ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ឲ្យដឹងថា បទល្មើសកាប់បំផ្លាញព្រៃឈើ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។
លោក ថា ក្រុមឈ្មួញធំៗ ដែលរកស៊ីជួញដូរព្រៃឈើ កំពុងប្រើប្រាស់រូបភាពថ្មីៗ ដោយជួលពលរដ្ឋនៅក្នុងតំបន់នីមួយៗ កាប់ព្រៃឈើ ហើយដឹកតាមគោយន្តជាច្រើនគ្រឿង ទៅលក់ឲ្យពួកគេនៅពេលយប់ ។ លោក បន្តថា ឈើមូលធំៗ ដែលដឹកតាមគោយន្ត មានប្រភេទ សុក្រំ ផ្ចឹក ត្រាវ និងឈើទាលជាដើម បានបើកឆ្លងកាត់ទីស្នាក់ការបរិស្ថាន ច្រកស្រែកិន ឆ្ពោះទៅទីរួមខេត្តកំពង់ស្ពឺ ដោយគ្មានសមត្ថកិច្ចចុះទប់ស្កាត់ឡើយ។
រាល់ពេលទទួលបានដំណឹងពីកាប់បំផ្លាញព្រៃឈើ សកម្មជនបរិស្ថានរូបនេះ តែងតែចុះទៅស្រាវជ្រាវជាមួយបុគ្គលិកម្នាក់ ហើយពេលខ្លះទៀត លោកទៅម្នាក់ឯង ដើម្បីតាមឃ្លាំមើលនិងចាប់បទល្មើសព្រៃឈើទាំងនោះ ដោយលោកមិនខ្លាចពីសុវត្ថិភាពផ្ទាល់ឡើយ ។ ក្រោយពេលប្រមូលបានភស្តុតាងរួច លោកតែងតែរាយការណ៍រឿងទាំងនោះ ប្រាប់មន្ត្រីបរិស្ថាន និងមន្ត្រីឧទ្យានរក្ស ប៉ុន្តែវិធានការ និងចំណាត់ទប់ស្កាត់បទល្មើសព្រៃពីសំណាក់មន្ត្រីថ្នាក់ក្រោម ហាក់នៅមានកម្រិតនៅឡើយ ។
លោក ជា ហ៊ាន ស្នើដល់ប្រមុខរដ្ឋាភិបាល ដាក់ចេញវិធានការទប់ស្កាត់ព្រៃឈើនេះ ប្រកបដោយប្រសិទ្ធភាព និងឲ្យទាន់ពេលវេលា បើមិនដូច្នោះទេ ព្រៃឈើក្នុងតំបន់ភ្នំក្រវាញ និងភ្នំឱរ៉ាល់ នឹងត្រូវវិនាសបាត់បង់ជាក់ជាមិនខាងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។