ពលរដ្ឋ​នៅ​ត្បូងឃ្មុំ​នៅ​តែ​បារម្ភ​ចំពោះ​សកម្មភាព​ដឹក​ឈើ​ប្រណីត​ឆ្លង​ដែន​ទៅ​វៀតណាម

ដោយ​ សូត សុខប្រាថ្នា
2015-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​ឈើ​បម្រុង​ឆ្លង​ដែន​ទៅ​វៀតណាម ក្រឡាប់​នៅ​ឃុំ​ទ្រៀក ក្បែរ​ច្រក​ព្រំដែន​ដូនរ័ត្ន ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៥។
រថយន្ត​ដឹក​ឈើ​បម្រុង​ឆ្លង​ដែន​ទៅ​វៀតណាម ក្រឡាប់​នៅ​ឃុំ​ទ្រៀក ក្បែរ​ច្រក​ព្រំដែន​ដូនរ័ត្ន ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Saut Sokprathna

ឡាន​ដឹក​ឈើ​ប្រណីត​ចំនួន​ពីរ​គ្រឿង បាន​ក្រឡាប់​នៅ​ចំណុច​ពីរ​ផ្សេង​គ្នា​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ពួកគេ​បម្រុង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម កាល​ពី​យប់​ថ្ងៃ​ទី​២៦ និង​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា។ ពលរដ្ឋ​ដែល​តាម​ដាន​សកម្មភាព​នោះ​យល់​ថា អាជ្ញាធរ​ក្ដី មន្ត្រី​ជំនាញ​ក្ដី បាន​ត្រឹម​ទៅ​កត់​កំណត់ហេតុ ប៉ុន្តែ​មិន​អាច​ចាត់​វិធានការ​ទប់ស្កាត់​បាន។ បញ្ហា​នេះ​ពលរដ្ឋ​បារម្ភ​ថា មិន​យូរ​ទេ​ព្រៃឈើ​ទាំង​មូល​នឹង​ហិនហោច​ក្នុង​ពេល​ឆាប់ៗ មិន​ខាន​ឡើយ។

មន្ត្រី​អាជ្ញាធរ​ឱ្យ​ដឹង​ថា ករណី​រថយន្ត​មួយ​គ្រឿង​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​សុក្រំ ក្រឡាប់​នៅ​ក្បែរ​ទីប្រជុំជន​ផ្សារ​មេមត់ ក្នុង​ឃុំ​ត្រមូង គឺ​បណ្ដាល​ឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ ក្នុង​នោះ​អ្នក​បើកបរ​ម្នាក់ និង​ជំនួយការ ឬ​ព្រូឡាន​ម្នាក់ ប៉ុន្តែ​ករណី​រថយន្ត​ដឹក​ឈើ​ប្រណីត​ក្រឡាប់​មួយ​គ្រឿង​ទៀត​នៅ​ចំណុច​ឃុំ​ទ្រៀក ខាង​សមត្ថកិច្ច​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​នៅ​ឡើយ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា។

អធិការ​នគរបាល​ស្រុក​មេមត់ លោក ហុង គីមហឿន មាន​ប្រសាសន៍​ថា ពួក​លោក​កំពុង​ស្វែងរក​ម្ចាស់​រថយន្ត​ដឹក​ឈើ​ប្រភេទ​សុក្រំ​មួយ​គ្រឿង ដែល​បាន​ក្រឡាប់​នៅ​វេលា​ម៉ោង​ប្រមាណ ៩​យប់ ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា នៅ​ជិត​ផ្សារ​មេមត់ ពីព្រោះ​អ្នក​ស្លាប់​ទាំង​ពីរ​នាក់​នៅ​ក្នុង​រថយន្ត​គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ។ បន្ថែម​ពី​នេះ សមត្ថកិច្ច ព្រមទាំង​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​កំពុង​ប្រមូល​យក​រថយន្ត និង​ឈើ​ចេញ​ពី​តំបន់​កើត​ហេតុ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរ៖ «ខាង​នគរបាល​ខ្ញុំ​ចង់​ក្រង​សំណុំ​រឿង​តាម​នីតិវិធី ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍។ ការ​ស៊ើប​អង្កេត​គឺ​ខាង​រដ្ឋបាល​ព្រៃឈើ»

អធិការ​ស្រុក​ដដែល​បន្ថែម​ថា គេ​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​ឈើ​នោះ​ប្រាកដ​ទេ ម្យ៉ាង​ថៅកែ​ឈើ​ក៏​មិន​បាន​ដឹង​ថា ជា​នរណា​ដែរ ប៉ុន្តែ​លោក​ថា សកម្មភាព​ដឹក​ឈើ​នោះ​អាច​មាន​លិខិត​អនុញ្ញាត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ទៅ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

យ៉ាង​ណា​ប្រជាពលរដ្ឋ​ដែល​តាមដាន​ករណី​រថយន្ត​ដឹក​ឈើ​ប្រណីត​ក្រឡាប់​នេះ លោក ឈុន វុត្ថា មាន​ប្រសាសន៍​ថា រថយន្ត​ដឹក​ឈើ​ដែល​ក្រឡាប់​ទាំង​នោះ អាច​មាន​ទំហំ​ឈើ​ក្នុង​មួយ​ឡាន​ប្រមាណ ៥០​ម៉ែត្រ​គីប។ លោក​បន្ត​ថា រថយន្ត​ដឹក​ឈើ​ទាំង​នោះ​អាច​ជា​របស់​អ្នក​មាន​អំណាច។ ជាក់ស្តែង​រថយន្ត​មួយ​គ្រឿង​ទៅ​ស្ទូច​ឈើ​ចេញ​ពី​រថយន្ត​ដែល​ក្រឡាប់​នៅ​ឃុំ​ទ្រៀក ក្បែរ​ច្រក​ព្រំដែន​ដូនរ័ត្ន​បម្រុង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​មាន​ដាក់​ឈ្មោះ​ថា ក្រុមហ៊ុន​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ដែល​ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ជា​មនុស្ស​ល្បីល្បាញ​ខាង​រក​ស៊ី​ឈើ​ប្រណីត​នៅ​ស្រុក​ខ្មែរ​ទៀត​ផង។

លោក​បញ្ជាក់​ថា មិន​មែន​មាន​តែ​រថយន្ត​ពីរ​គ្រឿង​នេះ​ទេ ប៉ុន្តែ​មាន​រថយន្ត​ម៉ាក់​យីឌុប​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត​បន្ត​ដឹក​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ជា​រៀងរាល់​ថ្ងៃ ហើយ​ឈើ​ទាំង​នោះ​អាច​ដឹក​មក​ពី​ខេត្ត​មណ្ឌលគិរី ឬ​រតនគិរី៖ «សុំ​ឱ្យ​គាត់​ចាត់​វិធានការ​មក​ដើម្បី​ឱ្យ​វាសនា​កូន​ខ្មែរ​បាន​ស្គាល់​ឈើ​ប្រណីត​អី​ផង»

ករណី​រថយន្ត​ដឹក​ឈើ​ក្រឡាប់​នៅ​ស្រុក​មេមត់ តែង​កើត​មាន​ជា​ហូរហែ ប៉ុន្តែ​ឡាន​នៅ​តែ​ក្រឡាប់ រី​ឯ​​ឈើ​នៅ​តែ​អាច​បន្ត​ដំណើរ​បាន​ទៅ​ដល់​គោលដៅ​ដដែល។ ដោយ​ឡែក​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​បាន​ត្រឹម​បញ្ជាក់​ថា ឈើ​ទាំង​នោះ​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ បើ​ទោះ​បី​ជា​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​រឿង​ព្រៃឈើ​ធ្លាប់​អះអាង​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​រដ្ឋ​អនុញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្ម​ឈើ​ឡើយ ក្រៅ​ពី​តែ​ក្រុមហ៊ុន​លោក ទ្រី ភាព ដែល​រដ្ឋ​ផ្ដល់​សិទ្ធិ​ជូន ប៉ុន្តែ​ចំពោះ​ឈើ​ដែល​មន្ត្រី​ជំនាញ​ចាប់​បាន​ហើយ​ដាក់​ដេញ​ថ្លៃ​ប៉ុណ្ណោះ។

យ៉ាង​ណា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន ដែល​បាន​តាមដាន​​ករណី​នេះ​មើល​ឃើញ​ថា ដោយសារ​របរ​រក​ស៊ី​ឈើ​ប្រណីត​ឆ្លង​ដែន គឺ​ធ្វើ​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ ដោយ​មាន​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយ ដូច្នេះ ឋានៈ​ត្រឹម​អាជ្ញាធរ ស្រុក ឬ ខេត្ត មិន​អាច​ធ្វើ​អ្វី​បាន​ទេ។

លោក​តែងតែ​រាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត អំពី​សកម្មភាព​ចរាចរណ៍​ឈើ​នៅ​ស្រុក​មេមត់ ពីព្រោះ​សកម្មភាព​ទាំង​នោះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ៖ «ទី​មួយ​ខូច​ផ្លូវ ផ្លូវ​លំ​យើង។ ទី​ពីរ​ឡាន​ឈើ​គាត់​បើក​លឿន​ណាស់ តាម​របៀប​ភ័យ​ខ្លាច ធ្វើ​មាន​គ្រោះថ្នាក់​ចរាចរណ៍»

ច្បាប់​ព្រៃ​ឈើ ឆ្នាំ​២០០២ ជំពូក​ទី​១៥ ស្តីពី​បទល្មើស​ព្រៃ​ឈើ​និង​ទោសបញ្ញត្តិ មាត្រា​៩៣ បញ្ជាក់​ថា បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ។ បទល្មើស​ថ្នាក់​ទី​២​វិញ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ ១០០​លាន​រៀល។ ដោយ​ឡែក​បទល្មើស​ថ្នាក់​ទី​៣ ត្រូវ​ជាប់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ ឬ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ១០​លាន​រៀល និង​ត្រូវ​រឹប​អូស​វត្ថុ​តាង​ទុក​ជា​សម្បត្តិ​រដ្ឋ​ដូចៗ​គ្នា។

យ៉ាង​ណា​ច្បាប់​នៅ​តែ​លើ​ក្រដាស ឈើ​ប្រណីត​ក្នុង​ព្រៃ​ចេះ​តែ​វិនាស រី​ឯ​អ្នក​ការពារ​ព្រៃឈើ​សកម្ម​បាន​ត្រឹម​រត់​ចោល​ផ្ទះសម្បែង ឬ​ក៏​ត្រូវ​ស្លាប់​ប៉ុណ្ណោះ។ ចំណែក​របាយការណ៍​អង្គការ​បរទេស​ខ្លះ​ស្តីពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ដែល​មាន​ភស្តុតាង​ច្បាស់លាស់​យ៉ាង​ណា​ក៏ដោយ គឺ​បាន​ត្រឹមតែ​រាជរដ្ឋាភិបាល​ទាត់​ចោល​​ ព្រម​ទាំង​បណ្ដេញ​មិន​ឱ្យ​អង្គការ​ទាំង​នោះ​មាន​វត្តមាន​នៅ​​ស្រុក​ខ្មែរ​ទៀត​ផង ​តួយ៉ាង​ដូចជា អង្គការ គ្លបល វីនេស (Global Witness ) ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Richard

ពី Modesto, CA USA

ផ្ទះខ្មែរទ្វើអំពីមែកឈើមែកព្រៃសេសសល់រិ អែឈើប្រណិតវិញកាប់បំផ្លាញដឹកលក់អោយគេអស់គួរអោយស្តាយណាស់ពីព្រោះតែមេដឹករបៀបជនប្តាច់កាហ៊ុនសែនគ្មានសម្មាត្តភាព។

Nov 28, 2015 07:54 AM

គេហទំព័រ​ទាំងមូល