ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហាររកឃើញបទល្មើសអារឈើថ្មី ក្នុងព្រៃព្រះរកា ជិត២រយករណី។ ពួកគាត់ថា សកម្មភាពនេះពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។ សកម្មជនបរិស្ថានថា បញ្ហានេះពុំពិបាកដោះស្រាយទេ បើសិនកម្ពុជាលុបបំបាត់អំពើពុករលួយជាប្រព័ន្ធ រវាងអាជ្ញាធរ និងជនល្មើស។
ប្រជាសហគមន៍ជនជាតិដើមភាគកួយនៅស្រុកត្បែងមានជ័យខេត្តព្រះវិហារ បានចុះល្បាតនៅក្នុងព្រៃព្រះរកា អស់រយៈពេល៣យប់ បួនថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមីនា ហើយរកឃើញបទល្មើសអារឈើជិត ២០០ករណី (១៩៨ដើម) ដែលក្រុមជនល្មើសអារផ្ដួលពាសពេញដី។ ពលរដ្ឋទទូចឱ្យមន្ត្រីអាជ្ញាធរគួរតែចុះបង្ក្រាបបទល្មើសទាំងនោះឱ្យបានឆាប់ បើពុំនោះទេ ព្រៃឈើនឹងហិនហោច។
ប្រជាសហគមន៍ឱ្យដឹងថា បទល្មើសអារឈើនៅតំបន់ព្រៃព្រះរកា ពុំមានការស្រាកស្រាន្តជាងមុននោះទេ ពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលបទល្មើស ប្រជាសហគមន៍នៅតែបន្តរកឃើញ ជិត ២០០ករណី នៅក្នុងនោះ មានក្តារបន្ទះមិនទាន់ដឹកចេញជាង ១៧៥បន្ទះ គ្រឿងសសរ ២៧ដើម និងឈើតាប់ ១៦សន្លឹក។ ពលរដ្ឋអះអាងថា ឈើទាំងនោះត្រូវបានជនល្មើសដឹកចេញជាបន្តបន្ទាប់ ទាំងយប់ទាំងថ្ងៃ ដោយពុំមានការភ័យខ្លាចអាជ្ញាធរនោះឡើយ។
ប្រជាពលរដ្ឋរស់នៅភូមិប្រមេរ ស្រុកត្បែងមានជ័យ លោក ងន ហ៊ីម ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែមេសា ថា លោកមានការសោកស្ដាយជាខ្លាំង នៅពេលដែលរកឃើញបទល្មើសអារឈើជាបន្តបន្ទាប់ ដោយពុំមានមន្ត្រីអាជ្ញាធរណាចុះបង្ក្រាបសោះ។ លោកបន្តថា ព្រៃអភិរក្សមួយនេះ នឹងហិនហោច បើសិនជាសកម្មភាពកាប់ឈើទាំងថ្ងៃទាំងយប់ ដូចបច្ចុប្បន្ននេះ។
លោក ងន ហ៊ីម៖ «យើងមានការសោកស្ដាយជាខ្លាំងដែលព្រៃនៅតំបន់ការពារវាមិនសម នឹងគួរមានរូបភាពបែបនេះ នៅពេលយើងទៅដល់ឃើញដើរឈើ ឈើទាល ឈើដេកដួលពេញព្រៃយ៉ាងអាណោចអាធម៌ រហូតដល់មានការដុតបំផ្លាញភស្តុតាង ដែលជារឿងគួរឱ្យសោកស្ដាយ ដែលសហគមន៍យើងមិនដែលគិតថាគេធ្វើដល់ថ្នាក់នេះ»។
ប្រជាសហគមន៍ឱ្យដឹងថា ឈើដែលត្រូវបានកាប់បំផ្លាញមានមុខកាត់ចាប់ពី ៥០សង់ទីម៉ែត្រ (៥តឹក) ដល់ ៣០០សង់ទីម៉ែត្រ (៣ម៉ែត្រ) ដែលជាប្រភេទឈើមានតម្លៃខ្ពស់ ដូចជា ឈើពពេល ផ្ដៀក ស្ទៀង កកោះ តាត្រាវ និងឈើទាល គឺសុទ្ធសឹងតែជា ឈើដែលសហគមន៍ទាញយកអនុផលជ័រច្បោះ។
សកម្មភាពអារឈើរបស់ជនល្មើសនៅផែនជម្រកសត្វព្រៃព្រះរកានេះ ជនល្មើសភាគច្រើន នាំគ្នាទៅបោះតង់ រស់នៅក្នុងព្រៃ ២ខែ ទៅ ៣ខែ ដើម្បីដេកចាំអារឈើ ចំណែកសំឡេងរណាអារវិញ ឮពេញព្រៃ។ ករណីនេះ ពលរដ្ឋអះអាងថា បើសិនជាមន្ត្រីបរិស្ថានចង់ចុះបង្ក្រាប មិនពិបាករកនោះឡើយ ខណៈបទល្មើសអារឈើធ្វើឡើយដោយបើកចំហ។ ដោយឡែកនៅក្នុងភូមិឯណោះវិញ ពលរដ្ឋឃើញមានគោរយន្តដឹកឈើទាំងថ្ងៃទាំងយប់ ដោយពុំមានអាជ្ញាធរចុះចាប់។
លោក ងន ហ៊ីម លើកឡើងថា ទោះបីជាប្រជាសហគមន៍តែងតែចេញរបាយការណ៍ រកឃើញបទល្មើសជាហូរហែ ប៉ុន្តែពុំដែលឃើញអាជ្ញាធរណាឃាត់ខ្លួនជនល្មើសទាំងនោះឡើយ។ ផ្ទុយទៅវិញ ពលរដ្ឋដែលបង្ហាញពីបទល្មើស បែរជាត្រូវអាជ្ញាធរចោទប្រកាន់ថា ជាក្រុមញុះញង់ ផ្សព្វផ្សាយព័ត៌មានមិនពិត។
លោក ងន ហ៊ីម៖ «បើសិនជាមន្ត្រីដែលពុករលួយរដ្ឋត្រូវតែដកចេញ ហើយបើសិនជាមន្ត្រីគាត់មិនមានឆន្ទៈ ឬក៏មិនមានសមត្ថភាពក្នុងការដោះស្រាយ ឬការពារព្រៃឈើទេ ខ្ញុំគិតថាគួរតែចុះចេញពីតំណែងទៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា និងប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ លោក សុង ចន្ទសុជាតិ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១ ខែមេសា ដោយសារហៅទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
ព្រៃអភិរក្សសត្វព្រៃ ព្រះរកា គឺកន្លែងដែលប្រជាសហគមន៍ជនជាតិដើមភាគតិចកួយរាប់ពាន់គ្រួសារ អាស្រ័យអនុផលព្រៃឈើ តាមរយៈការប្រមូលជ័រទឹក បេះផ្លែឈើ ប្រមូលទឹកឃ្មុំ យកមកលក់ ដើម្បីបានថវិកាខ្លះចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ក៏ប៉ុន្តែជិត ៥ឆ្នាំមកនេះ បទល្មើសអារឈើកាន់តែកើនឡើង ហើយមន្ត្រីអាជ្ញាធរក៏រឹតត្បិតពលរដ្ឋ និងសង្គមស៊ីវិល មិនឱ្យចុះល្បាតថែមទៀត ដែលធ្វើឱ្យពួកគាត់បារម្ភពីការបាត់បង់មុខរបរទាំងនោះក្នុងពេលឆាប់ៗ។
ជុំវិញរឿងនេះ សកម្មជនបរិស្ថាន ដែលតែងចុះល្បាតនៅតំបន់ព្រៃព្រះរកាជាញឹកញាប់ដែរនោះ លោក សាន់ ម៉ាឡា មើលឃើញថា បទល្មើសអារឈើនៅតំបន់ព្រៃព្រះរកានេះ ពុំមែនជារឿងថ្មីនោះទេ ដោយសារតែការអារឈើ កើតមានស្ទើររាល់ថ្ងៃ។ លោកបន្តថា ករណីនេះ បើអាជ្ញាធរពាក់ព័ន្ធមានឆន្ទៈក្នុងការទប់ស្កាត់ពិតប្រាកដ មិនពិបាកនោះឡើយ ដោយគ្រាន់តែបើសិទ្ធិសេរីភាពជូនពលរដ្ឋអាចចុះល្បាតព្រៃដូចមុន និងលុបបំបាត់អំពើពុករលួយជាប្រព័ន្ធ រវាងជនល្មើស និងមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាន។
លោក សាន់ ម៉ាឡា៖ «សម្រាប់ខ្ញុំមានតែបើកទូលាយឱ្យមានការចូលរួមពីសំណាកអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋានទេ ដែលជាមធ្យោបាយល្អប្រសើរនៅក្នុងការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាធានាថា ពុំមានការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធជាពិសេស គឺធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបញ្ឈប់នូវបទល្មើសគ្រប់ទម្រង់ទាំងអស់នៅក្នុងតំបន់ការពារ»។
អ្នកឃ្លាំមើលបញ្ហាព្រៃឈើសង្កេតឃើញថា ការមិនអើពើរបស់មន្ត្រីពាក់ព័ន្ធ រួមនឹងរដ្ឋាភិបាល លោកហ៊ុន សែន ជុំវិញការទប់ស្កាត់បទល្មើសអារឈើនៅតំបន់ព្រៃអភិរក្ស ដូចជាព្រៃឡង់ និងព្រៃព្រះរកាជាដើមនេះ នឹងធ្វើកម្ពុជារងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ពាក់ព័ន្ធបញ្ហាបម្រែបម្រួលអាកាសធាតុ តាមរយៈការឡើងកម្ដៅខ្លាំង និងមានខ្យល់ព្យុះដែលធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ។ ជុំវិញនេះរឿង លោក ហ៊ុន សែន មិនត្រឹមតែពុំមានវិធានការទប់ស្កាត់បទល្មើសអារឈើនោះទេ លោកថែមទាំងគំរាមលើបុគ្គលណាដែលរិះគន់ ពីបញ្ហាបាត់បង់ព្រៃឈើផងដែរ។
របាយការណ៍អង្កេតលើកទី២ របស់ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យកូពែនហេហ្គែន (Copenhagen) នៃប្រទេសដាណឺម៉ាក (Denmark) ចេញផ្សាយកាលពីថ្មីៗ នេះ បង្ហាញថា កម្ពុជាបានបាត់បង់ព្រៃឈើជាង ១៤ម៉ឺនហិកតារ (១៤៤.០០០) កាលពីឆ្នាំ២០២០។ ក្នុងនោះ ការបាត់បង់គម្របព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់បានកើនឡើង ២២% ព្រៃព្រះរកាកើនឡើង ៤៣% និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នចំនួន ៤៧%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។