ការ​ដឹក​ឈើ​លើ​ខ្នង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​កក្រើក​ឡើងវិញ​អំឡុង​ពេល​ឃោសនា

0:00 / 0:00

កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ស្រុក​សេសា​ន ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុប ៥​គ្រឿង ដឹក​ឈើ​មូល​រាប់​រយ​ម៉ែត្រ​គូប​ចេញពី​ឃ្លាំង​ស្តុក​ឈើ​ក្នុង​តំបន់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ទំនង​ឆ្ពោះ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ ពួកគេ​អះអាង​ថា ជំនួញ​ឈើ​ឆ្លងដែន​ទ្រង់ទ្រាយ​ធំ​នេះ បាន​កម្រើក​ឡើងវិញ នៅ​គ្រា​ដែល​មន្ត្រី​គ្រាក់ៗ​របប លោក ហ៊ុន សែន ផ្ដោត​អារម្មណ៍​តែ​លើ​ឃោសនាបោះឆ្នោត។

ក្រុម​កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដឹង​នៅ​ថ្ងៃទី២៤ កក្កដា ថា ឃ្លាំង​ស្តុក​ឈើ រាប់ពាន់​ម៉ែត្រ​គូប​នៅ​តំបន់​បាត​អាង នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុងស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កំពុង​ត្រូវ​គេ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ជា​បណ្តើរៗ​ហើយ បើ​ទោះ​បី​ជា​មាន​លិខិត​ឲ្យ​ផ្អាក​អាជីវកម្ម​ឈើ​តំបន់​នោះ​ក្តី។

កម្មករ​ក្រុមហ៊ុន​ម្នាក់​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព បង្ហើប​ថា ជំនួញ​ឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ កំពុង​កម្រើក​ឡើងវិញ នៅ​គ្រា​ដែល​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ។ លោក​ថា ឃ្លាំង​ស្តុក​ឈើ​ពីរ​ទីតាំង​ផ្សេងគ្នា​ក្នុង​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​សមត្ថកិច្ច​យាម​យ៉ាង​តឹងតែង និង​ប្រយ័ត្នប្រយែង​បំផុត ហើយ​នៅ​ពេល​ថ្មីៗ​នេះ គេ​ឃើញ​មាន​កម្មករ​ជាច្រើន​ក្រុម​បាន​ប្រមូល​ឈើ​ទាំងនោះ ត្រៀម​ដឹក​តាម​រថយន្ត​យី​ឌុប​ចេញទៅ​ក្រៅ​ប្រទេស និង​មាន​ឮ​សំឡេង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​អារ​ច្រៀក​ឈើ​ទាំងនោះ។ លោក​ថា គំនរ​ឈើ​ទាំងនោះ​ភាគច្រើន​គេ​អារ​ច្រៀក​ជា​ជ្រុង​ដែល​មាន​មុខកាត់ ៣​តឹក​ឡើង​ទៅ ប្រវែង​ជាង ២​ម៉ែត្រ​ឡើង​ទៅ ដែល​ក្រុមហ៊ុន​បាត​អាង​បាន​ប្រមូល​ទិញ​ពី​កម្មករ ដឹកជញ្ជូន​ពី​តំបន់​ឆ្ងាយៗ តាម​ទូក រថយន្ត​បាកុង និង​គោយន្ត​ផង មក​ស្តុក​ទុកជា​បន្តបន្ទាប់៖ «វា​កក្រើក​ចាប់ផ្ដើម​តាំងពី​ម្សិលមិញ នៅ​ខាងក្រោម​ទំនប់​ក៏​ចាប់ផ្ដើម​កាប់ និង​អារ​ច្រៀក រលំ​ឮសូរ​ពេញ​ព្រៃ​ទៀតហើយ។ បទល្មើស​វា​មិន​ស្រាក​ទេ បទល្មើស​នៅតែ​ឃុបឃិត​គ្នា​ដឹក​ចេញ​ជា​ប្រព័ន្ធ​ទៅ​ហើយ»។

បុរស​ដដែល​បន្ថែម​ថា ជំនួញ​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ គឺ​រូបភាព​បំផ្លាញ​ធនធានធម្មជាតិ​ជា​ប្រវត្តិសាស្ត្រ​នៅ​ខេត្ត​ភាគ​ឦសាន ដោយមាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង និង​ថ្នាក់​ជាតិ។ លោក​ថា រយៈពេល ៥​ឆ្នាំ​កន្លងទៅ អាជ្ញាធរ​បាន​យក​លេស​សំអាត​បាត​អាង ដោយ​ដឹក​ឈើ​ពី​ខាងក្រៅ​បន្លំ​ជា​ឈើ​ស្រប​ច្បាប់​រូច​ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដែល​មាន​មន្ត្រី​ពាក់ព័ន្ធ​ឃុបឃិត​គ្នា​ជា​ចង្កោម។ ឈើ​ទាំងនោះ គឺ​ក្រុម​កម្មករ​ដឹក​ពី ឧទ្យាន​ជាតិ​វីរ​ជ័យ​ខេត្ត​ស្ទឹងត្រែង និង​តំបន់​ព្រៃស្រោង​ផ្សេងទៀត​ក្នុងស្រុក​សេសាន និង​ស្រុក​សៀមប៉ាង៖ «ការ​កាប់​បំផ្លាញ​ឮ​សូរ​ម៉ាស៊ីន​ត្រង់ស៊ីន័រ​មាន​ច្រើន​កន្លែង ហើយ​ការ​ចរាចរ​ឈើ​បណ្ដើរ​អាច​វា​កក្រើក​ឡើង​វិញ»។

កាលពី​ថ្ងៃ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៊ុយ អ៊ុយ បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ដឹក​ជញ្ជូន​ឈើ ក្នុង​តំបន់​បាត​អាង​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​ផ្អាក​ការ​ឈូស​ឆាយ​សំអាត​ទីតាំង​គម្រោង​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច រហូត​ដល់​បោះឆ្នោត​ជា​សកល​រួច។

សាឡង់​អូស​ឈើ​បណ្ដែត​ទឹក​នៅ​ទន្លេ​ស្រែពក ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
សាឡង់​អូស​ឈើ​បណ្ដែត​ទឹក​នៅ​ទន្លេ​ស្រែពក ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ (រូប​សហគមន៍ស្រែគរ)

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី២៤ កក្កដា។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា អង្កេត​ឃើញ​ថា លិខិត​បទដ្ឋាន​ថ្នាក់​ជាតិ​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ដឹកជញ្ជូន​ឈើ​នៅ​តំបន់​នោះ ក៏ប៉ុន្តែ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន មាន​ន័យ​ថា អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ ការអនុវត្ត​លិខិត​ថ្នាក់​ជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ លោក​យល់ថា ថ្នាក់​ជាតិ​គួរ​តែ​តាមដាន​ការអនុវត្ត​ខ្លឹមសារ​លិខិត​ទាំង​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ពី​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ៖ «ក្នុង​ចំណុច​នេះ​ដែរ លិខិត​ថ្នាក់​ជាតិ​មាន​ច្រើន​ដែរ រឿង​វិវាទ​ដីធ្លី​ជាដើម និង​ការ​ចេញ​លិខិត​ផ្អាក​មិន​ឲ្យ​ចេញ​លិខិត តែ​នៅតែ​មាន​បន្ត។ ថ្នាក់​ជាតិ​មិន​តាមដាន​លិខិត​ហ្នឹង វា​បង្ហាញ​ពី​ការ​កម្សោយ​លើ​ការគ្រប់គ្រង​ថ្នាក់​ជាតិ​ដល់​ថ្នាក់ក្រោម​ជាតិ»។

មក​ទល់​ពេល​នេះ ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ត្រូវ​បាន​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ស្តុក​ទឹក​បំពេញ​តួប៊ីន​អស់ទាំង​ស្រុង ដើម្បី​ផលិត​ថាមពល​វារីអគ្គិសនី រយៈពេល​ជិត ១​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ក្រុមហ៊ុន នៅតែ​ប្រមូល​ឈើ​មូល រាប់​រយ​ម៉ែត្រ​គូប​ធ្វើ​អាជីវកម្ម។ ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associates Lawyer Co., Ltd) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង តាំងពី​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ យក​លេស​សំអាត​បាត​អាង បន្លំ​ជា​ឈើ​ស្របច្បាប់ អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ គ្មាន​អាជ្ញាធរ​ណា​ចុះ​អនុវត្ត​ច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។