សកម្មជន​ការពារ​ធនធាន​រ៉ែ​នៅ​ខេត្ត​ចំនួន​បី​ជួប​ពិគ្រោះ​យោបល់​ពី​ការ​តស៊ូ​មតិ

ដោយ រដ្ឋា វិសាល
2016-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​ការពារ​ធនធាន​រ៉ែ​នៅ​ខេត្ត​ចំនួន​បី (មណ្ឌលគិរី រតនគិរី និង​ខេត្ត​ព្រះវិហារ) ជួបជុំ​គ្នា​បង្ហាញ​បទពិសោធន៍ និង​រៀបចំ​គម្រោង​ការងារ​ទាក់ទិន​កិច្ច​ការពារ​ធនធាន​រ៉ែ​ដែល​កំពុង​ប្រឈម​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល នា​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៦។
សកម្មជន​ការពារ​ធនធាន​រ៉ែ​នៅ​ខេត្ត​ចំនួន​បី (មណ្ឌលគិរី រតនគិរី និង​ខេត្ត​ព្រះវិហារ) ជួបជុំ​គ្នា​បង្ហាញ​បទពិសោធន៍ និង​រៀបចំ​គម្រោង​ការងារ​ទាក់ទិន​កិច្ច​ការពារ​ធនធាន​រ៉ែ​ដែល​កំពុង​ប្រឈម​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល នា​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៦។
RFA/Ratha Visal

ក្រុម​សកម្មជន​ការពារ​ធនធាន​រ៉ែ​របស់​ពលរដ្ឋ​នៅ​ភាគ​ឦសាន​ប្រទេស​ចំនួន​បី​ខេត្ត បាន​ជួបជុំ​គ្នា​​​បង្ហាញ​បទពិសោធន៍ និង​រៀបចំ​គម្រោង​ការងារ​ទាក់ទិន​កិច្ចការពារ​ធនធាន​រ៉ែ​ដែល​កំពុង​ប្រឈម​​​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល។ អ្នក​ភូមិ​បារម្ភ​ពី​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការ​​ធ្វើ​អាជីវកម្ម​រ៉ែ និង​ការ​សិក្សា​ស្រាវជ្រាវ​រ៉ែ​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​វិនិយោគ​វិស័យ​រ៉ែ​នេះ។

​​ជន​បង្គោល​មក​ពី​ខេត្ត​មណ្ឌលគិរី រតនគិរី និង​ខេត្ត​ព្រះវិហារ សុទ្ធតែ​បាន​បង្ហាញ​ការ​បារម្ភ​​ពី​ផល​ប៉ះពាល់​មក​លើ​សហគមន៍​របស់​ខ្លួន ខណៈ​គម្រោង​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​អាជីវកម្ម​រ៉ែ​កំពុង​​​កើត​មាន​នៅ​តំបន់​ពួកគាត់​រស់​នៅ។

​ជន​បង្គោល​ប្រមាណ​៣០​នាក់​ជា​តំណាង​មកពី​សហគមន៍​នានា​នៅ​ខេត្ត​ទាំង​បី​បាន​ជួប​ជុំ​គ្នា​នៅ​សាល​​​ប្រជុំ​សណ្ឋាគារ សុល ឆេង ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា និង​នាំ​គ្នា​ធ្វើ​បទ​បង្ហាញ​ពី​ការ​អនុវត្ត​គម្រោង​ផែនការ​តស៊ូ​មតិ និង​បច្ចុប្បន្នភាព​នៃ​ផល​ប៉ះពាល់​ស្ដីពី​បញ្ហា​រ៉ែ​ដែល​កើត​មាន​ចំពោះ​ពលរដ្ឋ។

​ជន​បង្គោល​មកពី​ខេត្ត​មណ្ឌលគិរី មណ្ឌលគិរី អ្នកស្រី វង្ស សុជាតិ បញ្ជាក់​ថា ក្រុមហ៊ុន​រ៉ែ​មួយ​​ដែល​អះអាង​ថា មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​បាន​បង្ខំ​ឲ្យ​អ្នក​ភូមិ​បោះបង់​ដីស្រែ​ចម្ការ​ដោយសារ​​តំបន់​នោះ​ឋិត​ក្នុង​តំបន់​ស្រាវជ្រាវ ឬ​ធ្វើ​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន។ អ្នកស្រី​បន្ត​ថា ក្រុម​អាជ្ញាធរ​​មូលដ្ឋាន​ក៏​មិន​បាន​យកចិត្តទុកដាក់​លើ​កង្វល់​របស់​ពលរដ្ឋ​ទេ ផ្ទុយ​ទៅ​វិញ មន្ត្រី​មូលដ្ឋាន​ប្រើ​វិធានការ​បណ្ដេញ​ចេញ ឬ​រុះរើ​ខ្ទម​ចម្ការ​ពលរដ្ឋ​ចោល​ប្រសិន​ប្រជាពលរដ្ឋ​មិន​ព្រម​ប្រគល់​ដី​តំបន់​នោះ​ទៅ​ឲ្យ​​ក្រុមហ៊ុន៖ «មាន​ប្រជាពលរដ្ឋ​ខ្លះ​ជីក​របង​ជុំវិញ​ផ្ទះ ដល់​ពេល​នោះ​គេ​ឲ្យ​ដក​ចោល គេ​ថា ដី​ហ្នឹង​បរិវេណ​របស់​​​រ៉ែ​ទាំង​អស់​ អត់​ឲ្យ​ប្រជាពលរដ្ឋ​ប៉ះពាល់​ធ្វើ​ស្រែ​ចម្ការ»

​ស្រដៀង​គ្នា​នេះ​ដែរ ជន​បង្គោល​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ មក​ពី​ខេត្ត​រតនគិរី លោក សេវ ហ្លីត ថ្លែង​ថា អ្នក​ភូមិ​ប្រឆាំង​ដាច់​ខេត្ត​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចូល​ស្រាវជ្រាវ ឬ​ធ្វើ​អាជីវកម្ម​រ៉ែ​អ្វី​នោះ​ទេ បើ​ទោះ​បី​រាជរដ្ឋាភិបាល​ផ្ដល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​រួច​ហើយ​ក្តី ពីព្រោះ​អ្នក​ភូមិ​បារម្ភ​ពី​ផល​​ប៉ះពាល់​ច្រើន​ផ្នែក​នឹង​កើត​មាន​ចំពោះ​ពលរដ្ឋ​ទៅ​ថ្ងៃ​ខាង​មុខ។ លោក​ថា អ្នក​ភូមិ​មិន​បាន​យល់​ដឹង​ពី​បញ្ហា​អភិវឌ្ឍន៍​ជាក់លាក់​នោះ​ទេ ក៏ប៉ុន្តែ​ការ​អភិរក្ស​តំបន់​អ្នក​ភូមិ​រស់​នៅ​គឺ​ជា​កត្តា​សំខាន់​ដែល​អ្នក​ភូមិ​ត្រូវ​រក្សា​ប្រពៃណី​វប្បធម៌ និង​ជីវភាព​រស់​នៅ​សហគមន៍​ដោយ​ផ្សារភ្ជាប់​ជាមួយ​ធនធាន​ធម្មជាតិ​មាន​ព្រៃឈើ និង​ធនធាន​រ៉ែ​ជាដើម៖ «សហគមន៍​ប្រកាន់​ដោយសារ​តំបន់​គាត់​ធ្លាប់​កាប់​ចម្ការ​វិល​ជុំ។ គាត់​ធ្លាប់​រក​បន្លែ​ក្នុង​ព្រៃ​ប្រពៃណី​ហ្នឹង​ហើយ វា​ប៉ះពាល់។ ជំហរ​គឺ​មិន​ឲ្យ​តែម្ដង​តែ​គេ​ធ្វើ​ហើយ​ប៉ះពាល់​ហើយ សហគមន៍​ថា​អ៊ីចឹង»

​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ អង្គការ ឌី.ភី.អេ (DPA) បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដល់​ជន​បង្គោល​ទាំង ៣០​​នាក់​នៅ​សកល​វិទ្យាល័យ​បៀលប្រាយ ខេត្ត​រតនគិរី ក្នុង​គោលបំណង​ឲ្យ​ជន​បង្គោល​ទាំង​នោះ​​រៀបចំ​គម្រោង​តាមដាន និង​ស្វែង​យល់​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន និង​បើក​វគ្គ​បណ្ដុះបណ្ដាល​​ផ្សព្វផ្សាយ​ពី​ការ​តស៊ូ​មតិ​ដល់​សហគមន៍​មូលដ្ឋាន។

​ជន​បង្គោល​មកពី​ខេត្ត​រតនគិរី លោក សូ សុផាត កត់សំគាល់​ថា បញ្ហា​ប្រឈម​របស់​ជន​បង្គោល​​គឺ​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​គាំទ្រ​ការ​តស៊ូ​មតិ​ការពារ​ផល​ប៉ះពាល់​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​ថា ដោយសារ​ការ​យល់​ដឹង​របស់​សហគមន៍​មាន​កម្រិត ហេតុ​នេះ​ក្រុម​អាជ្ញាធរ​តែង​ប្រើប្រាស់​​អំណាច​បំពាន​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៖ «ចុះ​ផ្សព្វផ្សាយ​សហគមន៍​មាន​ការ​លំបាក ត្រង់​សិទ្ធិ​និង​អំណាច។ យើង​ថា យើង​សហគមន៍​មាន​សិទ្ធិ​ពេញ​ទី​ក្នុង​ការ​ដឹង​ព័ត៌មាន​ក្នុង​ការ​កាន់កាប់​ប្រើប្រាស់ តែ​អាជ្ញាធរ​គាត់​ថា គាត់​មាន​អំណាច។ ​នេះ​ជា​ការ​លំបាក»

​ក្រុមហ៊ុន​សម្បទាន​រ៉ែ​មួយ​ចំនួន​ដែល​សហគមន៍​អះអាង​ថា កំពុង​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​តំបន់​ពួកគាត់​រស់​នៅ​មាន​ក្រុមហ៊ុន ចី.អ.ឌី (GRD) ក្រុមហ៊ុន ជី.អូ ប៉ាស៊ីហ្វិក (G.O Pacific) ក្រុមហ៊ុន ស៊ី.អាយ.ឌី.ជី (CIDG) ក្រុមហ៊ុន​អង្គរ ហ្គោល (Angkor Gold) និង​ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold)។

​ទាក់ទិន​គម្រោង​វិនិយោគ​ក្រុមហ៊ុន​រ៉ែ​ទាំង​នោះ ប្រធាន​កម្មវិធី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ឡាយ សុវត្ថរ៉ា កត់សំគាល់​ថា សិទ្ធិ​ទទួល​ការ​វិនិយោគ​វិស័យ​ធនធាន​​រ៉ែ តែង​តែ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​សហគមន៍ ជា​ពិសេស​ផល​ប៉ះពាល់​ប្រពៃណី និង​ជីវភាព​រស់​នៅ​​របស់​ពលរដ្ឋ។

លោក​ថា ក្រុមហ៊ុន មន្ត្រី​ជំនាញ មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​សំខាន់​ធ្វើ​យ៉ាង​ណា​ឲ្យ​គម្រោង​អភិវឌ្ឍន៍ និង​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​ត្រូវ​បាន​ដោះស្រាយ​សមស្រប​ទៅ​តាម​ច្បាប់​កំណត់ និង​រក្សា​បាន​ផលប្រយោជន៍​រវាង​ការ​អភិវឌ្ឍន៍ និង​ផល​ប្រយោជន៍​ពលរដ្ឋ។ បន្ថែម​លើ​នេះ​ដែរ សហគមន៍​ត្រូវ​ស្វែង​យល់​ពី​ទិដ្ឋភាព​ច្បាប់ និង​សារប្រយោជន៍​នៃ​គម្រោង​អភិវឌ្ឍន៍ ហើយ​សម្រេច​ចិត្ត​សហការ​ល្អ​ជាមួយ​​គម្រោង​អភិវឌ្ឍន៍​ដើម្បី​ផល​ប្រយោជន៍​សង្គម៖ «ជា​ធម្មតា​ទេ​ពលរដ្ឋ​យើង​គាត់​នៅ​មាន​ការ​យល់​ដឹង​នៅ​មាន​កម្រិត​ អ៊ីចឹង​ការ​យល់​ខុស​របស់​គាត់​ក៏​យើង​មិន​អាច​ប្រកាន់។យើង​គិត​ថា នេះ​ជា​សិទ្ធិ​របស់​គាត់​ដែល​គាត់​ការពារ ហើយ​ជា​ការ​ទិតៀន​មួយ​ដ៏​ត្រឹមត្រូវ។ ដើម្បី​ដោះស្រាយ​និង​បំពេញ​បញ្ហា​នេះ​បាន ​សុំ​ឲ្យ​សហគមន៍​និង​ក្រុមហ៊ុន​ស្វែង​រក​ការ​​ជួប​គ្នា រក​ដំណោះស្រាយ។ បើសិនជា​ការ​អភិវឌ្ឍ​ប្រកាន់​រៀង​ខ្លួន ការ​អភិវឌ្ឍ​ទាំង​នោះ​អត់​បាន​​ជោគជ័យ​ទេ»

​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង ស័ក្​ធារ៉ា ថ្លែង​ថា យន្តការ​អប់រំ​ប្រជាពលរដ្ឋ​ពី​ផល​ប្រយោជន៍​ការ​អភិវឌ្ឍ​វិស័យ​រ៉ែ គឺ​ជា​កត្តា​សំខាន់​ដែល​ក្រុមហ៊ុន​ត្រូវ​បន្ត​ធ្វើ​ជាមួយ​ពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌។

​វគ្គ​បណ្ដុះបណ្ដាល​ជន​បង្គោល​ទាំង ៣០​នាក់​មក​ពី​ខេត្ត​ទាំង​បី នឹង​បន្ត​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា។ តាម​ការ​គ្រោង​ទុក អ្នក​រៀបចំ​កម្មវិធី​នឹង​អញ្ជើញ​តំណាង​ក្រុមហ៊ុន អង្គរ ហ្គោល និង​មេស្កួ ហ្គោល មក​ធ្វើ​បទ​បង្ហាញ​លក្ខណៈ​បច្ចេកទេស​ស្ដីពី​ការ​ស្រាវជ្រាវ និង​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន និង​បង្ហាញ​ពី​គោលការណ៍​​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ទាក់ទិន​គម្រោង​វិនិយោគ​នេះ។ ចំណែក​ជន​បង្គោល​បាន​ឯកភាព​គ្នា​ដាក់​សំណួរ​ផ្សេងៗ​ពាក់ព័ន្ធ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ឲ្យ​ឆ្លើយ​បំភ្លឺ​ជូន​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល