សហគមន៍​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ​បារម្ភ​រឿង​មាន​អ្នក​ឃុបឃិត​កាប់​ឈើ

0:00 / 0:00

មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប កំពុង​មាន​ភាព​ចម្រូងចម្រាស​គ្នា​ជាមួយ​​​ប្រធាន​ដែល​ទើប​តែ​ឡើង​​កាន់​តំណែង​ថ្មី។ បុគ្គលិក​ខ្លះ​មិន​សប្បាយ​ចិត្ត​​ជាមួយ​​ប្រធាន​ថ្មី ដោយ​ចោទ​ថា ការ​គ្រប់គ្រង​មិន​ច្បាស់លាស់ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ថ្មី​រូប​នេះ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ជាំពេន នៃ​ភូមិ​បង្កើនផល ស្រុក​រវៀង បាន​សង្ស័យ​ទៅ​លើ​មន្ត្រី​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ថា​ហាក់​ដូចជា​មាន​ការ​ឃុបឃិត​ជាមួយ​នឹង​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​អ្នក​ប្រព្រឹត្ត​បទល្មើស​កាន់តែ​បង្កើន​ការ​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ការពារ​កាន់​តែ​ខ្លាំង​ឡើងៗ។

​តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ នៃ​សហគមន៍​ជាំពេន គឺ​លោក រ៉ូ លីន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែ​កញ្ញា ថា បច្ចុប្បន្ន​ក្រុម​អ្នក​ជួញដូរ​ឈើ​ខុសច្បាប់ តែង​លួច​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ជា​ញឹកញាប់។

តំណាង​សហគមន៍​ដដែល​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា កន្លង​ទៅ ក្រុម​សហគមន៍​ធ្លាប់​បាន​ព័ទ្ធ​ចាប់​អ្នក​កាប់​ឈើ​ខុសច្បាប់​ចំនួន ៨​នាក់ ព្រមទាំង​រឹបអូស​បាន​ឈើ ៥៣​ចម្រៀក គោយន្ត​ចំនួន ២​គ្រឿង និង​អាវុធ​ស្នាតេះ ផង យក​ទៅ​ប្រគល់​ជូន​មន្ត្រី​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ក៏ប៉ុន្តែ ៣​ថ្ងៃ​ក្រោយ​មក មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វព្រៃ បាន​ដោះលែង​អ្នក​កាប់​ឈើ​ទាំង​នោះ ដោយ​មិន​បញ្ជូន​ទៅ​តុលាការ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​អ្នក​កាប់​ឈើ យក​ទៅ​ជួញដូរ​ខុស​ច្បាប់​មិន​រាងចាល ហើយ​នៅតែ​លួច​ចូល​ទៅ​កាប់​ឈើ​ស្ទើរ​តែ​រៀងរាល់​ថ្ងៃ៖ «១​ថ្ងៃ​មាន​ម៉ាស៊ីន​អារ​ឈើ ២ ឬ ១ ហើយ​ប៉ុន្មាន​នេះ គឺ​លួច​ឆ្មក់​ចូល​កាប់​រហូត។ ថ្ងៃ​នេះ​ពួក​ខ្ញុំ​កំពុងតែ​លើក​កម្លាំង​ទៅ យាម​ទាំង​យប់​ទាំង​ថ្ងៃ»

ក្រុម​សហគមន៍​បាន​សង្ស័យ​ទៅ​លើ​មន្ត្រី​ឧទ្យានុរក្ស ថា​អាច​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​ជន​ដែល​កាប់​ឈើ​ខុស​ច្បាប់ ក៏ប៉ុន្តែ​មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ បាន​បដិសេធ​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ ថា​ជា​រឿង​មិន​ពិត។

នាយ​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ លោក យ៉ាន់ ប៊ុនសឿន បដិសេធ​ថា លោក​និង​មន្ត្រី​ការពារ​ឧទ្យាន​ជាតិ មិន​បាន​ឃុបឃិត​ជាមួយ​ជន​ដែល​លួច​ចូល​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ទេ។ លោក យ៉ាន់ ប៊ុនសឿន បញ្ជាក់​ថា ជា​រៀងរាល់​ពេល គឺ​មន្ត្រី​របស់​លោក រួម​ទាំង​សមត្ថកិច្ច​ចម្រុះ តែង​សហការ​ជាមួយ​សហគមន៍​ការពារ​ព្រៃឈើ​ជាំពេន ប៉ុន្តែ​ការ​ដោះលែង​អ្នក​កាប់​ឈើ​ចំនួន ៨​នាក់​កន្លង​ទៅ គឺ​ធ្វើ​តាម​ច្បាប់ ដោយ​ផាក​ពិន័យ​យក​ប្រាក់​ជូន​រដ្ឋ៖ «អា​ហ្នឹង​មិនមែន​ដោះលែង​ដោយ​គ្មាន​មូលហេតុ​ទេ គឺ​ផាក​ពិន័យ​យក​បង់​ចូល​រដ្ឋ។ ខ្ញុំ​អម្បាញ់មិញ គឺ​ដាក់​ទាំង​កម្លាំង​ដែន​ជម្រក​សត្វព្រៃ ទាំង​កម្លាំង​ប៉ូលិស ទាហាន ទៅ​ជួយ​បង្ក្រាប​អ្នក​កាប់​ឈើ​ជាមួយ​នឹង​សហគមន៍»

ទោះ​យ៉ាង​ណា នាយ​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ថា តើ​ការ​ផាកពិន័យ​លើ​អ្នក​កាប់​ឈើ ដែល​សហគមន៍​ចាប់​មក​ប្រគល់​ឱ្យ​នោះ បាន​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ឡើយ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ អះអាង​ថា ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​នេះ គឺ​សកម្មភាព​កាប់​ឈើ​យក​ទៅ​ជួញដូរ​ខុស​ច្បាប់​នៅ​តែ​កើត​មាន​តាម​បណ្ដា​ស្រុក​ជាច្រើន​នៃ​ខេត្ត​ព្រះវិហារ មិន​មាន​ថយ​ចុះ​ទេ។

អង្គការ​ពន្លក​ខ្មែរ​ដដែល​អះអាង​ថា បើ​ទោះ​បី​ជា​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​លុបចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ​ក៏ដោយ ក៏​គេ​នៅតែ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​បាត់បង់​ព្រៃឈើ​បន្ត​ទៅ​ទៀត ពី​ព្រោះ​តែ​ព្រៃឈើ​ជាច្រើន​កន្លែង​នៃ​ខេត្ត​ព្រះវិហារ ដែល​ស្ថិត​ក្នុង​តំបន់​ការពារ នៅ​តែ​ទទួល​រង​ការ​គំរាមកំហែង ហើយ​គ្មាន​ការ​បង្ក្រាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។