ប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ និងព្រះសង្ឃជាង ១០០អង្គ នៅព្រឹកថ្ងៃទី២ កុម្ភៈ បានរួមគ្នាធ្វើបុណ្យព្រៃឈើ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ចូលរួមការពារព្រៃសហគមន៍សង្ឃរុក្ខាវ័ន នៅខេត្តឧត្ដរមានជ័យ ឱ្យបានគង់វង្ស។ ព្រះប្រធានព្រៃសង្ឃរុក្ខវន្ត យល់ថា ការធ្វើបែបនេះនឹងជួយឱ្យការថែរក្សាព្រៃឈើបានគង់វង្ស។
ប្រធានសហគមន៍ព្រៃសង្ឃរុក្ខាវ័ន ព្រះតេជព្រះគុណ ប៊ុន សាលួត មានថេរដីកា ក្រោយពេលចប់ពិធីបុណ្យថា ពិធីនេះ ជាខួបលើកទី១៩ហើយ ដែលព្រះអង្គបានរៀបចំឡើង ដើម្បីឱ្យប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងព្រះសង្ឃបានយល់ដឹងពីសារប្រយោជន៍របស់ព្រៃឈើ និងរួមគ្នាការពារព្រៃឈើឱ្យបានគង់វង្សទៅថ្ងៃមុខទៀត។ ព្រះអង្គបន្ថែមថា ចំណុចសំខាន់ដែលបានលើកឡើងនៅក្នុងពិធីបុណ្យនេះ គឺព្រៃឈើជារបស់យើងទាំងអស់គ្នាមិនមែនជារបស់ព្រះសង្ឃឬរបស់ជនណាម្នាក់ឡើយ ហើយត្រូវតែការពារឱ្យបានគង់វង្ស ដើម្បីរក្សាទុកជាសម្បត្តិរួមរបស់ជាតិឱ្យបានយូរអង្វែងទៅមុខទៀត៖ «ចំរើនពរដោយសារតែព្រៃនៅកម្ពុជា ចាប់ពីឆ្នាំ២០០៨ មក គឺត្រូវបានកាប់បំផ្លាញយ៉ាងលឿនបំផុត។ អីចឹងបានថា ការរួមចំណែកថែរក្សាអភិរក្ខនេះ គឺត្មាយកចិត្តទុកដាក់ខ្ពស់ ដោយសារមិនចង់ឱ្យបាត់បង់លឿន ហើយមិនចង់ឃើញប្រជាជននិងកូនចៅជំនាន់ក្រោយស្រក់ទឹកភ្នែកដោយសារអត់ព្រៃឈើ » ។
ប្រជាពលរដ្ឋម្នាក់នៅក្រុងសំរោង ដែលបានចូលរួមធ្វើបុណ្យ លោក ម៉ា ប៊ុនធឿន ថ្លែងថា ព្រៃសហគមន៍សង្ឃរុក្ខាវ័ននេះ ផ្ដល់ប្រយោជន៍សំខាន់ដល់ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅខេត្តឧត្ដរមានជ័យ ដោយពួកគាត់បានប្រមូលអនុផលព្រៃឈើ ដូចជាការបោចវល្លិ នេសាទត្រីជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារជាដើម។ លោកបន្ថែមថា អ្នកចូលរួមពេញចិត្តនឹងការធ្វើបុណ្យថែរក្សាព្រៃនេះ ពីព្រោះការធ្វើបែបនេះអាចជួយឱ្យព្រៃឈើតំបន់នោះបានគង់វង្សល្អជាងព្រៃនៅតំបន់ផ្សេងទៀត៖ «មិនមានតែព្រះអង្គឯងទេ គឺ មានព្រះសង្ឃជាច្រើន បកស្រាយជូនទាំងអស់ច្រើនដែរ។ល្អត្រង់ថា វាបានសល់សម្រាប់ក្មេងជំនាន់ក្រោយរបស់កម្ពុជាបានឃើញមានព្រៃសល់ មានព្រៃធំច្រើន បានជាខ្ញុំខំប្រឹងទាំងយប់ទាំងថ្ងៃជាមួយព្រះសង្ឃ » ។
ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យលោក ភួង លីណា ប្រាប់អាស៊ីសេរីថា ព្រៃសហគមន៍សង្ឃរុក្ខាវ័ន គឺជាព្រៃឈើនៅសល់ច្រើនជាងច្រើនជាងគេនៅក្នុងខេត្តនេះ ដោយសារមានព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធបានសហការគ្នាការពារបានល្អជាងនៅតំបន់ផ្សេងៗ ទៀត។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធយល់ស្របពីគោលបំណងនៃការធ្វើបុណ្យនេះ ហើយតែងចូលរួមជាមួយសហគមន៍ជាប្រចាំ ព្រោះចង់ផ្សព្វផ្សាយឱ្យពិភពលោកបានដឹងទូលំទូលាយបន្ថែមទៀត ដើម្បីរក្សាឱ្យព្រៃឈើឱ្យនៅសភាពដើមតាមធម្មជាតិជារៀងរហូត៖ «ខ្ញុំសំណូមព័រដល់អ្នកទាំងឡាយណាដែលទៅប្រព្រឹត្តបទល្មើសនៅតំបន់នោះ បញ្ឈប់កាប់រុករានដីព្រៃ និងបរបាញ់សត្វ និងការចូលទៅអារឈើ។ទី២សុំឱ្យចូលរួមជាសំឡេង ទោះបីគាត់មិនបានទៅអភិរក្ខមិនបានទៅការពារផ្ទាល់ សូមឱ្យជួយរុញ ហើយមួយទៀតខ្ញុំគិតថាវាមានភាពចាំបាច់ណាស់ការយល់ដឹង របស់ប្រជាពលរដ្ឋនៅទីនោះគាត់អត់ទាន់បានទូលំទូលាយនោះទេ អីចឹង សំណូមពរជួយផ្សព្វផ្សាយបន្ថែម » ។
ព្រៃសហគមន៍សង្ឃរុក្ខវ័នជាតំបន់ជម្រកសត្វព្រៃដ៏សំខាន់មួយស្ថិតនៅក្នុងខេត្តឧត្ដរមានជ័យ មានផ្ទៃដីជាង៣ម៉ឺន (៣០,២៥៤) ហិកតារ។បច្ចុប្បន្នព្រៃមួយនេះ មានព្រះសង្ឃនិងប្រជាពលរដ្ឋប្រមាណ ៣០អង្គ-នាក់ យាមការពារយ៉ាងសកម្មជន ដោយមិនមានប្រាក់ខែ ដោយសារពួកគាត់ស្រលាញ់ព្រៃឈើ និងខ្លាចជនខិលខូចមួយចំនួននាំគ្នាទៅកាប់ទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិ ហើយធ្វើឱ្យហិនហោចព្រៃដូចនៅតំបន់ផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។