សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន លោក គង់ ក្រឹង នៅ​ឡើយ ក្រោយ​ចុះ​ពិនិត្យ​ទី​តាំង​ស្តុក​ឈើ​របស់​ឧកញ៉ា​រូប​នេះ នៅ​ខេត្ត​ក្រចេះ

ដោយ សុជីវី
2019-08-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​ស្តុក​ឈើ​ប្រណីត ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រក​ឃើញ​នៅ​ខេត្ត​ក្រចេះ កាល​ពី​នៅ​ថ្ងៃ​ទី២៣ និង​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។
ទីតាំង​ស្តុក​ឈើ​ប្រណីត ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រក​ឃើញ​នៅ​ខេត្ត​ក្រចេះ កាល​ពី​នៅ​ថ្ងៃ​ទី២៣ និង​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ

គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ចុះ​ពិនិត្យ​ទីតាំង​ស្តុក​ឈើ​របស់​ឧកញ៉ា​ គង់​ ក្រឹង ឋិតនៅ​ស្រុក​ស្នូល​ខេត្ត​ក្រចេះ​ ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​ នៅ​ថ្ងៃ​ចន្ទ ទី៥ សីហា។ ក៏​ប៉ុន្តែ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​លោក​ គង់ ក្រឹង នៅឡើយ​ទេ ដោយ​កំពុង​ស៊ើបអង្កេត​បន្ត​។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ លោក​ អេង ហ៊ី ឲ្យ​អាស៊ី​សេរី​ដឹង​ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ សៅ​ សុខា បាន​ចុះ​ពិនិត្យ​ទីតាំង​ស្តុក​ឈើ​ខ្នាត​ធំ​ របស់​លោក​ គង់ ក្រឹង ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ នៅ​ព្រឹក​ថ្ងៃ​ទី៥ សីហា។ ក៏​ប៉ុន្តែ លោក​ថា សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ឧកញ៉ា​រក​ស៊ី​​ឈើ​ដ៏​ល្បី​ល្បាញ​​រូប​នេះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​បន្ថែម។ លោក​បដិសេធ​ ផ្តល់​ព័ត៌មាន​​​លម្អិត​ពី​លទ្ធផល​ចុះ​ត្រួត​ពិនិត្យ​ និង​ចំនួន​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន៖ «យើង​កំពុង​ដើរ​ត្រួត​ពិនិត្យ​មើល ទី​តាំង​មួយ​ចំនួន​នៅ​ក្នុង នៅ​ខេត្ត​ត្បូង​ឃ្មុំ​ផង និង​ខេត្ត​ក្រចេះ​ផង។ នៅ​ខេត្ត​ត្បូង​ឃ្មុំ​យើង​មើល​ទៅ មេមត់​ផ្សេងៗ ហើយ ក្រចេះ​យើង​កំពុង​មើល​ទៅ​ស្នួល។ យើង​កំពុង​ធ្វើការ ដូច្នេះ​យើង​អត់​អាច​ផ្សាយ​ព័ត៌មាន​បាន​ទេ។ អរគុណ​ណា ! កំពុង​ធ្វើ​ការ»

ឧកញ៉ា គង់ ក្រឹង ត្រូវ​បាន​ក្រុមសកម្ម​ជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​ចោទ​ប្រកាន់​ថា​ ជា​មេ​ខ្លោង​រត់​ពន្ធ​ឈើ​ដ៏​ល្បីល្បាញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ឧកញ៉ា​រូប​នេះ​បាន​ ប្រមូល​ទិញ​ឈើ​ពី​ក្រុម​កម្មករ​ និង​​ប្រជា​ពលរដ្ឋ​គ្រប់​តំបន់​នៅ​ខេត្ត​ភាគ​ឦសាន​ ដែល​ដឹក​ជញ្ជូន​តាម​ម៉ូតូ​ រថយន្ត​ និង​គោយន្ត​ជា​ដើម​មក​ស្តុក​ទុក​ក្នុង​ដេប៉ូ​ និង​ផ្ទះ​របស់​លោក​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ រួច​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​ និង​ច្រក​របៀង​ដេ​បី (D3)

ពួកគេ​រក​ឃើញ​ថា ឧកញ៉ា គង់ ក្រឹង បាន​លួច​បើក​ច្រក​របៀង​តូចៗ ៣កន្លែង​ផ្ទាល់​ខ្លួន​ ក្នុង​ឃុំ​ពីរធ្នូ​ ឋិតនៅ​ខាងក្រោយ​បន្ទាយ​យោធា​វរៈ​ព្រំដែន​លេខ​ ២០៤​ ក្នុង​បំណង​រត់ពន្ធ​ឈើ​ឆ្លងដែន​ខុសច្បាប់​ ហើយ​ក្រុម​ឈ្មួញ​ណា​ ដែល​ចង់​នាំ​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​ ត្រូវ​បង់លុយ​ឲ្យ​ឧកញ៉ា​រូប​នេះ​ ជា​ថ្នូរ​ដឹក​ឈើ​តាម​ច្រក​របៀង​របស់​ គាត់​ ដោយ​គ្មាន​ការ​រារាំង។

សកម្មជន​បរិស្ថាន​ លោក​ ហេង​ ស្រស់​ ដែល​ចុះ​អង្កេត​រឿង​នេះ​ ឲ្យដឹង​ថា​ ឧកញ៉ា​ គង់​ ក្រឹង ជា​មេ​ឈ្មួញ​ចាំ​ទទួល​ទិញ​ឈើ​ ពី​ពលរដ្ឋ​គ្រប់តំបន់​ មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​ពួកគេ​ រួច​លក់​បន្ត​ទៅ​ឲ្យ​ថៅកែ​ជនជាតិ​វៀតណាម​។ លោក​ថា​ ឧកញ៉ា​រូប​នេះ​ក៏​ជា​អ្នក​កាង​ឈើ​ឲ្យ​ឈ្មួញ​ផ្សេងទៀត​ដែរ​ ដោយ​តម្រូវឲ្យ​អ្នក​ដឹក​ឈើ​ត្រូវ​បង់លុយ​ឲ្យ​គាត់​ ​ដើម្បី​សូកប៉ាន់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជា​ថ្នូរ​ដឹក​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស៖ «អ្នក​ដែល​ដឹក​ឈើ​ចេញ​ទៅ​លក់​នៅ​វៀតណាម គាត់​ជា​អ្នក​កាង​ពី​ខាង​ក្រោយ ហើយ​​ពុំ​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណា​មក​អើពើ និង​យាយី​ទេ ដោយសារ​តែ​ឈ្មោះ​ឧកញ៉ា គង់ ក្រឹង ម្នាក់​ជា​អ្នក​ចេញ​លុយ​សូក​ទៅ​លើ​អាជ្ញាធរ​ហ្នឹង​ទាំង​អស់ ឱ្យ​តែ​ក្រុម​ឈ្មួញ​ទាំង​អស់​នោះ​បង់​លុយ ឲ្យ​គាត់ គាត់​នឹង​បើក​ច្រក​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ឈើ ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម។ តាម​ច្រក​របស់​គាត់ គឺ​គាត់​ជា​អ្នក​ទទួល​រ៉ាប់រង ជា​អ្នក​រត់​ការ​ជាមួយ​អាជ្ញាធរ​ទាំង​អស់»

សកម្មជន​បរិស្ថាន​រូប​នេះ​អះអាង​ថា លោក​ធ្លាប់​អង្គុយ​រាប់​រថយន្ត​យី​ឌុប​ ដឹក​ឈើ​ទៅ​ប្រទេស​វៀតណាម​នៅ​ចក្រ​អន្តរជាតិ​ត្រពាំងស្រែ​ក្នុង​ស្រុក​ស្នូល​ និង​ច្រក​របៀង​តួចៗ មួយ​ចំនួន​ទៀត​ កាលពី​នៅ​អំឡុង​ឆ្នាំ២០១៦, ២០១៧ និង ២០១៨។ លោក​បញ្ជាក់​ថា គ្រាន់​តែ​រយៈ​ពេល​ ១ម៉ោង​ មាន​រថយន្ត​យី​ឌុប ៦០គ្រឿង​ នាំ​ឈើ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ លោក​ថា​ ក្នុង​មួយ​រថយន្ត​អាច​ផ្ទុក​ឈើ​ចាប់​ពី ៦០ម៉ែត្រ​គូប​ ទៅ ១០០ម៉ែត្រ​គូប ហើយ​ឈើ​ទាំង​នោះ​ ត្រូវ​បាន​​គេ​ប្រមូល​ពី​ខេត្ត​មណ្ឌលគិរី​ ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង៖ «គាត់​បើក​ច្រក​ខ្លួន​ឯង ហើយ​បើ​សិន​ជា​នរណា​ចង់​ដឹក​ឈើ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ត្រូវ​តែ​ទាក់ទង​គាត់ បង់​លុយ​ឲ្យ​គាត់ ព្រោះ​គាត់​ជា​អ្នក​បើក​ច្រក​ហ្នឹង​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម។ ទាំង​ពលរដ្ឋ​ដឹក​ម៉ូតូ ពលរដ្ឋ​ដឹក​គោយន្ត និង​ឧកញ៉ា​ធំៗ ដឹក​ជញ្ជូន​ឈើ​ប្រើ​រថយន្ត​អា​យី​ឌុប»

អាស៊ី​សេរី​​មិន​អាច​ទាក់ទង​ ឧកញ៉ា​ គង់​ ក្រឹ​ង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​​ទេ​ នៅ​ថ្ងៃ​ទី៥​ សីហា។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក សន ជ័យ​ ថ្លែង​ថា​ មានតែ​ក្រសួងមហាផ្ទៃ​ទេ ទើប​មាន​សិទ្ធិ​បើក​ច្រក​របៀង​ និង​ច្រក​ព្រំដែន​អន្តរជាតិ។ លោក​ថា ប្រសិនបើ​មាន​បុគ្គល​ណា​​លួច​បើក​ច្រក​របៀង​ ដើម្បី​ធ្វើអាជីវកម្ម​ឈើ​ដោយ​ខ្លួន​ឯង​ ជា​ទង្វើ​ល្មើសច្បាប់​ធ្ងន់ធ្ងរ​ ដែល​ទាមទារ​ឲ្យ​ក្រសួងមហាផ្ទៃ​ និង​គណៈកម្មការ​ជាតិ​ត្រូវ​​ស៊ើបអង្កេត​ករណី​នេះ​ជា​​បន្ទាន់​ ដើម្បី​ចាប់​អ្នក​​ប្រព្រឹត្ត​ល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់៖ «នេះ​ជា​ប្រភេទ​បទ​ល្មើស​ឆ្លង​ដែន​ដ៏​ធ្ងន់ធ្ងរ​មួយ​ហើយ រដ្ឋ​អធិបតេយ្យ គឺ​គ្មាន​ប្រទេស​ណា អាច​ឆ្លង​ដែន​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ ហើយ​ប្រទេស​កម្ពុជា​ក៏​គ្មាន​សិទ្ធិ​ទៅ​ប្រទេស​ណា​មួយ​ដែរ​ខុស​ច្បាប់​ដែរ។ ក្រែង​លោ​ការ​លួច​បើក​ច្រក​ព្រំដែន មាន​ការ​ឃុបឃិត​គ្នា ដោយ​មាន​នរណា​ជា​ខ្នង​បង្អែក »

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា​ លោក​ គង់ ក្រឹង គឺជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ ៥ មាន​ទ្រព្យ​សម្បត្តិ​រាប់​លាន​ដុល្លារ​ និង​មាន​សណ្ឋាគារ​មួយ​កន្លែងនៅ​ស្រុក​ស្នួល។ ពួក​គេ​អះអាង​ទៀត​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ ឧកញ៉ា​រូប​នេះ​ បាន​ជះ​លុយ​រាប់​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែៗ ដើម្បី​សូកប៉ាន់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ ជា​ថ្នូរ​អនុញ្ញាត​សកម្មភាព​រត់ពន្ធ​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។

សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​លើ​លោក គង់ ក្រឹង ប្រសិន​បើ​រក​ឃើញ​ថា ឧកញ៉ា​រូប​នេះ​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ​មែន។ ពួក​គេ​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ដាក់​ចេញ​នូវ​ចំណាត់​ការ​ដូច​គ្នា​នេះ​លើ​ក្រុម​ឧកញ៉ា និង​អ្នក​រកស៊ី​ឈើ​ខុស​ច្បាប់​ដទៃ​ទៀត​ដែរ ដើម្បី​ថែរក្សា​ធនធាន​ព្រៃឈើ​ដែល​នៅ​សេសសល់​ឱ្យ​បាន​គង់​វង្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

take a little bit time from thief unjustice phone call....

Oh yeah they didn't arrest this bad guy right away,because they start money talking first and how much S.Sokha needing?and how much Hun Sen wants?"illegal business logging trafficking conspiracy"wait from the big boss HS first,it's gonna arrest,or leave him go free....

Aug 06, 2019 01:45 PM

គេហទំព័រ​ទាំងមូល