សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី​បារម្ភ​ពី​គម្រោង​ស្រាវជ្រាវ​រ៉ែ​លោហៈ

ដោយ រដ្ឋា វិសាល
2015.06.10
Share on WhatsApp
Share on WhatsApp
រ៉ែ អណ្ដូងមាស ៦២០ កិច្ច​ប្រជុំ​រវាង​សហគមន៍​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី និង​ក្រុមហ៊ុន​រ៉ែ អង្គរ ហ្គោល នៅ​ភូមិ​តាំងម្លូ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ស្ដីពី​ការ​ស្រាវជ្រាវ​រ៉ែ​លោហៈ។
RFA/Ratha Visal

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​តាំងម្លូ ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី មិន​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​អូស្ត្រាលី ស្រាវជ្រាវ​រក​រ៉ែ​លោហៈ​នៅ​តំបន់​អ្នក​ភូមិ​រស់​នៅ​ឡើយ បើ​ទោះ​បី​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​អាជ្ញាធរ និង​ក្រុមហ៊ុន​បង្ហាញ​ពី​លក្ខណៈ​បច្ចេកទេស និង​ការ​ធានា​ថា មិន​បង្ក​ផល​ប៉ះពាល់​ដូច​ការ​បារម្ភ​របស់​អ្នក​ភូមិ​យ៉ាង​ណា​ក្តី។

​ជំនួប​រវាង​សហគមន៍​ភូមិ​តាំងម្លូ និង​តំណាង​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​លោហៈ អង្គរ ហ្គោល (Angkor Gold) ពី​បញ្ហា​ផល​ប៉ះពាល់​សហគមន៍​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា។

ប្រជាពលរដ្ឋ​ជាង ១០០​នាក់ បាន​បង្ហាញ​ឆន្ទៈ​ថា អ្នក​ភូមិ​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​នៅ​តំបន់​នោះ​ទេ ពីព្រោះ​ខ្លាច​មាន​ផល​ប៉ះពាល់​ដីស្រែ​ចម្ការ ប៉ះពាល់​គុណភាព​ទឹក ខ្លាច​កើត​មាន​បញ្ហា​អសន្តិសុខ ផល​ប៉ះពាល់​ទៅ​លើ​ជំនឿ​ប្រពៃណី​អ្នក​ភូមិ រួម​ទាំង​ផល​ប៉ះពាល់​ផ្សេង​ទៀត ប្រសិន​តំបន់​នេះ​មាន​ប្រភព​រ៉ែ​ក្នុង​ដី ហើយ​រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​រ៉ែ​ទៅ​ថ្ងៃ​អនាគត។

តំណាង​សហគមន៍ លោក សល់ ហន មាន​ប្រសាសន៍​ថា កន្លង​ទៅ​នេះ​ក្រុមហ៊ុន​សម្បទាន​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​បាត់បង់​ជំនឿ ដោយសារ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​រំលោភ​បំពាន​ដីធ្លី​ព្រៃឈើ​ប៉ះពាល់​ទំនៀម​ទម្លាប់​សហគមន៍ ហេតុ​នេះ​អ្នក​ភូមិ​ចង់​រក្សា​ទុក​តំបន់​ពួកគាត់​រស់​ទៅ​តាម​សភាព​ធម្មតា​ជា​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម។

លោក​បន្ត​ថា ក្រុម​សហគមន៍​នឹង​បន្ត​ពិភាក្សា​សំណើ​ក្រុមហ៊ុន​ដែល​អះអាង​ថា គម្រោង​ស្រាវជ្រាវ​រ៉ែ​លោហៈ​នេះ​មិន​បង្ក​ផល​ប៉ះពាល់​សហគមន៍​ធ្ងន់ធ្ងរ​នោះ​ទេ ឬ​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​រ៉ែ និង​ថាមពល បាន​កំណត់៖ «ចំណែក​ខាង​ពួក​ខ្ញុំ​យល់​ថា ធ្វើ​នេះ​រីកចម្រើន​ទៅ​មុខ​ដែរ ព្រោះ​ថា ខ្លះ​យល់ ខ្លះ​មិន​យល់។ មិន​ឲ្យ​តែម្ដង មិន​ឲ្យ​ធ្វើ ខ្លាច​ប៉ះពាល់​ធនធាន​ធម្មជាតិ​ក្នុង​ព្រៃ​អារក្ស គេ​អត់​ឲ្យ​ចូល​ធ្វើ។ រឿង​ហ្នឹង​យល់​ជាក់ស្ដែង​ទេ ចាំ​ពិភាក្សា​គ្នា​ក្រោយ​ទៀត»

ក្រសួង​ឧស្សាហកម្ម​បាន​កំណត់​ឲ្យ​ក្រុមហ៊ុន អង្គរ ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​លើ​ផ្ទៃដី ទំហំ​ជិត ២00​គីឡូ​ម៉ែត្រក្រឡា នៅ​តំបន់​បរខាំ ស្រុក​អណ្ដូងមាស ស្រុក​បរកែវ និង​ស្រុក​អូរយ៉ាដាវ ចាប់ ពី​ថ្ងៃ​ចេញ​អាជ្ញាប័ណ្ណ​រហូត​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦។ ហាម​ឃាត់​ដាច់​ខាត​ចំពោះ​​ការ​ស្រាវជ្រាវ​ទៅ​លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ​ដែល​កំណត់​ថា ជា​តំបន់​វប្បធម៌ ទីតាំង​ប្រវត្តិសាស្ត្រ និង​តំបន់​បេតិកភណ្ឌ​ជាតិ។ ដោយ​ឡែក​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​លើ​ផ្ទៃដី​ជា​កម្មសិទ្ធិ​ឯកជន​ក្រុមហ៊ុន​ត្រូវ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ស្ដីពី​ការ​មិន​ជ្រៀតជ្រែក និង​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ ព្រម​ទាំង​ធ្វើការ​ទូទាត់​សំណង​ខូចខាត​ទាំង​ឡាយ​ដែល​បណ្ដាល​មក​ពី​សកម្មភាព​របស់​ក្រុមហ៊ុន។

​តំណាង​អង្គការ ឌី.ភី.អេ (DPA) និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ទទួល​ស្គាល់​ដូច​គ្នា​ថា ក្រុមហ៊ុន អង្គរ ហ្គោល មាន​អាជ្ញាប័ណ្ណ​សិក្សា​ស្រាវជ្រាវ​ត្រឹមត្រូវ ហើយ​ការ​បារម្ភ​របស់​សហគមន៍​ក៏​បាន​កំណត់​មិន​ឲ្យ​មាន​ក្នុង​អាជ្ញាប័ណ្ណ​រួច​ហើយ ដូច្នេះ​ដំណោះស្រាយ​ចំពោះ​ការ​បារម្ភ​របស់​សហគមន៍ ក្រុមហ៊ុន​នឹង​អាជ្ញាធរ​ត្រូវ​ធ្វើ​យ៉ាង​ណា​ធានា​ពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​ប្រសិន​ក្រុមហ៊ុន​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់។

​ឆ្លើយតប​ការ​ទាមទារ​នេះ តំណាង​ក្រុមហ៊ុន អង្គរ ហ្គោល ប្រចាំ​កម្ពុជា លោក ម៉ៃក៍ ហ៊ីបប៊ី (Mike Hegbee) អះអាង​ថា លោក​បាន​ឃើញ​ពី​ការ​បារម្ភ​របស់​ពលរដ្ឋ ហេតុ​នេះ​ក្រុមហ៊ុន​នឹង​បន្ត​ពិភាក្សា​ផ្តល់​ជំនឿ​ចិត្ត​ចំពោះ​ពលរដ្ឋ​ថា ក្រុមហ៊ុន​មិន​រំលោភបំពាន​សិទ្ធិ​រស់​នៅ​សហគមន៍​ឡើយ។

លោក​ថា ក្រុមហ៊ុន​ទទួល​យក​កិច្ចសន្យា​ទាក់ទិន​ការ​បារម្ភ​របស់​ពលរដ្ឋ ដើម្បី​ជំរុញ​ការងារ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​បាន​ដំណើរ​ការ​ទៅ​មុខ៖ «យើង​បាន​ឃើញ​អ្វី​ដែល​គាត់​បារម្ភ ភ័យ​ខ្លាច​គាត់​មាន​សំណួរ​មួយ​ចំនួន។ គោលការណ៍​របស់​ក្រុមហ៊ុន ការ​បារម្ភ​របស់​គាត់ យើង​នឹង​បើក​បង្ហាញ​ឲ្យ​គាត់​បាន​យល់ យើង​នឹង​បន្ត​ដំណើរ​ការងារ​របស់​យើង​ឲ្យ​បាន​ជោគជ័យ»

​ថ្លែង​នៅ​ចំពោះ​មុខ​សហគមន៍​នោះ​ដែរ អភិបាលស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ ចាត់​ទុក​ការ​បារម្ភ​របស់​សហគមន៍​ថា ជា​ចំណុច​សំខាន់​ដែល​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួម​គ្នា​ដោះស្រាយ។ លោក​ថា ក្រុម​ការងារ​មួយ​រួម​មាន​តំណាង​សហគមន៍ ក្រុមហ៊ុន និង​អាជ្ញាធរ​ដែនដី នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ធានា​កុំ​ឲ្យ​បាតុភាព​អាក្រក់​កើត​មាន​ចំពោះ​សហគមន៍៖ «គាត់​ត្រូវ​មាន​តំណាង​សហគមន៍​ចុះ​ទៅ​ធ្វើ​ការ​រួម​គ្នា ឲ្យ​គាត់​មើល​ឃើញ និង​ផ្សព្វផ្សាយ​មក​ប្រជាពលរដ្ឋ​ថា វា​មាន​ប៉ះពាល់​ប៉ុណ្ណា។ យើង​នឹង​រៀបចំ​កម្លាំង​ពួកគាត់​ប្រហែល​ពី ១០ ទៅ ១៥​នាក់ ទៅ​ទស្សនកិច្ច​សិក្សា​កន្លែង​មួយ​ដែល​គេ​អភិវឌ្ឍ ហើយ​មិន​មាន​ផល​ប៉ះពាល់»

​អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង ស័ក្ដធារ៉ា ថ្លែង​ថា យន្តការ​អប់រំ​ប្រជាពលរដ្ឋ​ពី​ផលប្រយោជន៍​ការ​អភិវឌ្ឍ​វិស័យ​រ៉ែ គឺ​ជា​កត្តា​សំខាន់​ដែល​ក្រុមហ៊ុន​ត្រូវ​បន្ត​ធ្វើ​ជាមួយ​ពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។