ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃបានបញ្ចប់ដំណើរធម្មយាត្រាពីភ្នំពេញទៅក្រុងព្រះសីហនុហើយ នៅថ្ងៃទី៣១ តុលា នេះ បន្ទាប់ពីចំណាយពេលដើរអស់ ១៧ថ្ងៃរួចមក។ ក្រុមអ្នកធ្វើធម្មយាត្រាទទូចដល់អាជ្ញាធរកំណត់ថ្ងៃចុះរុះរើសំណង់កាស៊ីណូជីនទីង ដែលសាងសង់រំលោភដីឆ្នេរកោះរ៉ុងសន្លឹមឱ្យបានឆាប់។
ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃបានទៅដល់មុខសាលាខេត្តព្រះសីហនុនៅម៉ោងជាង ១ រសៀល និងបានផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុក (Facebook) អំពីជោគជ័យនៃដំណើរធម្មយាត្រានេះ។ ក្រុមយុវជន និងព្រះសង្ឃរៀបរាប់ថា មុននឹងមកដល់គោលដៅនេះ ពួកគាត់បានជួបប្រទះឧបសគ្គជាច្រើន ដូចជាការតាមដានពីអាជ្ញាធរ ការលំបាកក្នុងការរកកន្លែស្នាក់នៅ បញ្ហាសុខភាព និងសម្ពាធពីគ្រួសារជាដើម។
ទោះជាយ៉ាងណា ពួកគាត់បញ្ជាក់ថា ដោយសារតែការគាំទ្រពីពលរដ្ឋ និងចង់ដាស់ស្មារតីយុវជនឱ្យងាកមកចាប់អារម្មណ៍រឿងការពារបរិស្ថានតំបន់ឆ្នេរ ទើបពួកគាត់តស៊ូជម្នះឧបសគ្គទាំងនេះ រហូតដល់សម្រេចធម្មយាត្រាលើចម្ងាយផ្លូវជាង ២០០គីឡូម៉ែត្របានដោយជោគជ័យើង៖ «ភាពជូរចត់តាមផ្លូវ ទាំងគំនាបពីអាជ្ញាធរ ការពិបាកនៅក្នុងការស្នាក់នៅ សុខភាព ការពងជើងក្រោមកម្តៅថ្ងៃហួតហែង យើងទទួលរងច្រើន ហើយជាពិសេសផ្នែកអារម្មណ៍។ ខ្ញុំព្រះករុណាអាត្មាមានអារម្មណ៍ថា ខ្លួនឯងដូចជារងការវាយប្រហារផ្លូវចិត្តច្រើន ប៉ុន្តែរហូតមកដល់ឥលូវនេះនៅតែអាចបន្តដំណើរជាមួយនឹងភាពលំបាកហ្នឹងបាន។ សូមបងប្អូនកុំមានការភ័យខ្លាច ឱ្យតែអ្វីដែលយើងធ្វើវាត្រូវនឹងច្បាប់ ស្របច្បាប់ ហើយដើម្បីការពារធនធានធម្មជាតិ ការពារបរិស្ថាន ការពារទ្រព្យសម្បត្តិជាតិរបស់យើងទាំងអស់គ្នា។ អ៊ីចឹងសូមកុំមានការភ័យខ្លាច ហើយចាប់ផ្តើមចូលរួមជាមួយពួកយើង ហើយក៏សូមផ្តាំផ្ញើរដល់អាជ្ញាធរ ជាពិសេស អភិបាលខេត្ត ( ព្រះសីហនុ ) ឯកឧត្តម គួច ចំរើន សូមឱ្យមានដំណោះស្រាយឆាប់ៗទៅលើរឿងហ្នឹង»។
ក្រុមយុវជនមាតាធម្មជាតិ ៥នាក់ និងព្រះសង្ឃ ២អង្គ បានធ្វើធម្មយាត្រាចេញពីភ្នំពេញកាលពីថ្ងៃទី១៥ តុលា និងបានឈប់សម្រាក ៣ថ្ងៃ ដោយសារការហេវហត់អស់កម្លាំង និងឈឺជើង។ អាជ្ញាធរមូលដ្ឋានបានតាមឃ្លាំមើលពួកគាត់តាំងពីភ្នំពេញរហូតដល់ក្រុងព្រះសីហនុ ហើយនៅកន្លែងខ្លះ ពួកគាត់មិនអាចសុំវត្តអារាមស្នាក់នៅបាននោះទេ ដោយចៅអធិការវត្តប្រាប់ថា ខាងអាជ្ញាធរថ្នាក់លើហាមមិនឱ្យផ្តល់កន្លែងស្នាក់នៅដល់ពួកគាត់។
ទោះជាបែបនេះក្តី ក្រុមយុវជន និងព្រះសង្ឃនៅតែបន្តដំណើរធម្មយាត្រាដោយគ្មានការរួញរា ដើម្បីដាក់សម្ពាធឱ្យអាជ្ញាធរចុះវាយកម្ទេចសំណង់កាស៊ីណូ ជីនទីង (Jingding) និងទីតាំងសំណង់ខុសច្បាប់ដទៃទៀតនៅក្នុងខេត្តព្រះសីហនុ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ថ្លែងថា ការធ្វើធម្មយាត្រានេះ គឺជាសិទ្ធិរបស់ក្រុមយុវជន និងព្រះសង្ឃ ប៉ុន្តែអាជ្ញាធរខេត្តកំពុងដោះស្រាយបញ្ហានេះហើយ។ លោកបញ្ជាក់ថា ខាងក្រុមហ៊ុនកំពុងស្នើសុំគោលការណ៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីសាងសង់អាគារថ្មីនៅទីតាំងផ្សេងទៀត។ លោកបកស្រាយថា មូលហេតុដែលមិនទាន់មានការរុះរើសំណង់កាស៊ីណូជីនទីង គឺដោយសារម្ចាស់ក្រុមហ៊ុនបានស្នើសុំពន្យារពេលរុះរើ ដើម្បីទុកសម្ភារៈនៅក្នុងទីតាំងនោះជាបណ្តោះអាសន្នសិន ទម្រាំអាគារនៅទីតាំងថ្មីសាងសង់រួចរាល់ ទើបក្រុមហ៊ុនរុះរើអាគារចាស់នោះចោលដោយខ្លួនឯង៖«គេមិនបដិសេធថា គេមិនរុះរើទេ គ្រាន់តែគេសុំពេលវេលាសាងសង់អាគារថ្មី និងសុំគោលការណ៍អនុញ្ញាតទៅលើទីតាំងផ្សេងទៀត ហើយខ្ញុំក៏មិនដឹងថា ត្រូវបកស្រាយឱ្យលើសពីអ្វីដែលជាការងាររបស់សមត្ថកិច្ចលោកធ្វើការកន្លងមកហ្នឹងទេ។ ចំណាត់ការយ៉ាងណានោះ យើងរង់ចាំមើលការអនុវត្តកិច្ចការងារបន្តរបស់អាជ្ញាធរមានសមត្ថកិច្ច»។
អាជ្ញាធរខេត្តព្រះសីហនុបានចុះបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តចិនយីហោ ជីនទីង (Jingding) កាលពីចុងខែឧសភា កន្លងទៅ បន្ទាប់ពីរកឃើញថា ទីតាំងកម្សាន្តនោះបានប្រព្រឹត្តខុសច្បាប់ជាច្រើនចំណុច ដូចជា បង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ បង្ហូរប្រេងម៉ាស៊ីនចូលសមុទ្រប៉ះពាល់ដល់បរិស្ថាន ចាក់ធុងបាស់ខ្លាំងរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ ជាពិសេស កាស៊ីណូចិនមួយនេះត្រូវបានសាងសង់រំលោភលើដីឆ្នេរសមុទ្រកោះរ៉ុងសន្លឹម។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងថា អាជ្ញាធរមិនត្រូវយោគយល់នោះឡើយ នៅពេលរកឃើញថា ក្រុមហ៊ុនបានរំលោភច្បាប់។ លោកយល់ថា ករណីនេះទំនងជាមានអំពើពុករលួយ ទើបអាជ្ញាធរបណ្តោយឱ្យក្រុមហ៊ុនរួចផុតពីសំណាញ់ច្បាប់បែបនេះ៖ «ច្បាប់គេចែងថាអ៊ីចឹង ថាខុសត្រូវតែវាយ ខុសត្រូវតែបញ្ឈប់។ យើងសួរថាហេតុអ្វីបានជាក្រុមហ៊ុនអាចធ្វើបានតាំងពីចាប់ផ្តើមរហូតដល់ធ្វើអាជីវកម្ម រហូតដល់មានការតវ៉ា ហើយបិទ បិទហើយរហូតដល់ឱ្យមានការរុះរើថា ចាំស្អីៗទៀត។ អ៊ីចឹងវាមានផលប្រយោជន៍ពីហ្នឹងហើយ ហើយខ្ញុំជឿថា ករណីធំៗ ច្រើនមកពីមានសំណូកហើយ ទើបបានជាធ្វើឱ្យខុសគ្នាក្នុងការអនុវត្តច្បាប់ កន្លែងខ្លះវាយ កន្លែងខ្លះទុកបន្តអ៊ីចឹងទៅ»។
ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃបានធ្វើដំណើរវិលត្រឡប់មកភ្នំពេញវិញ នៅថ្ងៃទី៣១ តុលា បន្ទាប់ពីបញ្ចប់ដំណើរធម្មយាត្រានេះ ក៏ប៉ុន្តែពួកគាត់អះអាងថា នឹងធ្វើសកម្មភាពទាមទារបន្តទៅទៀត ប្រសិនបើអាជ្ញាធរមិនព្រមចុះរុះរើសំណង់កាស៊ីណូជីនទីងចោលទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។