តំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះសម្រេចដោះលែង លោក អ៊ូច ឡេង និងសហគមន៍ព្រៃឡង់ ៣នាក់ទៀត នៅវេលាម៉ោង ១២:០០ ថ្ងៃទី១៦ ខែមីនា ក៏ប៉ុន្តែតម្រូវឱ្យពួកគេធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស និងបញ្ឈប់សកម្មភាពការពារព្រៃឈើ។
បើទោះជាត្រូវបានដោះលែងហើយក្ដី ក៏សកម្មជនបរិស្ថានទាំង ៤នាក់ ខកចិត្តចំពោះទង្វើរបស់អាជ្ញាធររដ្ឋាភិបាល ដែលបានគាបសង្កត់សេរីភាពក្នុងបេសកកម្មការពារព្រៃឈើរបស់ពួកគេ តែមិនបានអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជន ដែលកាប់បំផ្លាញព្រៃឈើ។
ការសម្រេចដោះលែងនេះ ក្រោយពីផ្ទុះការតវ៉ាអស់រយៈពេល ២ថ្ងៃជាប់គ្នា ពីសំណាក់ក្រុមពលរដ្ឋ អ្នកស្រឡាញ់បរិស្ថាន ព្រះសង្ឃ និងអង្គការសង្គមស៊ីវិលជាង ៥០នាក់ ដើរហែក្បូនធម្មយាត្រា កាន់បដា ស្រែកតាមផ្លូវសាធារណៈ និងនៅខាងមុខសាលាដំបូងខេត្តក្រចេះ ដើម្បីទាមទារឱ្យដោះលែងអ្នកទាំង ៤នាក់នោះ។ ពួកគេបានកាន់បដា សរសេរថា អ្នកកាប់ឈើមិនចាប់ បែរជាចាប់អ្នកការពារព្រៃឈើទៅវិញ សកម្មជនការពារព្រៃឈើ ពុំមែនជាឧក្រិដ្ឋជនទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ឱ្យដឹងនៅថ្ងៃទី១៦ មីនាថា តំណាងអយ្យការខេត្តក្រចេះ ពុំបានចោទប្រកាន់ពួកគាត់ទាំង ៤នាក់នោះទេ ប៉ុន្តែព្រះរាជអាជ្ញាបានដាក់ឱ្យពួកគេ ឋិតក្នុងការស៊ើបអង្កេត ដែលជាកត្តាប្រឈមធ្វើឱ្យរាំងខ្ទប់ដល់បេសកកម្មការពារព្រៃឈើរបស់ពួកគាត់ ខណៈដែលឧក្រិដ្ឋកម្មព្រៃឈើបន្តកើតមានជារៀងរាល់ថ្ងៃ។ លោកបន្ថែមថា តំណាងអយ្យការរកឃើញរូបភាព វីដេអូ និងសម្ភារៈ របស់អ្នកទាំង ៤នាក់នោះ ដែលបង្ហាញពីបទល្មើសព្រៃឈើខ្នាតធំក្នុងតំបន់ព្រៃឡង់។ ហេតុនេះព្រះរាជអាជ្ញាគួរតែស៊ើបអង្កេតឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់នោះ៖«ប្រអប់ភស្តុតាងដែលបានចាប់យកពីលោក អ៊ូច ឡេង យើងមើលឃើញថា ភស្តុតាងទាំងអស់នោះ គឺសុទ្ធតែជាភស្តុតាងដែលក្រុមសកម្មជនព្រៃឈើបានថតយករូបភាព សុទ្ធតែបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ មានទាំងដាក់រូប GPS ដឹងពីកន្លែងកាប់បំផ្លាញទាំងអស់ហ្នឹងទៀត។ អ៊ីចឹងទាំងអស់ហ្នឹង គួរតែលោក ព្រះរាជអាជ្ញាហ្នឹង ធ្វើការបើកការស៊ើបអង្កេត ទៅលើបទល្មើសព្រៃឈើទាំងអស់ហ្នឹងវិញ ដោយសហការជាមួយនឹងសកម្មជន ដែលបានឃាត់ខ្លួនប៉ុន្មានថ្ងៃហ្នឹង។ អាហ្នឹងគឺជារឿង ដែលល្អប្រសើរបំផុត » ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្ថែមថា អ្នកទាំង ៤នាក់នោះ បានឯកភាពផ្ដិតមេដៃ ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព និងទទួលស្គាល់កំហុស ក៏ប៉ុន្តែខ្លឹមសារក្នុងកិច្ចសន្យានោះ មិនបានបញ្ជាក់ថា ពួកគេបានប្រព្រឹត្តកំហុសអ្វីនោះទេ។ លោកយល់ថា ការសម្រេចដោះលែងនេះ គួរតែកើតចេញពីសមត្ថកិច្ចតាំងពីថ្នាក់មូលដ្ឋានមកម្ល៉េះ ចៀសវាងអូសបន្លាយពេលឃុំខ្លួន និងសាកសួរពួកគេអស់រយៈពេល ៤ថ្ងៃ បង្កឱ្យប៉ះពាល់សិទ្ធិសេរីភាពរបស់ពួកគាត់៖ «យើងមានការព្រួយបារម្ភ ព្រោះទឹកចិត្តពួកគាត់ នៅតែចង់ធ្វើការងារការពារព្រៃដដែលទាំងមានកិច្ចសន្យាអ៊ីចឹង បើសិនជា គាត់នៅតែបន្តធ្វើយើងសោកស្ដាយ បើសិនជាមានកិច្ចសន្យាបែបហ្នឹង ធ្វើឱ្យមានការសោកស្ដាយ បើខាងក្រុមហ៊ុន ឬក៏ឧក្រិដ្ឋជនព្រៃឈើ ដូចជា អត់មានកិច្ចសន្យាអីផង គេនៅតែបន្តធ្វើ គេនៅតែបំផ្លាញព្រៃឈើ ប៉ុន្តែពួកគាត់វិញ បែរជារាំងខ្ទប់សកម្មភាពដោយកិច្ចសន្យាបែបហ្នឹងទៅវិញ » ។
មុនពេលដោះលែង សកម្មជនបរិស្ថានទាំង ៤នាក់ តំណាងអយ្យការខេត្តក្រចេះ បានបង្គាប់ឱ្យពួកគេផ្ដិតមេដៃរួមគ្នា ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព រហូតដល់ថ្ងៃដែលចុះបញ្ជីក្នុងក្រសួងមហាផ្ទៃរួចរាល់។ ខ្លឹមសារកិច្ចសន្យានោះបន្ថែមថា ពួកគេទាំង ៤នាក់ បានទទួលស្គាល់កំហុស ហើយប្រសិនបើមិនអនុវត្តតាមកិច្ចសន្យាទេ ព្រះរាជអាជ្ញានឹងចោទប្រកាន់តាមច្បាប់។
លោក អ៊ូច ឡេង ជាម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize និងជាប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា រួមទាំងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ទៀត គឺលោក ស្រី ថី លោក ខេម សុឃី និងលោក មេត ម៉ាត់ ត្រូវបានកងសន្តិសុខរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ចាប់ឃាត់ខ្លួនកាលពីម៉ោង ៩ព្រឹក ថ្ងៃទី១៣ ខែមីនា នៅគ្រាដែលពួកគេចុះស៊ើបអង្កេតអាជីវកម្មឈើខុសច្បាប់ ក្នុងតំបន់ព្រៃឡង់។
ប្រធានសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ដែលអាជ្ញាធរឃាត់ខ្លួន គឺ លោក ស្រី ថី និយាយថា បើទោះបីជា អាជ្ញាធរ និងក្រុមហ៊ុនធ្វើទុក្ខបុកម្នេញលោក បែបនេះក្តី ក៏លោកនៅតែប្ដេជ្ញាបន្តបេសកកម្មការពារព្រៃឈើស្របតាមរដ្ឋធម្មនុញ្ញដដែល។ លោកបញ្ជាក់ថា សហគមន៍ព្រៃឡង់ គ្មានចេតនាធ្វើឱ្យប៉ះពាល់ ដំណើរការវិនិយោគរបស់ក្រុមហ៊ុនឯកជនណាមួយនោះទេ។ ប្រសិនបើក្រុមហ៊ុនមិនបំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ និងអនុវត្តឲ្យត្រឹមត្រូវតាមច្បាប់នោះ។ ក៏ប៉ុន្តែផ្ទុយទៅវិញនៅតែមានរថយន្តដឹកឈើ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ក្នុងតំបន់ព្រៃឡង់យ៉ាងពេញអនាធិបតេយ្យ ហើយអំពើនេះមានជាប់ពាក់ព័ន្ធ និងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយចំនួន៖ «ទឹកចិត្តរបស់ខ្ញុំ មិនទាន់ជារាំងស្ទះទេនៅឡើយទេ។ ខ្ញុំមិនបានធ្វើមកលើក្រុមហ៊ុនទេ ខ្ញុំធ្វើមកលើព្រៃឡង់តែម្ដង។ ឡានដឹកឈើក៏មាន ការកាប់បំផ្លាញព្រៃឈើក្នុងព្រៃឡង់ក៏មាន អត់ចេះខ្វះទេ។ គាត់ ( ព្រះរាជអាជ្ញា ) បានមើលរូបភាព ដែលខ្ញុំថតបានអស់ហើយ ប៉ុន្តែពួកខ្ញុំមិនទាន់ស្នើសុំឱ្យគាត់ ( តំណាងអយ្យការ ) ធ្វើស៊ើបអង្កេតទៅលើបទល្មើសអីនៅឡើយទេ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងតំណាងអយ្យការខេត្តក្រចេះ លោក សោ វុទ្ធី និងតំណាងក្រុមហ៊ុន ស៊ីង បាយអូថេក (Think-Biotech) ដើម្បីសុំការបំភ្លឺបន្ថែមរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី១៦ មីនា។
សហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ អះអាងថា អាជ្ញាធរអនុវត្តច្បាប់មានស្តង់ដារពីរ មានន័យថា អាជ្ញាធរមិនបានអនុវត្តច្បាប់លើអ្នក ដែលបំផ្លាញព្រៃឈើខុសច្បាប់ទេ បែរជាចាប់ចង និងធ្វើទុក្ខបុកម្នេញលើអ្នកដែលការពារព្រៃឈើទៅវិញ៖ «យើងនៅតែមិនទាន់ជ្រះស្រឡះក្នុងចិត្ត ជាមួយនឹងចំណាត់ការរបស់អាជ្ញាធរ ដែលធ្វើការគាបសង្កត់ តែអ្នកដែលការពារព្រៃឈើ ប៉ុន្តែរាល់សកម្មភាពឧក្រិដ្ឋជនព្រៃឈើយើង ពុំទាន់ឃើញមានចំណាត់ការដែល មានភាពសកម្មដូចគ្នានេះ។ នេះមានន័យថា រាល់ការអនុវត្តច្បាប់លើឧក្រិដ្ឋជនព្រៃឈើ និងអ្នកដែលការពារព្រៃឈើហ្នឹង វាមានស្តង់ដារពីរ » ។
លោក យឹម សុភ័ក្ត្រ បញ្ជាក់ទៀតថា សហគមន៍ព្រៃឡង់ កំពុងមានភាពចម្រូងចម្រាស ជាមួយក្រសួងបរិស្ថាន ដែលជាហេតុធ្វើឱ្យពួកគេលំបាកចុះល្បាតព្រៃ និងឃ្លាំមើលបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ហេតុនេះពួកគេកំពុងពិភាក្សាគ្នា រកដំណោះស្រាយ ដើម្បីឲ្យពួកគេអាចការពារព្រៃឈើ និងធនធានធម្មជាតិ បានដោយគ្មានការរារាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។