“អ្នក​ការពារ​ព្រៃ​ឈើ​ប្រឈម​មុខ​នឹង​រង​គ្រោះថ្នាក់​ពី​អ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃ​ឈើ”

ដោយ ម៉ម មុនីរតន៍
2014.07.23
Share on WhatsApp
Share on WhatsApp
ស្តាហ្វាន បុហ្គណា (Stephan Bognar) ៦១០ នាយក​មូលនិធិ ម៉ាដក្យ ចូលី ភីត (MJP) លោក ស្តាហ្វាន បុហ្គណា (Stephan Bognar) បំពាក់​មេដាយ​ដល់​ឧទ្យានុរក្ស ក្នុង​ទិវា​រំឭក​ដល់​គុណ​នៃ​ក្រុម​ឧទ្យានុរក្ស​ការពារ​ព្រៃ​ឈើ​នៅ​ស្រុក​សំឡូត នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Morm Moniroth

នាយក​មូលនិធិ​របស់ ម៉ាដក្ស ចូលី ភីត (Maddox Jolie Pitt Foundation) លោក ស្តេហ្វាន បុហ្គណា (Stephan Bognar) បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ក្រុម​អ្នក​អភិរក្ស​ព្រៃ​ឈើ​នៅ​កម្ពុជា។

ថ្លែង​ក្នុង​ទិវា​រំឭក​ដល់​គុណ​នៃ​ក្រុម​ឧទ្យានុរក្ស​ការពារ​ព្រៃ​ឈើ​នៅ​ស្រុក​សំឡូត នៅ​ថ្ងៃ​ទី​២២ កក្កដា លោក​បង្ហាញ​ថា ពួក​គេ​ជា​ក្រុម​ដែល​ងាយ​រងគ្រោះ និង​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព ហើយ​រហូត​មក​ដល់​ពេល​នេះ មាន​មន្ត្រី​ឧទ្យានុរក្ស​ប្រមាណ ១​ពាន់​នាក់​ហើយ​ក្នុង​ពិភពលោក ដោយ​រួម​ទាំង​កម្ពុជា ផង ត្រូវ​បាន​អ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃ​ឈើ​សម្លាប់។

«មាន​អ្នក​ការពារ​ព្រៃ​ឈើ ឬ​ឧទ្យានុរក្ស​ត្រូវ​គំរាម​កំហែង​ពី​អាយុ​ជីវិត​នៅ​ក្នុង​ពិភពលោក រួម​និង​កម្ពុជា ផង ព្រោះ​ការពារ​ព្រៃ​ឈើ»

ឋិត​ក្នុង​សម្លៀកបំពាក់​បែប​ជា​យោធា នាយក​មូលនិធិ ម៉ាដក្ស ចូលី ភីត ហៅ​កាត់​ថា អិម.ជេ.ភី (MJP) ប្រចាំ​ស្រុក​សំឡូត ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ប្រទេស​នៅ​ក្នុង​ពិភពលោក​រៀបចំ​ឲ្យ​មាន​កិច្ច​សន្ទនា ឬ​ហៅ​ថា អ្នក​ការពារ​ព្រៃ​ឈើ​នេះ ដោយសារ​មាន​អ្នក​ត្រូវ​គេ​សម្លាប់​ដោយ​ការ​ធ្វើ​ឃាត ព្រោះ​តែ​បុព្វហេតុ​ការពារ​ព្រៃ​ឈើ​នេះ​ជាច្រើន​នាក់​ណាស់​មក​ហើយ ក្នុង​នោះ​ដោយ​រួម​ទាំង​កម្ពុជា ផង។

លោក ស្តេហ្វាន បុហ្គណា និយាយ​ថា ការ​ប្រារព្ធ​ឲ្យ​មាន​វេទិកា​នេះ​ឡើង គឺ​ព្រោះ​តែ​ចង់​រំឭក និង​ដឹង​គុណ​ចំពោះ​ក្រុម​ឧទ្យានុរក្ស ឬ​ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ​ដែល​ហ៊ាន​លះ​បង់​គ្រប់​បែប​យ៉ាង ក្នុង​កិច្ចការ​នេះ។ លោក​បន្ត​ថា គិត​មក​ដល់​ពេល​នេះ មាន​ក្រុម​ឧទ្យានុរក្ស​ច្រើន​ណាស់​មក​ហើយ ដែល​ត្រូវ​គេ​សម្លាប់ ក្នុង​នោះ​ដោយ​រួម​ទាំង​ឧទ្យានុរក្ស​របស់​កម្ពុជា ផង៖ «នៅ​ក្នុង​ចំណោម​ឧទ្យានុរក្ស​ដែល​បាន​ត្រូវ​គេ​សម្លាប់​ទាំង ១​ពាន់ ក្នុង​នោះ​ក៏​មាន​ឧទ្យានុរក្ស​ម្នាក់​ផង​ដែរ នៅ​សំឡូត​យើង​នេះ គឺ​លោក សំ បូ។ តើ​នឹង​មាន​ឧទ្យានុរក្ស​ប៉ុន្មាន​នាក់​ដែល​នឹង​ប្រឈម​មុខ​ចំពោះ​បញ្ហា​នេះ​នៅ​ថ្ងៃ​ខាង​មុខ?»

ទិវា​រំឭក​គុណ​ដល់​ឧទ្យានុរក្ស​ការពារ​ព្រៃ​ឈើ​នេះ ប្រទេស​នៅ​លើ​ពិភពលោក បាន​កំណត់​យក​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដើម្បី​ប្រារព្ធ​ពិធី​នេះ ក៏ប៉ុន្តែ​ដោយ​ឡែក​សម្រាប់​កម្ពុជា ដែល​រៀបចំ​ដោយ​មូលនិធិ ម៉ាដក្ស ចូលី ភីត បាន​យក​ថ្ងៃ​ទី​២២ កក្កដា ដើម្បី​រៀបចំ​ទិវា​នេះ​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត នៃ​ខេត្ត​បាត់ដំបង វិញ ព្រោះ​តែ​មាន​កម្មវិធី​ត្រូវ​ប្រែប្រួល។

ម្យ៉ាង​វិញ​ទៀត ការ​ប្រារព្ធ​ទិវា​នេះ​នៅ​ស្រុក​សំឡូត ព្រោះ​ជា​តំបន់​គោលដៅ​ផង​របស់​មូលនិធិ នៃ​តារា​ហូលីវូដ​ដ៏​ល្បី​ឈ្មោះ គឺ​អ្នកស្រី ចូលីណា ចូលី របស់​អាមេរិក។ បន្ទាប់​ពី​ព្រះរាជ្យក្រឹត្យ​បាន​កំណត់​តំបន់​សំឡូត ដាក់​ឲ្យ​ឋិត​ក្នុង​ដែន​អភិរក្ស​កាល​ពី​ឆ្នាំ​១៩៩៣ ដែល​គ្រប​ដណ្ដប់​លើ​ដី​ដែល​មាន​ព្រៃ​ឈើ ៦​ម៉ឺន​ហិកតារ​មក​នោះ។ លុះ​ដល់​ឆ្នាំ​២០០៣ ទើប អ្នកស្រី អេនជេលីណា ចូលី (Angelina Jolie) បាន​ជ្រើស​រើស​តំបន់​សំឡូត នេះ​ទុក​ជា​ដែន​ដែល​ត្រូវ​អភិរក្ស​វិញ​ម្ដង រហូត​ដល់​បច្ចុប្បន្ន។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ក៏​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​យល់​ដឹង និង​ប្រឹងប្រែង​ការពារ​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ដ៏​តិចតួច​ចុង​ក្រោយ​នៅ​ពេល​នេះ ក្នុង​ដែន​អភិរក្ស​សំឡូត។

សំឡូត ដែល​ដើម​ឡើយ​ឈ្មោះ​ថា ស្រុក​គិរីរដ្ឋ និង​ជា​អនុ​តំបន់​មួយ​របស់​ប៉ៃលិន មុន​នឹង​ត្រូវ​ផ្លាស់​មក​ជា​ស្រុក​សំឡូត វិញ ក៏​មិន​ខុស​ពី​តំបន់​ផ្សេង​ទៀត​ដែរ​នៅ​កម្ពុជា កាល​ពី ១០​ឆ្នាំ​មុន គឺ​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ និង​សត្វ​ព្រៃ។ ប៉ុន្តែ បច្ចុប្បន្ន​នេះ​ជំនួស​មក​វិញ​ដោយ​ដើម​ឈើ​ហូប​ផ្លែ និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ពី​ស្ថានភាព​ព្រៃ​ឈើ​នៅ​កម្ពុជា ចោទ​ប្រកាន់​ថា នេះ​ជា​កំហុស​របស់​រដ្ឋាភិបាល​ដែល​មិន​បាន​ពង្រឹង និង​គ្រប់គ្រង​ឲ្យ​បាន​ដិត​ដល់​អំពី​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព។ មាន​មូលហេតុ​ជាច្រើន​ក្នុង​រឿង​នេះ គឺ​ភាគ​ច្រើន អ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃ​ឈើ​ជា​សែស្រឡាយ​របស់​មន្ត្រី​កាន់​អំណាច ដូច​ជា ក្មួយ ដន្លង និង​អ្នក​ដែល​រក​ផល​ប្រយោជន៍​ឲ្យ​បក្ស ជាដើម។ ហេតុ​នេះ ជា​ដើម​ចម​ដែល​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន។ ក្រៅ​ពី​នេះ​ទៀត នៅ​មាន​មន្ត្រី​ជំនាញ​ការពារ​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ផ្ទាល់ ក៏​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើ​នេះ​ដែរ។

ការ​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ព្រៃ​ឈើ​ដ៏​ខ្លាំងក្លា​នៅ​កម្ពុជា នៅ​ពេល​នេះ អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា គឺ​ឋិត​ក្នុង​របប​នៃ​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេស​ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អំណាច​គ្រប់គ្រង​ពេញ​ក្នុង​ដៃ។

តំបន់​ព្រៃ​ការពារ​សំឡូត នា​ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤
តំបន់​ព្រៃ​ការពារ​សំឡូត នា​ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤
RFA/Morm Moniroth

ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ ត្រូវ​បាន​នាយក​ប្រើប្រាស់​សំឡូត​ច្រើន​យ៉ាង និង​ជា​អនុប្រធាន​នាយកដ្ឋាន​នៃ​មន្ទីរ​បរិស្ថាន ប្រចាំ​ស្រុក​សំឡូត លោក ថន គឹមហុង អះអាង​ថា ការ​ពិត​មូលហេតុ​នៃ​ការ​បាត់​បង់​ព្រៃ​ឈើ​នេះ លោក​ទម្លាក់​កំហុស​ទៅ​លើ​សង្គ្រាម​ច្រើន​ជាង។ ដោយសារ​ប្រទេស​ជួប​វិបត្តិ​សង្គ្រាម​កាល​ណោះ ទើប​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​ព្រៃ​ឈើ​មិន​បាន​ដិតដល់។ ចំណែក​ក្នុង​អាណត្តិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បាត់​បង់ តែ​តិចតួច​ប៉ុណ្ណោះ៖

លោក ថន គឹមហុង៖ «ប៉ុន្តែ​បាត់បង់​ពី​មុន គឺ​ជំនាន់​សង្គ្រាម​បងប្អូន​ខ្មែរ​ក្រហម​នៅ​ក្នុង​តំបន់​នោះ​ស្រាប។ បាត់​បង់​តាំង​ពី​ច្បាប់​មិន​ទាន់​ចែ​ម្ល៉េះ ហើយ​ក៏​បាត់បង់​បច្ចុប្បន្ន​ខ្លះ​បន្តិចបន្តួច។យើង​គិត​ថា វា​តិចតួច វា​មិន​ច្រើន​ប៉ុន្មាន​ទេ»

បើ​ទោះ​ជា​បែប​ណា លោក ឈឹម សាវុធ នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និយាយ​ថា ការ​បកស្រាយ​ណា​មួយ​របស់​មន្ត្រី​បរិស្ថាន គឺ​មិន​ត្រឹមត្រូវ​សោះ​ឡើយ។ លោក​អះអាង​ថា ការ​បាត់​បង់​ព្រៃ​ឈើ​នេះ ទើប​តែ​កើត​មាន​ក្នុង​សម័យ​របស់ លោក ហ៊ុន សែន ប៉ុណ្ណោះ និង​ពុំ​មែន​បាត់​បង់​ព្រៃ​ឈើ​ព្រោះ​តែ​សង្គ្រាម ឬ​ដោយសារ​ខ្មែរ​ក្រហម​កាន់​កាប់​ឡើយុ។

លោក ឈឹម សាវុធ៖ «ពី​ណា​ក៏​គេ​ដឹង​ថា ឈើ​ដែល​គំហុក​បំផុត​នេះ គឺ​ក្រោយ​សមាហរណកម្ម​ហើយ​ទេ ដូច​ជា​នៅ​តំបន់​កោះកុង គឺ​នៅ​ក្រោយ​អ៊ុនតាក់​​ហើយ​ទេ ដែល​បាត់បង់​ខ្លាំង​មែន​ទែន​នោះ។ ពី​មុន​ជំនាន់​ខ្មែរ​ក្រហម ជំនាន់​រដ្ឋ​កម្ពុជា ឬក៏​ជំនាន់​សង្គ្រាម​ស៊ីវិល​ក្នុង​ស្រុក​ហ្នឹង គឺ​ឈើ​ស្រុក​ខ្មែរ​ស្ទើរ​មិន​បាត់​មួយ​ដើម​ផង»

និយាយ​ពី​ការ​អភិរក្ស​ព្រៃ​ឈើ ឋិត​ក្រោម​គម្រោង អិម.ជេ.ភី របស់ អ្នកស្រី អេនជេលីណា ចូលី វិញ​នៅ​តំបន់​ស្រុក​សំឡូត នេះ។ អ្នក​គ្រប់គ្រង​របស់​មូលនិធិ ម៉ាដក្ស ចូលី ភីត លោក ស្តេហ្វាន បុហ្គណា និយាយ​ថា រឿង​ការ​គ្រប់គ្រង​ព្រៃ​ឈើ​នេះ វា​ជា​បញ្ហា​ដ៏​លំបាក​មួយ ហើយ​ក៏​ពុំ​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​តែ​ម្នាក់​ឯង​នោះ​ឡើយ។ ប៉ុន្តែ​ថា វា គឺ​ជា​បញ្ហា​រួម​ដែល​ទាមទារ​ឲ្យ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ដោះស្រាយ និង​អភិរក្ស។

លោក​បន្ត​ថា បទល្មើស​ព្រៃ​ឈើ​ក្នុង​ពេល​កន្លង​ទៅ​នេះ ត្រូវ​រក​ឃើញ​ថា ត្រូវ​បាន​ឈ្មួញ​ធ្វើ​អាជីវកម្ម រួច​ដឹក​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម ពី​គ្រប់​តំបន់​របស់​ប្រទេស​កម្ពុជា៖ «យើង​ដឹង​ហើយ​ថា គម្រប់​ព្រៃ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាត់បង់​យ៉ាង​ដូច​ម្ដេច? គឺ​ព្រៃឈើ​រាប់​ម៉ឺន​ហិកតារ​ត្រូវ​បាន​ឈ្មួញ​ធ្វើ​អាជីវកម្ម ហើយ​ឈើ​ប្រណិត​ទាំង​នេះ ត្រូវ​គេ​ដឹក​ទៅ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម»

របាយការណ៍​ដែល​អាន​ដោយ លោក ស្តាហ្វាន បុហ្គណា ឲ្យ​ដឹង​ថា មាន​ឧទ្យានុរក្ស​យ៉ាង​ហោច​ណាស់ ២​នាក់ ត្រូវ​បាន​គេ​សម្លាប់​ក្នុង​មួយ​សប្ដាហ៍​នៅ​ជុំវិញ​ពិភពលោក។ បន្ថែម​ពី​លើ​នេះ​ទៀត មាន​ឧទ្យានុរក្ស​ប្រមាណ ១​ពាន់​នាក់​មក​ហើយ កាល​ពី ១០​ឆ្នាំ​កន្លង​ទៅ​នេះ ត្រូវ​បាន​អ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃ​ឈើ​សម្លាប់​ក្នុង​បុព្វហេតុ​ការពារ និង​ថែ​រក្សា​ព្រៃ​ឈើ។ ចំណែក​នៅ​កម្ពុជា វិញ ឧទ្យានុរក្ស លោក លឹម បូ ក៏​ត្រូវ​បាន​ជនល្មើស​សម្លាប់​កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ ក្នុង​សកម្មភាព​ដូច​គ្នា​នេះ​ដែរ ហើយ​បាន​បន្សល់​ទុក​ប្រពន្ធ និង​កូន​ក្លាយ​ជា​មនុស្ស​គ្មាន​អ្នក​ទី​ពឹង។ ក្រៅ​ពី​នេះ ក៏​នៅ​មាន លោក ស៊ូ ស៊ី ជា​មន្ត្រី​ឧទ្យានុរក្ស​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​លប​ធ្វើ​ឃាត តែ​មិន​បាន​សម្រេច​ដែរ។ ឋិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល​លោក ស្តេហ្វាន បុហ្គណា ហៅ​សកម្មភាព​នេះ​ថា ជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ចាំបាច់​ណាស់​ត្រូវ​ប្រយុទ្ធ​ប្រឆាំង។

មន្ត្រី​ឧទ្យានុរក្ស​ព្រៃ​ឈើ​នៅ​តំបន់​ប្រើប្រាស់​សំឡូត​ច្រើន​យ៉ាង លោក ស៊ូ ស៊ី និយាយ​ថា ​ថ្វី​បើ​លោក​ធ្លាប់​ជា​ជន​រងគ្រោះ ព្រោះ​តែ​បុព្វហេតុ​ការពារ​ព្រៃឈើ​យ៉ាង​នេះ​ក្តី ក៏​ហេតុ​ផល​នេះ នឹង​មិន​អាច​ជំរុញ​ទឹក​ចិត្ត​លោក​ឲ្យ​រាថយ និង​បោះបង់​ឡើយ៖ «ខ្ញុំ​អត់​ដឹង​ថា គាត់​គុំកួន​នៅ​ពេល​ហ្នឹង ខ្ញុំ​ជិះ​ម៉ូតូ​ដាក់​ប៉ុស្តិ៍​មន្ត្រី​ឧទ្យានុរក្ស​យើង​ហ្នឹង ដល់​ពេល​ត្រឡប់​មក​វិញ គាត់​រួម​គ្នា កាក់​វ៉ៃខ្ញុំ។ ខ្ញុំ​ឥត​បោះបង់​ចោល​ទេ នៅ​តែ​ធ្វើ​បន្ត​ទៅ​ទៀត ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន»

អ្នក​ប្រព្រឹត្តិ​បទល្មើស​ព្រៃ​ឈើ គេ​សង្កេត​ឃើញ​ភាគ​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​ជា​មន្ត្រី​យោធា​ថ្នាក់​ផ្កាយ ឬ​ជា​ឧត្ដមសេនីយ៍ ឬ​មាន​ងារ​ជា​ឧកញ៉ា និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ផង។ ម្យ៉ាង​វិញ​ទៀត គេ​កម្រ​ឃើញ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ឬ​ជំនាញ​បរិស្ថាន ចាប់​បទល្មើស​អាជីវកម្ម​របស់​អ្នក​ធំ​បាន​ម្ដង​ណា​ទេ។ ប៉ុន្តែ​ផ្ទុយ​ពី​នេះ​វិញ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ខ្នាត​តូច ប្រើប្រាស់​មធ្យោបាយ​តាម​រទេះគោ ឬ​ដឹក​តាម​ម៉ូតូ ពួក​គេ​កម្រ​គេច​រួច​ណាស់។ បើ​មាន​វាសនា​រួច​ខ្លួន ក៏​ត្រូវ​បង់​លុយ​ទៅ​សមត្ថកិច្ច​ក្នុង​តម្លៃ​មួយ​ខ្ពស់ ជា​ថ្នូរ​នឹង​មាន​សេរីភាព​វិញ​ដែរ។

ចំណែក​ទិដ្ឋភាព​ទូទៅ​របស់​ស្រុក​សំឡូត ឯណោះ​វិញ ថ្វី​បើ​នៅ​តំបន់​នេះ ព្រៃ​ឈើ​បាន​រឹល​ហិនហោច និង​ស្ទើរ​តែ​ពុំ​មាន​ជម្រក​សត្វ​ទៀត​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​នៃ​ភូមិ​ភាគ​ពាយព្យ​មួយ​នេះ កម្រ​ឃើញ​ផ្ទះ​ធ្វើ​ពី​ឈើ​ធំៗ​ឡើយ។ ដោយ​ឡែក​តំបន់​ដែល​ត្រូវ​អភិរក្ស​ដោយ​មូលនិធិ ម៉ាដក្ស ចូលី ភីត វិញ កំពុង​ឋិត​ក្រោម​ការ​គំរាម​កំហែង និង​មាន​តំបន់​ខ្លះ​ត្រូវ​បាត់​បង់​ព្រៃ​ឈើ​ជា​បន្តបន្ទាប់។ ក្រុម​ឧទ្យានុរក្ស​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ តំបន់​ព្រៃ​ការពារ​ប្រហែល​នៅ​មិន​ដល់ ៦​ម៉ឺន​ហិកតារ​ផង។ ប្លង់​ផែនទី​ដែល​បាន​បង្ហាញ​ក្នុង​ឆ្នាំ​២០១៣ រក​ឃើញ​ថា មាន​ព្រៃ​ឈើ​សល់​តិចតួច​ប៉ុណ្ណោះ​នៅ​ពេល​នេះ។ បទល្មើស​ភាគ​ច្រើន ត្រូវ​គេ​ដាក់​បន្ទុក​ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​ពួក​គាត់​ចូល​កាប់​ទន្ទ្រាន​ធ្វើ​ដី​ចម្ការ និង​បន្ត​វាទី​ធ្វើ​ជា​កម្មសិទ្ធិ​លំនៅឋាន។

និយាយ​ពី​រឿង​ទិវា​រំឭក​គុណ​ដល់​ឧទ្យានុរក្ស​ពិភពលោក សម្រាប់​ថ្ងៃ​ទី​៣១ កក្កដា ដែល​អ្នក​ចូលរួម​នៅ​ពេល​នេះ គឺ​សុទ្ធ​តែ​ជា​មន្ត្រី​នគរបាល អាជ្ញាធរ​មូលដ្ឋាន ព្រម​ទាំង​មន្ត្រី​ឧទ្យានុរក្ស​ប្រមាណ ១០០​នាក់។

ពាក់ព័ន្ធ​បញ្ហា​នេះ អភិបាល​ស្រុក​សំឡូត លោក អ៊ិន សាវរិទ្ធ បាន​អំពាវនាវ​ឲ្យ​ជំនាញ និង​អ្នក​ពាក់ព័ន្ធ​បន្ត​ការពារ​ដោយ​ម៉ត់ចត់ ប្រឆាំង​បទល្មើស​ព្រៃ​ឈើ​នេះ ជាពិសេស​ត្រូវ​ដាំ​ដើម​ឈើ​ឡើង​វិញ ជួស​ទីតាំង​ណា​ដែល​រង​ការ​គំរាម​កំហែង៖ «អ៊ីចឹង​ឲ្យ​អស់​លោក​ចេះ​ថៃ​រក្សា។ ខោអាវ​ដែល​បាន​ស្លៀក​ពាក់​នេះ សូម​ឲ្យ​អស់​លោក​យក​ទៅ​ប្រើប្រាស់​ចំ​ទិស​ដៅ ព្រោះ​អស់​លោក​គឺ​ជា​អ្នក​អនុវត្ត​ច្បាប់​លើ​តំបន់​ព្រៃឈើ»

គិត​មក​ដល់​ពេល​នេះ មិន​ត្រឹម​តែ​ក្រុម​អ្នក​អភិរក្ស​ព្រៃ​ឈើ ឬ​ឧទ្យានុរក្ស​ទេ​ដែល​រង​ការ​គំរាម​កំហែង​អាយុ​ជីវិត។ ក្រៅ​ពី​នេះ​ទៀត ក៏​នៅ​មាន​សកម្មជន​ព្រៃ​ឈើ​នៅ​តាម​សហគមន៍​នានា ត្រូវ​រង​ការ​បំភិត​បំភ័យ​ដូច​គ្នា​នេះ​ដែរ។ មាន​បទពិសោធន៍​រួច​មក​ហើយ លោក ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​រង​ការ​បាញ់​ប្រហារ​ក្នុង​ខេត្ត​កោះកុង ដោយ​កង​រាជ​អាវុធហត្ថ​ដែល​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន ធីមបើគ្រីន (Timber Green) ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​នៅ​ទីនោះ ក្រោម​ហេតុផល​សម្អាត​ឈើ​បាត​អាង។ ចំណែក​អ្នក​ប្រព្រឹត្តិ​បទល្មើស នៅ​មិន​ទាន់​រក​ឃើញ ហើយ​ពួក​គេ​ទាំង​នេះ រស់នៅ​យ៉ាង​សប្បាយ​ក្រៅ​សំណាញ់​ច្បាប់ ដែល​ជា​មូលហេតុ​ជំរុញ​ឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ចំពោះ​អ្នក​ប្រព្រឹត្តិ​បទល្មើស​កាន់​តែ​មាន​កម្លាំង​ចិត្ត​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។