លោក សៅ សុខា បញ្ជា​ឱ្យ​សមត្ថកិច្ច​បាញ់​កម្ទេច​ក្រុម​អ្នក​កាង​បទល្មើស​ដឹកឈើ​ចេញពី​ព្រៃឡង់

ដោយ នៅ វណ្ណារិន
2023.04.28
លោក សៅ សុខា បញ្ជា​ឱ្យ​សមត្ថកិច្ច​បាញ់​កម្ទេច​ក្រុម​អ្នក​កាង​បទល្មើស​ដឹកឈើ​ចេញពី​ព្រៃឡង់ សកម្មភាព​អាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបបទល្មើសព្រៃឈើ ចន្លោះពីថ្ងៃទី២៦-២៨ មេសា ២០២៣។
រូប៖ ហ្វេសប៊ុកGRK News

លោក សៅ សុខា មេ​ប៉េអិម​លើ​ផ្ទៃ​ប្រទេស បញ្ជា​ឱ្យ​កម្លាំង​ចុះ​ចាប់ ឬ​បាញ់​កម្ទេច ក្រុម​អ្នក​កាង ឬ​ក្រុម​មន្ត្រី​រត់ការ​បើក​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​នៅ​ព្រៃឡង់ ប្រសិនបើ​ពួកគេ​ប្រើ​អាវុធ​បាញ់​តដៃ​នឹង​សមត្ថកិច្ច​។ លោក​ថា ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន ដោយសារ​អាជ្ញាធរ​ថ្នាក់​ខេត្ត​អសកម្ម និង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ។ សកម្មជន​ព្រៃឈើ​យល់ឃើញ​ថា សំដី​របស់​លោក សៅ សុខា នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ពីព្រោះ​លោក​ធ្លាប់​សន្យា​ស្រដៀង​គ្នា​នេះ តែ​គ្មាន​អ្នក​អនុវត្ត។

សកម្មជន​នៅតែ​គ្មាន​ជំនឿ​ថា ការ​ចេញ​បញ្ជា​ជាថ្មី​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​លោក សៅ សុខា មិនអាច​ការពារ​ព្រៃឈើ​ឡើយ ព្រោះ​កន្លងមក មេ​ប៉េអិម​រូប​នេះ ក៏​ធ្លាប់​បាន​ប្រកាស​ដាក់​ទាំង​ជីវិត​ដើម្បី​ការពារ​ព្រៃឈើ ប៉ុន្តែ​ក្រោយ​មក ព្រៃឈើ​នៅតែ​រង​ការ​វិនាស​ធ្ងន់ធ្ងរ​ដដែល។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ មេសា ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ភ្លាម កាល​ពី​យប់​ថ្ងៃទី ២៤ មេសា លោក សៅ សុខា បាន​បញ្ជា​ឱ្យ​កង​អន្តរាគមន៍​ថ្នាក់​ជាតិ​ចំនួន ១៥​ក្រុម បំពាក់​កាំភ្លើង​គ្រប់​ដៃ​រួម​ទាំង​បេ​៤០ ចុះទៅ​បង្ក្រាប និង​ឃាត់​បាន​ជនល្មើស​ជាច្រើន​នាក់​។ លោក​បន្ត​ថា គិត​មក​ដល់​ពេលនេះ កងកម្លាំង​រឹបអូស​បាន​ឈើ​ជាង​៧៣​ម៉ែត្រ​គីប ឈើ​ហ៊ុប​មិនទាន់​វាស់វែង​ចំនួន ៤​រថយន្ត រថយន្ត​សណ្ដោង ៧​គ្រឿង គោយន្ត​កន្ត្រៃ​១៣​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​ឃាត់ខ្លួន​ជនល្មើស​បាន ១៤​នាក់​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាត់​វិធានការ​តាម​នីតិវិធី។ លោក​ថា បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​បន្ត​សាកសួរ​ជនល្មើស​ទាំង ១៤​នាក់​នោះ ដើម្បី​ស្វែងរក​មេខ្លោង​នៅ​ពីក្រោយ។

លោក អេង ហ៊ី៖ «យើង​ឃើញថា ភាគច្រើន​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត ហើយ​ក្នុង​អ្នក​ដែល​ប្រព្រឹត្ត​នេះ យើង​កំពុង​សួរនាំ​បន្ត​ទៀត តើ​មាន​អ្នកណា​កាង អ្នកណា​នៅ​ពីក្រោយ»

ការ​លើកឡើង​ពី​អ្នកនាំពាក្យ​រូប​នេះ​ធ្វើឡើង បន្ទាប់ពី​សារ​សំឡេង​មួយ​របស់​លោក សៅ សុខា ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី២៦ មេសា។ លោក សៅ សុខា បាន​បញ្ជា​ឱ្យ​កងកម្លាំង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជម្រាយ ចំនួន​១៥០​នាក់ បែង​ចែក​ជា ១៥​ក្រុម ដោយ​មួយ​ក្រុម​ត្រូវ​មាន​បេ​៤០ មួយ​ដើម និង​ត្រូវ​បំពាក់​ដោយ​កាំភ្លើង​គ្រប់​ដៃ ចុះទៅ​ឡោមព័ទ្ធ​ចាប់ខ្លួន ឬ​អាច​បាញ់​កម្ទេច​ចោល​តែម្ដង ប្រសិនបើ​មានការ​បាញ់​តដៃ ពី​សំណាក់​ក្រុម​អ្នក​កាង ឬ​មន្ត្រី​រត់ការ​បើក​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ជាពិសេស​ស្ថិត​នៅ​ក្នុង​ខេត្តក្រចេះ ដោយ​មិន​ចាំបាច់​ប្រាប់​ដំណឹង​ទៅ​អភិបាល​ខេត្ត ឬ​អភិបាល​ស្រុក​ណា​ឡើយ ព្រោះ​លោក​ថា ពួកគេ​ជា​មន្ត្រី​អត់​បានការ និង​មិន​ដែល​ខ្វល់​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ឡើយ។

លោក សៅ សុខា៖ «ឥឡូវ​បើ​អា​ស្រុក​វា​មិន​ធ្វើ អា​ខេត្ត​វា​មិន​ធ្វើ យើង​ធ្វើ មិន​បាច់​ហៅ​ពី​ណា​ទៅ​ច្រើន​ទេ អាវុធហត្ថ​ទៅ​ធ្វើ ហើយ​បើ​មាន​កាំភ្លើង​តដៃ​បាញ់​គ្នា​ទេ បាញ់​តែម្ដង​ទៅ មិន​បាច់​និយាយ​ច្រើន​ទេ យក​បេ​ទៅ​តែម្ដង បំពាក់​១០​ដើម​តែម្ដង បើ​ថា​វា​បាញ់​ត បាញ់​វា​តែម្ដង បាញ់​កម្ទេច​ក្រវាត់​ចោល។ ស្អី​ក៏​វា​សម្បើម​ម្ល៉េះ​ហា៎ មក​ដល់​ម៉ោង​ហ្នឹង នៅ​បំផ្លិចបំផ្លាញ មិន​ឮ​នាយករដ្ឋមន្ត្រី​បញ្ជា​យ៉ាងម៉េច​ទេ​អី ហើយ​អា​មន្ត្រី​អស់ហ្នឹង គឺ​ដេក​ងាប់​អស់​តែម្ដង»

លោក សៅ សុខា ក៏​ព្រមាន​ដក​ស័ក្ដិ​ចេញពី​ស្មា​ក្រុម​មន្ត្រី​កងរាជអាវុធហត្ថ ប្រសិនបើ​ពួកគេ​មិនអាច​តាម​ចាប់ខ្លួន​ក្រុម​មន្ត្រី​ក្បាល​រឹង ឬ​ក្រុម​ជើង​កាង​បទល្មើស​ព្រៃឈើ ខណៈ​លោក​បញ្ជាក់​ថា ក្រុម​ទាំងនោះ កំពុង​ឆ្លៀតឱកាស​ដែល​រដ្ឋាភិបាល​ជាប់ដៃ​រៀបចំ​ប្រកួត​កីឡា​ស៊ីហ្គេម និង​រៀបចំ​ការ​បោះឆ្នោតជាតិ​ខាងមុខនេះ លួច​ចូល​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​អាច​ដឹក​ចេញពី​ព្រៃ​ឡង់​យ៉ាង​រំភើយ ឆ្លង​កាត់មុខ​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន និង​ស្នាក់​ការ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ។ លោក​យល់ឃើញ​ថា ការ​បណ្ដែតបណ្ដោយ​ការ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​បែបនេះ ដោយសារ​ក្រុម​មន្ត្រី​ជំនាញ​ទាំងនោះ គប់គិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​សកម្មជន និង​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​លើកឡើង​ថា បទល្មើស​ព្រៃឈើ​បាន​កើត​ឡើង​យ៉ាងសកម្ម ដោយសារ​គ្មាន​មន្ត្រី​ចុះ​បង្ក្រាប ដែល​អាច​ធ្វើ​ឱ្យ​ព្រៃ​ដ៏​ធំ​មួយ​នេះ វិនាស​បាត់បង់​ទាំងស្រុង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ដ៏​ខ្លី​ខាងមុខ។ ក្រុម​សកម្មជន​បញ្ជាក់​ថា ដើមឈើ​ធំៗ ក្នុង​តំបន់​ការពារ ត្រូវ​បាន​អារ​ផ្ដួល​រួច​ដឹក​តាម​ម៉ូតូ គោយន្ត និង​រថយន្ត​ធំៗ លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​រកស៊ី​ឈើ ដូចជា​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech (Cambodia) Co., Ltd.) នៅ​ខេត្តក្រចេះ និង​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT Co., Ltd.) នៅ​ក្នុង​ខេត្តព្រះវិហារ។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​អ្នកស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​លោក អូត ឡាទីន ចាត់ទុក​ចំណាត់ការ​របស់​មេ​ប៉េអិម​លើ​ផ្ទៃ​ប្រទេស​នៅ​ពេល​នេះ ថា​ជា​រឿង​ចម្លែក និង​មិន​ស៊ីចង្វាក់​គ្នា​នឹង​ការ​លើកឡើង​ពី​មន្ត្រី​ក្រសួង​បរិស្ថាន ដែល​តែង​ដោះសា​គេចវេះ​មិន​ទទួលខុសត្រូវ នៅពេល​សកម្មជន ឬ​ប្រជាពលរដ្ឋ នាំគ្នា​ផ្សព្វផ្សាយ​ពី​បទ​ល្មើស​ព្រៃឈើ​កើត​ឡើង ដូច​អ្វី​ដែល​មេ​ប៉េអិម​បាន​លើកឡើង​នៅ​ពេល​នេះ។

លោក​បន្ត​ថា កាលពី​ឆ្នាំ​២០១៩ ក៏​មាន​ការប្រកាស​ចុះ​បង្ក្រាប​ដូចគ្នា​នេះ​ដែរ និង​បាន​ឃាត់​អ្នក​កាង​បទល្មើស​ព្រៃឈើ និង​ឧកញ៉ា​មួយចំនួន រួម​ទាំង​ការ​ដុត​បំផ្លាញ​រថយន្ត​ដឹកឈើ ប៉ុន្តែ​វិធានការ​ក្ដៅ​នៅ​ពេល​នោះ អនុវត្ត​បាន​ត្រឹម​រយៈពេល​ខ្លី ហើយ​ចាប់ពី​ឆ្នាំ​២០១៩​ដដែល ក៏​បាន​ស្ងប់ស្ងាត់​ទៅវិញ រហូត​បណ្ដាល​ឱ្យ​មាន​បទ​ល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ឡើង​រហូត​មក​ដល់​ពេល​នេះ​។ លោក អូត ឡាទីន យល់ឃើញ​ថា ការប្រកាស​របស់​លោក សៅ សុខា នៅ​ពេល​នេះ ហាក់ដូចជា​ការ​បង្កើត​ព្រឹត្តិការណ៍ ទាក់ទាញ​ប្រជាប្រិយ​នៅមុន​ការបោះឆ្នោត ដែល​វា​មិន​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​ម៉ឺងម៉ាត់​ឡើយ។

លោក អូត ឡាទីន៖ «​វា​ហាក់បីដូចជា​ចម្លែក នៅ​សុខៗ ស្រាប់តែ​គាត់​ចេញ​មក​ធ្វើការ​ប្រតិកម្ម ហើយ​គាត់​លើកឡើង​ដូច​អ្វី​ដែល​ពួក​យើង​តែង​ធ្វើការ​ផ្សព្វផ្សាយ​។ អ៊ីចឹង​! បាន​ខ្ញុំ​យល់​​ឃើញ​ថា ពេលខ្លះ​ការ​បង្ក្រាប​បទល្មើស​នៅក្នុង​ស្ថានភាព​ដូចនេះ វា​ទំនងជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំពេញចិត្ត​ប្រជា​ពលរដ្ឋ នៅមុន​រដូវ​កាល​បោះឆ្នោត​ក៏​ថា​បាន អានេះ​គ្រាន់តែ​ជា​ការ​យល់ឃើញ​របស់ខ្ញុំ»

សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​យល់​ឃើញ​ថា ដើម្បី​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ រដ្ឋាភិបាល​ត្រូវ​បើកចំហ​ឱ្យ​ពលរដ្ឋ និង​សកម្មជន អាច​ចូលរួម​ការពារ​ព្រៃឈើ​ឡើង ខណៈ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​រឹតត្បិត​ពី​ក្រសួង​បរិស្ថាន។ លើស​ពី​នេះ លោក អូត ឡាទីន លើកឡើង​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រូវ​ចេញ​អន្តរាគមន៍​ជា​បន្ទាន់ នៅ​ពេល​មាន​សេចក្ដីរាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ​ពី​ក្រុម​សកម្មជន​ឬ​ប្រជាពលរដ្ឋ ខណៈ​លោក​បញ្ជាក់​ថា អ្នក​ដែល​អាច​កាង​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​សេរី​នៅ​ពេល​នេះ មិនមែន​ជា​បុគ្គល​ធម្មតា​ឡើយ សុទ្ធតែ​ជា​អ្នក​មាន​អំណាច និង​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ក្រសួង​បរិស្ថាន។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា បាន​ទេ នៅ​ថ្ងៃទី​២៧​មេសា នេះ។

លោក អេង ហ៊ី បន្ត​ថា លោក សៅ សុខា ក៏​ដាក់ចេញ​ផែនការ​ច្បាស់លាស់​បន្ថែម​ទៀត ដោយ​តម្រូវ​ឱ្យ​បណ្ដា​រាជធានី​ខេត្ត​មាន​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ ត្រូវ​រៀបចំ​កងកម្លាំង​ត្រៀម​នៅ​តាម​គោលដៅ​មួយចំនួន ដែល​អាច​មាន​បទល្មើស​កើតឡើង ហើយ​ត្រូវ​អន្តរាគមន៍​ភ្លាមៗ នៅពេល​ទទួល​បាន​ព័ត៌មាន ឬ​បញ្ជា​ពី​ថ្នាក់លើ​។ លោក​សង្ឃឹម​ថា ការ​ដាក់​ចេញ​ផែនការ​នេះ នឹង​អាច​ធ្វើ​ឱ្យ​បទល្មើស​ព្រៃឈើ​ចុះថយ។

ទោះជា​យ៉ាងណាក៏ដោយ កន្លង​មក លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​កាត់​ក​ក្រវាត់​ចោល ប្រសិនបើ​លោក​មិនអាច​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ និង​ក្រោយ​មក​ទៀត លោក​ក៏បាន​បញ្ជា​ឱ្យ​បាញ់​គ្រាប់​រ៉ុកកែត​ពី​ឧទ្ធម្ភាគចក្រ​កម្ទេច​ក្រុម​ជនល្មើស​កាប់​ព្រៃឈើ​ជាដើម ហើយ​កាលពី​ឆ្នាំ​២០១៩ លោក សៅ សុខា ក៏​ធ្លាប់​បាន​ប្រកាស​ដាក់​ជីវិត​របស់​លោក​ដែរ ប៉ុន្តែ​ព្រៃឈើ​នៅតែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បន្ត​បាត់បង់​ដោយ​គ្មាន​ការ​ទប់ស្កាត់​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។