សហគមន៍​ព្រៃឈើ​នៅ​ស្រុក​អន្លង់វែង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់​ស្កាត់​ការ​កាប់​ឈើ

0:00 / 0:00

ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន សកម្មភាព​កាប់​ឈើ​យក​ទៅ​លក់ដូរ និង​ដើម្បី​រុករាន​យក​ដី​កំពុង​កើត​មាន​យ៉ាង​ខ្លាំង​នៅ​តំបន់​ការពារ​របស់​សហគមន៍​នៃ​ភូមិ​អូរតាម៉េង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​នោះ​ក៏ដោយ ក៏​សមត្ថកិច្ច​ពាក់ព័ន្ធ ដូចជា​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ព្រៃឈើ​ជាដើម ហាក់​មិន​សូវ​ចុះ​ទៅ​បង្ក្រាប​ទេ។

ក្រុម​បណ្ដាញ​ការពារ​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជួយ​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដែល​កំពុង​កើត​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​សហគមន៍​ការពារ​ព្រៃឈើ​ចំនួន​២ ក្នុង​ស្រុក​អន្លង់វែង។

តំបន់​ដែល​កំពុង​គំរាមកំហែង​ទៅ​លើ​ព្រៃ​ឈើ​នោះ គឺ​នៅ​ក្នុង​សហគមន៍​សាមគ្គី​សង្គ្រោះ​ព្រៃឈើ​ភូមិ​អូរតាម៉េង និង​សហគមន៍​ព្រៃស្រោង នៃ​ឃុំ​អន្លង់វែង។

ប្រធាន​សហគមន៍​សាមគ្គី​សង្គ្រោះ​ព្រៃឈើ ភូមិ​អូរតាម៉េង គឺ​លោក ឡេវ សែត។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​មីនា ថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ខ្លះ​កំពុង​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​ដែន​សហគមន៍​របស់​លោក​ដើម្បី​យក​ទៅ​លក់ដូរ ចំណែក​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត ក៏​នាំ​គ្នា​សម្រុក​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​រុករាន​យក​ដី​ធ្វើស្រែ​ចម្ការ​ដែរ។

លោក ឡេវ សែត បញ្ជាក់​ថា រូប​លោក​ដែល​ជា​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ទី​នោះ មិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​នោះ​បាន​ទេ ប្រសិនបើ​អាជ្ញាធរ​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​បង្ក្រាប៖ «អា​រឿង​កាប់​ឈើ​លក់​វា​ម្យ៉ាង​ហើយ ប៉ុន្តែ​មិន​សំខាន់​ដល់​ចំការ​ទេ។ រាល់​ថ្ងៃ​គេ​កាប់​រាន​យក​ដី ខ្ញុំ​ព្រួយបារម្ភ​ណាស់ ខ្ញុំ​ដាក់​របាយការណ៍​ទៅ​រដ្ឋបាល​ព្រៃឈើ​ក៏​ស្ងាត់ ដាក់​ទៅ​អាជ្ញាធរ​ស្រុក​ក៏​មិន​មាន​វិធានការ​អី»

​លោក ឡេវ សែត ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៤ សហគមន៍​របស់​លោក​បាន​ទទួល​ភារកិច្ច​ការពារ​ព្រៃឈើ​ទំហំ​ជាង ៤.១០០​ហិកតារ​ពី​រដ្ឋាភិបាល ក៏ប៉ុន្តែ​បច្ចុប្បន្ន​ព្រៃ​នេះ​បាន​បាត់បង់​ស្ទើរតែ​ពាក់​កណ្ដាល​ទៅ​ហើយ ដោយសារ​តែ​ក្រុម​មនុស្ស​មក​ពី​ខេត្ត​ផ្សេងៗ​នាំ​គ្នា​ចូល​ទៅ​កាប់​រុករាន​យក​ដី។ ចំណែក​ឯ​សហគមន៍​ព្រៃស្រោង ដែល​មាន​ផ្ទៃដី​ការពារ​ជាង ៦.០០០​ហិកតារ នៅ​ជិត​គ្នា​នោះ បាន​បាត់​បង់​អស់​ទៅ​ហើយ ដោយសារ​តែ​ការ​ទន្ទ្រាន​កាន់​កាប់​ធ្វើ​ជា​កម្មសិទ្ធិ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ឧត្តរមានជ័យ លោក ទៀង ដាវិទ្យ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខ្លះ​ទៀត ដើម្បី​សុំ​ការ​ពន្យល់​រឿង​នេះ​បាន​ថា យ៉ាង​ណា​នៅ​ឡើយ។

ប្រធាន​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឈើ ខេត្ត​ឧត្តរមានជ័យ លោក សារ ថ្លៃ មាន​ប្រសាសន៍​ថា កន្លង​ទៅ​លោក​តែង​ជួយ​អន្តរាគមន៍​ដើម្បី​ការពារ​ព្រៃឈើ​ទាំង​នោះ ក៏ប៉ុន្តែ​ពេល​នេះ​លោក​មិន​មាន​លទ្ធភាព​ទៀត​ទេ ពី​ព្រោះតែ​បណ្ដាញ​សហគមន៍​របស់​លោក​អស់​មូលនិធិ​ធ្វើ​សកម្មភាព​ទៅ​ហើយ។

ទោះ​យ៉ាង​ណា​លោក សារ ថ្លៃ បញ្ជាក់​ថា អន្តរាគមន៍​របស់​លោក​ដើម្បី​ការពារ​ព្រៃឈើ​ពេល​នេះ គឺ​មាន​កម្រិត​ដូចជា​បាន​ត្រឹមតែ​ធ្វើ​របាយការណ៍​ដាក់​ជូន​អាជ្ញាធរ​ប៉ុណ្ណោះ៖ «ពេល​ដែល​រឿង​រាយការណ៍​រាយ​អី​ហើយ គួរ​តែ​គាត់​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​រាល់​បញ្ហា​ដែល​កើត​ឡើង​នោះ ក៏​ប៉ុន្តែ​វា​អត់​មាន​សោះ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ខេត្ត​ឧត្តរមានជ័យ ទាំង​មូល គឺ​មាន​សហគមន៍​ការពារ​ព្រៃឈើ​ទាំង​អស់​ចំនួន​១៣ ក៏ប៉ុន្តែ​បច្ចុប្បន្ន សហគមន៍​ព្រៃឈើ​ជា​ច្រើន​បាន​រលាយ​ខ្លួន​បាត់​ជា​បន្តបន្ទាប់ ដោយសារ​តែ​ដី​សហគមន៍​ខ្លះ​ត្រូវ​ទាហាន​យក​ធ្វើ​ជា​បន្ទាយ និង​ដី​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ទន្ទ្រាន​កាន់កាប់ ហើយ​អាជ្ញាធរ​ហាក់​ព្រងើយកន្តើយ​មិន​ជួយ​ការពារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។