មន្ត្រីសង្គមស៊ីវិលបារម្ភពីផលប៉ះពាល់បរិស្ថាន និងអាយុជីវិតរបស់ពលរដ្ឋ បន្ទាប់ពីអ្នកភូមិត្រូន ខែត្រក្រចេះ មួយចំនួនបាននាំគ្នាលួចជីករករ៉ែមាសខុសច្បាប់ដោយខ្វះជំនាញបច្ចេកទេស។ ការព្រួយបារម្ភនេះ បន្ទាប់ពីកម្មករ ៥នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ ដោយសារលួចជីកយករ៉ែមាសនៅតំបន់នោះ។
អ្នកឃ្លាំមើលបរិស្ថាន នៅអង្គារ ថ្ងៃទី២៨ ខែវិច្ឆិកា អំពាវនាវឲ្យក្រសួងរ៉ែ និងថាមពល ចុះពិនិត្យពីភាពមិនប្រក្រតីនៃអាជីវកម្មរ៉ែមាសមួយកន្លែង ដែលអ្នកភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ នាំគ្នាជីកខ្វះលក្ខណៈបច្ចេកទេសបង្កឲ្យប៉ះពាល់បរិស្ថាន និងអាយុជីវិតពលរដ្ឋ។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ខែត្រក្រចេះ លោក ប៊ី វ៉ាន់នី ដែលចុះអង្កេតករណីនេះឲ្យដឹងថា រណ្ដៅរ៉ែមាសប្រហែល ៤០រណ្ដៅថ្មីទៀត ត្រូវបានអ្នកភូមិត្រូន លួចជីកថ្មីៗនេះ ដែលមានអ្នកមានឥទ្ធិពលនៅពីក្រោយខ្នង បើទោះបីជាតំណាងអយ្យការខែត្រក្រចេះ ធ្លាប់ចុះបិទអាជីវកម្មនេះកន្លងទៅក្ដី។
លោកបារម្ភថា ពលរដ្ឋប្រថុយប្រថានជីករករ៉ែមាសនោះ ខ្វះបច្ចេកទេស អាចប្រឈមគ្រោះថ្នាក់ និងប៉ះពាល់បរិស្ថាន ដែលទាមទារឲ្យមន្ត្រីជំនាញត្រួតពិនិត្យបញ្ហានេះ និងស្វែងរកឈ្មួញមានឥទ្ធិពលនៅពីក្រោយខ្នងមកទទួលខុសត្រូវផ្លូវច្បាប់។
លោក ប៊ី វ៉ាន់នី បន្ថែមថា កន្លងទៅកម្មករ ៥នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ បន្ទាប់ពីពួកគាត់បានជីកយករ៉ែមាសក្នុងរណ្ដៅជម្រៅជាង ៣០ម៉ែត្រ ហើយក្រោយពីកម្មករបានស្លាប់ អាជ្ញាធរជំនាញបានចុះត្រួតពិនិត្យ និងប្រកាសឲ្យបិទអាជីវកម្មនោះភ្លាមៗ។
លោករកឃើញថា កម្មករទាំងនោះបានស្លាប់ក្នុងរណ្ដៅ ដោយសារបាក់ដី និងថ្មសង្កត់ ព្រោះសកម្មភាពទាញយករ៉ែមាសនោះខ្វះបច្ចេកទេសផង៖ «ការធ្វើរ៉ែមាសបែបអនាធិបតេយ្យនេះ គឺធ្វើឲ្យបាត់បង់ធនធានរ៉ែរបស់យើង ហើយពលរដ្ឋប្រឈមគ្រោះថ្នាក់ដល់ជីវិត និងប្រឈមបរិស្ថានទៀតផង ពាក់ព័ន្ធរបៀបនៃការយករ៉ែ»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងប្រធានមន្ទីររ៉ែ និងថាមពល ខែត្រ ក្រចេះ ដើម្បីសុំការអធិប្បាយរឿងនេះបានទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា។
កាលពីចុងខែសីហា ឆ្នាំ២០១៧ តំណាងអយ្យការខែត្រក្រចេះ បានបិទរណ្ដៅអាជីវកម្មរ៉ែមាសនោះក្រោយពីកម្មករ ៥នាក់ ជួបគ្រោះថ្នាក់ នៅគ្រាដែលចូលក្នុងរណ្ដៅជម្រៅ ៣០ម៉ែត្រ បង្កឲ្យបាក់ដីសង្កត់ស្លាប់ក្នុងរណ្ដៅនោះ។
មេប៉ុស្តិ៍រដ្ឋបាលឃុំក្បាលដំរី លោក ជិត បូរ៉ា ឲ្យដឹងថា នគរបាលមូលដ្ឋានពុំទាន់ទទួលដំណឹងថា មានការលួចជីករ៉ែមាសនៅតំបន់នោះទេ។ តែយ៉ាងណាលោកថា ប៉ុស្តិ៍រដ្ឋបាលនឹងចុះពិនិត្យរឿងនេះបន្ទាប់ពីទទួលដំណឹងនេះ៖ «សួរតាមពលរដ្ឋគេនៅតែបន្តធ្វើរ៉ែលើគោក។ គេថា រ៉ែ គល់ព្រេច រ៉ែលើ និងរ៉ែក្រោមខ្ញុំអត់ដឹងដែរ»។
អនុភូមិត្រូន ឧបសម្ពន្ធភូមិអូរពោរ លោក ប៉ិច ប៊ិន ទទួលស្គាល់ថា ពិតជាមានការលួចជីករ៉ែមាសនៅតំបន់នោះមែន តែការជីកនោះគឺធ្វើឡើងដោយដៃ ដែលមានជម្រៅពី ៣ម៉ែត្រ ទៅ ៤ម៉ែត្រ ពុំប៉ះពាល់ដល់បរិស្ថាននោះទេ។
លោកថា ពលរដ្ឋមួយចំនួនបានយកអាចម៍ដីរែងយករ៉ែមាសជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ៖ «គាត់ជីកលក្ខណៈរាក់ៗ លើដីលើៗ កាលមុនចិន ធ្វើ តែបើចិន ធ្វើផ្អាកទៅ រ៉ែនៅសល់ហ្នឹងតាមរន្ធរណ្ដៅចាស់ៗ វាយកកាយយកកាកសំណល់ចិន ធ្វើសល់ និងចិន វ៉ៃរ៉ែនៅសល់»។
តំបន់ដែលកម្មករជួបគ្រោះថ្នាក់នោះ គឺឋិតនៅភូមិត្រូន ឧបសម្ពន្ធភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ដែលក្រុមហ៊ុនចិន ធ្លាប់ធ្វើអាជីវកម្មរ៉ែមាស ហើយពលរដ្ឋនៅមូលដ្ឋានធ្វើជាកម្មករអោយក្រុមហ៊ុន ក៏ប៉ុន្តែក្រុមហ៊ុនចិន បានផ្អាកអាជីវកម្មមួយរយៈបន្សល់រណ្ដៅជីករ៉ែមាស និងកាកសំណល់ផ្សេងៗ ដែលក្រុមកម្មករទាំងនោះនៅបន្តមុខរបរនេះរហូតដល់បច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។