សហគមន៍​រក​ឃើញ​ឈើ​ប្រណិត​ជា​ច្រើន​នៅ​តំបន់​ព្រៃ​អភិរក្ស​ខេត្ត​មណ្ឌលគិរី

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង អណ្ដូង​ក្រឡឹង អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​មណ្ឌលគិរី ស៊ើប​អង្កេត​ជា​បន្ទាន់​ពី​សកម្មភាព​លួច​កាប់​ឈើ​ប្រណិត​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស កំពុង​កើត​មាន​យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​សហគមន៍​ចោទ​ប្រកាន់​មន្ត្រី​ព្រៃ​ឈើ​នៅ​តំបន់​នោះ ថា​អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឃុបឃិត​នាំ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃ​ឈើ​នេះ។
ដោយ រដ្ឋា វិសាល
2013-12-01
Share
កាប់​ឈើ មណ្ឌលគិរី ៦១០ ក្រុម​សហគមន៍​អណ្តូងក្រឡឹង ក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី រក​ឃើញ​ឈើ​ប្រណិត​ដែល​ត្រូវ​គេ​លួច​កាប់​នៅ​ភ្នំ​បា្រងសុង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
Adhoc Photo

គំនរ​ឈើ​ប្រណិត​ជា​ច្រើន​កន្លែង​ត្រូវ​បាន​សហគមន៍​រក​ឃើញ​នៅ​តំបន់​ព្រៃ​សហគមន៍​អភិរក្ស​ភ្នំ​ប្រាងសុង ឋិត​ក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង។

កាល​ពី​ថ្ងៃ​សុក្រ ទី​២៩ ខែ​វិច្ឆិកា កន្លង​ទៅ ក្រុម​សហគមន៍​និង​មន្ត្រី​មូលដ្ឋាន​ភូមិ រួម​ទាំង​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក មាន​គ្នា​ជាង ២០​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ភ្នំ​ប្រាងសុង និង​បាន​ឃើញ​ពី​សកម្មភាព​កាប់​យក​ឈើ​ប្រណិត​អនាធិបតេយ្យ​នេះ​ច្រើន​កន្លែង និង​មាន​ឈើ​អារ​ជា​ឈើ​ជ្រុង​ទំហំ ៣០ ទៅ ៤០​សង់ទីម៉ែត្រ ប្រវែង ៣ ទៅ ៤​ម៉ែត្រ ប្រមាណ ១០០​ដុំ ត្រូវ​គេ​បន្សល់​ទុក​ក្នុង​ព្រៃ​ចាប់​តាំង​ពី​ចង្កេះ​ភ្នំ​រហូត​ដល់​កំពូល​ភ្នំ។ ឈើ​ជ្រុង​ទាំង​អស់​នោះ ត្រូវ​គេ​សរសេរ​នឹង​ថ្នាំ​ពណ៌​ក្រហម​ជា​អក្សរ អិន (N)។

តំណាង​សហគមន៍ លោក ចិច រយើប មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​បទល្មើស​លួច​កាប់​ឈើ​ធ្ងន់ធ្ងរ​កើត​មាន​ក្នុង​ព្រៃ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​បញ្ជី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​អភិរក្ស ថែរក្សា និង​អាស្រ័យ។ លោក​បន្ត​ថា បទល្មើស​ព្រៃ​ឈើ​នេះ កើត​មាន​ប្រមាណ ២​ខែ កន្លង​ទៅ​នេះ និង​មាន​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ ហើយ​ផ្ទេរ​ទៅ​ឲ្យ​រថយន្ត​ទេសចរណ៍​តូចៗ​ដឹក​ជញ្ជូន​ចេញ​រៀង​រាល់​ថ្ងៃ​ទៅ​តាម​ផ្លូវ​មុខ​ការិយាល័យ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ជា​បន្ត​បន្ទាប់ ដោយ​មិន​ឃើញ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បង្ក្រាប​ឡើយ។

លោក ចិច រយើប៖ «គេ​ដាក់​ផ្លាក​ក្នុង​ឈើ​ហ្នឹង ដាក់​សុទ្ធ​តែ​អក្សរ អិន ទាំង​អស់​ហ្នឹង។អត់​ឃើញ​មនុស្ស​ទេ ដូច​ថា គេ​ចេញ​អស់​ហើយ ខ្លាច​ពួក​ខ្ញុំ​ចាប់​ឡាន​ចាប់​ស្អី​គេៗ​ដឹង​មុន មិន​ដឹង​នរណា​ប្រាប់​គេ។ មេ​ព្រៃ​ហ្នឹង ពី​មុន​ប្រជាពលរដ្ឋ​ប្ដឹង​ដែរ ប្ដឹង​អត់​ឃើញ​អើពើ​អ៊ីចឹង​ណា!»

តំបន់​ព្រៃ​អភិរក្ស​អណ្ដូង​ក្រឡឹង មាន​ផ្ទៃ​ដី ២៥០០​ហិកតារ ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​មណ្ឌលគិរី ប្រគល់​ជូន​សហគមន៍​អភិរក្ស​តាំង​ពី​ឆ្នាំ​២០០៤ មក។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក សុខ រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ចុះ​អង្កេត​ករណី​នេះ​បន្ទាប់​ពី​សហគមន៍​បាន​រាយការណ៍​សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម។ លោក​ទទួល​ស្គាល់​ថា ឈើ​ប្រណិត​មាន បេង ធ្នង់ នាងនួន នៅ​តំបន់​ភ្នំ​ប្រាងសុង ពិត​ជា​កំពុង​ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​មែន។

លោក​បន្ត​ថា ប្រសិន​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​បង្ក្រាប​ទាន់​ពេល​វេលា​ទេ ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​នេះ​នឹង​ត្រូវ​គេ​កាប់​បំផ្លាញ​អស់​គ្មាន​សល់៖ «ចុះ​ទៅ​ចង្កេះ​ភ្នំ​ស្អី​ហ្នឹង គឺ​មាន​ការ​កាប់​រាយ​ប៉ាយ​ពេញ​មួយ​ភ្នំ​ហ្នឹង​តែម្ដង មាន​ការ​ច្រៀក​ទុក​ជា​ស្រេច ទំហំ​ប៉ុនៗ​គ្នា។ គ្រប់​ទីតាំង​ដែល​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​នៅ​តំបន់​នោះ យើង​សរុប​ទៅ កំណាត់​ឈើ​ដែល​អារ​រួច​ជា​ស្រេច ហើយ​ទុក​នៅ​ក្នុង​ព្រៃ​បម្រុង​ដឹក​ចេញ សរុប​ទៅ​វា ៨៩​ដុំ។ ទាំង​ប្រជាពលរដ្ឋ ទាំង​ខាង​អាដហុក យើង​ក៏​អត់​ដឹង​ដែរ ព្រោះ​យើង​អត់​ដឹង​ថា ខាង​ណា​ចូល​ទី​កាប់​ទេ គ្រាន់​តែ​មាន​ការ​អះអាង​ពី​ប្រជាពលរដ្ឋ​ថា កន្លែង​ហ្នឹង​មាន​ការ​បណ្ដែតបណ្ដោយ​ពី​ខាង​រដ្ឋបាល​ព្រៃឈើ​កែវសីមា នៅ​ក្បែរ​ហ្នឹង បណ្ដោយ​ឲ្យ​ឈ្មួញ ក៏​ដូច​ជា​អ្នក​រក​ស៊ី​ឈើ​ចូល​ទៅ​កាប់​យ៉ាង​អនាធិបតេយ្យ​នៅ​ហ្នឹង»

ឆ្លើយ​តប​ការ​អះអាង​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ មាន​ប្រសាសន៍​បញ្ជាក់​ថា តំបន់​ព្រៃ​ដែល​ប្រគល់​ជូន​សហគមន៍​អភិរក្ស គឺ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ចូល​កាប់​យក​ឈើ​បាន​ឡើយ។ លោក​បន្ត​ថា នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ករណី​នេះ៖ «ដី​ដែល​ឲ្យ​ទៅ​សហគមន៍​ហើយ​មិន​អាច​ធ្វើ​វិនិយោគ​ទេ ព្រោះ​យើង​បាន​រៀបចំ​ជា​សហគមន៍​ព្រៃ​ឈើ​ហើយ។ ចាំ​មើល​ខ្ញុំ​ចាត់​មន្ត្រី​ទៅ​មើល»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​អង្គការ​អាដហុក ដដែល​ឲ្យ​ដឹង​ថា តំណាង​សហគមន៍​បី​នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​មក​អង្គការ​លោក​រួច​ហើយ សុំ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​ជួយ​ទប់ស្កាត់។ ករណី​នេះ​លោក​នឹង​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​សហគមន៍​ជូន​មន្ត្រី​អាជ្ញាធរ​ខេត្ត​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ស្ថាប័ន​អយ្យការ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។