែ​ពុំ​មាន​ជំនឿ ដោយសារ​ចាប់​ហើយ​នៅតែ​ដឹក​ចេញ​ទៀត។ បើ​ចាប់​ហើយ​អត់​មាន​ដឹក​ចេញ​បាន​ជឿ បើ​ចាប់​ហើយ​នៅតែ​ដឹក​ចេញ​អត់​ជឿ​ទេ»

បុរស​ដដែល​បន្ត​ថា ការ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ បាន​ក្លាយ​ជា​របរ​អាជីព​របស់​ពលរដ្ឋ​មួយ​ចំនួន ពលរដ្ឋ​ខ្លះ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទិញ​គោយន្ត និង​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ​ដើម្បី​អារ​ឈើ​លក់​ចិញ្ចឹមជីវិត។ លោក​មើល​ឃើញ​ថា អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែល​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​មានតែ​ក្នុង​ក្រដាស ពោល​គឺ​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​អនុវត្ត​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ៖ «ជាពិសេស​នៅមុខ​ផ្ទះ​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ ចាប់​ប៉ុណ្ណា​ក៏​នៅតែ​រត់។ ដឹក​រាល់​ថ្ងៃជា​ប្រភេទ​ឈើ ទី​១ ស្រឡៅ ទី ២ ឈើ​ទាល ប្រដាក ដំបៅ និង​ដួងចែម​ដឹក​ចេញ​ទៅ។ ឥឡូវ​ព្រៃ​សហគមន៍​កាប់​ឈើ​នៅ​ពេញ​តែ​ព្រៃ​ហ្នឹង»

កាលពី​ពាក់​កណ្ដាល​ខែ​តុលា ឆ្នាំ​២០១៧ សមត្ថកិច្ច​ខែត្រ​ក្រចេះ បាន​ចាប់​រថយន្ត​សាំងយ៉ុង​ប្រហែល​ជាង ១០០​គ្រឿង​ដែល​គេ​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ និង​ព្រៃ​មួយ​ចំនួន​ចេញពី​ខែត្រ​ស្ទឹងត្រែង ដែល​ទំនង​ដឹក​ទៅ​លក់​នៅ​ខែត្រ​ត្បូងឃ្មុំ កំពង់ចាម និង​ប្រទេស​វៀតណាម។ ប្រតិបត្តិ​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​យក​រថយន្ត និង​វត្ថុ​តាង​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​ឮ​ដំណឹង​ការ​អនុវត្ត​ច្បាប់​យ៉ាងណា​នៅឡើយ​ទេ។

កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធានធម្មជាតិ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រមទាំង​លុបបំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុករាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក (Adhoc) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី កត់​ចំណាំ​ថា នៅ​គ្រា​ដែល​មាន​បញ្ជា​របស់​រដ្ឋាភិបាល និង​សារាចរ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គឺ​គេ​ឃើញ​អាជ្ញាធរ​ជំនាញ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ អនុវត្ត​បាន​តែមួយ​ប្រាវ ឬ​ដូច​ភ្លើង​ចំបើង តែ​ក្រោយមក​ការ​ដឹក​ឈើ​ខុសច្បាប់​កើតមានឡើង​ដដែល។ លោក​ថា អំពើពុករលួយ​ពាក់ព័ន្ធ​អាជីវកម្ម​ឈើ​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ធូររលុង បង្ក​ឲ្យ​ឈ្មួញ​មិន​ខ្លាច​ច្បាប់ ដែល​ជា​ផ្នែក​មួយ​បំផ្លាញ​ព្រៃឈើ​ជា​ប្រព័ន្ធ៖ «ឈ្មួញ​ឈើ​ធំៗ​មួយ​ចំនួន ក៏​មិន​ឃើញ​សមត្ថកិច្ច​តុលាការ​ណា​ចាប់ខ្លួន និង​ឃុំខ្លួន។ នៅ​ក្នុង​ខែត្រ​ក្រចេះ​បច្ចុប្បន្ន មាន​ឧកញ៉ា​ធំៗ​ច្រើន ដឹក​តាម​កាត់​ខែត្រ​ក្រចេះ​ទៅ​លក់​នៅ​វៀតណាម ទាំង​យប់​ទាំង​ថ្ងៃ​តែម្ដង»

មន្ត្រី​សង្គម​ស៊ីវិល និង​ជនជាតិ​ដើម​ភាគតិច យល់​ថា រដ្ឋាភិបាល​ហាក់​គ្មាន​សមត្ថភាព​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​ទេ ខណៈ​ដែល​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ការពារ និង​ដី​ព្រៃ​របស់​រដ្ឋ រាន​យក​ដី​អស់​រាប់ពាន់​ហិកតារ កម្រ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ចេញមុខ​ចាប់ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ដាក់ទោស​ទណ្ឌ​ដែរ។ បញ្ហា​នេះ​ជា​សញ្ញា​បង្ហាញ​ពី​ការ​កើន​ឡើង នូវ​វប្បធម៌​និទ្ទណ្ឌភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល