ក្រុមអ្នកអភិរក្ស នៃអង្គការ WWF រួមជាមួយនឹងរដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងរដ្ឋបាលជលផល បានសហការគ្នារៀបចំប្រារព្ធទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ រយៈពេលបីថ្ងៃគឺនៅថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែតុលា នៅទីរួមខេត្តក្រចេះ ។ ទិវានេះរៀបចំឡើងដើម្បីពង្រឹងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ទិវានេះរៀបចំឡើង ក៏ដើម្បីអបអរ ទិវាសត្វផ្សោតពិភពលោក (World Dolphin Day) ដែលតែងតែប្រារព្ធនៅថ្ងៃទី៣០ ខែតុលា។ ក្រុមអ្នកអភិរក្សសត្វផ្សោតទន្លេមេគង្គថា ការអភិរក្សសត្វផ្សោតទន្លេមេគង្គទទួលបានជោគជ័យ។ ទោះបីយ៉ាងណាសត្វផ្សោតទាំងនេះនៅតែប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរពីការនេសាទខុសច្បាប់ និងការសាងសង់ទំបន់វ៉ារីអគ្គិសនី។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF ផ្សាយថ្ងៃទី២៤ ខែតុលា ឱ្យដឹងថា ក្រុមអ្នកអភិរក្សបានសង្កេតឃើញចំនួនសត្វផ្សោតមកទល់បច្ចុប្បន្នបានកើនឡើងថ្មីចំនួន ២០ក្បាល និងមានតែ ៩ក្បាលតែប៉ុណ្ណោះដែលស្លាប់ទៅវិញ។ កំណត់ត្រាកំណើនចំនួនសត្វផ្សោតនៅឆ្នាំ ២០១៥ បង្ហាញថាមានសត្វផ្សោតចំនួន ៨០ក្បាល។ ចំនួននេះបានកើនឡើងពី ៨០ក្បាល ទៅដល់ ៩២ក្បាល នៅក្នុងឆ្នាំ ២០១៧។
នាយកប្រតិបត្តិរបស់អង្គការ WWF លោក សេង ទៀក បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានថា ការធ្លាក់ចុះនៃចំនួនសត្វផ្សោតកន្លងមកនេះ បានបញ្ចប់ទៅហើយ ប៉ុន្តែ រយៈពេលចុងក្រោយនេះគឺមានតែការកើនឡើងវិញ។
ទោះយ៉ាងណា ក្រុមអ្នកអភិរក្សសង្កេតឃើញថា ចំនួនសត្វផ្សោតទន្លេមេគង្គបច្ចុប្បន្នមានត្រឹម ៩២ក្បាល នៅតែមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបនឹងកាលពីជាងមួយរយឆ្នាំមុន ដែលផ្សោតទន្លេមេគង្គ និងទឹកសាប ធ្លាប់មានរហូតដល់ទៅជាង បីពាន់ក្បាលឯណោះ។
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF ឱ្យដឹងដែរថា សត្វផ្សោតទន្លេមេគង្គនៅតែរងការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិត ដោយសារតែការនេសាទខុសច្បាប់ដូចជាការដាក់មងក្នុងតំបន់ការពារ និងការសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គ។
ក្រុមអ្នកអភិរក្សបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកត្តាគំរាមកំហែងទាំងនេះ ថាអាចនឹងប៉ះពាល់ដល់ការរស់រានរបស់សត្វផ្សោត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន នៅតំបន់នោះផងដែរ។
ឆ្លើយតបនឹងបញ្ហាទាំងនេះ ក្រុមអ្នកអភិរក្សរបស់អង្គការ WWF និងដៃគូអភិរក្សប្រកាសថា នឹងខិតខំអភិរក្សប្រភេទសត្វផ្សោតនេះ តាមរយៈការងារពង្រឹងច្បាប់ឱ្យបានតឹងរ៉ឹង កាត់បន្ថយ និងលុបបំបាត់ចោលនូវការនេសាទខុសច្បាប់នានា ក្នុងតំបន់ការពារសត្វផ្សោត ព្រមទាំងកម្មវិធីផ្ដល់ជម្រើសជីវភាពជាច្រើនដល់សហគមន៍មូលដ្ឋាន។
ពួកគេក៏ចង់ជំរុញឱ្យមានការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាជម្រើសថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ជំនួសឱ្យគម្រោងទំនប់វារីអគ្គិសនី ដែលបង្កការគំរាមកំហែងលើអាយុជីវិតសត្វផ្សោតទន្លេមេគង្គ និងជីវភាពរបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
