ប្រជាពលរដ្ឋ និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ គណបក្សប្រឆាំង បារម្ភថា ការសម្រេចរបស់អាជ្ញាធរខេត្ត ដោយយល់ព្រមវិនិយោគបឹងសាធារណៈ ឱ្យឯកជន នឹងអាច បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងអាចប៉ះពាល់ដល់បរិស្ថានទៀតផង។ ការលើកឡើងនេះ បន្ទាប់មានកិច្ចប្រជុំសម្រេចពីសមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីស្នើទៅរាជរដ្ឋាភិបាល ដោយយល់ព្រមវិនិយោគបឹងធម្មជាតិចំនួនពីរ នៅក្រុងស្ទឹងសែន ទៅឱ្យក្រុមហ៊ុនឯកជន។
អភិបាលខេត្តកំពង់ធំ លើកឡើងថា វាគ្រាន់តែជាការឆ្លើយតបទៅក្រុមហ៊ុនទាំងនោះ ប៉ុន្តែការសម្រេចយ៉ាងណាអាស្រ័យលើរាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់បឹងទាំងពីររួមមានបឹងត្រាវ និងបឹងភេ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ព្រមទាំងសមាជិកប្រឹក្សាខេត្តគណបក្សសង្គ្រោះជាតិ មិនពេញចិត្តចំពោះការវិនិយោគបឹងធម្មជាតិពីរនេះ ទៅឱ្យក្រុមហ៊ុនឯកជនទេ។ ពួកគេថា អាជ្ញាធរខេត្តគប្បីសិក្សាពីប្រយោជន៍សម្រាប់សង្គមជាតិ និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ព្រមទាំងផលប៉ះពាល់ឱ្យបានច្បាស់លាស់ និងមានតម្លាភាព ជៀសវាងធ្វើឡើងដោយលាក់លៀម។
ពលរដ្ឋរស់នៅក្រុងស្ទឹងសែនមួយរូបសុំមិនឱ្យបញ្ចេញឈ្មោះ និយាយថា បឹងទាំងពីរនោះ ជាបឹងពីដើមមក សម្រាប់ស្តុកទឹក ដើម្បីបញ្ចៀសការលិចភូមិករ នៅក្បែរៗ តំបន់បឹងនោះឬ ក្រុងទាំងមូល ។ បន្ថែមពីនេះ វាជាជម្រកត្រីសម្រាប់ប្រជានេសាទលក្ខណៈគ្រួសារបានទៀតផង ។ លោកថា គម្រោងអភិវឌ្ឍន៍តំបន់នោះ នឹង ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ព្រមទាំងប្រជាពលរដ្ឋរស់នៅជិតបឹងជាក់ជាមិនខាន៖ «ប្រជាពលរដ្ឋនៅជុំវិញបឹង ហើយមិនដឹងទឹកហូរទៅប្រភពណា។ ហើយអាចហូរលើគ្នា»។
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ កិច្ចប្រជុំរបស់អាជ្ញាធរខេត្តកំពង់ធំ ដោយមានអភិបាលខេត្ត លោក អ៊ុត សំអន បានសម្រេចគាំទ្រ និង ឯកភាពលើគម្រោងជួលដីបឹងភេ ដែលមានទំហំ ៣០ហិកតារ ទៅក្រុមហ៊ុន ហ៊ូតាន ហ្គ្រីន (HUTAN GREEN) សម្រាប់វិនិយោគ និងអភិវឌ្ឍន៍ជាតំបន់ក្រុងរណប ដោយក្នុងសំណើក្រុមហ៊ុននេះ មានរយៈពេល ៧០ឆ្នាំ ព្រមទាំងឯកភាពគម្រោងវិនិយោគបឹងត្រាវដែលមានទំហំជាង ២ហិកតារ ទៅឱ្យពលរដ្ឋរស់នៅភ្នំពេញ ជាថ្នូរការកសាងច្រាំងស្ទឹងសែន និង សួនច្បារសាធារណៈ ដែលចំណាយទឹកប្រាក់ជាង ៤០ម៉ឺនដុល្លារ។
ដោយឡែក សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំគណបក្សសង្គ្រោះជាតិ លោក ស៊ុន ចន្ធី មានប្រសាសន៍ថា កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី៦ មករា គឺបានអនុម័តលើគម្រោងទាំងនេះ ប៉ុន្តែ សមាជិកក្រុមប្រឹក្សាខេត្តមកគណបក្សប្រឆាំង ៥រូប ក្នុងចំណោម ១៧រូប បានទាត់ចោលការសម្រេចនេះ។ លោកថា មូលហេតុខាងលោកបដិសេធ ចំពោះការអនុម័តគម្រោងអភិវឌ្ឍន៍នោះ ដោយសារ អាជ្ញាធរខេត្តមិនបានបង្ហាញឯកសារឱ្យបានលម្អិត ជុំវិញការជួល និងដោះដូរដីបឹងទាំងនេះ ម្យ៉ាងមិនបានបង្ហាញលម្អិត អំពីផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នោះឡើយ៖ «ទីមួយត្រូវសិក្សាអំពីតម្លៃ ទីពីរត្រូវសិក្សាលើផលប៉ះពាល់ ទាំងបរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅជុំវិញហ្នឹង»។
ផ្ទុយពីការលើកឡើងនេះ អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍ថា នេះគ្រាន់តែជាឆ្លើយតបទៅនឹង សំណើអភិវឌ្ឍន៍របស់ក្រុមហ៊ុនវិនិយោគទាំងនោះប៉ុណ្ណោះ ប៉ុន្តែការសម្រេចយ៉ាងណា គឺ អាស្រ័យលើរាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ ។ លោកបន្តថា ការងារនេះ ខាងអាជ្ញាធរខេត្ត និងគណៈកម្មការវាយតម្លៃផលប៉ះពាល់បានសិក្សារួចទៅហើយ ព្រមទាំងឆ្លងកាត់ជាច្រើនដំណាក់កាល ប្រកបដោយតម្លាភាពទៀតផង ពីព្រោះវាប្រយោជន៍រួមទាំងអស់គ្នា។ មិនតែប៉ុណ្ណោះ បើគម្រោងនេះដំណើរការ ប្រជាសហគមន៍ និងខេត្តទាំងមូល អាចទទួលផលប្រយោជន៍ច្រើន ហើយបរិស្ថាននឹងមានភាពប្រសើរជាងមុន។ លើសពីនេះ ផលប៉ះពាល់ចំពោះប្រជាពលរដ្ឋ គឺស្ទើរតែមិនមាន៖ «ទីតាំងហ្នឹង គឺវានៅជាបេះដូងខេត្តតែម្ដង ហើយបច្ចុប្បន្នវាកំពុងប្រឈមភាគកង្វក់ពីកាកសំណល់ពីប្រជាជនដែលរស់នៅជុំវិញហ្នឹង»។
លោកបន្ថែមទៀតថា ជំហានបន្តខាងអាជ្ញាធរខេត្តនឹងបញ្ជូនសំណើជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំ និងទៅរាជរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធផង។
យ៉ាងណា មន្ត្រីអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ឈួម រុណ មើលឃើញថា កន្លងមកការអភិវឌ្ឍន៍របស់ក្រុមហ៊ុនមួយចំនួន នៅក្នុងប្រទេសកម្ពុជា គឺបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋផង។
លោកថា ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងជៀសវាងផលប៉ពាល់ផ្សេងៗនោះ អាជ្ញាធរខេត្តគប្បីសិក្សាឱ្យបានច្បាស់លាស់ និងប្រកបដោយតម្លាភាព ជៀសវាងមានអំពើពុករលួយកើតឡើង ដែលនាំឱ្យមានការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។