ប្រជាពលរដ្ឋរស់នៅឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បង្ហាញការសោកស្ដាយ ចំពោះសកម្មភាពរំលាយភ្នំស្ដេចគង់ ដើម្បីធ្វើអាជីវកម្មថ្មកំបោរ ពីសំណាក់ក្រុមហ៊ុនឯកជន។ ពលរដ្ឋថា អាជីវកម្មរំលាយភ្នំនេះ ធ្វើឱ្យបាត់បង់អត្តសញ្ញាណជាប្រវត្តិសាស្ត្រក្នុងឃុំចំនួន ៣ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។
ក្រុមពលរដ្ឋរស់នៅភូមិស្ដេចគង់ ឃុំស្ដេចគង់ខាងត្បូង និងមន្ត្រីអង្គការសង្គមស៊ីវិលបង្ហាញការមិនពេញចិត្ត ចំពោះករណីអាជ្ញាធរអនុញ្ញាតឱ្យក្រុមហ៊ុនផលិតថ្មកំបោរ ភ្នំមាស កម្ពុជា កាយភ្នំស្ដេចគង់ធ្វើអាជីវកម្ម ហើយមកទល់ពេលនេះភ្នំធម្មជាតិមួយនេះ បានខូចរូបរាងផ្នែកខាងលើស្ទើរតែទាំងស្រុងហើយ។
ពលរដ្ឋរស់នៅភូមិស្តេចគង់ថ្លែងសុំលាក់ឈ្មោះ ឱ្យដឹងនៅថ្ងៃទី១៦ មករាថា អាជីវកម្មកាយភ្នំស្ដេចគង់នេះ បង្កផលប៉ះពាល់លើពលរដ្ឋជាច្រើនគ្រួសាររស់នៅតំបន់នោះ ដូចជា ហុយថ្មកំបោរ ការំខានដោយសំឡេងផ្ទុះថ្ម បង្កប៉ះពាល់សុខុមាលភាពអ្នកភូមិជាច្រើនគ្រួសារ។ លោកថា ភ្នំស្ដេចគង់ ជាអត្តសញ្ញាណឃុំចំនួន ៣ ក្នុងស្រុកបន្ទាយមាស ដែលគួរតែអភិរក្សជាតំបន់ទេសចរប្រវត្តិសាស្ត្រ ព្រោះមានល្អាងភ្នំដ៏ស្រស់ល្អាត មិនគួររំលាយធ្វើអាជីវកម្មនោះទេ។ ទន្ទឹមនឹងនេះ ពលរដ្ឋភាគច្រើនមិនពេញចិត្ត ការរំលាយភ្នំនេះទេ ក៏ប៉ុន្តែពួកគេមិនហ៊ានស្រែកតវ៉ាប្រឆាំង ព្រោះខ្លាចក្រុមហ៊ុន និងអាជ្ញាធរធ្វើបាប៖ «វារងផលប៉ះពាល់ អ្នកនៅជុំវិញហ្នឹងគឺ វាហុយ។ ទី១ ហុយ។ អាហុយហ្នឹង វាខ្លាំងជាងថ្មហើរទៀតឥឡូវហ្នឹង។ វាកិនហុយផង សាយភាយចេញពីឡកំបោរផង ធ្វើក្លិនហ្នឹងខ្លាំង។ ថ្ងៃណាវាបោកធ្លាក់អ៊ីចឹងងងឹតឈឹងទៅ។ ថ្ងៃខ្លះភាយបាត់ឡើងទៅអ៊ីចឹងទៅ។ ប៉ុន្តែអានេះផលប៉ះពាល់ ប៉ះម្ដងនោះគឺ វានៅហ្នឹងអត់ទៅណា ប៉ះម្ដងទៀតវាកើតតិច ប៉ះម្ដងទៀតវាកើតទៀតហើយ » ។
បុរសដដែលបន្ថែមថា ក្រុមហ៊ុនបានចាប់ផ្ដើមធ្វើអាជីវកម្មភ្នំនេះតាំងពីឆ្នាំ២០១៦ មិនទាន់មានអាជ្ញាប័ណ្ណនៅឡើយទេ ហើយរហូតដល់ចុងឆ្នាំ២០១៧ ទើបធ្វើអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល តាមក្រោយ។ លោកបញ្ជាក់ថា អាជីវកម្មរំលាយភ្នំនេះ ធ្វើឡើងប្រមាណ ៣ឆ្នាំមកហើយ ប៉ុន្តែពុំឃើញអាជ្ញាធរផ្សព្វផ្សាយជាសាធារណៈបង្ហាញពីគម្រោងវិនិយោគ និងគោលការណ៍អនុប្បយោគនៅឡើយទេ៖ «ភ្នំនេះមានរូងច្រើន នេះវាសមថា តំបន់នេះជាតំបន់អភិរក្សទីសក្ការៈ និងជាតំបន់ទេសចរមួយនៅភ្នំនេះ។ ដល់ពេលមកវាយអ៊ីចឹងមិនដឹងធ្វើម៉េច ? បើឥឡូវនេះយើងរក្សាលំនឹងនៃជីវិតយើងម្នាក់ៗ មិនដឹងថា វានឹងធឹងផង តើយើងមានវាចាអី ដែលហ៊ានថ្លែង និងហ៊ាននិយាយនោះ ? បាញ់ទៅវារង្គើ អាផ្ទះធ្វើបេតុងនៅជិតៗ ហ្នឹង មានប្រេះបែកកញ្ចក់ និងបែកបង្អួចអ៊ីចឹង » ។
មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ការរំលាយភ្នំធម្មជាតិមួយនេះ ធ្វើឱ្យបាត់បង់អត្តសញ្ញាណជាប្រវត្តិសាស្ត្រ នៅឃុំចំនួន ៣ គឺឃុំស្ដេចគង់ខាងត្បូង ឃុំស្ដេចគង់ខាងលិច និងភ្នំស្ដេចគង់ខាងជើង ដែលអ្នកភូមិតែងតែមូលមតិគ្នាធ្វើបុណ្យដារអ្នកតា បែបប្រពៃណីស្ទើរជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែនៅគ្រាដែលមានវត្តមានក្រុមហ៊ុននេះ ក្រុមពលរដ្ឋបានខកខានធ្វើបុណ្យទាន។ ភ្នំនេះមានទំហំប្រហែល ១ហិកតារ និងមានកម្ពស់ប្រហែលជាង ១០០ម៉ែត្រ។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ ដើម្បីសុំការបំភ្លឺករណីនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួលនៅថ្ងៃទី១៦ មករា។
អភិបាលស្រុកបន្ទាយមាស លោក មូង នឿន ថ្លែងថា អាជីវកម្មថ្មកំបោរនេះ មានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលត្រឹមត្រូវ ហើយអាជ្ញាធរបានផ្សព្វផ្សាយប្រាប់ពលរដ្ឋនៅតំបន់នោះ ពីការផ្ដល់អាជ្ញាប័ណ្ណរបស់ស្ថាប័នជំនាញរួចហើយ។ លោកថា ជាគោលការណ៍ដីសាធារណៈរបស់រដ្ឋ មុននឹងធ្វើអាជីវកម្ម គឺត្រូវធ្វើអនុប្បយោគ ឬបម្លែងដីសាធារណៈរបស់រដ្ឋ ឱ្យមកជាដីឯកជនរបស់រដ្ឋ។ លោកបញ្ជាក់ថា មុនពេលក្រុមហ៊ុនធ្វើអាជីវកម្មនេះ មន្ត្រីជំនាញបានចុះសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមរួចរាល់ហើយដែរ៖ «បើកការដ្ឋានអីហ្នឹង បងប្អូនពលរដ្ឋបានដឹងហើយ អាជ្ញាធរតែងតែផ្សព្វផ្សាយផលប៉ះពាល់យ៉ាងម៉េច ? ហើយកន្លងមក បងប្អូនធ្លាប់លើកឡើងក្នុងវេទិកាសាធារណៈដែរ យើងបានចួបជាមួយពួកគាត់ដែរ រៀងរាល់មួយខែយើងធ្វើម្ដងតាមឃុំនីមួយៗ គឺមានបងប្អូនមានលើកឡើង។ ពេលបងប្អូនលើកឡើង យើងអញ្ជើញក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីធ្វើសម្របសម្រួលដោះស្រាយ ជាមួយពលរដ្ឋនៅជុំវិញហ្នឹង ក្នុងករណីដែលមានផលប៉ះពាល់ហ្នឹង » ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តកំពត លោក យន់ ផល្លី ដែលចុះអង្កេតរឿងនេះ ថ្លែងថា ក្រុមហ៊ុន និងអាជ្ញាធរមិនទាន់ផ្សព្វផ្សាយ ពីទំហំផលប៉ះពាល់ បរិស្ថាននិងសង្គមបានទូលំទូលាយនៅឡើយទេ ដែលជាហេតុធ្វើឱ្យពលរដ្ឋមានមន្ទិល ថាក្រុមហ៊ុននេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវឬយ៉ាងណាទេ? លោកថា ពលរដ្ឋមួយចំនួននៅតំបន់ បង្ហាញការសោកស្ដាយយ៉ាងខ្លាំង ពីការបាត់បង់ភ្នំស្ដេចគង់ ដែលជាអត្តសញ្ញាណជាប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ ដែលអ្នកស្រុកថា ភ្នំនេះធ្លាប់មានប្រវត្តិស្ដេចគង់នៅ ទើបអ្នកភូមិហៅ តៗ គ្នាថា ជាភ្នំស្ដេចគង់៖ «ធ្វើអាជីវកម្ម ឬធ្វើបំផ្លាញកាយភ្នំនេះទៅ គឺថា អត្តសញ្ញាណភ្នំស្ដេចគង់ ត្រូវបានបាត់បង់។ បើអ៊ីចឹងពលរដ្ឋមានការសោកស្ដាយយ៉ាងខ្លាំងមិនចង់ឱ្យមានធ្វើអាជីវកម្មលើភ្នំនេះទេ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា សកម្មភាពកាយភ្នំធ្វើអាជីវកម្ម ពុំមែនកើតមានឡើងតែភ្នំស្ដេចគង់នោះទេ មានភ្នំធម្មជាតិមួយចំនួនទៀត នៅខេត្តកំពតក៏ទទួលរងការជីកកកាយដីធ្វើអាជីវកម្ម ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ លោកថា ប្រសិទ្ធភាពការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ របស់អាជ្ញាធរខេត្តនេះ មានភាពចន្លោះប្រហោងច្រើន ដែលជាហេតុធ្វើឱ្យភ្នំធម្មជាតិមួយចំនួន ទទួលរងការខូចរូបរាង បាត់សោភ័ណភាព ដោយគ្មានការទទួលខុសត្រូវ។
ច្បាប់ភូមិបាលឆ្នាំ ២០០១ មាត្រា ១៦ ចែងថា ទ្រព្យសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានទេ ហើយទ្រព្យកម្មសិទ្ធិទាំងនោះ មិនអាចកំណត់អាជ្ញាយុកាលបានឡើយ៕
(ភ្នំស្ដេចគង់ មានទំហំប្រហែល ១ហិកតារ និងកម្ពស់ជាង ១០០ម៉ែត្រ ឋិតនៅឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ក្រុមហ៊ុនផលិតថ្មកំបោរ ភ្នំមាស កម្ពុជា កាយយកថ្មធ្វើអាជីវកម្ម ចាប់ពីឆ្នាំ២០១៦ ជិតរាបដល់ដី រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ រូប៖ RFA)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។