តុលាការខេត្តមណ្ឌលគិរី កោះហៅអ្នកការពារព្រៃឈើ ៣សំណុំរឿង ដែលអាជ្ញាធរប្ដឹង
2020.05.20

ជនជាតិដើមភាគតិចព្នងម្នាក់ ដែលហ៊ានលាតត្រដាង ពីភាពអសកម្មរបស់អាជ្ញាធរខេត្តមណ្ឌលគិរី គឺលោក គ្រើង តុលា ត្រូវបានតុលាការខេត្តនេះ ចេញដីកាកោះហៅ ៣ ករណី ផ្សេងគ្នា ដោយដើមបណ្ដឹង គឺជាអាជ្ញាធរខេត្តមណ្ឌលគិរី។
ជាតិដើមភាគតិចព្នង រស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា លោក គ្រើង តុលា ឱ្យដឹងថា លោកបានចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តមណ្ឌលគិរី បាន១ករណីហើយ នៅព្រឹកថ្ងៃទី២០ ខែឧសភា។ ភាគីដើមបណ្តឹង គឺលោក ប៉ែត ភក្ត្រា ប្រធានដែនជម្រកសត្វព្រៃស្រែពក ដែលប្ដឹងលោក ក្រោយពីលោកបានលាតត្រដាងពីសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែង និងសកម្មភាពកាប់ទន្ទ្រានព្រៃអភិរក្សជាង ១០០ហិកតារ ជាប់ពាក់ព័ន្ធនឹងមន្ត្រីបរិស្ថានរូបនេះ។
លោក គ្រើង តុលា អះអាង លោកមានភស្តុតាង សាក្សី និងទីតាំងច្បាស់លាស់ បង្ហាញប្រាប់តំណាងអយ្យការ ទាក់ទិនករណីដែលមន្ត្រីនគរបាលយុត្តិធម៌រូបនេះ មិនអើពើបង្ក្រាបបទល្មើសព្រៃឈើ និងបណ្ដោយឱ្យកើតមានបទល្មើសឧក្រិដ្ឋព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៖ «គោលបំណងរបស់ខ្ញុំសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ ឱ្យចុះអន្តរាគមន៍ ដើម្បីចុះកំណត់ថា តើព័ត៌មានហ្នឹងវាពិត ឬមិនពិត ចង់ឱ្យគាត់ចុះទៅមើលផ្ទាល់ ដើម្បីឱ្យមានការទប់ស្កាត់។ រាល់ថ្ងៃខ្ញុំអត់មានភ័យព្រួយ ព្រោះអ្នកមានប៉ុណ្ណា? មានឡានជិះនៅតែងាប់ ដល់ថ្ងៃងាប់នៅតែងាប់»។
តំណាងអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បានចេញដីកាកោះហៅ លោក គ្រើង តុលា ៣ សំណុំរឿងមកហើយ គិតត្រឹមថ្ងៃទី២០ ខែឧសភានេះ។ សំណុំរឿងទី១ ពាក់ព័ន្ធពាក្យបណ្ដឹង លោក ប៉ែត ភត្ត្រា ប្រធានដែនជម្រកសត្វព្រៃស្រែពក ជាដើមបណ្ដឹង។ សំណុំរឿងទី២ គឺអភិបាលស្រុកអូររាំង លោក សៀក មុន្នី ជាដើមបណ្តឹង និងសំណុំរឿងទី ៣ លោក សម មុន្នី អតីតមេឃុំដាក់ដាំជាដើមបណ្ដឹង ដែលប្ដឹងលោក គ្រើង តុលា ក្រោយពីលោក រិះគន់ព្រៃអភិរក្សជាង ៣ពាន់ហិកតារ ត្រូវគេកាប់បំផ្លាញរង្គាល ឋិតក្នុងឃុំដាក់ដាំ។ សំណុំរឿងទាំងនេះ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងប្រមាថ អ្នករាជការសាធារណៈ។
លោក គ្រើង តុលា អះអាងថា លោកត្រៀមខ្លួនជាស្រេច ឆ្លើយតទល់ជាមួយអាជ្ញាធរទាំងនេះ ហើយលោកសង្ឃឹមថា តំណាងអយ្យការនឹងផ្តល់យុត្តិធម៌ជូនលោកដែលហ៊ានចេញមុខ ការពារធនធានធម្មជាតិ ដែលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា។ លោកចាត់ទុក ពាក្យបណ្ដឹងទាំងនេះ ជាឆាកល្ខោន ដើម្បីគំរាមកំហែងលោក និងពលរដ្ឋផ្សេងទៀត មិនឱ្យ រិះគន់ភាពអសកម្មរបស់អាជ្ញាធរ និងលាតត្រដាងពីវិនាសកម្មព្រៃឈើ៖ «ខ្ញុំគិតថា ខ្ញុំមានមូលដ្ឋានក្នុងការតទល់រឿងក្តីហើយ សម្រាប់ខ្ញុំ អ៊ីចឹងខ្ញុំអត់ភ័យព្រួយទេ តែអ្វីដែលគាត់ប្ដឹងហ្នឹង ជាឆាកល្ខោនមួយ គំរាមកំហែងដល់សកម្មជនផ្សេងៗ»។
អាស៊ីសេរីបានព្យាយាមទាក់ទង តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរសព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី២០ ឧសភា។
ចំណែក អ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរី លោក មាស ប្រុស មានប្រសាសន៍ថា តំណាងអយ្យការនឹងមិនឃុំខ្លួន លោក គ្រើង តុលា នោះទេ ប្រសិនបើ លោក គ្រើង តុលា មិនប្រព្រឹត្តកំហុស។ លោកទទួលស្គាល់ថា សកម្មភាពភាពរបស់លោក គ្រើង តុលា មិនមែនផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ គឺការពារផលប្រយោជន៍ជាតិ៖ «កោះហៅគាត់ ឱ្យមកបំភ្លឺសិន បានកោះហៅខាងនោះក្រោយ ឱ្យគាត់មកឆ្លើយ ឱ្យដឹងសាចរឿងឱ្យអស់ បានកោះហៅជនដែលគាត់ប្ដឹង។ បើគាត់មិនខុស មានអីទេ គាត់មានទៅការពារផលប្រយោជន៍ផ្ទាល់ខ្លួនគាត់អីណា គាត់ការពារផលប្រយោជន៍សម្បត្តិរួមតើ»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា សមាគមអាដហុក បានបញ្ជូនមេធាវី ២រូប ជួយការពាររឿងក្តីជូនលោក គ្រើង តុលា ក្នុងសំណុំរឿងនីមួយៗ។ លោករំពឹងថា លោក គ្រើង តុលា នឹងទទួលបានយុត្តិធម៌ ប្រសិនបើតុលាការ អនុវត្តច្បាប់ប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌។ អ្នកការពារសិទ្ធិមនុស្សរូបនេះ សង្កេតឃើញថា ព្រៃឈើក្នុងខេត្តមណ្ឌលគិរីពិតជាបាត់បង់ធំធេងពេក ដោយគ្មានការទទួលខុសត្រូវ៖ «អ្វីដែលប្ដឹងហ្នឹង គឺការពារព្រៃឈើទាំងអស់។ អ្វីដែលជាក់ស្ដែងពិតប្រាកដ គឺបាត់បង់មែន។ យើងប្ដឹងរឿងបាត់បង់ហ្នឹង សូមទាមទារឱ្យមានការទទួលខុសត្រូវ ពីព្រោះតាមផ្លូវច្បាប់ កាលណាបាត់បង់ព្រៃឈើ ត្រូវមានស្ថាប័ន បុគ្គលធ្វើការក្នុងស្ថាប័នទទួលខុសត្រូវ។ យើងប្ដឹងបុគ្គល រដ្ឋប្រគល់តួនាទី ក្នុងការទទួលខុសត្រូវបាត់បង់ព្រៃឈើហ្នឹងហើយ »។
កាលពីដើម ឆ្នាំ២០២០ សហគមន៍ជនជាតិដើមភាគតិចព្នង (ពូនង) ៦នាក់ និងមន្ត្រីសង្គមស៊ីវិលម្នាក់ បានប្តឹងបរិហារ អភិបាលស្រុកអូររាំង លោក សៀក មុន្នី ទៅសាលាដំបូងខេត្តមណ្ឌលគិរី ពីបទ ចាប់យកដីព្រៃអភិរក្សប្រមាណ ៣០០ហិកតារ មកគ្រប់គ្រងជាទ្រព្យឯកជន បំពានច្បាប់ តែមកទល់ពេលនេះ សំណុំរឿងនេះ មិនទាន់ជឿនលឿនទៅមុខនោះទេ។ ចំណែកអភិបាលស្រុករូបនេះ បែរជាប្ដឹងបកលោក គ្រើង តុលា វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។