ប្រជាសហគមន៍ព្រៃឡង់អះអាងថា ពលរដ្ឋនៅមូលដ្ឋាន និងពលរដ្ឋចំណូលស្រុករាប់រយនាក់កំពុងសម្រុកកាប់ឈើមានតម្លៃ និងទន្ទ្រានព្រៃរានយកដីកាន់តែខ្លាំង ក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ដោយគ្មានការទប់ស្កាត់។ ពួកគេអះអាងថា អាជ្ញាធរបណ្តោយឱ្យពលរដ្ឋប្រព្រឹត្តបទល្មើសព្រៃឈើតាមអំពើចិត្ត នៅមុនកាលបោះឆ្នោតឃុំ សង្កាត់ ដោយខ្លាចក្រែងប៉ះពាល់សន្លឹកឆ្នោតរបស់គណបក្សកាន់អំណាច។
បណ្ដាញសហគមន៍ព្រៃឡង់ និងអ្នកឃ្លាំមើលបរិស្ថានសង្កេតឃើញថា សកម្មភាពកាប់ឈើមានតម្លៃ និង កាប់ព្រៃទន្ទ្រានយកដី ក្នុងដែនជម្រកសត្វព្រៃឡង់ធ្វើជាកម្មសិទ្ធិនៅតែបន្តកើតមានកាន់តែខ្លាំងឡើង នៅរយៈពេលជាង ៣ ខែចុងក្រោយនេះ។
ពួកគេអះអាងថា អាជ្ញាធរកំពុងយកព្រៃឈើ ជាថ្នូរដោះដូរសន្លឹកឆ្នោត ដោយមិនគិតពីគ្រោះមហន្តរាយព្រៃឈើ ដែលកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ក្នុងតំបន់អភិរក្ស។
សមាជិកសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងលោក គង់ រី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ ខែមីនាថា បច្ចុប្បន្នសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើកើតមានយ៉ាងពេញទំហឹង ខុសពីថ្ងៃធម្មតា ដោយគ្មានការបង្ក្រាបពីអាជ្ញាធរទាល់តែសោះ។ លោកថា ស្ទើរជារៀងរាល់ថ្ងៃមានម៉ូតូយ៉ាងហោចណាស់ ១០០គ្រឿង និង គោយន្ត ៥០គ្រឿង ដឹកឈើចេញពីព្រៃឡង់ កាត់ភូមិសាស្ត្រឃុំកាំងចាម និងឃុំសៀមបូក ស្រុកសៀមបូក ឆ្លងកាត់ទីស្នាក់ការមន្ត្រីបរិស្ថាន និងនគរបាលមូលដ្ឋាន។
លោកអះអាងថា នគរបាល មន្ត្រីអាវុធហត្ថ និងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលឈរជើងយាមព្រៃ នៅកៀកព្រៃឡង់ មិនអើពើបង្ក្រាបបទល្មើសព្រៃឈើទាំងនេះទេ។ លោកសង្កត់ធ្ងន់ថា ក្រុមអ្នកដឹកឈើត្រូវបង់លុយឱ្យសមត្ថកិច្ច តាមស្នាក់ការនីមួយៗ ទើបអាចដឹកឈើបាន៖ «អនាគតទៅព្រៃឈើយើងនឹងអស់ នឹងរលាយអស់ ពីមុនមានព្រៃធំ គេកាប់អស់ ទៅជាព្រៃរបោះទៅវិញ។ វាហិនហោចខ្លាចផ្សាណាស់ អ្នកធំក៏ទិញ ពលរដ្ឋលក់ បើគ្មានអ្នកទិញ ក៏គ្មានអ្នកកាប់ទេ»។
សកម្មជនព្រៃឡង់រូបនេះបន្ថែមថា សកម្មភាពកាប់ព្រៃទន្ទ្រានយកដី ក្នុងព្រៃឡង់ ក្នុងឃុំកាំងចាម ឃុំអន្លង់ជ្រៃ និង ឃុំចម្ការលើស្រុកថាឡាបរិវ៉ាត់ នៅតែកើតមានច្រើន ធ្វើឱ្យព្រៃស្រោងជាជម្រកសត្វព្រៃ និងព្រៃរបោះ បានប្រែក្លាយជាវាលរហោឋានយ៉ាងឆាប់រហ័ស និងមានព្រៃខ្លះទៀត ត្រូវគេអាររំលំឈើទុកជាគំនរ មិនទាន់ដុតបំផ្លាញចោល។ លោកឱ្យដឹងថា លោកនឿយណាយ នឹងរាយការណ៍រឿងនេះ ប្រាប់អាជ្ញាធរ ព្រោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហាក់ធ្វើមិនដឹងមិនឮ ចំពោះឧក្រិដ្ឋកម្មព្រៃឈើ ក្នុងដែនអភិរក្ស។
ស្រដៀងគ្នានេះ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះលោក ហ៊ឹម ជំនោរ សង្កេតឃើញថា ដើមឈើធំៗប្រភេទឈ្លីច និង ឈើទាលជាដើម ក្នុងព្រៃឡង់ នៅតែទទួលរងការកាប់រំលំ ដឹកចូលការដ្ឋានក្រុមហ៊ុនស៊ីងបាយអូថេក (Think Biotech Cambodia) ដោយគ្មានការរារាំង។ លោកបារម្ភថា អាជ្ញាធរបើកដៃឱ្យពលរដ្ឋកាប់ឈើលក់ ក្នុងព្រៃឡង់មុនពេលបោះឆ្នោត នឹងធ្វើឱ្យព្រៃឡង់ឋិតក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឱ្យដើមឈើផលិតជ័រទឹក និងឈើមានតម្លៃបន្សល់ចុងក្រោយវិនាសហិនហោច៖ «វាចូលពីរទៅ បីខែនេះ សម្បើមមែនទែន គឺដឹកតាំងហ្វូងៗ សមត្ថកិច្ចជំនាញអត់ខ្លាចហ្មង សូម្បីតែអ្នកកាសែតក៏អត់ខ្លាចដែរ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង មេការក្រុមហ៊ុន ស៊ីងបាយអូថេកលោក សំ ណូ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះ បាននៅឡើយទេ នៅថ្ងៃទី ៣១ មីនា។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ក៏មិនអាចសុំការអធិប្បាយបានដែរនៅថ្ងៃដដែលនេះ។
ប៉ុន្តែលោក នេត្រ ភក្ត្រា ប្រាប់វិទ្យុអាស៊ីសេរី កាលពីខែកុម្ភៈថា បច្ចុប្បន្ន ស្ថានភាពព្រៃអភិរក្សមានភាពល្អប្រសើរ ដោយភាពរេចរឹលបានធ្លាក់ចុះ។ លោកបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សកំពុងបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ការពារធនធានធម្មជាតិ។
រីឯអភិបាលស្រុកថាឡាបរិវ៉ាត់ លោក ជា សារឿន បានថ្លែងប្រាប់ប្រជាសហគមន៍ កាលពីខែកុម្ភៈថា កុំទាន់ផ្តល់ព័ត៌មានពីបទល្មើសព្រៃឈើទៅប្រព័ន្ធផ្សព្វផ្សាយ ដោយត្រូវរង់ចាំការបោះឆ្នោតឃុំ-សង្កាត់រួចរាល់សិន។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ដែលចុះអង្កេតរឿងនេះ គឺលោក អូត ឡាទីន សង្កេតឃើញថា នៅពេលដែលពួកលោក និង ប្រជាសហគមន៍រកឃើញបទល្មើសព្រៃឈើភ្ជាប់ភស្តុតាងជាច្រើន ដោយស្នើឱ្យអាជ្ញាធរទប់ស្កាត់ អាជ្ញាធរពាក់ព័ន្ធ តែងតែឆ្លើយដោះសារយករួចខ្លួនដដែលៗ ដោយគ្មានការស៊ើបអង្កេតឡើយ។
លោកឆ្ងល់ថា តើបច្ចុប្បន្នក្រសួងបរិស្ថាន កំពុងធ្វើកិច្ចការអ្វីខ្លះ បានជាសកម្មភាពកាប់ឈើ និងទន្ទ្រានព្រៃរានយកដី នៅតែកើតមានឡើងដដែលៗ ដោយគ្មានដំណោះស្រាយ៖ «យើងមានការព្រួយបារម្ភប្រសិនបើមន្ត្រីរដ្ឋបាលការពាររបស់ក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្ស មិនព្រមយកចិត្តទុកដាក់អនុវត្តច្បាប់ និងអន្តរាគមន៍ឱ្យទាន់ពេលវេលា អាហ្នឹងព្រៃឡង់បាត់បង់។ ដល់ពេលបាត់បង់បានចេញមកស្តារព្រៃឡង់វិញ អាហ្នឹងវាហួសពេល គួរតែចាប់ផ្តើមពីពេលហ្នឹងទៅ អត់ទាន់ហួសពេលទេ»។
ប្រជាសហគមន៍ព្រៃឡង់បន្ថែមថា បច្ចុប្បន្នបទល្មើសព្រៃឈើក្នុងព្រៃឡង់កើតមានពីរទម្រង់ ធំៗ គឺសកម្មភាពកាប់ឈើធំៗមានតម្លៃ និង កាប់ព្រៃទន្ទ្រានយកដី ធ្វើឱ្យព្រៃឡង់វិនាសហិនហោច។ ពួកគេអះអាងថា អំពើពុករលួយជាថ្នូរឱ្យជនល្មើសរួចខ្លួន បានកា្លយជាទម្លាប់ដដែលៗ ដោយគ្មានដំណោះស្រាយទាល់តែសោះ ជាច្រើនឆ្នាំមកហើយ។
ព្រៃឡង់ឋិតក្នុងចន្លោះខែត្រចំនួនបួន ដូចជាខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤សែនហិកតារ (៤៣១.៦៨៣ហិកតារ) ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ប៉ុន្តែរបាយការណ៍នានាបង្ហាញថា ព្រៃអភិរក្សមួយនេះបានបាត់បង់អស់ជាច្រើនម៉ឺនហិកតារដោយសារការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។