ការ​អនុវត្ត​ច្បាប់​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​ព្រះវិហារ​រង​ការ​រិះគន់​ថា គ្មាន​តម្លាភាព

សកម្មជន​បរិស្ថាន និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​តំបន់​ភ្នំ​លុង នៃ​ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ អះអាង​ថា ការ​ចុះ​អនុវត្ត​ច្បាប់​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ របស់​អាជ្ញាធរ​ខេត្ត​នេះ និង​ក្រសួង​រ៉ែ និង​ថាមពល ធ្វើឡើង​ពុំ​មាន​តម្លាភាព​នោះ​ទេ។ ពួកគេ​មើល​ឃើញ​ថា ក្រុមហ៊ុន​រ៉ែ​មាស​ណា មាន​ខ្នង​បង្កែក​អ្នក​មាន​អំណាច និង​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​របប​ក្រុងភ្នំពេញ គឺ​អាជ្ញាធរ​ជំនាញ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​នោះ​ទេ បើ​ទោះ​ជា​ក្រុមហ៊ុន​ទាំងនោះ ធ្វើ​អាជីវកម្ម​ខុសច្បាប់​បែប​ណា​ក៏​ដោយ។

សកម្មជន​បរិស្ថាន និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​នៅ​ថ្ងៃទី១៨ មករា​ថា ថ្មីៗ​នេះ អាជ្ញាធរ​ស្រុក​រវៀង និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល បាន​ចុះ​បិទ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ជាង ១០​កន្លែង ឋិត​នៅ​តំបន់​ភ្នំ​លុង និង​តំបន់​ផ្សេងទៀត​នៃ​ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ។ ពួកគេ​អះអាង​ថា ការ​ចុះ​រុះរើ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ចំពោះ​ទីតាំង​រ៉ែ​មាស​ខុសច្បាប់​ទាំងនោះ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ អនុវត្ត​បានតែ​ចំពោះ​ពលរដ្ឋ​ទន់ខ្សោយ​ប៉ុណ្ណោះ។

សហគមន៍​រស់នៅ​តំបន់​រំដេង នៃ​ឃុំ​រម្យទម ស្រុក​រវៀង លោក ពុយ ឆេង សង្កេត​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​អាជីវកម្ម​រ៉ែ​មាស របស់​អាជ្ញាធរ​ស្រុក និង​ស្ថាប័ន​ជំនាញ គ្មាន​តម្លាភាព​នោះ​ទេ ខណៈ​ពលរដ្ឋ​ទន់ខ្សោយ​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ក៏ប៉ុន្តែ​បើ​ក្រុមហ៊ុន​ចិន និង វៀតណាម​មាន​ខ្នងបង្អែក​អ្នក​មាន​ឥទ្ធិពល មិន​ត្រូវ​បាន​អាជ្ញាធរ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​នោះ​ទេ​៖ «បើ​គិត​ទៅ គ្មាន​តម្លាភាព​ទេ ធ្វើ​បាន​តែ​ពលរដ្ឋ​តូចតាច ដល់​ពេល​អាជីវកម្ម​ធំ​គេ​មិន​អនុវត្ត​ច្បាប់។ ពេលខ្លះ​អ្នក​មាន​អំណាច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស គេ​បញ្ឈប់​បាន​តែមួយ​ភ្លែត ក្រោយមក​គេ​ដំណើរការ​ធម្មតា​វិញ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង មេឃុំ​រម្យទម លោក សោម មុត និង​អភិបាលស្រុក​រវៀង លោក ហោ ប៊ុនហ៊ួ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី១៨ មករា។

តែ​ទោះ​យ៉ាងណា អភិបាលស្រុក​រវៀង លោក ហោ ហ៊ុនហ៊ួ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា អាជ្ញាធរ​បាន​ណែនាំ​ពលរដ្ឋ និង​ក្រុម​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ ធ្វើ​កិច្ចសន្យា​ឱ្យ​រុះរើ​ម៉ាស៊ីន និង​សម្ភារ​ប្រកប​អាជីវកម្ម​រ៉ែ​មាស​ចេញពី​ទីតាំង​កំពុង​ជីក​ឱ្យ​រួចរាល់​នៅ​ថ្ងៃទី១៦ មករា។ លោក​ព្រមាន​ថា សមត្ថកិច្ច​នឹង​មាន​វិធានការ​ក្ដៅ ដោយ​ដកហូត​សម្ភារ​ទាំងនោះ​ទុកជា​សម្បត្តិ​រដ្ឋ​ប្រសិនបើ​ម្ចាស់​អាជីវកម្ម​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស់ មុនីរ៉ាត់ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃទី១៨ មករា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។ តែ​យ៉ាងណា​លោក​ស្នើ​ឱ្យ​អាស៊ីសេរី តាំង​សំនួរ​ជា​លាយលក្ខណ៍អក្សរ​ផ្ញើ​មក​ក្រសួង​រ៉ែ និង​ថាមពល​រដ្ឋ ដើម្បី​ឱ្យ​ក្រុមការងារ​លោក​បំភ្លឺ៖ «ខ្ញុំ​កំពុង​ជាប់រវល់​ប្រជុំ សូម​ធ្វើ​លាយលក្ខណ៍អក្សរ​ផ្ញើ​មក​ខ្ញុំ​តិច​មក។ សូម​ដាក់​សំណួរ​ជា​លាក់​លក្ខណ៍​អក្សរ​មក​ខ្ញុំ​បន្តិច​។ ខ្ញុំ​នឹង​ចាត់ការ​ឱ្យ​ក្មេង​បំភ្លឺ​ជូន»។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) អះអាង​ថា ក្រុមហ៊ុន​រ៉ែ​មាស​ទាំងឡាយ​ណា ដែល​មិន​សូកប៉ាន់​អ្នក​មាន​អំណាច​កំពូល នឹង​ប្រឈម​មុខ​ផ្លូវច្បាប់ ក៏​ប៉ុន្តែ បើ​ក្រុមហ៊ុន​រ៉ែ​មាស​ទាំងនោះ មាន​ខ្នងបង្អែក​គ្រួសារ​ត្រកូល​ហ៊ុន និង​មន្ត្រី​យោធា​ជាន់ខ្ពស់ គឺ​អាជ្ញាធរ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​នោះ​ទេ បើទោះបីជា​ក្រុមហ៊ុន​ទាំងនោះ ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ធ្ងន់ធ្ងរ​ក្ដី៖ «មាន​ការ​រិះគន់​ពី​វិទ្យុជាតិ និង​អន្តរជាតិ មាន​ពលរដ្ឋ​មូលដ្ឋាន និង​សកម្មជន​បរិស្ថាន​និយាយ​ពី​ស្ថានភាព​នៅ​ទីនោះ គាត់​បញ្ជា​ឱ្យ​ក្រសួង​រ៉ែ និង ថាមពល បង្ក្រាប​បែប​ល្ខោន​លើ​ប្រជាជន​មូលដ្ឋាន ឬ​ក្រុមហ៊ុន​ណាមួយ​មិន​មាន​ខ្នង​ក្រាស់​។ ក្រុមហ៊ុន​ណា ដែល​មាន​ខ្នង​ក្រាស់ ឬ​គ្រួសារ​ត្រកូល​ហ៊ុន គេ​មិន​បិទ​ទេ បើ​ទោះ​ជា ធ្វើ​សកម្មភាព​ប៉ះពាល់​បរិស្ថាន និង សង្គម​បែប​ណា​ក្ដី»។

សកម្មជន​បរិស្ថាន​រូប​នេះ បន្ថែម​ថា អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​ភ្នំ​លុង និង​តំបន់​ផ្សេងទៀត នៃ​ស្រុក​រវៀង កំពុង​ឋិត​ក្នុង​ភាព​អាថ៌កំបាំង និង​គ្មាន​តម្លាភាព ដើម្បី​ងាយស្រួល​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត។ លោក​សន្និដ្ឋាន​ថា ក្រៅពី​ក្រសួង​រ៉ែ និង​ថាមពល​រដ្ឋ រួម​ទាំង​អ្នក​អំណាច​កំពូល​ក្នុង​របប​លោក ហ៊ុន សែន គឺ​ពុំ​មាន​នរណា​ដឹង​ពី​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​ធំ នៅ​ភ្នំ​លុង ខេត្ត​ព្រះវិហារ នោះ​ទេ។ លើស​ពី​នេះ ប្រសិនបើ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ណា ហ៊ាន​ចេញមុខ​សួរនាំ​រឿង​នេះ នឹង​ទទួលរង​ការ​គំរាមកំហែង។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​រាយការណ៍​ថា អ្នក​មាន​អំណាច​មួយ​ចំនួន ក្នុង​របប​លោក ហ៊ុន សែន បាន​កាង​អាជីវកម្ម​រ៉ែ​មាស​ជាច្រើន​កន្លែង​នៅ​តំបន់​នោះ ក្នុង​នោះ​លោក ហ៊ីង ប៊ុនហៀង ក៏​ចេញមុខ​កាង​អាជីវកម្ម​រ៉ែ មាស​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ឌែលខាម ( DELCOM )​។ លើស​ពី​នេះ​មាន​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម​ជាច្រើន​ទៀត​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​ប្រើ​កម្លាំង​កម្មករ​រាប់​សិប​នាក់​កំពុង​ធ្វើ​សកម្មភាព​ខូង​យក​រ៉ែ​មាស​ជម្រៅ​រាប់​រយ​ម៉ែត្រ និង​បំផ្ទុះ​រំសេវ​ទាំង​យប់​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។