ស្នងការ​ប៉ូលិស​ខេត្ត​ព្រះវិហារ​អះអាង​ថា​ពុំ​មាន​អ្នក​លួច​ដុត​ឈើ​ក្រុមហ៊ុន​គ្រីន​ខនទ្រី

មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​លុប​ចោល​ការ​សង្ស័យ​ទៅ​លើ​បញ្ហា​ដែល​ថា អាច​នឹង​មាន​អ្នក​លួច​ដុត​បំផ្លាញ​ឈើ​អារ​រាប់​រយ​ម៉ែត្រ​គូប និង​ឈើ​កំណាត់​រាប់​ពាន់​ដុំ​របស់​ក្រុមហ៊ុន​ឯកជន​ឈ្មោះ គ្រីន ខនទ្រី ជេ.អេស.ស៊ី (Green Country JSC) នោះ​ហើយ។

ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ គឺ​លោក​ឧត្តមសេនីយ៍ ស៊ី គីរី។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​កុម្ភៈ ថា កម្លាំង​របស់​លោក​បាន​ចំណាយ​ពេល​ស៊ើប​អង្កេត​ទៅ​លើ​គ្រោះ​អគ្គីភ័យ ដែល​ឆេះ​បំផ្លាញ​ឈើ​អារ​ជាច្រើន​រយ​ម៉ែត្រ​គូប និង​ឈើ​កំណាត់​ច្រើន​ពាន់​ដុំ ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​ក្រុមហ៊ុន គ្រីន ខនទ្រី ជេ.អេស.ស៊ី នៅ​ភូមិ​ស្រយង់​ខាង​ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន នោះ​ហើយ គឺ​មិន​មាន​អ្នក​លួច​ដុត​បំផ្លាញ​ទេ។ លោក​ថា អគ្គីភ័យ​នោះ​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ៖ « តាម​ព័ត៌មាន​ដែល​យើង​ទៅ​ជួយ​ពន្លត់ គឺ​ភ្លើង​ព្រៃ​វា​ ឆេះ​រាល ​មក​ដល់​ឃ្លាំង​របស់​គាត់ ហើយ​អ្នក​ នៅ​ចាំ ​តែ ២​នាក់។ ដល់​អ៊ីចឹង​ភ្លើង​វា​ឆេះ​ឈើ​ហ្នឹង ​ទាំងអស់ »

ទោះ​យ៉ាង​ណា អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ បាន​ចុះ​ផ្សាយ​ថា គ្រោះ​អគ្គីភ័យ​ដែល​កើត​ឡើង​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ កន្លង​ទៅ បាន​ឆេះ​បំផ្លាញ​ឈើ​ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​ក្រុមហ៊ុន គ្រីន ខនទ្រី ជេ.អេស.ស៊ី នៅ​ភូមិ​ស្រយង់​ខាង​ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន នោះ​អស់​ប្រមាណ ៤​ពាន់​ម៉ែត្រ​គូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។