ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៥ នៅ​ខេត្ត​មណ្ឌលគិរី​ប្រឈម​ការ​ដក​ហូត​អាជ្ញាប័ណ្ណ

ដោយ ថន ថារ៉ូ
2019-07-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​កាប់​ទន្ទ្រាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញ៉ែក ខេត្ត​មណ្ឌលគិរី កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៨។
ទិដ្ឋភាព​កាប់​ទន្ទ្រាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញ៉ែក ខេត្ត​មណ្ឌលគិរី កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៨។
រូប​៖ ​ដោយ​សហគមន៍

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៥ ឋិត​ក្នុងស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។ ក្រុមហ៊ុន​ទាំងនេះ​ភាគច្រើន​ជា​ក្រុមហ៊ុន​របស់​ចិន ហើយ​លួច​កាប់​ឈើ នៅ​ក្រៅ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច។ សកម្មជន​បរិស្ថាន និង​ក្រុម​ជនជាតិ​ដើម​ភាគតិច ធ្លាប់​បាន​រាយការណ៍​ជា​ញឹកញយ​មក​ហើយ​ថា​ក្រុមហ៊ុន​ទាំងនេះ ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ ជា​យូរ​មក​ហើយ​។ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ថ្លែង​ថា ក្រុមហ៊ុន​ណា​ដែល​ល្មើសច្បាប់ នឹង​ដក​អាជ្ញាប័ណ្ណ។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ថ្លែង​ក្នុង​វេទិកា​សន្និសីទកាសែត នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត កាលពី​ព្រឹក​ថ្ងៃ​ទី១៨ កក្កដា​ថា ក្រុម​មន្ត្រី​ជំនាញ កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន​ចំនួន ៥ ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុងស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី។ លោក​ថា ប្រសិនបើ​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំងនោះ មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នឹង​ត្រូវ​ដក​អាជ្ញាប័ណ្ណ។

ក្រុមហ៊ុន​ទាំងនោះ​រួមមាន ក្រុមហ៊ុន​ម៉ាស្ទ័រខេសិន ក្រុមហ៊ុន​ចិន យ៉ាន់ចាវ ក្រុមហ៊ុន ថាច់វូដ ក្រុមហ៊ុន​វិជ្ជរី និង ក្រុមហ៊ុន​ណេងណា។ លោក​បន្ថែម​ថា សមត្ថកិច្ច​កំពុង​រក​ជនសង្ស័យ​ពាក់ព័ន្ធ ៩​នាក់​ទៀត​។ សមត្ថកិច្ច​ក៏បាន​រក​ឃើញ​ឈើ​ខុសច្បាប់​ចំនួន ១​ពាន់ ៧​រយ​ម៉ែត្រ​គូប (១៧០០) និង​រឹបអូស​រថយន្ត​ដឹក​ឈើ អារ៉េវ ជាង ៤០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ចំនួន​២៩​គ្រឿង ត្រូវ​ដុត​កម្ទេច​ចោល​នៅ​ហ្នឹង​កន្លែង។

អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ជុំវិញ បញ្ហា​នេះ​តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី១៨ កក្កដា។

អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា ថ្លែង​ថា អភិបាលខេត្ត​តែង​កោះ​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ជា​ញឹកញាប់ ដោយ​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​ព្រៃឈើ​។ រីឯ​អភិបាលខេត្ត​តែងតែ​ចុះទៅ​មូលដ្ឋាន​ផ្ទាល់ ណែនាំ​ក្រុមហ៊ុន​ឯកជន និង​សហគមន៍​មូលដ្ឋាន ដើម្បី​អប់រំ​ពួកគេ ឱ្យ​ចូលរួម​ការពារ​ព្រៃឈើ និង​បញ្ឈប់​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ទាំងឡាយ​៖ «ថ្នាក់​ខេត្ត​ចៅហ្វាយខេត្ត គាត់​ចុះទៅ​ផ្ទាល់​ទៅ​ណែនាំ នៅ​កន្លែង​ហ្នឹង​ទៀត ពេលនោះ​ពុំ​មាន​អី​ទេ​។ ទើបតែ​មួយ​រយៈ​ក្រោយ​ដែល​យើង រវល់​ប៉ុន្មាន​ខែ ប្រហែល ២​ខែ​យើង​ដកឃ្លា គឺ​មួយរយៈ​ហ្នឹង តែ​មុន​ហ្នឹង​អត់​មាន ឬក៏​ពេល​ដែល​យើង​ទៅ​អត់​មាន យើង​ដកឃ្លា​មក​គេ​មាន​។ គេ​លួច​គេ​ឆក់​ក្រោយខ្នង នៅ​ចាំតែ​មើលផ្លូវ​យើង ហើយ​យើង​ពុំ​មាន​ពេល​នៅ​ប្រចាំការ ២៤​ម៉ោង​អ៊ីចឹង»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មើល​ឃើញ​ថា ចំណាត់​ការ​ក្តៅ​របស់​គណៈកម្មការ​ជំនាញ​មួយ​នេះ អនុវត្ត​តែ​ខេត្ត​មួយ​ប៉ុណ្ណោះ រីឯ​ខេត្ត​ផ្សេងៗ​ទៀត​ដែល​សំបូរ​ដោយ​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ដូចជា ខេត្ត​រតនគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ​ជាដើម មិន​ឃើញ​មានការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នោះ​ទេ​។ បញ្ហា​នេះ​ហាក់​ទុក​ឱកាស​ឱ្យ​ក្រុម​ឧក្រិដ្ឋជន និង​ក្រុមហ៊ុន​ផ្សេងទៀត ប្រុងប្រយ័ត្ន និង​លាក់​វត្ថុ​តាង​ទុក​។ លោក​ថា អភិបាលខេត្ត​នីមួយៗ​ដែល​ជា​សមាជិក​គណៈកម្មការ​ជាតិ​ត្រូវតែ​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ឱ្យ​ខ្លាំងក្លា ពុំ​មែន​រង់ចាំ​តែ​ថ្នាក់​ជាតិ​ចុះ​បង្ក្រាប​ម្ដងម្កាល​នោះ​ទេ​៖ «អ្វី​ដែល​ធ្វើ​តែមួយ​កន្លែង ធ្វើ​ឱ្យ​ពលរដ្ឋ​យើង​មានការ​សង្ស័យ​ទៅវិញ​ទេ។ សមាជិក​ជា​អភិបាលខេត្ត ប្រាកដ​ជា មាន​ទំនាក់ទំនង ឬមួយ​ក៏​ពាក់ព័ន្ធ​ជាមួយ​អំពើ​ឧក្រិដ្ឋ​ព្រៃឈើ និង​អំពើពុករលួយ​ហ្នឹងហើយ​។ ប្រសិនជា​ពុំ​មាន​ទេ ប្រាកដជា​ប្រតិបត្តិ​ការ​ធ្វើ​គ្រប់​តែ​កន្លែង នេះ​ជា​ការ​ដាក់​ការសង្ស័យ​។ ដូច​យើង​និយាយ​អ៊ីចឹង ខេត្ត​បាន​ផ្សាយ​ព័ត៌មាន​ទេ តែ​ផ្ទុយ​ទៅវិញ​ខេត្ត​ប្រាកដជា​មាន​ការ​ពាក់ព័ន្ធ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ការបាត់បង់​ព្រៃឈើ​ធំធេង ហើយ​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​កើតមាន​ច្រើន​ជា​យូរ​មក​ហើយ ពុំ​មែន​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ៣​នាក់ ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​នោះ​ទេ​។ លោក​គិត​ថា សមត្ថកិច្ច និង​អាជ្ញាធរ ដែល​ឃុបឃិត​អនុញ្ញាត​ឱ្យ​មាន​បទល្មើស​ព្រៃឈើ និង​ប្រព្រឹត្ត​អំពើពុករលួយ បាន​កើត​មាន​ជា​ប្រព័ន្ធ និង​អាច​មាន​ពាក់ព័ន្ធ​មន្ត្រី​ធំៗ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ គឺជា​ឧបសគ្គ​ធ្វើ​ឱ្យ​គណៈកម្មការ​ជំនាញ​មួយ​នេះ​ពិបាក​សម្រេចចិត្ត​អនុវត្ត​ច្បាប់​ដែរ៖ «បង្ក្រាប​តែ​រឿង​អី​ថ្មីៗ អ៊ីចឹង​វា​អយុត្តិធម៌​។ ចំពោះ​ច្បាប់ គឺ​មាន​ចែង​ច្បាស់​អាជ្ញាយុកាល​នៃ​បទល្មើស​ឧក្រិដ្ឋ​ដែល​មាន​រហូតដល់ ១៥​ឆ្នាំ។ អ៊ីចឹង​រាល់​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ បទល្មើស​ពុករលួយ ដែល​ឋិត​ក្នុង​ដែន​នៃ​អាជ្ញាយុកាល​នេះ​។ មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​កសាង​សំណុំរឿង​គ្រប់កន្លែង​បញ្ជូន​មក​អយ្យការ ដើម្បី​ឱ្យ​អាជ្ញាយុកាល​ធ្វើការ​ស៊ើប​អង្កេត​នាំ​ខ្លួន​អតីត​ឧក្រិដ្ឋជន​មក​ផ្ដន្ទាទោស វា​អាច​បំបាត់​បទល្មើស​បាន»

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ដែល​ចុះ​អង្កេត​រឿង​នេះ​ថ្លែង​ថា ក្រុមហ៊ុន​ទាំង ៥​នោះ សុទ្ធ​សឹង​មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​ជា​យូរ​មក​ហើយ ខណៈ​ដែល​ពួកគេ​បាន​ចុះ​ស៊ើបអង្កេត​ដល់​មូលដ្ឋាន រក​ឃើញ​ក្បួន​រថយន្ត​យីឌុប រាប់​សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ឆ្លងកាត់​ភូមិ​សំពោច ស្រុក​ស្នួល ខេត្ត​ក្រចេះ ទៅ​លក់​នៅ​វៀតណាម​។ លោក​ថា មាន​ក្រុមហ៊ុន​ខ្លះ មាន​រោងចក្រ​អារ​ច្រៀក​ឈើ​ខ្នាត​ធំ នៅ​តំបន់​នោះ​។ រីឯ​ក្រុម​ឈ្មួញ​បាន​កៀរគរ​ពលរដ្ឋ​ឱ្យ​ចូល​ព្រៃ​អារ​ឈើ​លក់​ឱ្យ​ខ្លួន៖ «មិន​ត្រឹមតែ​រដ្ឋបាល​ព្រៃឈើ ៣​នាក់​នេះ​ទេ គឺ​ត្រូវ​មាន​ចៅហ្វាយស្រុក មាន​ប៉េអិម ចៅហ្វាយខេត្ត មាន​ស្នងការ​រង គឺ​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​រកស៊ី​ឈើ​បទល្មើស​ព្រៃឈើ ក្នុង​ខេត្ត​មណ្ឌលគិរី​ហ្នឹង។ ពួកគាត់​សុទ្ធតែ​អ្នកដឹង​ហើយ នរណា​ដែល​ទទួល​សំណូក​ចេញពី​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ ដើម្បី​បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​ឡាន​រាប់​សិប​គ្រឿង រកស៊ី​ដឹកជញ្ជូន​ឈើ​។ ដឹក​ពុំ​មែន​តិច​ខែ​ទេ គឺ​ដឹក​សុទ្ធ ២ ទៅ ៣​ខែ ក្នុង​ខេត្ត​មណ្ឌលគិរី»

សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល បន្ថែម​ថា វត្តមាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ បាន​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ ជាច្រើន​ឆ្នាំ​មក​ហើយ បណ្ដាល​ឱ្យ ដែន​ជម្រក​សត្វព្រៃ​ស្នួល ដែល​មាន​ផ្ទៃដី​ជាច្រើន​ម៉ឺន​ហិកតារ​រលាយ​ហិនហោច​អស់ទាំង​ស្រុង នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ កាលពី​ឆ្នាំ ២០១៨ របប​លោក ហ៊ុន សែន បាន​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ស្នួល និង​ដែន​ជម្រក​សត្វព្រៃ​រនាម​ដូនសំ ដែល​មាន​ផ្ទៃដី​ជាង ១១​ម៉ឺន​ហិកតារ ក្រោម​ហេតុផល​ថា តំបន់​ទាំងពីរ​បាត់បង់​សក្ដានុពល​ជា​តំបន់​អភិរក្ស តែ​ធាតុ​ពិត​ព្រៃ​ការពារ​ធម្មជាត​ទាំងពីរ​នេះ​រងគ្រោះ ដោយសារតែ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​ឯកជន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បន្លំ​កាប់​ឈើ​ធំៗ លក់​នៅ​ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល