ប្រជាសហគមន៍ការពារព្រៃឈើនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានរកឃើញបទល្មើសឈើខុសច្បាប់ ប្រភេទជាសសរផ្ទះជាង ១០០ដើម។ ពួកគេបានរាយការណ៍ព័ត៌មាននេះទៅ មន្ត្រីជំនាញឱ្យចាត់វិធានការ ប៉ុន្តែប្រមាណ ២ខែហើយ នៅតែគ្មានចំណាត់ការ។ យ៉ាងណាមន្ត្រីជំនាញអះអាងថា ពួកគេបានចាត់ការហើយ ប៉ុន្តែមិនទាន់អាចដឹកជញ្ជូនឈើទាំងនោះមករក្សាទុកកន្លែងមន្ត្រីជំនាញបាន។
ប្រជាសហគមន៍ដាក់ការសង្ស័យថា មន្ត្រីជំនាញនៅស្រុកសណ្ដាន់ អាចពាក់ព័ន្ធជាមួយឈ្មួញឈើនោះ ឬអាចយកលុយយកកាក់ទៀតផង។ ការសង្ស័យនេះ ដោយពួកគេឃើញគំនរសសរឈើខុសច្បាប់ និងម្ចាស់ឈើនោះ នៅតែដដែល ពីព្រោះមន្ត្រីជំនាញមិនមានចំណាត់ការលើបញ្ហានេះទេ។
ប្រធានសហគមន៍ការពារព្រៃឈើអូរធ្នង់ ឃុំដងកាំបិត លោក ខៀវ ឃិត មានប្រសាសន៍ថា ឈើសសរ ១២៤ដើម ដែលជាប្រភេទឈើផ្ដៀក និងឈើទាល ត្រូវបានប្រជាសហគមន៍ប្រទះឃើញកាលពីខែឧសភា គឺជារបស់ឈ្មួញឈើម្នាក់នៅទីនោះ។ លោកបន្តថា ពួកគេបានរាយការណ៍ទៅមន្ត្រីជំនាញ ដោយប្រាប់ទាំងជនល្មើសទៀតផង ប៉ុន្តែឃើញមន្ត្រីជំនាញទៅដឹកចេញបានប្រមាណ ១០ដើមប៉ុណ្ណោះ ក្រៅពីនេះ នៅកន្លែងដដែល។ លើសពីនេះទៀត ឈ្មួញដែលពលរដ្ឋស្គាល់ថា ជាម្ចាស់ឈើទាំងនោះ ក៏មិនឃើញមន្ត្រីជំនាញចាត់ការដែរ។
ប្រជាសហគមន៍ដដែលបារម្ភថា ជនល្មើសនឹងកាន់តែបានចិត្ត ហើយបទល្មើសព្រៃឈើនឹងកាន់តែកើតឡើងថែមទៀត៖ «ខ្ញុំយល់ឃើញថា មិនដឹងជាគេត្រូវគ្នា ឬយ៉ាងម៉េចទេ ព្រោះរាល់ថ្ងៃនេះរាំង អត់មានភ្លៀងផង គេមិនព្រមដឹកបន្តទៀត»។
ទាក់ទងបញ្ហានេះ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ លោក ចាន់ មុនីនាថ មានប្រសាសន៍ថា មន្ត្រីជំនាញបានធ្វើការងារនេះរួចរាល់ហើយ ប៉ុន្តែមិនអាចដឹកជញ្ជូនឈើទាំងនោះមករក្សាទុកនៅទីស្នាក់ការរដ្ឋបាលព្រៃឈើបាន ព្រោះផ្លូវពិបាក។ ដូចនេះលោកថា ត្រូវរង់ចាំទឹកឡើងដើម្បីដឹកជញ្ជូនឈើទាំងនោះតាមផ្លូវទឹកវិញ។ លោកបញ្ជាក់ថា ចំពោះម្ចាស់ឈើគឺគ្មាននរណាម្នាក់ទទួលស្គាល់ថា ជាឈើរបស់ខ្លួនឡើយ ហើយអាជ្ញាធរក៏គ្មានភស្តុតាងចង្អុលបង្ហាញថា ជារបស់ជនណាប្រាកដដែរ។
លោកបដិសេធចំពោះការចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធជាមួយឈ្មួញនោះ៖ «អត់ទេ អត់មានយកទេ ប៉ុន្តែខ្ញុំឱ្យសហគមន៍គេឃ្លាំមើលជួយដឹកយកអីហ្នឹង ឱ្យគាត់ជួយឃ្លាំមើលទៅពេលដែលទឹកឡើងមក យើងអាចដឹកតាមទូកវិញ»។
ព្រៃឡង់ ដែលជាតំបន់មានទំហំព្រៃឈើធំធេងជាងគេ គ្របដណ្តប់ខេត្តចំនួន ៤ នៅក្នុងប្រទេសកម្ពុជា រួមមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង គឺកំពុងរងការបំផ្លិចបំផ្លាញស្ទើរជារៀងរាល់ថ្ងៃ។
មន្ត្រីជំនាញដដែលអះអាងទៀតថា រដូវនេះ បទល្មើសឈើខុសច្បាប់គឺធ្លាក់ចុះ ព្រោះជារដូវភ្លៀង ម្យ៉ាងប្រជាសហគមន៍ និងអាជ្ញាធរតែងចុះល្បាតជាប្រចាំ។
ទោះបីជាយ៉ាងណាក៏ដោយ បណ្ដាញស្នូលព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា ការដឹកជញ្ជូនឈើពីក្នុងព្រៃអាចថយចុះមែន ក៏ប៉ុន្តែម៉ាស៊ីអារឈើនៅក្នុងព្រៃលាន់ទ្រហឹងអឺងកង គ្មានការថយចុះទេ។ លើសពីនេះទៀត ឈើដែលជនល្មើសកាប់ ត្រូវបានពួកគេនាំគ្នាដឹកជញ្ជូនមកស្តុកទុកនៅក្បែរៗផ្លូវដើម្បីងាយស្រួលនាំចេញ។ ចំណែកថៅកែឈើទាំងនោះវិញ លោក ហឿន សុភាព អះអាងថា ជាមន្ត្រីមានសមត្ថកិច្ចទៀតផង។
លោក ហឿន សុភាព៖ «អត់ថយចុះ ប៉ុន្តែកាលពីម្សិលមិញឈើហ្នឹងត្រូវដឹកជញ្ជូនតាមភូមិខ្ញុំតែម្ដង។ ឈើហ្នឹងមិនច្រើនប៉ុន្មានទេ ប្រហែលជា ៤ ឬ ៥គូបតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំរាយការណ៍ប្រាប់ទៅមេព្រៃ ប្រាប់ទៅអភិបាលស្រុក ប៉ុន្តែអត់មានចំណាត់ការអីផង»។
បណ្ដាញស្នូលព្រៃឡង់ដដែលបារម្ភថា វាសនាព្រៃឈើនៅតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ និងបណ្ដាខេត្តផ្សេងៗទៀត អាចនឹងឈានទៅរកភាពវិនាស ប្រសិនបើរាជរដ្ឋាភិបាលនៅតែមិនមានវិធានការណាមួយឱ្យមានប្រសិទ្ធភាពទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។