ពលរដ្ឋរងគ្រោះដីធ្លីនៅឃុំរួសរាន់ ខេត្តព្រះវិហារថា ខ្លួនបន្តការពារព្រៃឈើ ទោះរងការគំរាមកំហែង
2024.02.09

ពលរដ្ឋកំពុងរងគ្រោះដីធ្លី រស់នៅឃុំរួសរាន់ ខេត្តព្រះវិហារ តស៊ូការពារព្រៃឈើដែនជម្រកសត្វព្រៃព្រៃឡង់ បើទោះបីពួកគេប្រឈមបាត់បង់ដីស្រែចម្ការ និងរងការគំរាមកំហែងយ៉ាងណាក៏ដោយ រីឯពលរដ្ឋខ្លះទៀតកំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយ បន្ទាប់ពីពួកគេចេញមុខតវ៉ាជាមួយ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ភី អិន ធី ខូ អិលធីឌី (PNT Co.,Ltd) ដែលបានរំលោភយកដីធ្លីរបស់ពួកគេ។
ពលរដ្ឋរស់នៅភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ភី អិន ធី ជិត១ទសវត្សមកនេះ ពួកគេបានកៀរគរគ្នាតស៊ូប្រយុទ្ធប្រឆាំងមិនឲ្យក្រុមហ៊ុន និងអ្នកមានអំណាចចូលកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ បើទោះបីពួកគេកំពុងរងពាក្យបណ្ដឹងពីក្រុមហ៊ុន និងរងការគំរាមកំហែងយ៉ាងក្ដី។
បុរសមាឌល្អិតសម្បុរខ្មៅ និងជាអ្នកចេញមុខតវ៉ាប្រឆាំងការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់ លោក ខេម សុឃី បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៧ ខែកុម្ភៈថា ក្រុមហ៊ុនបានដាក់គ្រឿងចក្រមកឈូសឆាយដីស្រែចម្ការរបស់ពលរដ្ឋជិត ១ទសវត្សមក ដោយមិនទាន់ឃើញមានការដោះស្រាយនោះទេ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានប្ដឹងប្រជាពលរដ្ឋចំនួន៤នាក់ទៅតុលាការ ពីបទញុះញង់ថែមទៀត។ ទោះបីរងគ្រោះដីធ្លី និងរងពាក្យបណ្ដឹងយ៉ាងក្ដី ក៏បុរសវ័យ៤០ឆ្នាំរូបនេះ ស្ម័គ្រចិត្ត តស៊ូមតិជាមួយក្រុមហ៊ុន និងចូលរួមការពារព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់ដែលជាសម្បត្តិដូនតារបស់ពួកគេ។
លោក ខេម សុឃី តែងតែប្រមូលពលរដ្ឋស្ម័គ្រចិត្ត នៅក្នុងភូមិ ចុះល្បាតព្រៃ និងស្រាវជ្រាវរកបទល្មើសព្រៃឈើនៅក្នុងតំបន់ការពារព្រៃឡង់ ដោយប្រឈមការចាប់ខ្លួនម្ដងហើយម្ដងទៀត តែយ៉ាងណាលោកថា មិនខ្លាចញញើត និងរាថយ ក្នុងការការពារទ្រព្យសម្បត្តិជាតិ និងមិនខ្លាចការគំរាមកំហែងនោះទេ។
លោក ខេម សុឃី៖ «ធ្វើការទៅលើវិស័យធនធានធម្មជាតិដូចជាដីធ្លី ព្រៃឈើកន្លងមកយើងវាធ្លាប់គេចាប់ខ្លួន ធ្លាប់មានដីកាកោះ ខ្ញុំនៅតែមានឆន្ទៈក្នុងការការពារលុះត្រាតែខ្ញុំ ជីវិតខ្ញុំសូន្យបានខ្ញុំលែងការពារនូវសម្បត្តិជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា»។
ពលរដ្ឋម្នាក់ដែលបានចូលល្បាតព្រៃជាញឹកញាប់ លោក គង់ ថុល បានរៀបរាប់ឲ្យដឹងថា លោកចូលរួមជាមួយអ្នកភូមិដើម្បីការពារព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់ដែលជាសម្បត្តិជាតិទាំងអស់គ្នា និងទុកសម្រាប់កូនចៅជំនាន់ក្រោយ។ លោកថា ចាប់តាំងពីលោកដឹងក្ដីមក អ្នកភូមិតែងតែចូលទៅរកអនុផលព្រៃឈើ ក្នុងតំបន់ព្រៃឡង់ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែមួយរយៈចុងក្រោយនេះ បទល្មើសព្រៃឈើបានកើនឡើងជាបន្តបន្ទាប់ ពីសំណាក់ក្រុមហ៊ុននៅតំបន់នោះ ចំណែកមន្ត្រីឈរជើងនៅតំបន់នោះ មិនអើពើទប់ស្កាត់បទល្មើសទាំងអស់នេះឡើយ ទើបសហគមន៍នាំគ្នាការពារព្រៃឈើទុកសម្រាប់កូនចៅជំនាន់ក្រោយ។
លោក គង់ ថុល៖ «ការពារព្រៃឈើទុកឲ្យក្មេងជំនាន់ក្រោយ ឲ្យបានដឹងថា ព្រៃឈើយើងអាស្រ័យផលបានអ្វីខ្វះ នៅសល់ព្រៃឈើយើងបានប្រយោជន៍អ្វីខ្លះ បានច្រើនមែនទែន គិតទៅទទួលអាស្រ័យផល»។
ទាក់ទងនឹងការការពារព្រៃឈើនេះដែរ មេឃុំរួសរាន់ លោក ប្រាក់ វេត ឲ្យដឹងថា កន្លងទៅអាជ្ញាធរឃុំតែងតែចូលរួមជាមួយជាពលរដ្ឋដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ហើយលោកលើកទឹកចិត្តនិងគាំទ្រឲ្យពលរដ្ឋនៅក្នុងឃុំបន្តការងារការពារព្រៃឈើថែមទៀត ដើម្បីថែរក្សាការពារព្រៃឈើទុកសម្រាប់កូនចៅជំនាន់ក្រោយ។
លោក ប្រាក់ វេត៖ «ការស្ម័គ្រចិត្តរបស់ពួកគាត់មានអ្វី ការខិតខំប្រឹងប្រែងរបស់ពួកគាត់មានតែគាំទ្រ ប្រជាពលរដ្ឋយើងក៏បានអាស្រ័យផលពីធនធានធម្មជាតិដែរ ជាពិសេសពួកគាត់ដែលខំប្រឹងការពារនេះឯង»។
កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន ភី អិន ធី និងក្រុមហ៊ុនវៀតណាម ឈ្មោះ ធី ង៉ា (Ty Nga) បានរំលោភយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋចំនួន ៣ឃុំ គឺឃុំរៀបរយ ឃុំរួសរាន់ និងឃុំរតនៈ នៅស្រុករវៀង ខេត្តព្រះវិហារ រាប់ពាន់ហិកតារ ដោយក្រុមហ៊ុនទាំងនោះអះអាងថា ពួកគេទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ក្រោមរូបភាពធ្វើការអភិវឌ្ឍ ហើយសហគមន៍រាប់រយនាក់ ក៏បានចេញតវ៉ាយកដីស្រែចម្ការរបស់ពួកគេមកវិញ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយនៅឡើយរហូតមកទល់ពេលនេះ។ បច្ចុប្បន្ននេះក្រុមហ៊ុនទាំងពីរមិនបានអភិវឌ្ឍអ្វីទៅតាមគោលការណ៍នោះទេ ក្រៅពីកាប់ប្រមូលឈើលក់ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា សហគមន៍នៅតែបន្តការពារព្រៃឈើរបស់ពួកគាត់ និងបន្តស្វែងរកយុត្តិធម៌បញ្ហាដីធ្លីសម្រាប់សហគមន៍របស់ពួកគាត់ វាជាសហគមន៍គំរូមួយដែលចេះសាមគ្គីគ្នា ប្រយុទ្ធប្រឆាំងអំពើអយុត្តិធម៌ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតំបន់ការពារ ។ លោកលើកទឹកចិត្តទៅដល់អ្នកភូមិឫស្សីស្រុក ឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត បើទោះបីរងការគំរាមកំហែង ដើម្បីជាគំរូភាពដល់ក្មេងៗជំនាន់ក្រោយ។
លោក អូត ឡាទីន៖ «សំណុំរឿងរបស់ពួកគាត់នៅក្នុងដៃតុលាការនៅឡើយ ប៉ុន្តែពួកគាត់ក៏នៅមានស្មារតីសង្គមស្រឡាញ់ទ្រព្យសម្បត្តិរបស់ជាតិដែរ ហើយពួកគាត់ចូលរួមក្រាញននៀលក្នុងការរួមចំណែកការពារព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់យ៉ាងសកម្ម»។
ក្រុមហ៊ុន ភី អិន ធី ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ជិត៨ពាន់ហិកតារ (៧៩០០) ដើម្បីធ្វើការវិនិយោគដាំដំណាំកៅស៊ូ។ ក្រោយមកក្រុមហ៊ុនមួយនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២០ អនុញ្ញាតឱ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) របស់លោក សយ សុផល ធ្វើការកាប់ប្រមូលផលអនុផលព្រៃឈើក្នុងអនុតំបន់ II អនុតំបន់ III និងអនុតំបន់ IV នៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភី អ៊ិន ធី។ មានទីតាំងជាប់តំបន់ព្រៃឡង់ ស្រុករវៀង ខេត្តព្រះវិហារ។
ក្រុមសកម្មជនបរិស្ថាន និងប្រជាសហគមន៍ បានរកឃើញថា បរិវេណក្រុមហ៊ុន ភី អិន ធី បានក្លាយជាកន្លែងស្តុកឈើខុសច្បាប់ របស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក ដែលបានបញ្ជូនកម្មកររាប់រយនាក់ចូលទៅកាប់ឈើនៅក្នុងតំបន់ការពារព្រៃឡង់។ សហគមន៍បានអំពាវនាវ និងរាយការណ៍ទៅក្រសួងពាក់ព័ន្ធ ជាច្រើនសារដើម្បីធ្វើការទប់ស្កាត់ ប៉ុន្តែស្ថាប័នដែលទទួលខុសត្រូវទាំងនេះមិនត្រឹមតែមិនយកចិត្តទុកដាក់ចាត់វិធានការបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើប៉ុណ្ណោះទេ ថែមទាំងហាមឃាត់មិនឱ្យសហគមន៍ចូលល្បាតព្រៃនៅក្នុងតំបន់ព្រៃឡង់ថែមទៀត ។ ប៉ុន្តែអ្នកភូមិឫស្សីស្រុក នៅតែក្រាញននៀល ចុះល្បាតការពារព្រៃឈើនៅតំបន់ព្រៃឡង់ រហូតក្រុមហ៊ុនផ្អាកសកម្មភាពចូលកាប់ឈើទ្រង់ទ្រាយធំនៅក្នុងតំបន់ព្រៃឡង់មួយរយៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។