ពលរដ្ឋរស់នៅខេត្តកំពត និងមន្ត្រីសង្គមស៊ីវិលអះអាងថា សកម្មភាពសាងសង់សំណង់រឹងរំលោភបំពានច្រាំងព្រែកដៃសមុទ្រក្នុងខេត្តកំពតនៅតែកើតមានច្រើនដោយគ្មានវិធានការច្បាប់នៅឡើយទេ។
ពលរដ្ឋនៅតែខ្វល់ពីវិបត្តិបរិស្ថានទាំងនេះ គ្មានដំណោះស្រាយ បើទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តលោក ម៉ៅ ធនិន ចូលកាន់ដំណែងក្ដី។
ពលរដ្ឋរស់នៅខេត្តកំពត និងមន្ត្រីសង្គមស៊ីវិលឱ្យដឹងថា អាជ្ញាធរមូលដ្ឋានខេត្តកំពតខ្វះការយកចិត្តទុកដាក់ ការពារភោគទ្រព្យជាតិឱ្យគង់វង្ស ស្របតាមច្បាប់ និងបទបញ្ជារបស់រដ្ឋាភិបាល។
ការលើកឡើងនេះ ក្រោយពីព្រែកមួយចំនួនមានបណ្ដាញចរន្តទឹកភ្ជាប់ដៃសមុទ្រ រួមមាន ព្រែកទឹកឈូ ព្រែកកំពត ព្រែកក្បាលរមាស និងព្រែកកំពង់សំរោង នៅតែមានសកម្មភាពសង់សំណង់រឹងតាមបណ្ដោយច្រាំងព្រែក និងចាក់ដីលយចូលព្រែក រំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់។
ពលរដ្ឋរស់នៅខេត្តកំពត លោក សួង សារ៉ាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ មីនាថា អាជ្ញាធរមូលដ្ឋានខេត្តនេះ ខ្វះការទទួលខុសត្រូវ រក្សាសម្រស់បរិស្ថាន និងដីចំណីព្រែក តាមគន្លងធម្មជាតិ ស្របតាមច្បាប់ និងបម្រាមរបស់រដ្ឋាភិបាល។
លោកថា អាជ្ញាធរនៅតែបណ្ដែតបណ្ដោយឱ្យបុគ្គលមានលុយ មានអំណាចរំលោភបំពានច្រាំងព្រែកជាបន្តបន្ទាប់ នៅរយៈពេល ៦ឆ្នាំកន្លងទៅនេះ ធ្វើឱ្យព្រែកមួយចំនួន កាន់តែតូចចង្អៀតពិបាកធ្វើនាវាចរណ៍ និងនេសាទត្រីរបស់ពលរដ្ឋ៖
លោក សួង សារ៉ាន៖អាជ្ញាធរបម្រើជួយមើល ជួយថែរក្សា ធ្វើម៉េចកុំឱ្យប៉ះពាល់របស់បងប្អូនពលរដ្ឋនៅតំបន់ហ្នឹង។ ព្រែកខុសពីទន្លេ ព្រែកវាត្រូវការជោរ និងនាច ទោះលុបប៉ុន្មានក៏ដោយទឹកនៅស្មើ ចាល់នៅហ្នឹង។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តកំពត លោក ម៉ៅ ធនិន បាននៅឡើយទេ នៅថ្ងៃទី១២ មីនា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល។ ចំណែកអភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន ក៏មិនទាន់អាចទាក់ទងបានដែរ។
កាលពីពេលកន្លងទៅ អាជ្ញាធរស្រុកទឹកឈូបានចេញ ស.ជ.ណ (សេចក្ដីជូនដំណឹង) ឱ្យរុះរើសំណង់រឹងដែលសង់បំពានច្រាំង និងរំលោភចូលព្រែកទាំងអស់។ ក៏ប៉ុន្តែពលរដ្ឋថា វិធានការគ្មានប្រសិទ្ធភាពនោះទេ។
អ្នកភូមិអះអាងថា សកម្មភាពចាក់ដីលយចូលព្រែកក្បាលរមាស និងព្រែកកំពង់សំរោង ក្នុងស្រុកទឹកឈូ បានកើតមានជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៩ ធ្វើឱ្យផ្ទៃទឹករួមតូច ដោយជំនួសមកវិញនូវសំណង់រឹង របងថ្ម និងលំនៅឋានរបស់បុគ្គលមានលុយមានអំណាច។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តកំពត លោក យន់ ផល្លី អះអាងថា ក្រុមការងារលោកប្រទះឃើញមានការសង់សំណង់រឹង លយចូលព្រែកទឹកឈូ ក្នុងស្រុកទឹកឈូខុសច្បាប់ ធ្វើឱ្យព្រែកកាន់តែរួមតូច ប៉ះពាល់បរិស្ថាន និងគុណភាពទឹក។
លោកស្នើឱ្យអភិបាលខេត្ត លោក ម៉ៅ ធនិន ចាត់វិធានការដោះស្រាយរឿងនេះ ដើម្បីកុំឱ្យបញ្ហារីកធំឡើង ពិបាកដោះស្រាយតាមក្រោយ។
លោក យន់ ផល្លី៖ «កំពុងឃើញចាក់ខឿនចូលព្រែកតែម្ដង ហើយជាងកំពុងសាងសង់ អ្វីដែលខ្ញុំឃើញជាក់ស្ដែង គួរតែអាជ្ញាធរលោកមានវិធានការទប់ស្កាត់ មិនអាចបណ្ដែតបណ្ដោយឱ្យបុគ្គលមួយចំនួនចាក់ដីចូលដងព្រែកបានទេ ជាពិសេសគឺអាជ្ញាធរមូលដ្ឋានតែម្ដង។
អនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេ មាត្រា៨ ចែងថា ដីចំណីច្រាំងស្ទឹង និងព្រែកមានចម្ងាយ ៣០ម៉ែត្រ គិតពីមាត់ច្រាំងព្រែក ហើយដីចំណីច្រាំងនេះ ចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ច្បាប់ភូមិបាលចែងថា ជនណាធ្វើឱ្យប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀល (៥.០០០.០០០) ដល់ ៥០លានរៀល (៥០.០០០.០០០) រៀលនិងផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។