បវរកញ្ញា​ពិភពលោក​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​គាំទ្រ​ការងារ​បរិស្ថាន​និង​ទេសចរណ៍

ដោយ សន ចាន់រដ្ឋា
2017-02-25
Share
ប្រគំ​តន្ត្រី បវរ​កញ្ញា​ពិភពលោក ៨៥៥ ផ្ទាំង​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​សប្បុរសធម៌​ដើម្បី​បរិស្ថាន និង​ទេសចរណ៍​នៅ​មហោស្រព​កោះពេជ្រ នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of Ministry of Environment Facebook
Photo courtesy of Ministry of Environment Facebook

បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ (Miss Global 2016) ចំនួន ៦​នាក់ មក​ទស្សនកិច្ច​​នៅ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការងារ​បរិស្ថាន និង​ទេសចរណ៍ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មីនា។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ បាន​ឱ្យ​ដឹង​ថា ទស្សនកិច្ច​របស់​បវរកញ្ញា​ទាំង ៦​រូប​នេះ នឹង​គាំទ្រ​​ដល់​​​​ការងារ​​​បរិស្ថាន និង​ទេសចរណ៍ តាម​រយៈ​សកម្មភាព​មួយ​​ក្រោម​ប្រធានបទ “សប្បុរស​ធម៌​​​ដើម្បី​​បរិស្ថាន​និង​​ទេសចរណ៍”។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ចំណេះ​ដឹង និង​ព័ត៌មាន​បរិស្ថាន លោក រាត់ ស៊ិទ្ធ ឱ្យ​អាស៊ីសេរី​ដឹង​នៅ​​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ថា ក្រុម​បវរកញ្ញាពិភពលោក​នឹង​មាន​កម្មវិធី​សម្ដែង​សិល្បៈ នៅ​កោះពេជ្រ ​នៅ​រាត្រី​ថ្ងៃ​ទី​៤ ខែ​មីនា ដើម្បី​​រៃ​​អង្គាស​​ប្រាក់​យក​ទៅ​ទិញ​ធុង​សំរាម​ដាក់​នៅ​តាម​សាលារៀន ដែល​ជា​កម្មវិធី​មួយ​របស់​ក្រសួង​បរិស្ថាន មាន​ឈ្មោះ​ថា សាលា​មេត្រី​បរិស្ថាន ឬ​អេកូស្គូល (Eco-Schools)៖ «ក៏ប៉ុន្តែ​សំខាន់​ជាមួយ​ក្រសួង​បរិស្ថាន គឺ​នឹង​យក​វេទិកា​នេះ​ជា​ការ​កៀរគរ​មូលនិធិ​គាំទ្រ​ទៅ​ដល់​អេកូស្គូល សាលា​មេត្រី​បរិស្ថាន សម្រាប់​ឱ្យ​សិស្ស​គាត់​ទិញ​ធុង​សំរាម ការ​អប់រំ​ដាក់​សំរាម​ក្នុង​ធុង ហើយ​និង​ដាំ​ដើម​ឈើ។ និយាយ​ឱ្យ​ចំ​គាំទ្រ​ដល់​ការងារ​ស្គូល ដែល​ហៅ​ថា សាលា​មេត្រី​បរិស្ថាន​ដែល​ជា​កម្មវិធី​របស់​ក្រសួង​បរិស្ថាន»

ក្នុង​ចំណោម​បវរកញ្ញា​ពិភពលោក​ទាំង ៦​នាក់​នោះ មាន​ខ្មែរ-​អាមេរិកាំង​ចំនួន​ពីរ​នាក់។ លោក​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បវរកញ្ញា​ទាំង ៦​រូប នឹង​ទស្សនា​​តំបន់​សំខាន់ៗ ដូចជា សារមន្ទីរ​ទួលស្លែង ភ្នំ​បូកគោ ប្រាសាទ​នានា​នៅ​ខេត្ត​សៀមរាប និង​ទៅ​តំបន់​ឆ្នេរ​សមុទ្រ​ជាដើម។

លោក រាត់ ស៊ិទ្ធ ឱ្យ​ដឹង​ទៀត​ថា បវរកញ្ញា​ទាំង ៦​នាក់ ក៏​មាន​បំណង​ជួប​សំណេះសំណាល​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌។ ក្រៅ​ពី​នេះ ក្រុម​បវរកញ្ញា​ក៏​នឹង​ជួប​ជាមួយ​ក្រុម​អាជីវករ​ដើម្បី​អប់រំ និង​ផ្សព្វផ្សាយ ព្រម​ទាំង​ជួប​ជាមួយ​សិស្ស​សាលា​ដើម្បី​ជជែក​អំពី​តួនាទី​របស់​យុវជន ពាក់ព័ន្ធ​នឹង​បរិស្ថាន និង​ទេសចរណ៍​ផង​ដែរ។

ក្រសួង​បរិស្ថាន គ្រោង​ធ្វើ​សន្និសីទ​កាសែត អំពី​​ដំណើរ​ទស្សនកិច្ច​របស់​បវរកញ្ញា​ទាំង ៧​នាក់​ ដែល​មក​ទស្សនកិច្ច​​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ក្នុង​ទីស្ដីការ​ក្រសួង​បរិស្ថាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល