"ការ​ដឹក​ឈើ​ចេញ​ពី​តំបន់​បាត​អាង​សេសាន​បន្ត​កើត​មាន​យ៉ាង​ហោច​ណាស់ ២០​យីឌុប​ក្នុង​១ថ្ងៃ"

ដោយ ហេង រស្មី
2019-02-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​អារក្ស​ឋិត​នៅភូមិ​ប៉ាដល់ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​ព្រំដែន​កម្ពុជា​វៀតណាម ដែល​សហគមន៍​ស្ទាក់​ចាប់​បាន​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៨។
បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​អារក្ស​ឋិត​នៅភូមិ​ប៉ាដល់ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​ព្រំដែន​កម្ពុជា​វៀតណាម ដែល​សហគមន៍​ស្ទាក់​ចាប់​បាន​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៨។
រូបភាព៖ ចលនា​មាតា​ធម្មជាតិ

ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ចេញពី​តំបន់​បាត​អាង នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​តែ​កើតមាន​ពេញបន្ទុក បើ​ទោះ​បី​ជា​ទំនប់​នេះ​សាងសង់​រួចរាល់​ហើយ​ក្ដី។ អ្នកភូមិ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អះអាង​ថា ស្ទើរ​រាល់​យប់ មាន​រថយន្ត​យី​ឌុប​ដឹក​ឈើ​ចាប់ពី ២០ គ្រឿង​ឡើង​ទៅ ចេញពី​ការដ្ឋាន​ក្រុមហ៊ុន​សំអាត​បាត​អាង។

ប្រជា​សហគមន៍ និង​សកម្មជន​បរិស្ថាន​បារម្ភ​ជា​ថ្មី​ទៀត ពី​អនាគត​ធនធាន​ធម្មជាតិ នៅ​ខេត្ត​ភាគ​ឦសាន និង​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ នឹង​រលាយ​ហិនហោច​នៅ​ពេល​ខ្លី​ខាងមុខ ខណៈ​បច្ចុប្បន្ន​ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ខុសច្បាប់ នៅតែ​កើតមាន​ឥត​ឈប់ឈរ។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឱ្យ​ដឹង​នៅ​ថ្ងៃទី៣ កុម្ភៈ ថា រថយន្ត​យី​ឌុប​ចាប់ពី ២០​គ្រឿង​ឡើង​ទៅ កំពុង​ប្រមូល​ឈើ​មូល​ចេញពី​ការដ្ឋាន​របស់​ក្រុមហ៊ុន​បាត​អាង ទំនងជា​ដឹក​ទៅកាន់​ប្រទេស​វៀតណាម និង​ដេប៉ូ​ទិញ​ឈើ​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ឈើ​មូល​រាប់ពាន់​ម៉ែត្រ​គូប ឋិត​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​នេះ អ្នកភូមិ​ប្រទះឃើញ​ដឹកជញ្ជូន​ចេញ​ក្រៅ នៅ​ពេល​យប់​តាម​រថយន្ត​យី​ឌុប ដោយ​ក្នុង​មួយ​គ្រឿង​អាច​ដឹក​ឈើ​ចាប់ពី ៣០​ម៉ែត្រ​គូប​ឡើង​ទៅ។ លោក​សង្កត់​ធ្ងន់ៗ​ថា អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ មាន​មន្ត្រី​អាវុធហត្ថ យាមកាម​យ៉ាង​ប្រុងប្រយ័ត្ន និង​បាន​ដាក់​រនាំង ២​ទីតាំង​ផ្សេងគ្នា នៅ​ច្រក​ផ្លូវ​ចូល​ឃុំ​ស្រែគរថ្មី ក្នុង​បំណង​បិទបាំង​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ៖ «ដឹក​ឈើ​រាល់​យប់ ដឹក​តាម​យីឌុប​មួយ​យីឌុប​ល្បាត ៣០​ម៉ែត្រ​គូប ហើយ​ក្នុង​មួយ​យប់ៗ ៥០ ទៅ ៦០ យីឌុប»

បុរស​ដដែល​សម្ដែង​ការ​សោកស្តាយ​ពី​ការ​ថយចុះ​ទំហំ​ព្រៃឈើ​ធំធេង នៅ​ខេត្ត​ភាគ​ឦសាន ដែល​ជា​ជម្រក​ធនធានធម្មជាតិ​ធំ​ជាងគេ​នៅ​កម្ពុជា ជាពិសេស​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ និង​តំបន់​ព្រៃ​សហគមន៍​ផ្សេងទៀត​នៅ​ខេត្ត​ស្ទឹងត្រែង ត្រូវ​គេ​លួច​កាប់​ឈើ​ធំៗ បន្លំ​ចូល​បាត​អាង​អស់​ស្ទើរ​ទាំងស្រុង។ រីឯ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ដែល​មាន​តួនាទី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅ​តែ​មាន​ទម្លាប់​ទទួល​សំណូក​ពី​អ្នក​ដឹកឈើ​ដដែលៗ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​អភិបាលស្រុក​សេសាន​ស្ដីទី លោក សុវណ្ណ ពិសេដ្ឋ និង​តំណាង​ក្រុមហ៊ុន​សំអាត លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៣ កុម្ភៈ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល។ រីឯ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភ័ក្ត្រា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

កន្លងទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ជា​សាធារណៈ​ទាក់ទិន​ការ​កាប់​ឈើ​ពី​ខាងក្រៅ បន្លំ​ចូល​បាត​អាង នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បិទទ្វា​ទឹក​កម្ពស់ ៧០ ម៉ែត្រ​ជា​យូរ​មក​ហើយ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ជំនាញ​ពិនិត្យ​អាជីវកម្ម​នេះ​ឡើងវិញ​៖ «ខ្ញុំ​សួរ​ហាស សារ៉េត ទៅ​ប្រមូល​បាត​អាង​អី​ទៀត បើ​បាត​អាង​សល់​ទឹក ៧០ម៉ែត្រ។ វា​មិនមែន​សម្អាត​បាត​អាង វា​ទៅ​កាប់​ឈើ​នៅ​អី​ណា​ណី ថា​សំអាត​បាត​អាង។ វារី​អគ្គិសនី​ធ្វើ​យូរហើយ នៅតែ​សំអាត​បាត​អាង​មិនទាន់​ចប់»

បើ​ទោះ​បី​ជា លោក ស ខេង ថ្លែង​បែបនេះ​ក្តី ក៏​គ្មាន​ស្ថាប័ន​ណាមួយ​អនុវត្ត​តាម​ដែរ មានន័យថា បទបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូប​នេះ គឺ​សាប​ដូច​ទឹកទន្លេ។

រីឯ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ធ្លាប់​អះអាង​ថា ការស៊ើបអង្កេត​បទល្មើស​ព្រៃឈើ នៅ​តំបន់​បាត​អាង ពុំ​មែន​ជា​ភារកិច្ច​របស់​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ។

សេចក្ដី​រាយការណ៍​សហគមន៍​ការពារ​ព្រៃឈើ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាត​អាង​បាន​ឈូស​ឆាយ​ផ្លូវ​ជា​យូរ​មក​ហើយ សម្រាប់​ដឹក​ឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ ឋិត​ក្នុងស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង និង​ស្រុក​តាវែង ខេត្ត​រតនគិរី។ អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ បាន​ធ្វើ​ឱ្យ​ឈើ​មូល​មានតម្លៃ​ត្រូវ​បាន​គេ​អារ​រំលំ រួច​ដឹក​តាម​រថយន្ត​ប៉ាកុង ចូល​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដើម្បី​បន្លំ​ជា​ឈើ​ស្របច្បាប់ បាន​កើតមាន​ច្រើន​ឆ្នាំ​មក​ហើយ។

សកម្មជន​បរិស្ថាន​ដែល​ចុះ​តាមដាន​រឿង​នេះ លោក ហេង ស្រស់ មាន​មតិ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​សមត្ថភាព​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​នោះ​ទេ ព្រោះ​មេខ្លោង​ជួញដូរ​ឈើ​ទាំងនោះ គឺជា​ឧកញ៉ា​មាន​ឥទ្ធិពល ក្នុង​របប​ក្រុងភ្នំពេញ។ លោក​ថា ដង្ហើម​ចុងក្រោយ​ដើម្បី​សង្គ្រោះ​ព្រៃឈើ​បាន​ខ្លះ មានតែ​ពលរដ្ឋ និង​កម្លាំង​យុវជន​ទេ ព្រោះ​ក្រសួង​ពាក់ព័ន្ធ​ក៏​អសមត្ថភាព​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​ឆ្លងដែន​ដែរ។ លោក​ថា បច្ចុប្បន្ន​ក៏​នៅ​មាន​ការ​ប្រមូល​ឈើ​ពី​ខាងក្រៅ​ចូល​ក្នុង​តំបន់​បាត​អាង ដើម្បី​បន្លំ​ជា​ឈើ​ស្របច្បាប់​រួច​ដឹក​ទៅ​ប្រទេស​វៀតណាម។ លោក​រកឃើញ​ថា អ្នក​មាន​អំណាច ដែល​ល្បី​ខាង​ជួញដូរ​ឈើ​ទៅ​ក្រៅ​ប្រទេស​សុទ្ធ​សឹង ជា​មន្ត្រី​របប លោក ហ៊ុន សែន និង​ជា​ឧកញ៉ា​ផង៖ «ឈើ​ហ្នឹង​ដឹក​ចេញពី​ឧទ្យាន​ជាតិ​វីរៈជ័យ ដោយ​ប្រើ​រថយន្ត​ប៉ាកុង និង​អាត្រាក់​ដោយ​ពួកគេ​ដឹក​ចេញពី​ស្រុក​សៀមប៉ាង និង​ស្រុក​តាវែង គឺ​យក​ឆ្ពោះ​ទៅ​បាត​អាង ហើយ​គេ​ដឹក​ទៅ​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ និង​អូរយ៉ាដាវ»

សកម្មជន​បរិស្ថាន​រូប​នេះ​មន្ទិល​ថា ហេតុអ្វី​បានជា លោក ហ៊ុន សែន មិន​ចាត់វិធានការ​លើ​ក្រុម​ឧក្រិដ្ឋជន​មាន​ងារ​ជា​ឧកញ៉ា ជួញដូរ​ឈើ​ដុះ​ស្លែ​ទៅ​ក្រៅ​ប្រទេស បើ​ទោះ​​បី​ជា​កន្លងទៅ លោក ធ្លាប់​ព្រមាន​ថា នឹង​ប្រើ​គ្រាប់​រ៉ុកកែត បាញ់​ឈ្មួញ​ជួញ​ដូរ​ឈើ​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល