យុវជនស្ម័គ្រចិត្តស្រលាញ់បរិស្ថាន និងព្រះសង្ឃនៃចលនាមាតាធម្មជាតិឱ្យដឹងថា ការបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែខេត្តបាត់ដំបងដោយមិនបានឆ្លងកាត់ការចម្រោះនៅតែកើតមានដដែល។ សកម្មជនបរិស្ថានព្រួយបារម្ភថា បញ្ហានេះនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋក្នុងខេត្តបាត់ដំបងដែលប្រើប្រាស់ទឹកស្ទឹងនេះ។
ក្ដីបារម្ភរបស់អ្នកស្រលាញ់បរិស្ថានទាំងនេះ សម្ដែងចេញតាមវីដេអូឃ្លិបមួយបង្ហោះលើហ្វេសប៊ុកបង្ហាញឱ្យឃើញនូវរូបភាពបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែ ខេត្តបាត់ដំបង។ នេះជាវីដេអូឃ្លិបលើកទី២ដែលបង្ហាញពីប្រភពទឹកកខ្វក់ហូរចូលស្ទឹងសង្កែមានទីតាំងនៅក្បែរមន្ទីរពេទ្យខេត្តបាត់ដំបង៖ «ដូចក្នុងវីដេអូមុនយើងបានទឹកលូនេះទៅធ្វើពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រដែលលទ្ធផលបង្ហាញថានេះជាទឹកលូមានបាក់តេរីនិងមេរោគជាច្រើនផងដែរហើយអ្វីដែលគួរឲ្យព្រួយបារម្ភផងនោះទឹកនេះបានហូរទៅកាន់ស្រែចម្ការដែលជាកត្តា បង្កហានិភ័យដល់ប្រជាកសិករនៅទីនោះ»។
ព្រះសង្ឃនៃចលនាមាតាធម្មជាតិព្រះតេជព្រះគុណ ពក សុខឺយ មានថេរដីកាប្រាប់អាស៊ីសេរីនៅថ្ងៃទី១៣ ខែឧសភាថា កាលពីអាជ្ញាធរខេត្តបាត់ដំបងរៀបចំធ្វើបុណ្យទន្លេកន្លងទៅគឺមានការបិទកន្លែងហូរទឹកកខ្វក់នេះ ប៉ុន្តែក្រោយពិធីបុណ្យចប់វត្តមានទឹកកខ្វក់នៅតែបង្ហូរចូលទឹកស្ទឹងសង្កែដដែល។ ព្រះតេជព្រះគុណមានដីកាបន្តថា អាជ្ញាធរខេត្តហាក់គ្មានចេតនាដោះស្រាយបញ្ហានេះនោះទេ៖ «ការឆ្លើយប្រការដោះសាររបស់អភិបាលខេត្តត្មាគិតឃើញថាមិនមែនជាការបង្ហាញការទទួលខុសត្រូវរបស់អភិបាលខេត្តទេប៉ុន្តែបើគាត់ធ្វើរឿងនេះបានអាត្មាគិតថា គាត់ជាវីរបុរសក្នុងខេត្តបាត់ដំបង»។
យុវជនស្ម័គ្រស្រលាញ់បរិស្ថាន លោក គីម យូ ដែលចូលរួមក្នុងការធ្វើវីដេអូនេះសម្ដែងក្តីព្រួយបារម្ភពីបញ្ហាសុខភាពរបស់ពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងនេះ ។ លោកបន្តថា អាជ្ញាធរខេត្តគួរចម្រោះទឹកកខ្វក់នេះជាមុនសិនមុនបង្ហូរ ចូលទឹកស្ទឹង។ យុវជនរូបនេះ ស្នើទៅអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធទប់ស្កាត់ ឬដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព៖ «ចាត់វិធានការដើម្បីឈប់បង្ហូរទឹកលូហ្នឹងទំនងជាទឹកបង្ហូរចេញពីមន្ទីរពេទ្យដែលវាអាចមេរោគប៉ះពាល់ដល់ប្រជាពលរដ្ឋដែលគាត់ប្រើប្រាស់ទឹកជាប្រចាំមិនត្រឹមតែប៉ះពាល់ប្រជាពលរដ្ឋផ្ទាល់តែប៉ុន្តែប៉ះពាល់ជីវៈក្នុងស្ទឹងទៀត»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ នៅថ្ងៃទី១៣ ខែឧសភាដោយទូរស័ព្ទចូលត្រូវបានចុចបិទ។ អាស៊ីសេរីក៏បានព្យាយាមសុំការបំភ្លឺពីប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត វឿង ប៊ុនរ៉ាត អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោក វេជ្ជបណ្ឌិត ស៊ូ សានិត និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ដែរ ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល នៅថ្ងៃទី១៣ ខែឧសភា។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា ធ្លាប់អះអាងប្រាប់អាស៊ីសេរីកាលពីខែមីនាថា ស្ថាប័នពាក់ព័ន្ធរួមមាន អាជ្ញាធរខេត្តនិងក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងពិនិត្យលើរបាយការណ៍ពីផលប៉ះពាល់ដល់បរិស្ថាន ហើយគម្រោងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នឹងត្រូវអនុវត្តនៅពេលដ៏ខ្លីខាងមុខ។
យុវជនស្ម័គ្រចិត្តស្រលាញ់បរិស្ថាននិងព្រះសង្ឃនៃចលនាមាតាធម្មជាតិឲ្យដឹងថា ពលរដ្ឋដែលរស់នៅជុំវិញស្ទឹងនេះ ក៏ប្រើប្រាស់ទឹកស្ទឹង ដើម្បីស្រោចស្រពបន្លែ ហើយបន្លែទាំងនោះត្រូវពលរដ្ឋយកទៅលក់នៅទីផ្សារថែមទៀតផង៕